ជនជាតិដើមភាគតិចកួយនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បន្តធ្វើពិធីឡើងអ្នកតា ដើម្បីរក្សាវប្បធម៌ទំនៀមទំលាប់ប្រពៃណីដូនតារបស់ពួកគេ។
កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ អ្នកភូមិជនជាតិដើមភាគតិចនៅឃុំថ្មីបាននាំគ្នាធ្វើពិធីសែនព្រេនតាមបែបប្រពៃណីជនជាតិដើមភាគតិចកួយ ដើម្បីរក្យាវប្បធម៌ និងសុំសេចក្តីសុខដល់មនុស្ស សត្វ ហើយសុំឱ្យការបង្កបង្កើនផលទទួលបានផលច្រើន រួមទាំងសុំទឹកភ្លៀង។
ពលរដ្ឋម្នាក់ជាជនជាតិដើមភាគតិចកួយ លោក ចិន ឌិន បានរៀបរាប់ថា ពិធីសែនព្រេននេះ គេហៅថា «សែនអ្នកតាម្ចាស់ទឹកដី»។ លោកថា អ្នកភូមិបាននាំគ្នាធ្វើពិធីនេះតាមទំនៀមទំលាបប្រពីណីពីបុរាណរបស់ជនជាតិដើមភាគតិចកួយ ហើយអ្នកភូមិជឿថា ការធ្វើពិធីនេះពួកគេនឹងទទួលបានសេចក្តីសុខ។
បុរសវ័យ70ឆ្នាំរូបនេះបន្ថែមថា៖«ការបន់ស្រន់នេះក្នុង១ឆ្នាំពួកខ្ញុំធ្វើតែ១ដងទេចំពោះការធ្វើមានគ្រប់ជនជាតិដើម ប៉ុន្ដែការធ្វើខុសៗគ្នា ហើយការសែនព្រេននេះមិនមានអាជ្ញាធរ មករារាំងទេ»។
មានវ័យ៨០ឆ្នាំអ្នកស្រី ឃឹម ណាន ជាចាស់ទុំតំណាងជនជាតិកួយ បាននិយាយថា ពិធី«សែនអ្នកតាម្ចាស់ទឹកដី»នេះ គឺមានតាំងពីយូរឆ្នាំមកហើយ។ អ្នកស្រីឱ្យដឹងថា ពិធីឡើងតានេះកាលមុន គឺគេធ្វើនៅអំឡុងខែមករាដែលត្រូវនឹង ខែបុស្ស ឬខែមាឃ ប៉ុន្តែឥលូវនេះ គេធ្វើនៅខែមេសាដែលត្រូវនឹងខែពិសាខ។
តំណាងជនជាតិដើមភាគតិចរូបនេះបានឱ្យដឹងថា ពីសែនព្រេននេះ គឺគេធ្វើគ្រប់ភូមិ ដោយមួយឆ្នាំធ្វើម្តង ហើយពិធីនេះ ធ្វើឡើងទាំងជនជាតិដើមភាគតិចកួយ និងពូនង ដោយមានការចូលរួមពីអាជ្ញាធរ និងព្រះសង្ឃផងដែរ។
អ្នកស្រីបន្តថា៖«ទីតាំងធ្វើគេច្រើនធ្វើនៅក្រោមដើមពោធិ៍ ឬនៅខាងមុខខ្ទមអ្នកតា ដោយមានជំនឿថាជួយជម្រុងចម្រើនដល់កូនចៅ អោយធ្វើស្រែចម្ការបានផលច្រើន»។
អ្នកស្រី ឃឹម ណាន បន្ថែមថា ពិធីសែនព្រៀននេះ មានរៀបចំគ្រឿងប្រដាប់សែន ដូចជា ភេសជ្ជៈ គ្រឿងបូជា ស្រា ទេះគោធ្វើពីដើមចេក ភ្លេងស្គរទ្រ មានអ្នករាំ អ្នកច្រៀង សែនមាន់ និងអាំងក្បាលជ្រូកជាដើម។
អ្នកស្រីបន្តថា ការសែនព្រៀននេះ គឺប្រជាពលរដ្ឋបានរៃអង្គាស់លុយគ្នាតាមភូមិ ដើម្បីឱ្យកម្មវិធីមានការចូលរួមបានអធិកអធម ហើយអ្នកភូមិជឿថា ប្រសិនបើពលរដ្ឋមិនធ្វើពិធីសែនព្រៀននេះមួយឆ្នាំម្តងទេ គឺពួកគេរស់នៅមិនបានសុខឡើយ។
អ្នកស្រី ឃឹម ណាន បានអំពាវនាវដល់ក្មេងៗជំនាន់ក្រោយឱ្យចងចាំ និងបន្តធ្វើពិធីនេះដើម្បីរក្សាវប្បធម៌ទំនៀមទំលាបប្រពៃណីជនជាតិដើមភាគតិចកួយ និងដើម្បីទទួលបានសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដីផងដែរ។
អ្នកស្រីបន្ថែមថា៖«បើយើងមិនសែនព្រេនមួយឆ្នាំម្តងទេ។ ធ្វើអោយដូនតាគាត់ខឹង។ អាចមានជំងឺ ឬអាសន្នរោគកើតឡើងក្នុងភូមិគោក្របីឈឺឬងាប់ស្រែចម្ការធ្វើមិនបានផល»។
ជនជាតិដើមភាគតិចកួយអ្នកស្រី ហង់ យ៉ុន ប្រាប់ថា មូលហេតុដែលអ្នកស្រីចូលរួមកម្មវិធីនេះ គឺដោយសារអ្នកស្រីចង់បានសេចក្តីសុខដែលអ្នកស្រីបានជឿ ហើយម្យ៉ាងទៀតនោះ គឺអ្នកស្រីះ អែនព្រៀនបានរៀបរាប់ថា ការងដែរចង់ចេះចង់ដឹងពីពិធីសែនព្រៀននេះ ព្រោះអ្នកស្រីជាអ្នកបន្តវេណ។
លោកស្រីបន្ដថា៖«កាលពីឆ្នាំមុនៗមានប្រជាពលរដ្ឋចូលរួមច្រើនហើយមានអាជ្ញាធរចូលរួមដែល តែឥឡូវឆ្នាំនេះមានប្រជាពលរដ្ឋចូលរួមតិចជាងឆ្នាំមុន ដោយសារការរៀបចំលឿនពេក ហើយអ្នកចូលរួមទាំងចាស់ ទាំងក្មេងមានចំនួនប្រហែល៥០នាក់ជាងប៉ុណ្ណោះ»។
មន្ត្រីបម្រើការងារនៅអង្គការសមាគមយុវជនជនជាតិដើមភាគតិច(ClYA) លោក រដ្ឋ លក្ខិណា មានប្រសាសន៍ថា ជនជតិដើមភាគតិចកួយវប្បធម៌ប្រពៃណី និងជំនឿខុសៗគ្នាទៅតាមតំបន់ដែលពួកគេរស់នៅ។ លោកថា តំបន់ខ្លះពួកគាត់គោរពទៅលើព្រៃឈើ អារក្សអ្នកតា និងដួងព្រលឹងបុព្វបុរសរបស់ពួកគេ។
លោកបន្ថែមថា៖«យើងក៏មានការសែនព្រេនអុជធូបគោរពដល់រុកអារក្សអ្នកតាម្ចាស់ទឹកម្ចាស់ដីដើម្បីសុំសេចក្ដីសុខនិងជាប្រពៃណីវប្បធម៌ដែលយើងតែងតែគោរពសុំសេចក្ដីសុខហើយវាក៏មានជំនឿផ្សេងៗទៀតដែរ»។
មេឃុំថ្មីលោក មុំ ខាំ ធ្លាប់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា នៅក្នុងឃុំថ្មីមានប្រជាពលរដ្ឋដែលជនជាតិដើមភាគចំនួន៣ជនជាតិ មានជនជាតិដើមភាគតិចកួយ ជនជាតិដើមភាគតិចខោញ និងជនជាតិដើមភាគតិចពូនក្នុងចំណោមប្រជាពលរដ្ឋសរុប៣៨៣៨គ្រួសារ។
មេឃុំថ្មីលោក មុំ ខាំ បញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋសរុប៣៨៣៨គ្រួសារ គឺមានជនជាតិភាគតិចកួយប្រមាណ៩៥ភាគរយ ឬមានពលរដ្ឋកួយប្រមាណ២០០០គ្រួសារ។
ក្រសួងអភិវឌ្ឍន៍ជនបទ មានគោលនយោបាយជាតិស្តីពីការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិច ដែលបានអនុម័តក្នុងឆ្នាំ២០០៩។ គោលនយោបាយនេះមានគោលដៅ ដើម្បីកែលម្អជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច និងដើម្បីលើកកម្ពស់គុណភាព នៃជីវិតរបស់ពួកគេ។
គោលនយោបាយនេះក៏ផ្តោតទៅលើការអភិវឌ្ឍចំនួន ១០វិស័យផងដែរ រួមមាន វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល បរិស្ថាន ដីធ្លី កសិកម្មនិងធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ យុត្តិធម៌ ទេសចរណ៍ និងឧស្សាហកម្ម រ៉ែ និងថាមពល៕
…………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ភាព ណាវី