សហគមន៍ព្រៃឈើរបស់ជនជាតិដើមភាគតិចពូនងនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងរងការកាប់ឈើ និងទន្ទ្រានយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ ខណៈអាជ្ញាធរពាក់ព័ន្ធមិនបានចាត់វិធានការច្បាប់តឹងរឹងនៅឡើយ។
លោក ម្អឹង ហាន ជាជនជាតិដើមភាគតិចពូនង និងជាប្រធានសហគមន៍ព្រៃឈើប្អៀរ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា សហគមន៍ព្រៃឈើប្អៀរ ស្ថិតក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានគ្រប់គ្រង និងការពារដោយជនជាតិដើមភាគតិចពូនងរយៈពេលជាង១០ឆ្នាំមកហើយសម្រាប់ពលរដ្ឋអាស្រ័យផល និងទុកឱ្យក្មេងជំនានក្រោយ។
ប្រធានសហគមន៍ព្រៃឈើប្អៀរ លោក ម្អឹង ហាន ឱ្យដឹងថា សហគមន៍ព្រៃឈើប្អៀរ ជាង៤០០ហិកតា ដោយបច្ចុប្បន្ននេះរងការទន្ទ្រានយកដីធ្វើកម្មសិទ្ធិអស់ជាង១០ហិកតា និងកំពុងមានការកាប់ឈើធ្វើអាជីវកម្មផ្សេងៗដោយខុសច្បាប់ ពីសំណាក់ពលរដ្ឋមកពីក្រៅស្រុក និងក្នុងស្រុក។ លោកថា ពលរដ្ឋទាំងនោះបានចូលទន្ទ្រានយកដីធ្វើកសិកម្ម និងកាប់ឈើធ្វើអុស ឬផលិតជាធ្យូងសម្រាប់លក់ជាដើម។
លោកបន្ថែមថា៖«ខ្ញុំចង់ឱ្យខាងរដ្ឋបាលព្រៃឈើជួយចុះអន្តរាគមន៍នៅកន្លែងនោះ ព្រោះពួកគាត់ [អ្នកល្មើស] ចូលអាស្រ័យផលហើយគាត់បំផ្លាញធនធានធម្មជាតិទៀត។ ហើយគាត់បានពង្រីកដីយកធ្វើកម្មសិទ្ធិម្តងបន្តិចៗ។ សហគមន៍បានហៅគាត់មកធ្វើកិច្ចសន្យាច្រើនលើកហើយ ប៉ុន្តែគាត់មិនស្តាប់យើងទេ។ គាត់នៅតែកាប់ឈើផ្តួលរំលំយកអុសដុតធ្យូង»។
លោក ឈន ឡយ ជាជនជាតិដើមភាគតិចពូនង និងជាអនុប្រធានសហគមន៍ព្រៃឈើប្អៀរមានប្រសាសន៍ថា ករណីពលរដ្ឋទៅទន្ទ្រានយកដី និងកាប់ឈើដោយខុសច្បាប់ក្នុងដែនសហគមន៍នេះ គឺពួកគាត់បានបានជូនដំណឹង និងបានប្តឹងទៅរដ្ឋបាលឃុំថ្មី និងរដ្ឋព្រៃឈើស្រុកចិត្របុរីជាញឹកញាប់ដែរក្រោយចុះជួបប្រទះបទល្មើស ប៉ុន្តែពុំមានចំណាត់ការតឹងរឹងណាមួយពីអាជ្ញាធរទាំងនោះ ទៅលើជនល្មើសឡើយ។
លោក ឈន ឡយ កំពុងបារម្ភពីបាត់បង់ព្រៃឈើ និងដីសហគមន៍ឆាប់រហ័យ ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចពូនងនៅតំបន់នោះ ដោយលោកថា សហគមន៍ព្រៃឈើនេះបានបម្រើផលប្រយោជន៍ដល់ពលរដ្ឋជូនជាកន្លែងឃ្វាលគោក្របី និងរកអនុផលព្រៃឈើផ្សេងៗជាដើម។
លោកបន្ថែមថា ៖«សហគមន៍ព្រៃឈើប្អៀរជាសហគមន៍ជនជាតិដើមភាគតិច។ យើងទុកដីសហគមន៍នេះជាដីបំរុងទុកសម្រាប់ពលរដ្ឋនៅភូមិប្អៀរដោះស្រាយ សម្រាប់ដាក់គោក្របីអាស្រ័យ។ យើងបារម្ភ និងភ័យខ្លាចមានក្រុមហ៊ុនមកវិនិយោគ ឬគេទន្រ្ទានយកដីសហគមន៍អស់។ ចឹងសហគមន៍ប្អៀរមិនមានដីចិញ្ចឹមគោក្របីទេ»។
ពលរដ្ឋម្នាក់ជាជនជាតិដើមភាគតិចពូនងអ្នកស្រី ណិះ ស្រីនេន និយាយថា គ្រួសារអ្នកស្រីតែងតែទៅរកអនុផលព្រៃឈើពីតំបន់សហគមន៍ប្អៀរដូចរកផ្សិត បន្លែព្រៃ រកអុស និងជាកន្លែងឃ្វាលគោក្របីជាដើម។ អ្នកស្រីថា លើសពីសហគមន៍នេះក៏មានសត្វព្រៃមួយចំនួនរស់នៅផងដែរ។
អ្នកស្រី ណិះ ស្រីនេន បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យជួយគាំទ្រ និងជួយការពារទប់ស្កាត់បទលើ្មស ហើយក៏បានស្នើដល់អង្គការក្រៅរដ្ឋាភិបាលនានាដែលធ្វើការងារផ្នែកព្រៃឈើ បរិស្ថាន និងធនធានធម្មជាតិជួយគាំទ្រជាសម្ភារៈ ឬថវិកាដល់ប្រជាសហគមន៍សម្រាប់ការចុះល្បាតផងដែរ ដោយអ្នកស្រីថា បច្ចុប្បន្នពួកគាត់កំពុងខ្វះខាត់ថវិកា និងសម្ភារៈក្នុងការចុះចុះល្បាត។
អ្នកស្រីបន្ថែមថា៖«សុំឱ្យពួកគាត់ជួយដល់សហគមន៍ព្រៃឈើនៅភូមិប្អៀរផងព្រោះប្រសិនជាអស់ព្រៃឈើសហគមន៍ទៅគឺប្រជាពលរដ្ឋគ្មានអីទីពឹងទេ។ គ្មានកន្លែងចិញ្ចឹមគោ គ្មានកន្លែងរកអនុផលព្រៃឈើទៀតទេ»។
មេឃុំថ្មីលោក មុំ ខាំ បានទទួលស្គាល់ថា សហគមន៍ព្រៃឈើប្អៀរពិតជាត្រូវបានគេទន្ទ្រានយកដី ធ្វើកម្មសិទ្ធិ និងរងការកាប់ឈើមែន ប៉ុន្តែអាជ្ញាធរមិនចាត់វិធានការច្បាប់តឹងរឹងនោះទេ ដោយគ្រាន់តែណែនាំ និងអប់រំឱ្យបញ្ឈប់សកម្មល្មើសតាមរយៈធ្វើកិច្ចសន្យាប៉ុណ្ណោះ។
លោកមេឃុំបញ្ជាក់ថា អ្វីដែលពិបាកទុបស្កាត់នោះ គឺការកាប់ឈើធំៗនៅក្នុងសហគមន៍ ដើម្បីធ្វើអាជីវកម្មផ្សេងៗ។ លោកថា ជនល្មើសតែងតែធ្វើសកម្មភាពចូលកាប់ពេលយប់ដែលធ្វើសហគមន៍ និងអាជ្ញាធរពិបាកចុះទប់ស្កាត់។
លោកបន្ថែមថា៖« យើងបានទៅខិត និងណែនាំគាត់កុំឱ្យបំផ្លាញ់ ព្រោះវាជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នាទេ។ យើងនាំគ្នាចង់ក្រងសហគមន៍មួយៗ ដើម្បីថែទាំទុកជារបស់សមួហភាព។ យើងបានណែនាំគាត់ចឹង។ យើងធ្វើដាក់គាត់ខ្លាំងពេកក៏មិនកើតព្រោះសុទ្ធតែប្រជាជនយើង ឬអ្នកស្រុកខ្លួនឯងទេ»។
បើតាមលោកមេឃុំថ្មី គឺសហគមន៍ព្រៃឈើប្អៀរ បានបង្កើតឡើងតាំងពីឆ្នាំ២០១២ មានផ្ទៃសរុប៤៦៨ហិកតា ហើយមានប្រជាពលរដ្ឋជាង៥០០គ្រួសារដែលបានអាស្រ័យផលពីសហគមន៍មួយនេះ៕
……………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានជាជនជាតិដើមភាគតិចកួយខេត្តក្រចេះ អ្នកស្រី ភាព ណាវី