CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បទយកការណ៍

បទយកការណ៍៖ ការវិវឌ្ឍ​នៃពិធីរៀបការជនជាតិដើមភាគតិចព្នងនៅខេត្តក្រចេះ

CJs khmer ដោយ CJs khmer
July 2, 2025
ក្នុង បទយកការណ៍
0
បទយកការណ៍៖ ការវិវឌ្ឍ​នៃពិធីរៀបការជនជាតិដើមភាគតិចព្នងនៅខេត្តក្រចេះ

ពិធីរៀបការរបស់ជនជាតិដើមភាគតិចពូនង។ (រូបភាព៖ គណនីហ្វេសប៊ុកឈ្មោះ Tong Len - តូង លេន)

0
ចែករំលែក
51
ចំនួនមើល

ទំនៀមទម្លាប់​ប្រពៃណី​នៃកា​រ​រៀប​អាពាហ៍​ពិពាហ៍​របស់​ជន​ជាតិ​ដើម​ភាគ​តិចព្នង (ពូនង) នៅក្នុង​​​ភូមិ​ប្អៀរ ឃុំថ្មី​ ស្រុកចិត្របុរី ​​ខេត្តក្រចេះ ដែលជាខេត្តមួយ​នៅ​ភូមិភាគ​ឦសានប្រទេស​កម្ពុជា កាន់​តែមាន​​ការ​វិវត្តន៍​​ពី​មួយ​​សម័យ​​កាល​ ទៅ​មួយ​​សម័យកាល ស្របពេល​ដែល​វប្បធម៌ប្រពៃណីបែប​​​សម័យ​​​ទំនើប ​​បាន​ជ្រាប​ចូលកាន់តែខ្លាំង​​​​ដល់​​សហគមន៍ នាពេល​បច្ចុប្បន្ន​នេះ។

ទោះយ៉ាងណា ប្រជាពលរដ្ឋ​ដែលជាចាស់​ទុំ​ក្នុង​សហគមន៍​នោះ នៅតែព្យាយាមបន្ត​​​រក្សាផ្នែក​ខ្លះ​នៃ​​​ពិធី​​​​រៀប​អាពាហ៍​ពិពាហ៍​​​​​​​របស់ជនជាតិ​ដើម​ភាគតិច ​ដែល​មាន​​​​តាំងពីជំនាន់​ដូន​តា​មក​​ដើម្បី​​​កុំ​ឱ្យ​អត្តសញ្ញាណ​​​​​​ទាំង​​​នោះ​​បាត់បង់ទាំងស្រុង​​។

អ្នកស្រី ទ្រង សារ៉ាយ ជាពលរដ្ឋ​ជនជាតិដើមភាគតិច​ព្នង និងជា​​ចាស់ទុំមួយ​រូប ​​រស់​នៅ​ភូមិ​ប្អៀរ ឃុំ​​ថ្មី ស្រុកចិត្របុរី បានឱ្យ​ដឹងថា​ ពិធីរៀបការ​របស់ជនជាតិ​ដើមភាគតិចព្នង​ មានរយៈពេល ២ថ្ងៃ ដូចពិធីរៀបការ​របស់​ប្រជាពលរដ្ឋខ្មែរ​កណ្តាល​ដែរ ដោយពេល​ល្ងាចថ្ងៃទី១ មានកម្មវិធីចូលរោង លុះថ្ងៃទី២​មានរៀបចំ​ពិធីផ្សេងៗ និង​​ការ​ទទួលទាន​អាហារជុំគ្នា​រវាង​សាច់ញាតិ​ទាំង​សង្ខាង​​​​។ ការ​រៀបចំ​ពិធី​កាលពីដើមឡើយ​ អ្នកស្រីថា មានការ​ជួយ​សព្វគ្រប់បែបយ៉ាង​ ពីខាងបងប្អូនសាច់ញាតិ និង​អ្នកភូមិ​ផង​របង​ជាមួយគ្នា ទាំងការ​ធ្វើម្ហូបអាហារ​​ ការ​រៀបចំទីតាំង និងការ​ស្លៀក​សំលៀក​បំពាក់បែបប្រពៃណីរបស់ជនជាតិ​ដើមភាគតិច​។  

អ្នកស្រី ទ្រង សារ៉ាយ ជាពលរដ្ឋជនជាតិដើមភាគតិចព្នង និងជាចាស់ទុំមួយរូប រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ (រូបភាព៖ រឿន សុភាន់)

អ្នកស្រីបន្តថា ​​ក្នុងពិធីនោះ ក៏​​​មានពិធីសែនព្រេនម្ហូបអាហារ​ កាប់គោ​ក្របី​ សែន​ស្រា​ពាង និង​​​ការ​​​បង្គា​ប់​​ថ្លៃ​​​បណ្ដា​​ការ​​​​ជា​ច្រើន​ ដូច​​ជា កន្ទេល​ ឆ្នាំង ចាន ស្លាប​ព្រា ​គោ ក្របី ពាង ក្រឡ សំពត់​ ខ្សែអង្កាំ និង​​​សម្ភា​រៈ​ប្រើប្រា​ស់ផ្សេ​ងៗ​ទៀត​​ ដែល​ទុក​សម្រាប់​​​ឱ្យ​​កូនកម្លោះ និង​​កូន​ក្រមុំ​ ប្រើប្រាស់​នៅពេល​រៀបកា​ររួច។

ស្ត្រីជាចាស់ទុំក្នុងភូមិរូបនេះបញ្ជាក់ដែរថា សម្រាប់ចាន ឆ្នាំង ពាង ជាដើមដែលជា​បណ្តាការ​​នោះ ក៏មានតំណម​ ដោយ​មិន​ឱ្យ​យករបស់របរ​​ដែល​មានស្នាមប្រេះនោះទេ បើសិនជាការ​ដឹកជញ្ជូន​ទៅផ្ទះខាង​ស្រី​ មានស្នាមប្រេះជា​យថាហេតុណាមួយនោះ គឺ​ត្រូវ​រៀបចំដូរថ្មី​ ឬត្រូវ ជូន​​ដំណឹង​ទៅ​ខាង​ស្រី​ជា​បន្ទាន់​ជៀស​វាង​មាន​បញ្ហា។

អ្នកស្រីបន្ត​ថា៖ «គេរៀបចំ បើគេ​ខ្ទីសគេ​អីហ្នឹង គេមាន​កាប់គោកាប់ក្របី មានជ្រូកមាន់ទាអីចឹង បើថាអត់មានខ្ទីស​ទេ អត់អីទេ គ្រាន់តែ​ផ្គាប់​អាហ្នឹង​ទទេទេ​ បើមានខ្ទីស​ហើយ​មានផ្គាប់អាហ្នឹង​ទៀត​ បើមាន​ដូច​ថា​​ពោះធំអីទៀត អរ​អាហ្នឹងកាន់តែ​ច្រើនទៀត​ មានកូនជ្រូកបួនដប់អីថែមទៀត។ ខ្ទីសហ្នឹងបានន័យថា យើង​យកបងប្អូនប៉ះសាច់ញាតិ​ផ្ទួនគ្នា វាជាប់ខ្សែរយៈគ្នា[ជាប់សាច់ឈាម​គ្នា​] មានជាប់បងប្អូន​ជីដូន​មួយអីចឹងទៅ ខ្ទីសហ្នឹងវាមានខ្ទីសច្រើន ខ្ទិសតិច​អីចឹងទៅ ចឹងគេធ្វើពិធីបន្ថែម​តាមហ្នឹងទៅ»។

តែយ៉ាងណា ស្ត្រីវ័យ៧៣ឆ្នាំ​រូបនេះ បានឱ្យដឹងថា ការ​រៀបចំ​ពិធីរៀបការ​​បច្ចុប្បន្ន​ ហាក់មាន​ទំនោរ​ទៅ​រក​​សម័យ​ទំនើប​ច្រើន​ ដោយ​​ក្នុង​នោះ ការ​សែនព្រេនមានសភាពកាត់ៗជាងមុន កូន​កម្លោះកូ​ន​ក្រមុំ​​ស្លៀក​សំលៀក​បំពាក់​បែប​ប្រពៃណី​ខ្មែរកណ្តាល​​ ហើយបណ្តាការ​ជារបស់របរ ឬសម្ភារៈ​​ប្រើប្រាស់​ផ្សេងៗនោះ ក៏​លែងមានទៀត​ដែរ​ ដោយពួកគេ​យក​បណ្តាការជា​ថវិកា​ជំនួស​វិញ។

អង្គុយនៅលើ​គ្រែធ្វើពីឈើ នៅក្រោម​ផ្ទះ អ្នកស្រី ទ្រង សារ៉ាយ បាននិយាយ​​ថា៖ «មកពី​សង្គម​គេបត់បែន ដល់ចឹងទៅជះចោល​ម្តង​បន្តិចៗ[បាត់បង់ម្តង​បន្តិចៗ]ទៅណា គេ​កាត់តាមសម័យ​​​​វិញ[…] គេគិត​ថា បង្គាប់​បណ្តាការ​ជាលុយទៅ វាស្រួល​ វាមិនរញ៉េរញ៉ៃ ពាង ក្រឡអីសព្វគ្រប់​ហ្នឹង គេចង់ទិញក៏ទិញខ្លួនឯង​ទៅ​ ដល់ចឹង​​ការបាត់​បង់​​ហ្នឹង​​វាម្តង​បន្តិច​ៗ ដល់វា​យូរបួនប្រាំឆ្នាំទៅ វាកាត់បន្ថយតាមគ្នា​​តែម្តងទៅ»។

បើទោះជា​ការរៀបចំពិធីរៀបការរបស់​ជនជាតិ​ដើម​ភាគតិចពូនង បាន​ប្រែប្រួល​ទម្រង់នៃការ​រៀបចំ​ទៅតាមសម័យ​កាល​ខ្លះក៏ដោយ ប៉ុន្តែអ្នកស្រីថា ទំនៀមទម្លាប់​នៃ​ការ​សែនព្រេន ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​ស្រាពាង រួមទាំង​ពិធី​សំខាន់​ៗមួយចំនួន គឺពួកគាត់នៅតែថែ​រក្សា និង​រៀប​ចំ​​​មក​​​ដល់​សព្វថ្ងៃ ដោយ​មិនចង់ឱ្យមានការ​បាត់បង់នោះទេ។​

ពិធី​រៀបការ​របស់​ជនជាតិ​ភាគ​តិច​ព្នង នៅ​ភូមិ​ភាគ​ឦសាន ដែល​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​មក​​ហើយ ជា​ទម្លាប់​គេ​មិន​ដែល​មាន​ការ​បង្គាប់​ថ្លៃ​បណ្ណាការ និង​ហែ​ជំនូន​ដូច​ជា​ប្រពៃណី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​​ទេ។

នៅ​ពេល​ណា​ខាង​កូន​កំលោះ​ ពេញ​ចិត្ត​នារី​ណា​ម្នាក់​ក្នុង​សហគមន៍​ហើយ គឺ​គេ​ប្រាប់​ចាស់​ទុំ​ខាង​ប្រុស​ បន្ទាប់​មក​រៀបចំ​ពិធី​តាម​ទំនៀម​ទម្លាប់​របស់​ប្រពៃណី​​ជនជាតិ​ដើម​ភាគតិច​​ព្នង​​តែ​ម្ដង ដោយ​ពុំ​ចាំ​បាច់​គុណ​គូលេខអាតាក់ ឬ​មាន​អាចារ្យ​ចូល​ចែចូវ និង​សូត្រ​មន្ត​លើករាសី​ឡើយ​។

ជនជាតិដើមភាគតិច​ព្នង រស់នៅភូមិប្អៀរដែរនោះ លោក លេក ឡុន មាន​ប្រសាសន៍ថា បច្ចុប្បន្ន ការ​រៀបការ​តាមបែបប្រពៃណីជនជាតិដើម​ភាគតិច​​​ ហាក់​មាន​ការ​​បាត់​បង់ ដោយ​សារ​​​តែ​​​ការ​​ជ្រៀត​ចូល​នូវ​វប្បធម៌ប្រពៃណី​រៀបការ​​បែបសម័យកាល​​។

បុរសវ័យ ៧១ឆ្នាំរូបនេះ ​បន្តថា ពីដើម​ឡើយ ​ការរៀបចំពិធី មានកា​រជូនជំនូនបណ្តាការ​នូវ​​សម្ភារៈប្រើប្រាស់​ផ្សេង​ៗ ការសែនព្រេន កា​រវាយខ្មោះ រួមទាំង​ការ​សែនចងដៃ ហើយ​សាច់ញាតិ​ក្នុងភូមិ​នាំគ្នា​រៀបចំកាប់គោក្របី រៀបចំចំណី​អាហារ​ និង​ស្រាពាង​ ទទួលទានជុំគ្នា។

លោក ឡុន​ បាននិយាយថា៖ «គេមិននេះទេ ពីដើម​​អត់មានភ្លេងអត់មានផ្លិត មានសម្អាង​មានសង្អូងអីទេ គេតុប​តែ​បនិ្តចហ្នឹង សំពះសែន​ខ្មោចសែនព្រៃហ្នឹងរួច​ចប់ហើយ ហើយ​ចាប់ផ្តើមផឹកស៊ី អត់មានតុមានទូអីទេពីដើម​ហ្នឹង មានតែប្រើកន្ទេល​​​នឹងដីដាក់ទៅ មានស្អី»។

មួយ​វិញទៀត ​ដោយ​ហេតុ​ថា ជនជាតិ​ដើម​ភាគ​តិច​ព្នង ជា​ជាតិ​សាសន៍​មួយ​​មាន​ជំនឿ​ខ្លាំង​​បំផុត​​ទៅ​​លើ​អារក្ស​​​អ្នក​តា ព្រៃឈើ ឬ​ទី​​កប់ខ្មោច​​ជាដើម ហេតុ​នេះ ប្រសិន​​បើ​កំលោះ​ក្រមុំ​ដែល​បាន​គ្នា​​ជា​ប្ដី​​ប្រពន្ធ​មុន​រៀប​ការ គេ​តែង​ចាត់​ទុក​ថា ជា​ប្រផ្នូល​មិន​ល្អ។ ហើយ​បើ​គូ​ថ្មីថ្មោង​នេះ ត្រូវ​ឆ្លង​កាត់​មុន​ការ​រៀបការ គឺ​គេ​ត្រូវ​រៀបចំ​ពី​សែន​ព្រេន​ ឬ​ហៅ​តាម​ភាសា​ជនជាតិ​ដើម​ភាគ​តិច​​ព្នង​ថា លីស​លៀង ដែល​មាន​ន័យ​ថា សូម​ខមាទោស​នោះ មាន​គ្រឿង​ថ្វាយ​ច្រើន​ជាង​​ពិធី​ដែល​ឆ្លង​កាត់​តាម​ប្រពៃណី។

ពិធី​របៀប​នេះ គេ​តែង​រៀបចំ​មួយ​ថ្ងៃ​មុន​ពិធី​រៀបចំ​នៅ​ក្នុង​ភូមិ ឬ​សហគមន៍។ ក៏​ប៉ុន្តែ បើ​គូ​ថ្មីថ្មោង​នេះ​ចូល​ស្ដី​ដណ្ដឹង​ត្រឹមត្រូវ​តាម​ប្រពៃណី ដែល​មាន​ចាស់ទុំ​ទាំង​សង្ខាង​ដឹង​ឮ​គ្រប់​គ្នា​ហើយ គឺ​​ពិធី​រៀបការ​គេ​ត្រូវ​ធ្វើ​នៅ​ផ្ទះ​ខាង​ស្រី​តែ​ម្ដង។

តែយ៉ាងណា លោកថា បច្ចុប្បន្ន​នេះ ពិធីរៀបការរបស់ជនជាតិដើមភាគតិច​ពូនង ក្នុងឃុំថ្មីនេះ បានរៀបចំ​ទៅតាម​សម័យទំនើប​ច្រើន ដោយមានការ​ជួល​សម្អាង ជួល​​​តុអាហារ​​ ភេសជ្ជៈកំប៉ុង​ និង​ជួល​ធុង​បាស់​ ហើយ​​គ្រួសារ​​ខាង​​​​ស្រី​​បាន​បង្គាប់បណ្តាការ​​ជា​ប្រាក់កាស​វិញ។

លោកថា៖ «ចិត្តចង់ធ្វើ[ពិធីរៀបការ​បែបជនជាតិ កុំឱ្យបាត់បង់អត្តសញ្ញាណ] ម្យ៉ាងបើធ្វើអត់ត្រូវ​ក៏មិនកើតដែរ លូវលុបបំបាត់អស់ច្រើន​ដែរ គេ​និយម​តាមខ្មែរ[កណ្តាល]អស់ហើយ យើងមានតែ​រៀបចំតាមខ្មែរ​ដែរហើយ»។

ថ្វី​បើ​ពិធី​មង្គលការ​បាន​ប្រែក្លាយ​ដោយ​អន្លើ​​ខ្លះ​ក្ដី ក៏​ផ្នែក​ខ្លះ​នៅ​តែ​ត្រូវ​គេ​រក្សា​បាន​យ៉ាង​ខ្ជាប់​ខ្ជួន​នៅ​ឡើយ ដូច​ពិធី​សែន​អារក្ស ឬ​ពិធី​លីសលៀង ឬ​ហៅ​ថា ពិធី​ខមាទោស។ លើស​ពី​នេះ​ទៀត អ្វី​ដែល​នៅ​តែ​អនុវត្ត ហើយ​ប្រកាន់​បំផុត​នោះ គឺ​មិន​អាច​ឲ្យ​កូន​រៀប​មង្គលការ​ជាមួយ​អ្នក​ដែល​មាន​ឈាម​ជ័រ​សាច់​ជិត​គ្នា ដូច​ជា​ត្រូវ​ជា​បងប្អូន ឬ​បងប្អូន​ជីដូន​មួយ​ជាដើម​នោះ​ទេ។

លោកបានគូសបញ្ជាក់​​ថា៖ «យើងនៅតែអនុវត្តហ្នឹង រឿងចោល​ ចោល​យ៉ាង​ម៉េច ព្រោះ​យើង​សាសន៍​ជន​ជាតិ​​ភាគ​តិច»។ ​​

កំពុងអង្គុយធ្វើម្ហូបនៅក្រោមផ្ទះធ្វើពីឈើ នៅក្នុងភូមិប្អៀរ ឃុំថ្មី អ្នកស្រី សាវ៉ាត ជាជនជាតិ​ដើម​ភាគតិច​ព្នង បាន​និយាយថា ​អ្នកស្រីមានការ​សោកស្តាយដែលឃើញយុវជនបច្ចុប្បន្ន ភាគ​ច្រើន​​រៀបការ​តាមបែបប្រពៃណីខ្មែ​រ​កណ្តាលច្រើន។

ស្ត្រីដែលនៅរក្សា​ទំនៀមទម្លាប់​ និង​រៀប​ការ​តាមបែបជនជាតិដើមភាគតិច​រូបនេះ បន្តថា បើទោះបីបច្ចុប្បន្ន​ជាសម័យកាល​ទំនើប និងមានវប្បធម៌​ខាងក្រៅជ្រៀតចូល​ក្នុង​សហគមន៍​​ច្រើន​​ក៏ដោយ ប៉ុន្តែអ្នកស្រីនៅ​តែចង់​ឱ្យ​យុវជន​​​ជនជាតិដើមភាគតិចជំនាន់​ក្រោយ ​​មានការ​រៀប​ចំ​ពិធី​តាម​បែប​ជន​ជាតិ​​ដើម​ខ្លះៗ ដើម្បី​កុំ​​ឱ្យ​​បាត់បង់​នូវ​អត្តសញ្ញាណ​របស់​ខ្លួន ខណៈការ​រៀបចំកម្មវិធីតាមបែបជនជាតិ និងការ​រៀបការ​បែបខ្មែរកណ្តាល គឺមានការចំណាយ​ប្រហាក់​ប្រហែលគ្នា​។ ​

អ្នកស្រីថា៖ «គេថាចោល[ពិធីបែបជនជាតិដើម​ភាគតិច​] មីង​អត់ចោល​ទេ​ បើមានកូនក្រមុំ ពេលការ​នៅ​តែ​បង្គាប់​ពាង​ក្រឡ អង្គាំ ចាន​ឆ្នាំង​ដដែល​ហ្នឹង រឿង​កាប់​គោកាប់​ក្របី​អីហ្នឹង​​នៅ​តែ​​ធ្វើ ព្រោះ​យើង​​ជន​ជាតិ ចោល​​ម៉េច​បាន​។ ការ​បែប​ជន​ជាតិ​​សប្បាយ​​ជាង ការ​​បី​បួន​​ថ្ងៃ បើ​ការ​​បែប​ខ្មែរ​​អត់​សប្បាយទេ ការតែ​មួយថ្ងៃហ្នឹង ហត់​អើយ​ហត់»។

មេឃុំថ្មី លោក មុំ ខាំ មានប្រសាសន៍ថា ប្រពៃណីរៀបការ​តាមបែបជនជាតិដើមភាគតិច​ ក្នុ​ង​​សហគមន៍​នេះ ពិតជាប្រឈមនឹងការបាត់បង់មែន ដោយសារ​តែ​ការយល់ដឹង​នៅមានកម្រិត និង​ស្រប​ពេល​មានការ​ជ្រៀតចូលនូវវប្បធម៌ពីខាងក្រៅ។ តែយ៉ាងណា លោកថា អាជ្ញាធរ​ឃុំ​បាន​ព្យាយាម​ផ្សព្វផ្សាយ និងតែងតែ​​អំពាវនាវជារឿយ​ៗ​​ដល់ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ជំនាន់​​ក្រោយ ​ចូល​រួម​​ក្នុង​កា​​រថែរ​ក្សា​​នូវ​វប្បធ​ម៌​​ប្រពៃ​​ណី​​ និង​ភាសា​​ជនជាតិដើមភាគតិច​របស់​​​ខ្លួន ព្រមទាំង​បាន​ដាក់​បញ្ចូលក្នុងផែនការ​​អភិវឌ្ឍន៍ភូមិឃុំ ដោយមានបញ្ចូល​នូវ​កា​ររក្សា​អត្ត​​សញ្ញាណ​​​របស់ជនជាតិ​ដើម​ភាគតិច​នៃអម្បូរ​និមួយៗ​ផងដែរ។​​ 

មេឃុំថ្មី លោក មុំ ខាំ ។ (រូបភាព៖ រឿន សុភាន់ )

លោកថា៖ «តំបន់យើងមាន៣ ជនជាតិព្នង​ គួយ ខោញ អ្នកទាំង៣ហ្នឹង យើងតែង​តែ​ផ្សព្វផ្សាយ​ហើយ​​ថាឱ្យ​ខិត​ខំ​ថែរក្សា​ប្រពៃណី និងទំនៀម​ទម្លាប់​ឡើង​វិញ​ទៅ លាងអារក្ស​ បញ្ជាន់​អារក្ស​ ប្រពៃណីជនជាតិ​ព្ន​ងហ្នឹង​គេ​ធ្វើ​អី​ ធ្វើតាម​ប្រពៃណី​របស់​ជនជាតិ​ដើម​គាត់​ទៅ ដូចថាគាប់គោ​កាប់អី ធ្វើតាម​ប្រពៃណីទៅ​ កុំឱ្យបាត់បង់​»។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ លោក ទេព វាសនា សង្កេតឃើញដែរ​ថា បច្ចុប្បន្ន ជនជាតិដើមភាគតិច​ក្នុង​ខេត្ត​នេះ មិន​សូវ​ប្រារព្ធពិធីបែបប្រពៃណី​របស់ខ្លួន​ទៀត​ឡើយ ដោយពួកគាត់​យកទំនៀម​ទំនាប់​តាមខ្មែរកណ្តាល ទាំងការ​រៀបការ​ កា​រសែនព្រេន និងពិធីផ្សេងៗទៀត។ លោកថា បច្ចុប្បន្ន នៅសល់​តែពិធីបុណ្យ​សព​មួយទេ ដែលឃើញ​ជនជាតិ​ដើមភាគតិច គាត់ប្រារព្ធតាមបែប​ជនជាតិ​របស់ពួកគាត់។

លោកថ្លែង​ថា៖ «អនាគតប្រឈមនឹងការបាត់បង់ទំនៀមទម្លាប់ប្រពៃណីជនជាតិដើមរបស់ខ្លួន សូម្បីតែភាសាភាគ​ច្រើន​ឃើញ​ថា​ ចេះ​និយា​យ​តែ​ចាស់ៗ​ជំនាន់​មុន​ ក្មេងៗ​មិន​សូវ​ចេះ​និយាយ​ភាសា​​ជន​ជាតិ​ភាគ​តិច​ទេជាក់​ស្ដែង​កូន​ជនជាតិ​ដើម​ភាគ​តិច តែ​មិន​ចេះ​និយាយ​ភាសា​កំណើត​​​របស់​​​ខ្លួន ការ​ស្លៀក​ពាក់​ក៏​ទៅ​តាម​ខ្មែរ បើ​អ​ត់​ពី​ចាស់ៗ​ទៅ​ វា​ប្រឈម​នឹង​​បាត់​បង់»។

បើតាម​ប្រធានមន្ទីរវប្បធម៌រូបនេះ ការផ្លាស់ប្ដូរ​នេះ​ បណ្ដាល​មក​ពី​ការ​ប្រែ​ប្រួល​បរិប​ទ​សង្គម បច្ចេក​​វិទ្យា​ផ្សេង​ៗ តាម​សម័យ​កាល។

តែយ៉ាងណា លោក ទេព វាសនា ថ្លែងថា មន្ទីរវប្បធម៌ នឹង​បន្ត​ផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋក្នុងសហគមន៍​បន្ត​ថែរក្សា​វប្បធម៌​ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចឡើងវិញ ទាំង​ការ​អភិរក្ស​ផ្នែក​សំលៀកបំពាក់ ភាសា របាំ ប្រពៃណី និង​ការរៀបចំពិធីផ្សេងៗ ដើម្បីឱ្យ​ក្មេង​ជំនាន់ក្រោយ​បាន​ស្គាល់ពីអត្តសញ្ញាណរបស់​ជនជាតិដើមភាគតិចទៅតាមអប្បូររបស់ពួកគេ។ ​

អ្នកសម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ក្រចេះ លោកយ៉ុន អ៊ាម មាន​ប្រសាសន៍​​ថា​​ បច្ចុប្បន្ន ​វប្បធម៌​​ប្រពៃណី និ​ងទំនៀម​ទម្លាប់​​​ជន​ជា​​តិ​ដើម​​ភាគ​​តិច​ កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​បន្តិច​ម្តងៗ​ ខណៈ​ដែល​លោក​​សង្កេត​​ឃើញថា ពេលដែលមានពិធីរៀបការ​ ជនជាតិ​ដើម​ភាគតិច​ភាគច្រើន​ស្លៀក​ពាក់​ទៅតាម​ឈុតរៀបការផ្នែកបុរាណ និង​​​សម័យ​របស់​ខ្មែរ​កណ្តាល​ហើយ​ទំនៀម​ទម្លាប់​នៃ​ការ​សែន​ព្រេន​បែប​ប្រពៃណី ក៏មិន​សូវ​មាន​អ្នក​រៀបចំធ្វើនោះ​ដែរ។​

ករណីនេះ លោក​អំពាវនាវ​ដល់​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​​ជនជាតិដើមភាគតិច​ផ្ទាល់តែ​ម្តង ត្រូវ​ចូលរួមថែរក្សា​ទាំងអស់គ្នា និង​រៀបចំពិធីនានាដែលជាទំនៀមទម្លាប់របស់ជន​ជាតិ​ដើមភាគតិច​ឡើងវិញ​ ដើម្បី​អភិរក្ស​វប្បធម៌ប្រពៃណីរបស់ខ្លួន។

លោកថា៖ «ដូច្នេះយើងត្រូវតែចូលរួមថែរក្សាទាំងអស់គ្នា ជាពិសេសចាស់ៗ ព្រោះពួកគាត់ទាំងអស់តែងតែ​ដឹងពីរបៀបសែនព្រេន​នឹងរបៀប​ធ្វើ​ពិធី​ផ្សេងៗ​បែប​ប្រពៃណី​របស់​ខ្លួន​ វា​នឹង​អាច​ជួយ​ថែរក្សា​ប្រពៃណីហ្នឹង ​បាន​គង់​វង្ស​យូរ​អង្វែង តែ​បើ​គាត់​មិន​ថែ​រក្សា​ បែរ​​ជា​ងាក​មក​ធ្វើ​តាមប្រពៃ​ណី​ខ្មែរ​កណ្តាល​វិញ វា​នឹង​បាត់​បង់​ទនៀម​ទម្លា​ប់ប្រពៃណី​មួយ​ហ្នឹង​ហើយ»។

ត្រឡប់ទៅចាស់ទុំ​ក្នុង​​សហគមន៍ជនជាតិដើមភាគតិច​ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្ត​ក្រចេះ​វិញ អ្នក​ស្រី ទ្រង សារ៉ាយ មានប្រសាសន៍ថា បើទោះបីជា​ការរៀបការ​របស់​ជនជាតិ​ដើមភាគ​តិច​ បច្ចុប្បន្ន ​មានទំនោរ​រៀបចំកម្មវិធី​​​តាមប្រពៃណីខ្មែរ​កណ្តាល​ស្ទើរ​ទាំងស្រុងក៏ដោយ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​ចង់ឱ្យ​ពលរដ្ឋ​រៀបចំ​ពិធីសំខាន់​ៗរបស់ជនជាតិ​ដើម​ភាគតិច​​ខ្លះ​នៅ​​ក្នុង​​ពិធី​រៀបការ​​នោះ ដើម្បីកុំ​ឱ្យ​ប្រពៃណីរបស់ជនជាតិ​ដើម​​បាត់​បង់ទាំង​ស្រុង។

អ្នកស្រីថា៖ «យើងបារម្ភខ្លាចបាត់បង់អត្តសញ្ញាណ[ការរៀបកា​របែបជនជាតិ​​]​ដែរ ប៉ុន្តែ​ក្មេងៗលូវ​​ដើរតាមសង្គម​គេ​ចឹង​ទៅ ហើយ​យើ​ងចាស់ទុំ​ខំអូសទាញប្រាប់អញ្ចេះអញ្ចោះដែរ[…] ធ្វើម៉េច​ថែរក្សា​​​កុំ​ឱ្យ​បាត់បង់​ជាតិយើង សាសន៍យើង»៕
…………………………………….
អត្ថបទដោយ សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច៖ លោក រឿន ភាន់, កញ្ញា ប៉ូយ សុខរ៉ា និងកញ្ញា តែន សុខគា។

អត្ថបទមុន

អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​កូរ៉េ​​ រក​​ឃើញ​​​ការ​ផ្តល់​កម្ចី​នាំ​ដល់​ការ​​រំលោភ​​​សិទ្ធិ​មនុស្ស​​ដែល​​ប្រព្រឹត្ត​​ដោយ​​ធនាគារ​ចំនួន​២​នៅ​កម្ពុជា​​​

អត្ថបទបន្ទាប់

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​៖ ​វិសោធនកម្ម​ដក​សញ្ជាតិ​ខ្មែរ​អាច​ធ្វើ​​​បាន​ ​តែ​អ្នក​តាម​ដាន​ថា​ជា​រឿង​មិន​គួរ​ធ្វើ​

អត្ថបទបន្ទាប់
ទិដ្ឋភាពក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពរបស់លោក ហ៊ី សោភា ប្រធានស្ថាប័ននេះកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ (ហ្វេសប៊ុក អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ)

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​៖ ​វិសោធនកម្ម​ដក​សញ្ជាតិ​ខ្មែរ​អាច​ធ្វើ​​​បាន​ ​តែ​អ្នក​តាម​ដាន​ថា​ជា​រឿង​មិន​គួរ​ធ្វើ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង