CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

រដ្ឋាភិបាល​កម្ពុជា​​ត្រៀម​វាយបក​ដើម្បី​ការពារ​ខ្លួន​​ករណី​មាន​ការ​ឈ្លាន​ពាន​ពី​ភាគី​ថៃ​​

CJs khmer ដោយ CJs khmer
May 29, 2025
ក្នុង ព័ត៌មាន, សង្គម
0
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជានៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជានៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

0
ចែករំលែក
26
ចំនួនមើល

ប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងពីការត្រៀមខ្លួនក្នុងការវាយបកទៅភាគីថៃវិញដើម្បីការពារបូរណភាពដែនដី ក្នុងករណីណាដែលពួកគេ​ឈ្លានពានកម្ពុជា។

អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានថ្លែងសារពិសេសមួយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបានស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ។ លោកបន្តថា អ្វីដែលកម្ពុជាចង់បាន គឺចង់បានស្ថានការណ៍នៅព្រំដែនវិលត្រឡប់ទៅសភាពដើមវិញដោយមិនចង់ឱ្យសង្គ្រាមកើតឡើងនោះទេ ប៉ុន្តែកម្ពុជាក៏បានត្រៀមការពារខ្លួនផងដែរ។  ​

លោកមានប្រសាសន៍ថា៖ «​ការចល័តទ័ព និងអាវុធធុនធ្ងន់របស់យើងទៅកាន់ព្រំដែន មិនមែនទៅដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែជាការត្រៀមបម្រុងទុកនូវ​យថាហេតុអាក្រក់ក្នុងករណីភាគីម្ខាងទៀត(ភាគីថៃ) បំពានតែប៉ុណ្ណោះ គឺយើងមានសិទ្ធិការពារខ្លួន។ យើងមិនយកអាវុធយុទ្ធភ័ណ្ឌ ដែលកំពុងតែបញ្ជូនឡើងទៅដល់គោលដៅ និងជិតទៅដល់គោលដៅ ដើម្បីទៅវាយប្រហារប្រទេសថៃនោះទេ ប៉ុន្តែសូមបញ្ជាក់ថា យើងត្រូវត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់»។

ការចេញមុខអះអាងអតីតនាយករដ្ឋមន្ត្រីកម្ពុជានេះ ក្រោយមានករណីផ្ទុះអាវុធដាក់គ្នារវាងភាគីកម្ពុជានិងថៃ នៅតំបន់មុំបីក្នុងខេត្តព្រះវិហារនាព្រឹកថ្ងៃពុធ ដែលបណ្តាលឱ្យទាហានកម្ពុជាម្នាក់បានស្លាប់ ដោយក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា ជាការបង្កហេតុដោយភាគីថៃ។

កាលពីយប់ថ្ងៃពុធទី២៨ ខែឧសភា ​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃទី២៨ ខែឧសភា ដោយ​សំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ លោកបន្តថា ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ។

ជាមួយគ្នានេះលោក សូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឱ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។

ប្រធានព្រឹទ្ធសភាលើកឡើងថា៖ «ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ​ នៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថានិងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ»។

ជាមួយគ្នានេះ លោកថា ​យើងស្អប់សង្រ្គាមតែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ដល់ឆ្នាំ ២០១១ ដែលប្រើមុខព្រួញ៣គឺ យោធា ការទូត និងផ្លូវច្បាប់។

ដោយឡែក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត វិញ លើកឡើងលើទំព័រហ្វេសប៊ុកផ្ទាល់ថា លោកមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។

ក្នុងន័យនេះ លោកសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក។

ចំពោះការចល័តកម្លាំង និងអាវុធទៅព្រំដែនលោកអះអាងថា  គឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវត្រៀមជាស្រេចក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចកើតឡើង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា៖«ដូចខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឲ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ»។

លោកនាយករដ្ឋមន្ត្រី ស្នើប្រជាពលរដ្ឋខ្មែរ​កុំឲ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់។ លោកក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឲ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូម​ទុកចិត្តចំពោះរាជរដ្ឋាភិបាល ​និងកងទ័ពរបស់កម្ពុជា​ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់។

សម្រាប់ភាគីថៃតាមរយៈការចុះផ្សាយរបស់កាសែតឌឹណេសិន(The Nation) នៅថ្ងៃព្រហស្បតិ៍នេះបានលើកឡើងថា នាយករដ្ឋមន្រ្តីថៃ មិនចង់ឃើញជម្លោះព្រំដែនប្រទេសទាំងពីរកាន់តែរីកធំឡើងនោះទេ។ កាសែតនេះ បានលើកឡើងពីកិច្ចសន្ទនាតាមទូរសព្ទរវាងនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ​នៅថ្ងៃទី២៨ ខែឧសភា ថា ​ភាគីថៃមិនចង់ឱ្យជម្លោះរីកធំឡើយ។ បន្ថែមពីនេះ មេដឹកនាំរូបនេះ ប្រទេសទាំងពីរ ​យល់ស្របគ្នា​ និងដោះស្រាយឱ្យបានឆាប់រហ័សលើបញ្ហានេះ។ ​

ក្រុមប្រឹក្សាជាតិតស៊ូដែលមានមូលដ្ឋាននៅក្រៅប្រទេស ក៏បានសេចក្តីថ្លែងការណ៍មួយដោយបង្ហាញការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់ទាហានខ្មែរម្នាក់ គឺ លោក សួន រោន ផងដែរ។ ក្រុមប្រឹក្សាជាតិតស៊ូបានហៅទង្វើរបស់ថៃនេះ ថាជាការឈ្លានពានកម្ពុជា និងមិនស័ក្តិសមជាប្រទេសមានអរិយធម៌ជឿនលឿនោះឡើយ។ បន្ថែមពីនេះ ក្នុងសេចក្តីថ្លែងការណ៍ក៏បានបង្ហាញការខកចិត្តដ្បិតរដ្ឋាភិបាលកម្ពុជានៅតែមិនទាន់ប្រើប្រាស់យន្តការអន្តរជាតិដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាងឱ្យដាច់ស្រឡះ។

សេចក្តីថ្លែងការណ៍លើកឡើងថា៖ «ការចិញ្ចឹមជម្លោះព្រំដែនឱ្យកាន់តែយូរ កាន់តែធ្វើឱ្យប្រទេសកម្ពុជាខាតបង់ ដែលជារឿយៗជួបប្រទះតែការប៉ះទង្គិចប្រដាប់អាវុធ បង្ហូរឈាមខ្មែរតាមព្រំដែន និងខាតបង់ការអភិវឌ្ឍន៍ជាតិ»។

សម្រាប់អ្នកសិក្សាច្បាប់លោក វ៉ន ចាន់ឡូត មើលឃើញថា ភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ ពេលនេះជាចេតនានៃការបង្កហេតុរបស់ភាគីថៃដែលបានឈ្លានពាន ដែលតែងតែឆ្លៀតឱកាសបង្កជម្លោះជាមួយកម្ពុជាពេលស្ថានភាពនយោបាយកម្ពុជាមិនទាន់ល្អប្រសើរ។ ជាមួយគ្នានេះ លោកថា ក៏ជាចេតនារបស់ថៃក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងខ្លួនឯង ដោយយករឿងព្រំដែនជាមួយកម្ពុជាជាចំណុចស្នូល ហើយឈានទៅប្រើប្រាស់កម្លាំងយោធាធ្វើរដ្ឋប្រហាររដ្ឋាភិបាលរបស់ខ្លួន ដូចដែលធ្លាប់កើតមានកន្លងមក។

នៅពេលមានភាពតានតឹងដាក់គ្នា ការសម្ងែងសម្ភាវុធក្តី ពាក្យសម្តីក្តី នឹងកើតមានដោយជៀសពុំរួច ប៉ុន្តែលោកថា យន្តការប្រើប្រាស់កម្លាំងនេះ រដ្ឋាភិបាលនៃប្រទាំងពីរបានដឹងច្បាស់រួចទៅហើយអំពីផលវិបាក និងខំប្រឹងបញ្ចៀសមិនឱ្យកើតមាននូវការប្រើប្រាស់កម្លាំងបាយដាក់គ្នារៀងខ្លួននោះឡើយ។ លោកថា ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ការឯកភាពលើការបោះបង្គោលព្រំដែនជាមួយប្រទេសទាំងនោះឱ្យចប់សព្វគ្រប់ ដែលធ្វើឡើងតាមយន្តការអន្តរជាតិ គឺជារឿងកម្ពុជាគួរធ្វើ។

លោក វ៉ន ចាន់ឡូត និយាយថា៖ «អ្វីដែលកម្ពុជាគួរប្រញាប់នៅក្នុងការដោះស្រាយនូវវិបត្តិព្រំដែននេះ ទីមួយត្រូវព្យាយាមធ្វើយ៉ាងម៉េចធ្វើការបោះបង្គោលព្រំដែនទាំងព្រំដែនគោក និងព្រំដែនទឹកឱ្យបានរួចរាល់ ដោយប្រើប្រាស់យន្តការនៃការចរចា ទ្វេភាគីក្តី ពហុភាគីក្តី និងយន្តការអន្តរជាតិ ដែលមានស្រាប់ហ្នឹងក្តី ដើម្បីធានាដល់ការកំណត់នូវបង្គោលព្រំដែនដែលមានការឯកភាពគ្នាទៅវិញទៅមកដើម្បីបញ្ចៀសនូវការប៉ះទង្គិចប្រដាប់អាវុធ ឬឈានដល់សង្គ្រាមណាមួយ ដែលវាអាចកើតឡើងជាយថាហេតុ»៕

…………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

កម្ពុជាអះអាងពីករណីទាហានខ្មែរម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទះអាវុធជាមួយទាហានថៃ

អត្ថបទបន្ទាប់

ជន​ជាតិ​ដើម​ភាគ​តិច​ខេត្ត​រតន​គិរី បារម្ភ​បាត់បង់​តន្ត្រី​បុរាណ​ដោយ​សារ​គ្មាន​អ្នក​បន្ត​វេន​និង​ខ្វះ​ឧបករណ៍​ភ្លេង​

អត្ថបទបន្ទាប់
ទិដ្ឋភាពប្រជាពលរដ្ឋជនជាតិដើមភាគតិចឡើងសម្តែងរបាំប្រពៃណីរបស់ខ្លួននៅក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី ២៩ និងលើកទី ១៩ នៅកម្ពុជាកាលពីឆ្នាំ២០២៣។ (ផ្តល់ឱ្យ)

ជន​ជាតិ​ដើម​ភាគ​តិច​ខេត្ត​រតន​គិរី បារម្ភ​បាត់បង់​តន្ត្រី​បុរាណ​ដោយ​សារ​គ្មាន​អ្នក​បន្ត​វេន​និង​ខ្វះ​ឧបករណ៍​ភ្លេង​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង