ក្រុមអ្នកបើកបរដឹកភ្ញៀវនៅច្រកអន្តរជាតិអូរស្មាច់ជាង៣០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាបិទកំណាត់ផ្លូវច្រកចូលអូរស្មាច់ ដើម្បីទាមទារទៅអាជ្ញាធរកម្ពុជា និងថៃ ជួយសម្របសម្រួលឱ្យមានការដឹកភ្ញៀវទៅព្យាបាលជំងឺនៅប្រទេសថៃមានភាពស្មើគ្នារវាងអ្នករត់រថយន្តឈ្នួលខ្មែរ និងថៃ។
ក្រុមរត់រថយន្តឈ្នួលឬរត់តាក់ស៊ី បានបើករថយន្តរបស់ពួកគេទៅបិទផ្លូវច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយបណ្តាលឱ្យរថយន្តតូច–ធំ ជាច្រើនគ្រឿងបានកកស្ទះជាង២០នាទីនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ។
អ្នករត់តាក់ស៊ីម្នាក់ លោក មុំ សុភា អាយុ៣៨ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដឹងថា ដើមចមដែលនាំឱ្យក្រុមអ្នករត់តាក់ស៊ីកម្ពុជាផ្ទុះការតវ៉ាដោយសារតែប៉ុន្មានថ្ងៃមកនេះ គយថៃមិនបំពេញឯកសារឱ្យរថយន្តខ្មែរអាចដឹកភ្ញៀវ ឬអ្នកជំងឺទៅពិនិត្យសុខភាពនៅស្រុកថៃបានដូចមុន។
លោក មុំ សុភា បន្តថា ក្រុមអ្នករត់តាក់ស៊ីខ្មែរទាមទារទៅអាជ្ញាធរពាក់ព័ន្ធជួយសម្របសម្រួល និងដោះស្រាយដោយធ្វើយ៉ាងណាឱ្យអ្នករត់តាក់ស៊ីខ្មែរបានដឹកភ្ញៀវទៅពិនិត្យសុខភាពនៅខេត្តសុរិន្ទប្រទេសថៃដូចកាលពីពេលកន្លងមក។
អ្នករត់រថយន្តឈ្នួលម្នាក់ទៀត លោក សុច សានយ៉ា អាយុ ៣៦ឆ្នាំ និយាយថា ពួកគាត់បានដឹកភ្ញៀវទៅពិនិត្យសុខភាពនៅប្រទេសថៃ និងបានចូលបំពេញឯកសារជាមួយប៉ូលិសថៃតាមបែបបទរដ្ឋបាលរួចហើយ ហើយបានយកឯកសារនោះទៅខាងគយថៃមួយទៀត ប៉ុន្តែខាងគយថៃមិនអនុញ្ញាតឱ្យតាក់ស៊ីខ្មែរចូលឡើយ ទើបពួកគាត់ផ្ទុះការតវ៉ាដោយយករថយន្តបិទផ្លូវមិនឱ្យរថយន្តថៃចូលមកកម្ពុជាដូចគ្នា។
អ្នករត់តាក់ស៊ីរូបនេះបន្តថា កន្លងមកមិនធ្លាប់មានបញ្ហាបែបនេះឡើយ គឺភាគីថៃអនុញ្ញាតឱ្យតាក់ស៊ីខ្មែរដឹកភ្ញៀវទៅពិនិត្យសុខភាពធម្មតាឱ្យតែមានឯកសារគ្រប់គ្រាន់។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានទីស្នាក់ការច្រកអន្តរជាតិអូរស្មាច់ លោក ឯម បញ្ញារិទ្ធ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រោយពីមានការតវ៉ារបស់ក្រុមរត់តាស៊ី គឺលោកបានចុះទៅសម្របសម្រួលរកដំណោះស្រាយឱ្យបើកផ្លូវឡើងវិញ និងឱ្យប្រជាពលរដ្ឋចេញចូលតាមធម្មតាវិញផងដែរ។
លោក ឯម បញ្ញារិទ្ធ អះអាងថា លោកនឹងដាក់ស្នើសុំជួបប្រជុំជាមួយអាជ្ញាធរ នៃស្រុកទាំង២ គឺក្រុងសំរោងខេត្តឧត្តរមានជ័យ និងស្រុកកាប់ជើងរបស់ថៃ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីរកដំណោះស្រាយឱ្យប្រទេសទាំង២មានផ្លូវសេដ្ឋកិច្ចបានល្អប្រសើរ។
គួរបញ្ជាក់ថា ក្រោយពីមានការផ្ទុះការតវ៉ារបស់ក្រុមរត់តាក់ស៊ី គេឃើញប្រធានទីស្នាក់ការច្រកអន្តរជាតិអូរស្មាច់ កងកម្លាំង ទំនាក់ទំនងព្រំដែនកម្ពុជា–ថៃ និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់បានជួយសម្របសម្រួលរកដំណោះស្រាយ ទើបក្រុមអ្នករត់រថយន្តឈ្នួលទាំងនោះព្រមបើកផ្លូវឡើងវិញ៕
……………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ចៀវ ពន្លឺ