របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា បានបើកសវនាការលើសកម្មជនដីធ្លីឡពាង៣នាក់ គឺអ្នកស្រី ទួន សេង អ្នកស្រី អ៊ុំ សុភី និងលោក ស្ងួន ញឿន ពីបទ «ធ្វើឱ្យខូចខាតដោយចេតនា»។
នៅក្នុងសវនាការនេះ តុលាការបានលើកយករបាយការណ៍សំយោគរបស់អធិការស្រុកជលគីរី ដែលមិនមានកាលបរិច្ឆេទ ឬការចុះហត្ថលេខាពីអាជ្ញាធរណាមួយនោះទេ។
មេធាវីការពារក្តីលោក ជូង ជូងី បានប្ដឹងជំទាស់របាយការណ៍សំយោគនោះចោល ដោយមានជនជាប់ចោទទាំងបីនាក់ចូលរួមស្តាប់សវនាការ រួមជាមួយនិងលោកមេធាវីជាមួយផងដែរ។
លោកមេធាវី ជូង ជូងី បានអះអាងនៅចំពោះមុខលោកចៅក្រមទាំង៥នាក់ នៅតុលាការកំពូលថា លោកសុំទាត់ចោលនូវរបាយការណ៍សំយោគរបស់សមត្ថកិច្ចដែលមិនមានថ្ងៃខែ និងពេលវេលាច្បាស់លាស់ និងស្នើសូមឲ្យតុលាការលើកលែងការចោទប្រកាន់កូនក្តីរបស់លោកឲ្យមានយុត្តិធម៌ឡើងវិញ។
ចំណែកអ្នកស្រី ទួន សេង ដែលស្ថិតនៅក្នុងរង្វង់ក្រចកសេះ ក៏បានស្នើដោយទទូចសុំឲ្យតុលាការកំពូលលើកលែងការចោទប្រកាន់មកលើពួកអ្នកស្រីទាំងបីនាក់ ហើយរបាយការណ៍សំយោគនេះអ្នកស្រីមិនអាចទទួលយកបានទេ។
ក្នុងអង្គសវនាកានោះ តុលាការកំពូលបានកោះហៅឈ្មោះអធិការនគរបាលស្រុកជលគិរី ដែលបានសរសេររបាយការណ៍សំយោគនោះមកឆ្លើយបំភ្លឺដែរ ប៉ុន្តែមិនឃើញមានវត្តមាននៅក្នុងអង្គសវនាការនោះទេ។ រីឯភាគីដើមបណ្ដឹងក៏មិនឃើញមានវត្តមានដែរ។
យ៉ាងណាក្តី ក្រោយពីបើកសវនាការអស់រយៈពេលជាច្រើនម៉ោងមក ចៅក្រមនៃអង្គសវនាការតុលាការកំពូលបានសម្រេចប្រកាសសាលក្រមនេះ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ។
ពលរដ្ឋអ្នកសារព័ត៌មានយើងបានព្យាយាមទាក់ទងទៅកាន់លោកអធិការស្រុក ជលគីរី តាមទូរសព្ទ ដើម្បីសុំការឆ្លើយបំភ្លឺនូវរបាយការណ៍សំយោគរបស់ខ្លួនដែរ ប៉ុន្តែមិនមានអ្នកលើកទូរសព្ទនោះទេ។
តុលាការខេត្តកំពង់ឆ្នាំងបានចាប់ខ្លួនសកម្មជនដីធ្លីឡពាងដាក់ពន្ធនាគារចំនួន៣នាក់ គឺអ្នកស្រី អ៊ុំ សុភី លោក ស្ងួន ញឿន និងអ្នកស្រី ទួន សេង នៅពេលដែលពួកគេបានចុះទៅថតរូបនៅលើដីទំនាស់ភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ខណៈដែលអាជ្ញាធរបានយកដីពួកគាត់ទៅចែកឱ្យប្រជាពលរដ្ឋ ដែលបណ្ដាលឲ្យមានជម្លោះរហូតមកដល់សព្វថ្ងៃនេះ។
ប៉ុន្តែក្រោយមក លោក ស្ងួន ញឿន និងអ្នកស្រី អ៊ុំ សុភី ត្រូវបានតុលាកាសម្រេចដោះលែងនៅក្រៅឃុំជាបណ្ដោះអាសន្នវិញ ខណៈអ្នកស្រី ទួន សេង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល ៦ខែ ពោលគឺចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ តាមរបាយការណ៍របស់អធិការស្រុកជល់គិរី ដោយគ្រាន់តែអ្នកស្រីដុតសំរាមសោះ។
ផ្ទុយទៅវិញ តុលាការខេត្តកំពង់ឆ្នាំង មិនបានចាប់ខ្លួន ឬចោទប្រកាន់ទៅលើអ្នកកាប់បំផ្លាញដំណាំលើដីដែលមានជម្លោះនោះទេ។ តុលាការក៏មិនបានចាត់វិធានការលើ អ្នកស្រី អឿង ស្រី តាមបណ្តឹងរបស់អ្នកស្រី ទួន សេង ដែលបានប្ដឹងទៅតុលាការពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃនោះទេ។
សកម្មជនឡពាងទាំង៣រូបបានអះអាងថា តុលាការខេត្តកំពង់ឆ្នាំងបានធ្វើការយ៉ាងលឿនតាមពាក្យបណ្តឹងរបស់អ្នកស្រី អឿង ស្រី ដោយគ្រាន់តែផ្អែកតាមរបាយការណ៍របស់លោកមេប៉ុស្តិ៍ឃុំកោះថ្កូវ និងអធិការនគរបាលស្រុកជលគីរី ដោយមិនបានស៊ើបអង្កេតឲ្យបានច្បាស់លាស់ ថាអ្នកណាខុសឬអ្នកណាត្រូវឡើយ។ រីឯរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានដែលគ្មានចុះកាលបរិច្ឆេទ និងពេលវេលាសោះនោះ តុលាការខេត្តកំពង់ឆ្នាំងបានចាត់ទុកថាជាបានការទៅវិញ។ មិនតែប៉ុណ្ណោះ តុលាការក៏បានដកហូតទូរសព្ទដៃចំនួន៣គ្រឿង ម៉ូតូចំនួន១គ្រឿង ដែលមកដល់ពេលនេះមិនទាន់បានប្រគល់សម្ភារៈទាំងនោះឱ្យមកសាមីខ្លួនវិញឡើយទេ៕
……………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងលោក ស្ងួន ញឿន