សាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចចោទប្រកាន់ លោក អ៊ុក ម៉ៅ អ្នកកាសែតរាយការណ៍ពីបរិស្ថាន ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ ថែមទាំងបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្តជាបណ្ដោះអាសន្ន។
អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឡៅ លាងហេង មានប្រសាសន៍ថា ៖«រឿងហ្នឹងគេបានដាក់ពន្ធនាគារហើយ អ៊ុក ម៉ៅ ចោទពីបទញុះញង់និងបរិហាកេរ្តិ៍។ ឥឡូវគេបន្តទៅឃុំខ្លួនបណ្ដោះអាសន្ន»។
ទោះជាបែបនេះក្ដី អ្នកនាំពាក្យរូបនេះ មិនបានផ្ដល់ការអត្ថាធិប្បាយបន្ថែមជុំវិញសំណុំរឿងនេះនោះទេ។
ដោយឡែកលោក រិន ដេវីដ មេធាវីការពារក្ដីឲ្យ លោក អ៊ុក ម៉ៅ មានប្រសាសន៍នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះថា លោកក៏មិនទាន់ទទួលបានសំណុំរឿងរបស់ លោក ម៉ៅ នៅឡើយដែរ ដោយលោកគ្រោងធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង នៅថ្ងៃស្អែក ដើម្បីពិនិត្យមើលសំណុំរឿង។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhco) ប្រចាំខេត្តស្ទឹងត្រែង លោក ស៊ុន ឡង់ឌី បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែឧសភា សាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចចោទប្រកា ន់ លោក ម៉ៅ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តនៅអំឡុងខែឧសភា ឆ្នាំ២០២៤ និងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ហើយតុលាការបានបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត។ ចំណែកការចាប់ខ្លួនលោក ម៉ៅ ដោយផ្អែកតាមដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។
លោកបន្តថា៖ «យើងស្នើសុំឲ្យតុលាការខេត្តស្ទឹងត្រែង ពិចារណានិងស្វែងរកយុត្តិធម៌ជូនលោក អ៊ុក ម៉ៅ»។
រីឯភរិយារបស់លោក អ៊ុក ម៉ៅ គឺអ្នកស្រី ឯក សុជាតិ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយខលចូលតែមិនមានអ្នកទទួល។ តែបើតាមភរិយារូបនេះ ថ្លែងប្រាប់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ឲ្យដឹងថា លោក ម៉ៅ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា នៅចំណុចផ្ទះរបស់គាត់ នៅភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ដោយមិនមានមូលហេតុ។
ប្រភពដដែល ឱ្យដឹងទៀតថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ មានមនុស្សបីនាក់ ដែលគេស្គាល់ថាជាអតីតមន្រ្តីនៃសាលាខេត្តស្ទឹងត្រែង បានប្រើហិង្សាលើលោក អ៊ុក ម៉ៅ ហើយបណ្ដាលឲ្យលោករងរបួសស្រាលលើផ្ទៃមុខ ខណៈទូរសព្ទរបស់លោកក៏បានខូចខាតក្នុងហេតុការណ៍នោះ។ អំពើហិង្សានេះ បានកើតឡើងក្រោយលោកម៉ៅ បានបដិសេធចំពោះការទាមទារបស់ជនបង្កដែលឲ្យលុបរូបថត ដែលលោកបានថតយករូបភាពនៃការកាប់ឈើខុសច្បាប់។
ខេមបូចា បានគូសបញ្ជាក់ថា នៅមុនការចាប់ខ្លួននេះ លោកម៉ៅ បានប្រាប់ខេមបូចាថា លោកកំពុងជាប់បណ្ដឹងរហូតដល់១៥ករណី។
ជុំវិញករណីនេះ អង្គការអ្នកកាសែតគ្មានព្រំដែន បានចេញសេចក្ដីថ្លែងការណ៍កាលពីពេលថ្មីៗនេះ ដោយថ្កោលទោសការចាប់ខ្លួន លោកម៉ៅ និងទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងជាបន្ទាន់ផងដែរ។
អង្គការអ្នកកាសែតគ្មានព្រំដែន និយាយថា៖ « [អង្គការអ្នកកាសែតគ្មានព្រំដែន] ថ្កោលទោសការចាប់ខ្លួនអ្នកកាសែតបរិស្ថាន លោកអ៊ុក ម៉ៅ ដែលកំពុងប្រឈមមុខនឹងការយាយីតាមផ្លូវតុលាការជាបន្តបន្ទាប់។ អង្គការនេះ អំពាវនាវឱ្យមានការដោះលែងគាត់ជាបន្ទាន់ និងទាមទារឱ្យរដ្ឋាភិបាលបញ្ចប់គោលនយោបាយគាបសង្កត់របស់ខ្លួន ដែលផ្តោតលើប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈ»។
កាលពីដើមខែឧសភា អង្គការនេះ បានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជា នៅឆ្នាំ២០២៥ ចំនួន១០លេខ គឺពីចំណាត់ថ្នាក់ទី១៥១ នៅឆ្នាំ២០២៤ មកនៅចំណាត់ថ្នាក់ទី១៦១ ក្នុងឆ្នាំ២០២៥។ ការទម្លាក់ចំណាត់ថ្នាក់នេះ ដោយផ្អែកលើចំណុចសំខាន់ៗមួយចំនួន រួមមានបរិយាកាសនៃប្រព័ន្ធផ្សព្វផ្សាយ បរិបទនយោបាយ សង្គម ក្របខណ្ឌច្បាប់ និងបញ្ហាសុវត្ថិភាពជាដើម។
ចំណែក អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ថ្លែងថា ក្រសួងព័ត៌មានកំពុងស៊ើបអង្កេតករណីរបស់ លោក អ៊ុក ម៉ៅ នេះ ដោយសហការជាមួយភាគីពាក់ព័ន្ធដើម្បីប្រមូលព័ត៌មានជុំវិញអង្គហេតុ និងអង្គច្បាប់។
លោកបន្តថា៖ «ចំពោះករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មាននេះ គឺយើងកំពុងតែស្វែងរកការសហការណ៍ពីអាជ្ញាធរពាក់ព័ន្ធបន្ថែមទៀត ដើម្បីទទួលព័ត៌មាន ជាពិសេសទទួលបានរបាយការណ៍។ ហើយយើងនឹងប្រមូលអង្គហេតុនិងអង្គច្បាប់ជុំវិញករណីនេះ ដើម្បីយើងពិនិត្យបន្ថែម ដើម្បីយើងតាមដាន»។
ក្នុងពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក និងជួបជាមួយអ្នកសារព័ត៌មានលើកទី៧កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា លោកលើកទឹកចិត្តឱ្យអ្នកកាសែតរាយការណ៍ពីចន្លោះប្រហោងរបស់រដ្ឋាភិបាល ដើម្បីឱ្យមានដំណោះស្រាយលើបញ្ហាទាំងនោះ។
លោកបន្តថា៖ «ខ្ញុំលើកទឹកចិត្តឱ្យបងប្អូនផ្សាយនូវភាពកង្វះខាតនៃការអនុវត្តតួនាទីរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យយើងដឹងផង ដើម្បីឱ្យយើងដោះស្រាយឱ្យទាន់ពេលវេលារួមគ្នាទៅ»។
ទាក់ទិនសំណុំរឿងនេះ លោក ណុប វី នាយកប្រតិបត្តិ នៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាត់ទុកការបន្តចាប់ខ្លួន និងប្ដឹងផ្ដល់លើអ្នកកាសែត ជាការគំរាមកំហែងដល់អ្នកកាសែតដែលហ៊ានរាយការណ៍ពីបរិស្ថាន រួមទាំងសកម្មជនបរិស្ថានផងដែរ។
លោកនិយាយថា៖ «ការប្ដឹងផ្ដល់ ការបន្តចាប់ខ្លួនវាមិនមែនជាផលល្អទេ ដែលអាចនឹងជាកត្តារាំងស្ទះ ចំពោះកិច្ចសហប្រតិបត្តិការ និងការផ្ដល់នូវព័ត៌មានពិត អំពីរឿងបទល្មើសផ្សេងៗ ជាពិសេសបទល្មើសទាក់ទងនឹងព្រៃឈើ»៕