ប្រជាពលរដ្ឋនិងអ្នករត់រថយន្តឈ្នួលមួយចំនួននៅខេត្តពោធិ៍សាត់ បារម្ភពីការជួបឧបទ្ទវហេតុឬគ្រោះថ្នាក់ណាមួយកើតឡើងរវាងពួកគាត់ជាមួយ រថភ្លើង ដោយសារតំបន់ផ្លូវធ្វើដំណើរដែលមានរថភ្លើងឆ្លងកាត់នៅតំបន់ពួកគាត់រស់នៅពុំមានដាក់បារ៉ាសឃាំងពេលរថយន្តមកដល់ និងមិនមានអ្នកយាមនោះឡើយ។
ការព្រួយបារម្ភរបស់ក្រុមពលរដ្ឋនេះ ក្រោយពីកើតមានឧបទ្ទវហេតុបុកគ្នាមួយរវាងរថភ្លើងជាមួយរថយន្តក្រុង ស្ថិតនៅត្រង់ចំណុចភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យអ្នកដំណើរ៤៦នាក់រងរបួសធ្ងន់ស្រាល។
លោក ហៀង សុខុម នៅសង្កាត់លលកសជាអ្នករត់តាក់ស៊ី និយាយថា លោកមានការព្រួយបារម្ភពេលបើកបរឆ្លងកាត់ផ្លូវរថភ្លើងម្តងៗ ដោយខ្លាចជួបឧបទ្ទវហេតុមិនល្អណាមួយរវាងរថយន្តលោក និងរថភ្លើងដោយសារនៅចំណុចឆ្លងកាត់ផ្លូវរថភ្លើងនោះពុំមានការដាក់បារ៉ាសសម្រាប់ឃាំងនៅពេលដែលរថភ្លើងមកដល់ឡើយ។
អ្នករត់តាក់ស៊ីរូបនេះបន្តថា កន្លែឆ្លងកាត់ផ្លូវរថភ្លើងភាគច្រើនជាកន្លែងចង្អៀត។ លោក ហៀង សុខុម បន្ថែមថា ក្រៅពីបារម្ភការប៉ះទង្គិចជាមួយរថភ្លើង លោកក៏មានក្តីបារម្ភពីប៉ះបុកគ្នាជាមួយឡូរីផងដែរ ដែលតែងតែរត់លើកំណាត់ផ្លូវរថភ្លើងយ៉ាងញឹកញាប់នោះ។
បុរសវ័យ៣៨ឆ្នាំរូបនេះបានបន្ថែមថា៖« ក្រៅពីរថភ្លើងខ្ញុំក៏មានក្ដីបារម្ភជាមួយឡូរីដែរ ព្រោះអីឡូរីវាតូចហើយយើងពិបាកគន់មើល ណាមួយឡូរីវាពុំមានរឿងបច្ចេកទេសដូចរថភ្លើងទេប្រព័ន្ធហ្វ្រាំងក៍គ្មាន ការពិនិត្យបច្ចេកទេសអីក៍អត់ ហើយរថលឿនដូចឡានដែរ បើចួបវ៉ាក់អើអីមួយមិនដឹងយកអីកមទប់ល្បឿនវាបានទេ»។
អ្នករត់តាក់ស៊ីម្នាក់ទៀត លោក នួន ណាក់ មានប្រសាសន៍ថា ពេលលោកបើកបរឆ្លងកាត់ផ្លូវរថភ្លើងម្ដងៗ លោកតែងតែប្រុងប្រយ័ត្ន និងសង្កេតឱ្យបានច្បាស់សិនទើបឆ្លងកាត់ ប៉ុន្តែយ៉ាងណាលោកនូវតែព្រួយបារម្ភដោយខ្លាចថ្ងៃណាមួយមានការភ្លេចភ្លាំង ហើយគ្មានអ្នកយាម ឬបារ៉ាសជាជំនួយផងនោះ វាអាចបង្កឱ្យមានគ្រោះថ្នាក់រវាងរថយន្ត និងរថភ្លើង។
លោក នួន ណាក់ បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធរៀបចំឱ្យមានអ្នកយាម ឬដាក់បារ៉ាស់គ្រប់ផ្លូវដែលមានរថភ្លើងឆ្លងកាត់ក្នុងខេត្តពោធិ៍សាត់។
លោក ណាក់ បន្ថែមថា៖«ការរត់តាក់ស៊ី តែងតែមានការបើកសំឡេងចម្រៀងនៅក្នុងឡាន ដើម្បីតម្រូវចិត្តភ្ញៀវ សំឡេងនោះវាធ្វើឱ្យអ្នកបើកតាក់ស៊ីមួយចំនួនស្ដាប់មិនឮសំឡេងរបស់រថភ្លើងជាដើម។ នេះជាដើមហេតុខ្លះៗនាំបង្កគ្រោះថ្នាក់រវាងគឡាននឹងរថភ្លើង»។
ចំណែកអ្នកស្រី សែម សឿន ជាពលរដ្ឋនៅភូមិក្រាំងពព្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ និយាយថា ផ្ទះអ្នកស្រីនៅជាប់នឹងផ្លូវរថភ្លើង ហើយក៏ជាប់នឹងផ្លូវលំផងដែរ។ អ្នកស្រីថា អ្នកស្រីមានការព្រួយបារម្ភដោយសារផ្លូវរថភ្លើងឆ្លងនៅជិតផ្ទះអ្នកស្រីដោយពុំមានអ្វីដែលជារនាំងនោះទេ។
អ្នកស្រី សែម សឿន បន្តថា ពេលរថភ្លើងមកដល់ម្ដងៗ គឺពុំមានអ្នកគ្រប់គ្រងជួយសម្រួលចរាចរណ៍នោះឡើយ។ អ្នកស្រីថា ពេលពលរដ្ឋឆ្លងកាត់ គឺមានតែធ្វើការប្រុងប្រយ័ត្នដោយខ្លួនឯងតែប៉ុណ្ណោះ។
ស្ត្រិវ័យ៦៧ឆ្នារូបនេះបន្តថា៖«បើសិនជាមានឧបទ្ទវហេតុមែន គឺមិនត្រឹមតែអ្នកជិះរថភ្លើង ឬអ្នកបើកឡានទេដែលជាអ្នករងគ្រោះ។ សូម្បីតែកូនចៅខ្ញុំ ផ្ទះខ្ញុំក៏អាចរងគ្រោះ អាចបង្កឱ្យគ្រោះថ្នាក់អាចបាត់បង់ជីវិតក៏មានដែរ។ ព្រោះអីពេលប៉ះគ្នាគឺឡានវាខ្ទាតចេញ ឬមួយរថភ្លើងវារំកិលធ្លាក់ចេញពីខ្សែរត់ វាអាចមកសង្កត់លើផ្ទះអ្នកនៅជិតផ្លូវបង្កឱ្យមានគ្រោះថ្នាក់»។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់លោក កាង ប៉េងហាក់ មានប្រសាសន៍ថា ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់បានសិក្សារួចហើយ និងកំពុងរៀបចំដំណើរការដាក់ស្លាកសញ្ញា ឬក៏ដាក់បារ៉ាស់ទៅតាមស្ថានភាពផ្លូវតាមកន្លែងនីមួយៗ ។
លោកបន្ថែមថា៖«ក្រសួងបានរៀបចំចាប់ផ្តើមអនុវត្តបណ្តើរៗហើយទៅតាមកន្លែង ឬចំណុចសំខាន់ៗមួយចំនួន។ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋមានក្តីបារម្ភនោះ គឺខ្ញុំសំណូមពរទៅប្រជាពលរដ្ឋវិញ ដោយសារប្រជាពលរដ្ឋចេះតែមករំលោភមករស់នៅលើដីចិញ្ចើមផ្លូវរថភ្លើង។ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នដោយខ្លួនឯង ព្រោះខាងខ្ញុំពុំមានអ្វីជួយដល់ក្តីបារម្ភនោះទេ គឺមានតែធ្វើការផ្សព្វផ្សាយអប់រំណែនាំ និងដាក់បារ៉ាស់តាមផ្លូវឆ្លងកាត់មួយចំនួនតែប៉ុណ្ណោះ»។
អ្នកសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តពោធិ៍សាត់លោក រ័ត្ន ថាវី មានប្រសាសន៍ថា ការដែលប្រជាពលរដ្ឋ និងអ្នករត់តាកស៊ីលើកឡើងនោះជាការត្រឹមត្រូវ។ លោកថា រដ្ឋមិនអាចបណ្តែតបណ្តោយឱ្យមានឧបទ្ធវហេតុរវាងរថយន្ត និងរថភ្លើងទៀតនោះទេ។ លោកជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវតែដាក់ស្លាកសញ្ញា ឬដាក់បារ៉ាស់ ឬចាត់អ្នកយាមមកសម្រួលពេលរថភ្លើងមកដល់។
លោកបន្តថា៖«បើមានហេតុការនឹងកើតឡើងមែន គឺរដ្ឋជាអ្នកទទួលខុសត្រូវ កុំបន្ទោសអ្នកបើក ដូចករណីថ្មីនៅឃុំឈើតុំបើមានអ្នកមកចាំយាមគឺពិតជាមិនមានហេតុការនោះកើតឡើងទេ ព្រោះអ្នកបើករថយន្តមិនអាចបើកទៅប់ះរថភ្លើងទេ»។
ចំណែកឡូរីវីញ លោកថា អាជ្ញាធរពាក់ព័ន្ធត្រូវប្រមូលឱ្យចុះបញ្ញីគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដោយថា យានប្រភេទនេះវាបង្កគ្រោះថ្នាក់ច្រើនផងដែរ៕
……………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក នូ រ៉េន