CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

អាជីករផ្សារក្រុងព្រៃវែងមួយចំនួន បដិសេធរើចេញទៅកាន់ផ្សារដែលសាងសង់ថ្មី

Admin ដោយ Admin
April 28, 2023
ក្នុង សង្គម
0
អាជីករផ្សារក្រុងព្រៃវែងមួយចំនួន បដិសេធរើចេញទៅកាន់ផ្សារដែលសាងសង់ថ្មី

អាជីវករនៅផ្សារក្រុងព្រៃវែងតវ៉ាពុំព្រមចាកចេញទៅកាន់ផ្សារដែលសាងសង់ថ្មីុ។ (រូបភាព៖ ថតស្កីនពីវីដេអូ ហ្វេសបុកឈ្មោះ យូ ដា)

0
ចែករំលែក
117
ចំនួនមើល

អាជីវករចំនួន២៩នាក់ ដែលលក់ដូរនៅផ្សារក្រុងព្រៃវែង បដិសេធក្នុងការផ្លាស់ប្ដូរទីតាំងលក់ទៅកាន់ផ្សារដែលសាងសង់ថ្មី ដោយពួកគេលើកឡើងថា ផ្សារថ្មីនោះមានសភាពស្ងប់ស្ងាត់ និងត្រូវចំណាយថវិកាច្រើនចំពោះការទិញតូប និងជួលតូប។

អ្នកស្រី ឆោម គឹមហេង អាយុ ៦៥ឆ្នាំ ជាអាជីវករមួយរូបលក់សាច់ជ្រូកតាមបណ្ដោយផ្លូវជាប់ផ្សារក្រុងព្រៃវែង បានត្អូញត្អែរថា រាល់ថ្ងៃអ្នកស្រីលក់សាច់ជ្រូកបានចំណូលជាង២ម៉ឺនរៀល ប៉ុន្តែទីតាំងលក់ដូរថ្មីដែលជាផ្សារសាងសង់ឡើងដោយក្រុមហ៊ុនឯកជន បានតម្រូវឱ្យអ្នកស្រីបង់ថ្លៃជួលតូបចំនួន ២ ៥០០រៀលនៃទំហំតូបមានទទឹងជាងមួយម៉ែត្រ និងបណ្ដោយមួយម៉ែត្រពីរតឹកក្នុងមួយថ្ងៃ។

អ្នកស្រីបន្ថែមថា បើរើទៅកាន់ទីតាំងថ្មីនោះ អ្នកស្រីត្រូវជួលតូបបីកន្លែងជាប់គ្នាដើម្បីធំទូលាយងាយស្រួលក្នុងការលក់ ខណៈផ្សារចាស់ដែលជាផ្សាររបស់រដ្ឋបង់ត្រឹម៥០០រៀលប៉ុណ្ណោះ។ 

អាជីករលក់សាច់ជ្រូកនៅផ្សារក្រុងព្រៃវែងអស់រយៈពេល៣០ឆ្នាំរូបនេះ និយាយថា៖«ខ្ញុំអត់មានលទ្ធភាព ហើយផ្សារហ្នុងបើពេលថ្ងៃស្ងាត់សូន្យវាអត់មានអ្នកចូលទិញ ដាក់បន្លែស្អុយបន្លែ គេមកតែកន្លែងដដែលហ្នឹង [ផ្សារចាស់] ព្រឹកក៏ស្ងាត់ដែរ មានតែកន្លែងចាស់ទេដែលមានមនុស្ស»។

អាជីវករម្នាក់ទៀត អ្នកស្រី ម៉ៃ លី អាយុ៦៣ ឆ្នាំ ជាអាជីវករលក់ភេសជ្ជៈក្នុងផ្សារក្រុងព្រៃវែង និយាយថា ផ្សារដែលសាងសង់ថ្មីមានសភាពស្ងាត់មិនសូវមានមនុស្ស ហើយអ្នកស្រីមិនអាចលក់ភេសជ្ជៈនៅទីនោះដាច់ឡើយ។

អ្នកស្រី លី និយាយថា៖ «បើទៅហ្នុងហើយស្ងាត់ណាស់អត់មានអ្នកណាចូលទិញផឹកទេ ហើយបង់កន្លែងទៀត មុនមួយកន្លែង៥ពាន់រៀល ឥឡូវយក២កន្លែងបង់៥ពាន់រៀល គ្រែយើងធំត្រូវជួល២ប្លង់។ ពួកខ្ញុំអត់មានលទ្ធភាពទេ រកស៊ីឥឡូវមិនដូចមុនទេ រកព្រឹកស៊ីល្ងាច ល្ងាចស៊ីព្រឹកចឹងបានប៉ុណ្ណឹង»។

ក្រុមអាជីវករ បានអះអាងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោងជាង៩យប់ មានមនុស្សមួយក្រុមដែលខាងអាជីវករកត់សម្គាល់ថា ជាបុគ្គលិកនៃផ្សារដែលសាងសង់ថ្មី បានចាប់យកសម្ភាររបស់ពួកគេមានដូចជាគ្រែ កៅអី ជាដើម ដែលទុកនៅផ្សារចាស់ដាក់លើឡានយកទៅផ្សារសាងសង់ថ្មីដែលមានចម្ងាយ៣០០ម៉ែត្រ។ បញ្ហានេះ ពួកគេនិយាយថា ជាហេតុនាំឱ្យផ្ទុះការតវ៉ាចាប់ពីថ្ងៃនោះមក។

ប្រភពដដែលបន្តថា​ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ អភិបាលខេត្តព្រៃវែង លោក​ ជា សុមេធី នឹងចុះមកពិនិត្យទីតាំងដោយផ្ទាល់ ព្រមទាំងសម្រេចថា តើឱ្យពួកគេបន្តលក់ដូរនៅទីតាំងចាស់ឬយ៉ាងណា។

ជុំវិញការចោទប្រកាន់ថា បុគ្គលិកនៃផ្សារដែលសាងសង់ថ្មីចុះមក​យកសម្ភាររបស់អាជីវករ ពលរដ្ឋអ្នកសារព័ត៌មាននៅមិនទាន់អាចសុំការអត្ថាធិប្បាយពីខាងក្រុមហ៊ុន ឈ្នះឈ្នះ ដែលពលរដ្ឋអះអាងថា ជាក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់ផ្សារថ្មីនោះបាននៅឡើយទេគិតត្រឹមថ្ងៃសុក្រ។ 

លោក ឯក ចិន្តា ចៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង មានប្រសាសន៍ថា មានតែអាជីវករ២៩នាក់ប៉ុណ្ណោះដែលលក់តាមបណ្ដោយផ្លូវជាប់ផ្សារចាស់បានបដិសេធរើទៅកាន់ផ្សារថ្មី។ លោក ចិន្តា អះអាងថា ការផ្លាស់ប្ដូរទីកន្លែងលក់នេះតម្រូវឱ្យតែអ្នកលក់តាមផ្លូវជាប់ផ្សាររើចេញទៅកាន់ផ្សារថ្មី ខណៈអ្នកលក់ដូរក្នុងផ្សារគឺនៅដដែល។

លោក ចិន្តា និយាយថា៖ «ផ្សារចាស់គេអត់មានធ្វើអីទេ គ្រាន់តែកន្លែងហ្នឹងវាចង្អៀតអត់មានកន្លែងលក់ លក់តាមផ្លូវខាងក្រៅអត់មានអីលក់ណាពីមុនមក ពីមុនមកគ្មានកន្លែងលក់យើងឱ្យលក់ចន្លោះផ្លូវសិនទៅ ដល់ពេលឥឡូវមានផ្សារថ្មីហើយ អ្នកលក់តាមផ្លូវឱ្យទៅហ្នុងទាំងអស់ សល់តែអ្នកនៅក្នុងផ្សារទេ។ អ្នកសល់ អ្នកលក់តាមបណ្ដោយផ្លូវមាន២៩នាក់»។

លោក ម៉មនី បណ្ឌិត អភិបាលក្រុងព្រៃវែង មានប្រសាសន៍ថា ករណីតវ៉ារបស់អាជីវករនៅផ្សារក្រុងព្រៃវែងនេះស្ថិតនៅក្រោមការដោះស្រាយរបស់រដ្ឋបាលខេត្ត។

លោក បណ្ឌិត និយាយថា៖ «ការងារហ្នឹងសួរទៅខេត្ត ព្រោះខេត្តអ្នករៀបចំ ខាងគាត់អ្នកគ្រប់គ្រង»។

អភិបាលខេត្តព្រៃវែង  លោក ជា សុមេធី មានប្រសាសន៍ថា លោកបានចាត់ឱ្យមន្រ្តីពាក់ព័ន្ធធ្វើការដោះស្រាយជូនអាជីវករផ្សារទាំងអស់។ លោកបន្តថា ក្រុមការងារលោកក៏កំពុងស្រង់ស្ថិតិចំនួនប្រជាពលរដ្ឋដែលលក់ដូរតាមដងផ្លូវជំវិញផ្សារចាស់ដែលគ្មានរបៀបរៀបរយ ដើម្បីប្រជុំណែនាំបន្ត ខណៈអាជីវករលក់ដូរក្នុងផ្សារចាស់គឺនៅតែអាចលក់ដូរបានជាធម្មតា។

លោក សុមេធី មានប្រសាសន៍ថា៖ «សម្រាប់អ្នកលក់ក្នុងផ្សារ  និងតាមផ្ទះជុំវិញផ្សារ  ក្រុមការងារបានផ្តល់ព៌តិមានមកថា  ពួកគាត់គឺនៅរក្សាស្ថានភាពលក់ដូរជាធម្មតា  ហើយសំណូមពរឱ្យពួកគាត់ទាំងអស់គ្នាជួយរក្សាសណ្តាប់ធ្នាប់  បរិស្ថាន  និងអនាម័យឱ្យបានសមរម្យ»។

អ្នកស្រី អ៊ាង គឹមលី មន្រ្តីនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រៃវែង ជំរុញឱ្យអាជ្ញាធរគួរមានដំណោះស្រាយមួយដើម្បីឱ្យអាជីវករទាំងអស់ចាកចេញទៅកាន់ផ្សារដែលទើបសាងសង់ថ្មីបានគ្រប់គ្នា។

អ្នកស្រី គឹមលី និយាយថា៖ «មាន២៩នាក់[អាជីវករ] ដែលគាត់មិនពេញចិត្តចឹងខ្ញុំគិតថារកដំណោះស្រាយមួយឱ្យសមរម្យទាំងអស់គ្នា ដើម្បីបានទៅទាំងអស់គ្នាឬក៏ដំណោះស្រាយសមរម្យទៅ»។

ករណីស្រដៀងគ្នានេះ ក៏ធ្លាប់បានកើតឡើងនៅខេត្តបាត់ដំបងផងដែរ។ កាលពីខែវិច្ឆកា ឆ្នាំ២០២១ អាជីវករផ្សារបឹងឈូកបាត់ដំបង ប្រមាណ១០០នាក់ តំណាងឱ្យជាង៦០០នាក់ លក់គ្រឿងហូបចុក ដូចជា បាយ បបរ គុយទាវ ផ្លែឈើ បន្លែ ត្រីសាច់ បានប្រមូលផ្តុំគ្នាតវ៉ាស្វែងរកអន្តរាគមន៍នៅមុខរដ្ឋបាលខេត្ត ដើម្បីបានលក់ដូរ នៅកន្លែងចាស់ជុំវិញបរិវេណផ្សារបឹងឈូកដដែលដោយមិនប្តូរទៅទីតាំងថ្មីនោះទេ៕

…………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន វ៉ា សុភានុត

អត្ថបទមុន

សមាជិកសហគមន៍ឧត្តមស្រែពស់អំពាវនាវដល់តុលាការ ឱ្យផ្តល់យុត្តិធម៌ក្រោយមានការកោះហៅឱ្យឆ្លើយបំភ្លឺ

អត្ថបទបន្ទាប់

ពលករ​ខ្មែរ​ជិត​១៣០០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​និង​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ​ដោយ​សារ​គ្មាន​ឯកសារ​ស្រប​ច្បាប់​​

អត្ថបទបន្ទាប់
ពលករខ្មែររាប់សិបនាក់ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ក្នុងខែមេសា ឆ្នាំ២០២៣ ដោយសារឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ក្រោយចូលឆ្នាំថ្មីប្រពៃណីខ្មែរចប់។ (សង់ត្រាល់)

ពលករ​ខ្មែរ​ជិត​១៣០០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​និង​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ​ដោយ​សារ​គ្មាន​ឯកសារ​ស្រប​ច្បាប់​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង