ប្រជាពលរដ្ឋនិងសង្គមស៊ីវិលមួយចំនួនបានបង្ហាញការសោកស្តាយចំពោះការសម្រេចរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការបញ្ជាឱ្យបញ្ចប់ដំណើរការផ្សាយវិទ្យុអាស៊ីសេរី (RFA) និងស្ថាប័នសំឡេងសហរដ្ឋអាមេរិក (VOA) ជាដើមនោះ។
កូដករណាហ្គាវើលដ៍មួយរូបអ្នកនាង ម៉ម សុវុឌ្ឍិន បានលើកឡើងលើហ្វេសប៊ុកថា អ្នកនាងមិនសប្បាយចិត្តទេ ដោយសារRFA ជាសារព័ត៌មានពិតផ្សាយពីពលរដ្ឋដែលរងគ្រោះពិតប្រាកដជាសារពត៌មានដែលឯករាជ្យ ហើយអ្នកនាងពិតជាសោកស្តាយ។
គណនីហ្វេសប៊ុកម្នាក់ ឈ្មោះ សុផល ត្រុន បានលើកឡើងថា ក្នុងនាមជាអ្នកដែលតែងតែគាំទ្រនិងស្តាប់វិទ្យុអាស៊ីសេរី លោកពិតជាមានការសោកស្ដាយណាស់នៅពេលបានឃើញព័ត៌មាននៃការបិទវិទ្យុអាស៊ីសេរីបែបនេះ។ លោកបន្តថា ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំនេះ គាត់គិតបែបណានោះទេ នៅពេលដែលបិទខ្ទប់វិទ្យុដែលនិយាយព័ត៌មានពិត ប្រៀបដូចយើងបើកដៃឱ្យរបបផ្ដាច់ការមួយចំនួន ធ្វើព្យុះ ធ្វើភ្លៀង ពេញពិភពលោក។
លោក ស៊ីម៉ាល ម៉ៅ បានលើកឡើងថា បើវិទ្យុអាស៊ីសេរី លែងដំណើរការ នោះអ្នកដែលសប្បាយចិត្តជាងគេ គឺជនពុករលួយ។
លោក ឌុក ភារុណ បានលើកឡើងក្នុងគណនីផ្ទាល់ខ្លួនថា ជនរងគ្រោះ នឹងមានកាន់តែច្រើនឡើងបណ្តាលពីអ្នកមានអំណាចនិង អ្នកមានលុយ ខណៈសំឡេងតាមវិទ្យុនេះអាចជួយ អ្នកតូចតាចបានខ្លះដែរ។
សម្រាប់ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ លោកមានការសោកស្តាយ ក្រោយដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ បញ្ចប់ដំណើរការផ្សាយវិទ្យុអាស៊ីសេរី។
លោក វន់ ពៅ លើកឡើងថា៖ «យើងខ្ញុំពិតជាសោកស្តាយរកទីបំផុតគ្មានប្រសិនបើគ្មានអាស៊ីសេរីសំឡេងយើងជាជនរងគ្រោះក៏មិនមានដែរ»។
ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យកម្ពុជា លោក ស៊ឹង សែនករុណា បានលើកឡើងថា បើរដ្ឋបាលត្រាំបិទសំឡេងនេះមែនសម្រាប់ខេមរភាសា យើងជាខេមរជនទាំងអស់មិនគួរនៅស្ងៀមឡើយ ។
លោកបន្តថា បើស្ថាប័នទាំង២ គឺវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)និងវិទ្យុអាស៊ីសេរី(RFA Khmer) អាចទទួលជំនួយពីពួកយើងជាខ្មែរបាន យើងនឹងរីករាយជួយតាមលទ្ធភាពដែលអាចជួយទៅបាន។ លោកថា បើ៥ដុល្លារម្នាក់ក្នុង១ខែគុណនឹង១លាននាក់ ក៏៥លានដុល្លារដែរចុះទម្រាំពលរដ្ឋដែលគាំទ្រ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ ទាំងក្នុងក្រៅប្រទេសជាងកន្លះនគរ តើអាចនឹងជួយបានប៉ុន្មាន?
លោកបានដាក់ជាសំណួរទៀតថា ឬក៏បណ្តែតបណ្តោយឲ្យស្ថាប័នទាំង២នេះបាត់សំឡេងទៅ ឬយ៉ាងណា ? លោកថា លើកលែងតែស្ថាប័នទាំង២នេះ មិនត្រូវការជំនួយតែប៉ុណ្ណោះ។
ការលើកឡើងពីការសោកស្តាយនេះ ក្រោយបទបញ្ជាប្រតិបត្តិ មានគោលដៅលុបចោលទីភ្នាក់ងារមេរបស់ស្ថាប័នសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) វិទ្យុអឺរ៉ុបសេរី (RFE/RL) និងអង្គភាពព័ត៌មានដទៃទៀតដែលទទួលមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
តាមសេចក្តីជូនដំណឹងពីការបញ្ចប់ជំនួយថវិកាបានបញ្ជាក់ថា ជំនួយថវិកាពីរដ្ឋាភិបាលសហព័ន្ធដែលផ្តល់មូលនិធិដល់វិទ្យុអាស៊ីសេរី និងបណ្ដាញដៃគូវិទ្យុនេះដទៃទៀត ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃសៅរ៍ ទី១៥ មីនា ហើយរាល់ការប្ដឹងជំទាស់អាចធ្វើទៅបានក្នុងរយៈពេល ៣០ថ្ងៃបន្ទាប់ពីសេចក្តីជូនដំណឹងនេះ។
ទោះយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី១៥ មីនា នាយិកាវិទ្យុអាស៊ីសេរី អ្នកស្រី បេយ៍ ហ្វាង (Bay Fang) ដែលវិទ្យុនេះបានផ្សាយថា ស្ថាប័នគ្រោងនឹងប្តឹងតវ៉ានឹងបទបញ្ជានេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ជារឿងគួរឱ្យសោកស្តាយបំផុតនៅពេលវិទ្យុអាស៊ីសេរី និងវីអូអេ ដែលធ្លាប់បានផ្សាយព័ត៌មានដែលមានប្រយោជន៍សម្រាប់ខ្មែរនឹងត្រូវបានបិទដំណើរការរបស់ខ្លួន។ លោកបន្តថា សារព័ត៌មានទាំងពីរនេះតែងតែផ្សព្វផ្សាយព័ត៌មានមួយដែលអាចមកឆ្លុះបញ្ចាំង និងអាចយកជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់សិក្សាវាយតម្លៃទៅលើសកម្មភាពជាច្រើន នៃភាពអសកម្ម ព្រមទាំងបញ្ហារសើបរបស់កម្ពុជាផងដែរ។
លោកនិយាយថា៖ «ដូច្នេះការបិទវិទ្យុ ដែលផ្សាយពីបញ្ហាកម្ពុជា ហើយអ្នកចំណេញអ្នកខាត គឺដូចយើងបាននិយាយអីចឹងប្រជាពលរដ្ឋ ហើយអ្នកនយោបាយ ក៏ដូចជាអ្នកចង់ដឹងព័ត៌មានពិតជាអ្នកខាត ហើយអ្នកចំណេញក៏មិនមានអីជាផលចំណេញដែរ។ ដោយសារកាលណាយើងមានព័ត៌មានពិតនៅក្នុងដៃ ទើបយើងមានផលចំណេញ»។
លោកសុជាតិ បន្តថា ព័ត៌មានពិត គឺនៅតែជាព័ត៌មានល្អ និងមានតម្លៃ។ ជាអនុសាសន៍លោកថា ពលរដ្ឋគប្បីសិក្សាឈ្វេងយល់ឱ្យបានច្រើនបន្ថែមទៀត ពីសារព័ត៌មានដែលផ្សាយពីការពិត និងមានប្រភពច្បាស់លាស់។ ការតាមដានព័ត៌មានលើបណ្តាញសង្គមជាផ្នែកល្អមួយ ប៉ុន្តែពលរដ្ឋត្រូវប្រយ័ត្នប្រយែងខ្ពស់ ពិសេសព័ត៌មានក្លែងក្លាយឬគ្មានប្រភពត្រឹមត្រូវ។ លោកសង្ឃឹមថា នឹងមានការសម្រេចចិត្តឡើងវិញចំពោះការគិតរបស់អាមេរិកលើជំហរបិទវិទ្យុដែលចាយកញ្ចប់ថវិការបស់ខ្លួនពេលនេះ ហើយវិទ្យុទាំងនេះនឹងអាចដំណើរការឡើងវិញ។
វិទ្យុអាស៊ីសេរីបានចាប់ផ្ដើមការផ្សាយដំបូងជាភាសាចិនកុកងឺ កាលពីឆ្នាំ១៩៩៦ ហើយបានពង្រីកការផ្សាយជាបន្តបន្ទាប់ទៀតរហូតដល់ ៩ភាសារ ក្នុងនោះក៏មានទាំងភាសាខ្មែរដែលផ្សាយពីរឿងរ៉ាវនៅកម្ពុជាផងដែរ៕
……………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ