ពលរដ្ឋ និងយុវជនមួយចំនួន ដែលមកពីតាមបណ្ដាស្រុកមួយចំនួននៅខេត្ដស្វាយរៀង បានលើកឡើងថា ការបើកលំហសិទ្ធិសេរីភាព និងការយល់ដឹងអំពីនីតិវិធីនៃដំណើរការបោះឆ្នោតនៅកម្ពុជា គឺជារឿងសំខាន់ក្នុងប្រទេសប្រជាធិបតេយ្យ។
ការអះអាងនេះ ធ្វើឡើងក្នុងវេទិការពិភាក្សាមួយស្តីពី «ប្រជាធិបតេយ្យ និងការបោះឆ្នោត» កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយអង្គការខុមហ្វ្រែល និងមានពលរដ្ឋចំនួន៦០នាក់ មកពីស្រុកទាំង៦ នៅខេត្ដស្វាយរៀង បានចូលរួមផងដែរ។
អ្នកស្រី ឥន សូត អាយុ៤៥ឆ្នាំ រស់នៅភូមិចេក ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀងបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្នកស្រីមកចូលរួមកម្មវិធីរបស់ខុមហ្វ្រែលគឺចង់ដឹងថា ការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០២៣ មានភាពយុត្តិធម៌ និងតម្លាភាពឬអត់។ តែយ៉ាងណា កម្មវីធីមួយនេះបានផ្ដល់ចំណេះដឹងច្រើនណាស់ដល់អ្នកស្រី ជាពិសេសវាគ្មិនដែលមកចូលរួមបានចែករំលែកចំណេះដឹងទាក់ទង នឹងសិទ្ធិជាមួលដ្ឋានដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាថា ខ្លួនយើងមានសិទ្ធិអ្វីខ្លះនៅក្នុងច្បាប់ជាតិនិងអន្ដរជាតិ។
អ្នកស្រីបន្ថែមថា៖ « បើតាមខ្ញុំមើលរាល់ថ្ងៃនេះការជួបជុំការនិយាយស្ដីអីនេះដូចគ្មានសិទ្ធិសេរីភាពពេញលេញទេ គឺ រឹតត្បិតគ្រប់បែបយ៉ាង យើងនិយាយត្រង់ពេកឃើញពិតថាពិតហ្នឹងដឹងថា គេគំរាមកំហែងគេចាប់យើងហើយ។ ស្នើសុំទៅអាជ្ញាធរឱ្យផ្សព្វផ្សាយពីសិទ្ធិ[ពលរដ្ឋ]គោលនយោបាយដែលមានសារៈប្រយោជន៍ដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយកុំប្រកាន់បក្ខពួកកុំរើសអើង » ។
ពលរដ្ឋម្នាក់ទៀតដែលមកពីឃុំឈើទាលដូចគ្នាគឺអ្នកស្រី យស់ សោភ័ណ្ឌ បានប្រាប់ថាមូលហេតុដែលអ្នកស្រីមកចូលរួមកម្មវិធីមួយនេះគឺអ្នកស្រីចង់ស្វែងយល់អំពីដំណើរការបោះឆ្នោត និងសិទ្ធិរបស់ពលរដ្ឋក្នុងការចូលរួមកិច្ចការសង្គមផ្សេងៗ ដែលជំរុញឱ្យមានប្រជាធិបតេយ្យ។ បន្ថែមពីនេះ ក៏ដើម្បីស្វែងយល់ពីតួនាទីរបស់តំណាងរាស្រ្ដថា ពួកគាត់បានបំពេញកាតព្វកិច្ចខ្លួនឯងបានពេញលេញហើយឬនៅ។
អ្នកស្រីបន្ថែមថា៖ « កម្មវិធីហ្នឹងបានផ្ដល់សារៈសំខាន់សម្រាប់ខ្ញុំខ្លាំងណាស់ពេលដែលយើងបានចូលរៀនវគ្គហ្នឹងហើយអាចដឹងថា តើសិទ្ធិពលរដ្ឋក្នុងការបោះឆ្នោតឬក៏ឈរឈ្មោះឱ្យគេបោះឆ្នោតហ្នឹងវាមានសារៈសំខាន់អីហើយធ្វើយ៉ាងម៉េចឱ្យស្របតាមច្បាប់របស់ប្រទេសកម្ពុជាយើង។ ទៅថ្ងៃខាងមុខខ្ញុំជំរុញឱ្យយុវជននៅក្នុងសហគមន៍ឱ្យគាត់ចូលរួមបោះឆ្នោតបានទាំងអស់គ្នាហើយចេះជ្រើសរើសរកតំណាងដែលអាចជួយយើងបាន និងជួយសង្គមទៅថ្ងៃក្រោយទៀត ព្រោះការជ្រើសរើសតំណាងមួយៗ បើសិនជាយើងមិនបានគិតឱ្យបានដិតដល់ទេអាហ្នឹងធ្វើឱ្យប្រទេសជាតិយើងហ្នឹងលិចលង់ទៅថ្ងៃក្រោយ » ។
ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា ដែលជាវាគ្មិននៅក្នុងកម្មវិធីនោះបានថ្លែងថា ដើម្បីជុំរុញឱ្យមានប្រជាធិបតេយ្យបានល្អមានការគោរពសិទ្ធិមនុស្សនិងមាននិតិរដ្ឋទៅបាន ត្រូវមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋ ជាពិសេសចេះតាមដានព័ត៌មានស្វែងយល់សិទ្ធិរបស់ខ្លួនដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ បន្ថែមពីនេះ ចេះប្រើប្រាស់សិទ្ធិខ្លួនឯងឱ្យបានត្រឹមត្រូវ។
លោកថា នៅពេលពលរដ្ឋមិនចេះប្រើប្រាស់សិទ្ធិខ្លួនឯង ពេលនោះភាពភ័យខ្លាចកើតមានឡើងចេញពីខ្លួនឯងមិនចាំបាច់មានអ្នកណាឬក្រុមណាមកគំរាមកំហែងនោះទេ។ មួយវិញទៀតលោកថា ពលរដ្ឋមិនត្រូវយកពេលទំនេររបស់ខ្លួនទៅតាមដានរឿងគ្មានប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គម។
លោកលើកឡើងថា៖«កាលណាមានព័ត៌មាននៅក្នុងដៃគឺមនុស្សមានអំណាច ប្រជាពលរដ្ឋយើងខ្វះអំណាចដោយសារតែយើងអត់មានមួលដ្ឋានព័ត៌មាន។ កាលណាយើងអត់មានមូលដ្ឋានព័ត៌មានយើងចាញ់បោកគេហ្នឹងហើយ។ ត្រូវតែហ៊ាននៅក្នុងការចូលរួមឱ្យសកម្មនៅក្នុងការអនុវត្តសិទ្ធិរបស់យើង។ ខ្ញុំជឿជាក់ថា នឹងមានការបបំភិតបំភ័យមានការសម្លុតគំរាមហើយ ប៉ុន្តែបើសិនជាយើងអនុវត្តសិទ្ធិរបស់យើងឱ្យបានត្រឹមត្រូវដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ត្រូវសកម្មក្នុងការអនុវត្តសិទ្ធរបស់យើងម្នាក់ៗពីព្រោះសិទ្ធិនេះគ្មានអ្នកណាលើកជើងពានមកដាក់ឱ្យយើងទេវាទាល់តែយើងខ្លួនយើង»។
អ្នកសម្របសម្រួលផ្នែកព័ត៌មាននៃអង្គការខុមហ្វ្រែលលោក ស៊ិន ទិត្យសីហា បានប្រាប់និយាយថា គោលបំណងដែលខុមហ្វ្រែលរៀបចំកិច្ចពិភាក្សានេះឡើងមានពីរធំៗ ទីមួយគឺចង់ឱ្យវាគ្មិនដែលមានបទពិសោធន៍ទាក់ទង់នឹងប្រជាធិបតេយការបោះឆ្នោតមកចែករំលែកចំណេះដឹងទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជននៅក្នុងខេត្ដស្វាយរៀង។ គោលបំណងទីពីរ ចង់ឱ្យយុវជននិងពលរដ្ឋដែលបានមកចូលរួមក្នុងកិច្ចពិភាក្សានេះកំណត់ជាអនុសាសន៍ទៅលើការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ថា គាត់ចង់ឱ្យកែលម្អអ្វីខ្លះដើម្បីឱ្យការបោះឆ្នោតខាងមុខកាន់តែល្អប្រសើរ ។
លោកបន្ថែមថា កិច្ចពិភាក្សានេះបានធ្វើឡើងពីរដងមកហើយ ទីមួយនៅខេត្ដព្រៃវែង ទីពីរស្វាយរៀង និងនៅឆ្នាំខាងមុខទៀតខុមហ្វ្រែលចាប់យកខេត្ដចំនូន១០នៅក្នុង២៥រាជធានីខេត្ដដើម្បីរៀបចំកិច្ចពិភាក្សានេះបន្តទៀត។
លោកប្រាប់ថា ក្នុងការរៀបចំកម្មវិធីឡើងបានការលំបាកខ្លះទាក់ទង់ការខ្វះខាតថវិការឧបត្ថម្ភហើយអ្នកខ្លះមកពីតំបន់ឆ្ងាយ ពលរដ្ឋគាត់មិនសូវចាប់អារម្មណ៍ អ្នកខ្លះមានការភ័យខ្លាចក្នុងការចូលរួមផងដែរ។
លោកលើកឡើងថា៖ « នៅក្នុងរដ្ឋធម្មនុញ្ញយើងបានកំណត់ថាឱ្យប្រជាពលរដ្ឋហ្នឹងសកម្មនៅក្នុងជីវភាពនយោបាយ និងកិច្ចការសង្គម ហើយសកម្មភាពទាំងអស់ហ្នឹងគឺមិនមែនសកម្មភាពខុសច្បាប់ណាមួយទេ គឺយើងស្នើឱ្យពលរដ្ឋមានភាពសកម្មចូលរួមលើកឡើងអំពីបញ្ហាទុក្ខកង្វល់ ហើយនឹងផ្ដល់អនុសាសដើម្បីឱ្យមានការកែលម្អ ជាពិសេសទៅភាគីពាក់ព័ន្ធដែលជាអាជ្ញាធររដ្ឋមានគណៈកម្មាធិការរៀបចំការបោះឆ្នោតដើម្បីឱ្យកែលម្អទៅមុខទៀតកាន់តែប្រសើរ។ នៅពេលការរៀបចំកាន់តែល្អប្រសើរផលប្រយោជន៍គឺបានមកប្រជាពលរដ្ឋខ្លួនឯងហ្នឹង ចឹងការចូលរួមសកម្មរបស់ប្រជាពលរដ្ឋសំខាន់ណាស់» ៕
……………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា