#របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ពលរដ្ឋមួយចំនួនបានបង្ហោះសារនិងបង្ហាញការមិនពេញចិត្តលើបណ្តាញសង្គមហ្វេសប៊ុកប្រកាសធ្វើពហិការចំពោះក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប ដោយអះអាងថាក្រុមហ៊ុនអចលនៈទ្រព្យមួយនេះបានធ្វើឱ្យបាត់បង់ជម្រកសត្វនិងបាត់បង់ព្រៃឈើដែលនៅសេសសល់ចុងក្រោយ ខណៈដែលប្រជាពលរដ្ឋ២៣៥គ្រួសារក្នុងស្រុកបាទីក៏ត្រូវបានរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ហើយមិនទទួលបានសំណង។
សកម្មជនបរិស្ថានព្រៃឈើដែលបានបង្ហោះសារលើគណនីផ្ទាល់ខ្លួន លោក ហេង គឹមហុង បានប្រាប់ថា មកដល់ពេលនេះដីជាង១៥០០ហិតានៅក្នុងតំបន់សង្រ្គោះសត្វព្រៃភ្នំតាម៉ៅ ជាតំបន់ព្រៃឈើចុងក្រោយដែលនៅក្បែរទីក្រុងភ្នំពេញនិងមានតួនាទីយ៉ាងសំខាន់ក្នុងការសង្រ្គោះសត្វព្រៃក្នុងប្រទេស ជាពិសេសនោះសត្វដែលជិតផុតពូជគេតែងតែយកមកសង្រ្គោះនៅភ្នំតាម៉ៅនេះ ហើយវាក៏ជាកន្លែងដែលមានបរិយាកាសបរិសុទ្ធល្អទៀតផង ប៉ុន្ដែត្រូវបានរដ្ឋបានកាត់ទៅឱ្យក្រុមហ៊ុនឯកជនវិនិយោគទៅវិញ ដែលមានក្រុមហ៊ុន២ គឺ ឡេង ណាវ៉ាត្រាគ្រុប និង ក្រុមហ៊ុន លោក ឃុន សៀ ហើយប៉ុន្មានថ្ងៃមកនេះក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានយកគ្រឿងចក្រជាច្រើនមកធ្វើការឈូសឆាយនិងកាប់ដើមឈើ ដែលជាហេតុនាំឱ្យលោកបង្ហោះសារនៅលើគណនីផ្ទាល់ពីការធ្វើពហិការ ទៅលើក្រុមហ៊ុនឡេងណាវ៉ាត្រា ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរចូលរួមនិងឈប់ប្រើប្រាស់ផលិផលរបស់ក្រុមហ៊ុនដែលបានបំផ្លាញព្រៃឈើ។
លោកបន្ថែមថា៖«ការបង្ហោះសារធ្វើពហិការនេះ វាគ្រាន់តែចង់ឱ្យក្រុមហ៊ុនគិតគូរឡើងវិញថា ប្រសិនបើប្រជាពលរដ្ឋឈប់ប្រើប្រាស់ផលិតផលរបស់ខ្លួន តើក្រុមហ៊ុននឹងជួបបញ្ហាអ្វីខ្លះ ហើយក៏ឱ្យក្រុមហ៊ុនពិចារណាដែរថា ការអភិវឌ្ឍរបស់ខ្លួនវាបានប៉ះពាល់អ្វីខ្លះ?»។
លោក គឹមហុង បន្តទៀតថា លោកមានការសោកស្តាយដែលក្រុមទាំងនោះធ្វើឱ្យបាត់បង់ដែនជម្រកសត្វព្រៃ និងធនធានធម្មជាតិរបស់ជាតិ។
លោកបន្ដថា៖«ខ្ញុំពិតជាមានការសោកស្ដាយមែនទែន ហើយការប្រកាសធ្វើពហិការរបស់ខ្ញុំនេះគឺជាឆន្ទៈផ្ទាល់ខ្លួន ហើយខ្ញុំក៏ចង់ឃើញមានបងប្អូនប្រជាពលរដ្ឋផ្សេងទៀតដែលជាអ្នកស្រលាញ់បរិស្ថានធនធានធម្មជាតិនិងជាអ្នកស្រលាញ់សត្វព្រៃហ្នឹងចូលរួមពហិការទាំងអស់គ្នា និងមិនគាំទ្រក្រុមហ៊ុនទាំង២ហ្នឹង បាទ»។
សកម្មជននបរិស្ថាននិងអ្នកស្រលាញ់ធនធានធម្មជាតិម្នាក់ទៀត លោក សាន់ ម៉ាឡា បានឱ្យដឹងថា ចាប់តាំងពីមានព័ត៌មាននៃការចូលទៅឈូសឆាយព្រៃនៅក្នុងមជ្ឍមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅនេះ ឃើញថាមានចលនាមហាជន ជាពិសេសយុវជនដែលពួកគាត់ស្រលាញ់និងចូលចិត្តធនធានធម្មជាតិ មិនសប្បាយចិត្តនិងសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា រហូតពួកគាត់សម្រេចធ្វើពហិការជាលក្ខណៈបុគ្គល ដើម្បីបង្ហាញការមិនពេញចិត្តចំពោះការអភិវឌ្ឍអស់ហ្នឹង ហើយសុំឲ្យរដ្ឋាភិបាលមេត្តាលុបអនុក្រឹត្យចេញវិញ ដើម្បីរក្សាទុកនូវព្រៃឈើនិងជាកន្លែងកម្សាន្ដសម្រាប់ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវបរទេសចង់មកមើលសត្វក្នុងប្រទេសកម្ពុជា។
លោកបន្ដថា៖«ការធ្វើពហិការនេះគឺចង់បង្ហាញថា ការបំផ្លិតបំផ្លាញព្រៃឈើទាំងអស់នេះ គឺមានក្រុមហ៊ុនជាអ្នកនៅពីក្រោយខ្នង និងចង់ឲ្យប្រជាពលរដ្ឋដែលស្រលាញ់ព្រៃឈើ ស្រលាញ់សត្វព្រៃ ចូលរួមមិនប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនណាដែលបានបំផ្លាញធនធានធម្មជាតិ»។
យុវជនដែលបានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា សុំធ្វើពហិការចំពោះក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប ម្នាក់ទៀត លោក គឹម ជីវលីន អាយុ២៣ឆ្នាំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM តាមទូរសព្ទម្សិលមិញថា ក្នុងនាមលោកជាយុវជនម្នាក់និងជាអ្នកស្រលាញ់ធនធានធម្មជាតិផង លោកមិនគាំទ្រដាច់ខាតចំពោះការបំផ្លិចបំផ្លាញមួយនេះរបស់ក្រុមហ៊ុន លោក ឧញ្ញ៉ា ឡេង ណាវ៉ាត្រាគ្រុប ពីព្រោះការអភិវឌ្ឍនេះបានបង្ហាញពីផលប៉ះពាល់ ហើយមិនមានគណនេយ្យភាពសង្គមណាមួយឱ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ ពីព្រោះប្រជាពលរដ្ឋក៏មានសិទ្ធិក្នុងការចូលរួមតាមដាននិងអង្កេតផងដែរ ពព្រោះវាជារបស់រួមរបស់រដ្ឋ ដូច្នេះប្រជាពលរដ្ឋក៏ត្រូវដឹងដែរ។
យុវជនរូបនេះបន្ដថា៖«ខ្ញុំយល់ឃើញថាការអភិវឌ្ឍហ្នឹង ជាការអភិវឌ្ឍដែលមិនបានបង្ហាញគណនេយ្យភាពសង្គមនិងតម្លាភាពទេ ហើយការអភិវឌ្ឍហ្នឹងវាជម្រុញឱ្យទៅរកការខាតបង់លើជីវៈចម្រុះផងដែរ»។
មន្ដ្រីសម្របសម្រួសសិទ្ធិមនុស្សនិងធុរកិច្ចនៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត បានចាក់ទុកថា ការអភិវឌ្ឍរបស់ក្រុមហ៊ុនដែលបានទៅឈូសឆាយដីព្រៃនៅតំបន់ភ្នំតាម៉ៅ គឺជាការបំផ្លិតបំផ្លាញទាំងស្រុង ជាពិសេសគិតតែពីផលចំណេញផ្ទាល់ខ្លួនដោយមិនបានគិតពីប្រយោជន៍សាធារណៈជាធំនោះទេ បើមើលតាមការបង្ហោះដ្រូននោះទៀតសោត គឺឈូសឆាយពីព្រៃក្នុងមកវិញ បើសិនជាគ្មានដ្រូនបង្ហោះនិងបើកបង្ហាញទេ ប្រហែលជាប្រជាពលរដ្ឋទាំងអស់គ្នាមិនបានដឹងទេថា ព្រៃឈើត្រូវបានបំផ្លាញយ៉ាងណានោះទេ។
លោកបន្ដថា៖«ក្នុងនាមយើងជាអង្គការសង្គមស៊ីវិល ពិតជាមានការសោកស្ដាយមែនទែន ចំពោះការអភិវឌ្ឍមួយនេះ ដែលវាបានបំផ្លាញព្រៃឈើនិងកន្លែងអភិរក្សសត្វដ៏ធំក្នុងប្រទេសយើង ជាពិសេសនោះរដ្ឋាភិបាលក៏គួរពិចារណាឡើងវិញផងដែរ ដើម្បីរក្សាទុកកន្លែងនេះជាសម្បត្តិសាធារណៈរបស់រដ្ឋវិញល្អជាង ជាជាងឱ្យក្រុមហ៊ុនឯកជនវិនិយោគបែបនេះ»។
តំណាងពលរដ្ឋដែលរងគ្រោះដោយសារក្រុមហ៊ុនឡេង ណាវ៉ាត្រាម្នាក់នៅឃុំក្រាំងធ្នង់ស្រុកបាទី លោក ធូ សាមុត អាយុ៥០ឆ្នាំ បានអះអាងថា ក្រុមហ៊ុនលោកឧញ្ញ៉ា ឡេង ណាវ៉ាត្រាបានធ្វើការឈូសឆាយរបងផ្ទះរបស់ប្រជាពលរដ្ឋ២៣៥គ្រួសារក្នុងភូមិទន្លេបាទីនិងភូមិថ្នល់ទក្សិណ ដោយចាប់ពីច្រកចូលទន្លេបាទីរហូតទៅដល់ផ្លូវដីក្រុមហ៊ុន ប៉ុន្ដែមិនទទួលបានសំណងណាមួយពីការឈូសឆាយនេះទេ ដោយលោកបន្ដថា ខាងក្រុមហ៊ុនប្រាប់ថាជាគម្រោងរបស់រដ្ឋ ហើយក្រុមហ៊ុនទទួលបានដីសម្បទានពីរដ្ឋដូច្នេះគ្មានសំណងជូនពលរដ្ឋទេ។
តំណាងរូបនេះបន្ដថា៖«មិនមែនប៉ះតិចណា ច្រើនណាស់បើសរុបទៅជាង២០០គ្រួសារ ហើយម្នាក់ៗមិនមែនធ្វើរបងហ្នឹងមានលុយខ្លួនឯងណា ខ្លះក៏ខ្ចីលុយគេយកមកធ្វើរបងហ្នឹងដែរ ដូច្នេះគួរមានសំណងឱ្យពួកខ្ញុំខ្លះដែរ មិនមែនក្រុមហ៊ុនតូចណា ខ្ញុំមិនជឿរថាគ្មានលុយសងពួកខ្ញុំ»។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM នៅមិនអាចសុំការអត្ថាធិប្បាយពីលោក ឧញ្ញ៉ា ឡេង ណាវ៉ាត្រា ពាក់ព័ន្ធនិងការឈូសឆាយដីព្រៃភ្នំតាម៉ៅបានទេ ដោយចូលមើលសំណួររបស់អ្នកសារព័ត៌មានយើង ប៉ុន្ដែគ្មានការឆ្លើយតប។
អភិបាលស្រុកបាទី លោក ភួន ឈីម បានមានប្រសាសន៍ថា ការឈូសឆាយផ្លូវនៅក្នុងឃុំក្រាំងធ្នង់ហ្នឹងគឺជាគម្រោងរបស់រដ្ឋបាលខេត្តតាកែវ ដូច្នេះហើយរដ្ឋបាលខេត្តគ្មានគោលនយោបាយចេញសំណងឱ្យប្រជាពលរដ្ឋមនោះទេ ជាពិសេសការពង្រីកផ្លូវនេះ ធ្វើតែដីចំណីរដ្ឋទេ។
អភិបាលស្រុករូបនេះបន្ដថា៖«ការពង្រីកផ្លូវនេះជាគម្រោងរបស់រដ្ឋបាលខេត្ត ហើយរដ្ឋគ្មានគោលនយោបាយចេញសំណងជូនពួកគាត់ទេ នេះខ្ញុំសុំជម្រាបលោកប៉ុណ្ណឹង»។
ប្រធានរដ្ឋបាលខេត្តតាកែវ មាស អ៊ុយ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ឱ្យប្រជាពរដ្ឋដាក់ពាក្យបណ្ដឹង ដើម្បីឱ្យក្រុមការខេត្តត្រួតពិនិត្យថា វាប៉ះពាល់យ៉ាងមិច? ហើយត្រូវសងយ៉ាងមិច? បើមិនទាន់ដាក់ពាក្យបណ្ដឹងផង ធ្វើមិចដឹងថាត្រូវដោះស្រាយយ៉ាងមិច?។
លោក អ៊ុយ បន្ដថា៖«ឱ្យពួកគាត់ដាក់បណ្ដឹងមកសិនមក ចាំក្រុមការងារត្រួតពិនិត្យសិន ទើបដឹងថាដោះស្រាយយ៉ាងមិច?»។
បើយោងតាមប្រភពពីប្រជាពលរដ្ឋបានអះអាងថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានទទួលដីសម្បទានពីរដ្ឋដើម្បីធ្វើការអភិវឌ្ឍហើយក្រុមហ៊ុននេះបានចុះមកធ្វើសកម្មភាពពង្រីកផ្លូវតាំងពីមុនការបោះឆ្នោតឃុំសង្កាត់មកម្ល៉េះ ហើយការពង្រីកផ្លូវនេះដែរបានធ្វើឱ្យប៉ះពាល់ដល់របងផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ភូមិគឺថ្នល់ទក្សិណក្នុងភូមិទន្លេបាទីដែលមានចំនួន២៣៥គ្រួសារនិងដីស្រែរបស់ពួកគាត់មួយចំនួនផងដែរ ដោយមិនទាន់បានទទួលសំណងណាមួយឡើយ។
បើយោងតាមលិខិតរបស់ទីស្ដីការគណៈមន្ដ្រីបានចេញសេចក្ដីសម្រេចមួយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យមានការដោះដូរដី៣០០ហិកតា របស់ស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅនិងដី៥០០ហិកតាទៀតរបស់រដ្ឋបាលព្រៃឈើភ្នំតាម៉ៅ ទៅឱ្យក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល ហើយអនុញាឱ្យមានការផ្ទេរសិទ្ធិឱ្យក្រុមហ៊ុននិងដៃគូរសហការ មុនធ្វើការអភិវឌ្ឍ។
ក្នុងនោះដែរ ក៏មានដីមួយចំនួនត្រូវបានកាត់ទៅឱ្យក្រុមហ៊ុនលោក ឧញ្ញ៉ា ឡេង ណាវ៉ាត់ត្រា ដើម្បីធ្វើការអភិវឌ្ឍ ប៉ុន្ដែទំហំប៉ុណ្ណានោះមិនមានការបញ្ជាក់ច្បាស់លាស់នោះទេ ដោយសារតែនៅក្នុងអនុក្រឹត្យមិនបានបញ្ជាក់ឱ្យបានច្បាស់ហើយការកាត់ដីនេះផងក៏មានអង្គការសង្គមស៊ីវិលប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលទៅលេងសួនសត្វភ្នំតាម៉ៅ មានការព្រួយបារម្ភជាខ្លាំងចំពោះការកាត់ដីរដ្ឋមួយចំនួនទៅឱ្យក្រុមហ៊ុនឯកជនវិនិយោគដែលធ្វើឱ្យពួកគាត់យល់ថា ការកាត់ដីនេះរដ្ឋហាក់មិនបានគិតពីជម្រកសត្វដែលកំពុងរស់នៅក្នុងព្រៃឈើទាំងនោះ៕
_________________________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ឃាង សុមាន