ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយ រស់នៅក្បែរតំបន់ព្រៃឡង់ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្អូញត្អែរពីការធ្លាក់ចុះនៃតម្លៃជ័រទឹក ដែលធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងជីវភាព ខណៈពលរដ្ឋខ្លះបានសម្រេចបោះបង់មុខរបរដែលធ្លាប់ធ្វើតាំងពីដូនតានេះ ហើយទៅចំណាកស្រុកទាំងប្រថុយប្រថាន។
ការដងជ័រទឹក ឬជ័រច្បោះនេះ គឺជាមុខរបរដ៏សំខាន់របស់ពលរដ្ឋភាគច្រើនដែលជាជនជាតិដើមភាគតិចកួយ និងជាមុខរបរតពីជំនាន់ដូនតារបស់ពួកគេមក។ ជ័រទឹក គឺជាអនុផលព្រៃឈើមួយប្រភេទ ក្នុងចំណោមអនុផលព្រៃឈើផ្សេងទៀត ដែលគេយកចេញពីដើមត្រាច និងឈើទាល។ បើតាមប្រជាសហគមន៍ ជ័រទឹកនេះ ត្រូវបានគេយកទៅស្លរធ្វើកាវបិទទូក និងច្នៃធ្វើជ័របង្កាត់ភ្លើងផងដែរ។
ជនជាតិដើមភាគតិចកួយ រស់នៅភូមិទន្សោង ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង លោក ឃឹម ហេម ដែលប្រកបមុខរបរដងជ័រទឹក បានឱ្យដឹងនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥នេះថា តម្លៃជ័រទឹក នាពេលបច្ចុប្បន្ន មានការថយចុះជាមុន ដោយលក់បានក្នុងមួយកាន តម្លៃចន្លោះពី ៣៥ ០០០រៀល នៅរដូវរស្សា និង ៥០ ០០០រៀល នៅរដូវប្រាំង ខណៈឆ្នាំមុនមានតម្លៃចន្លោះពី ៦ម៉ឺនរៀល ទៅ៧ម៉ឺនរៀលនៅរដូវវស្សា និងពី ១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀល នៅរដូងប្រាំង។ លោកបន្តថា ការធ្លាក់ចុះតម្លៃជ័រទឹកនេះ បានធ្វើឱ្យពលរដ្ឋជួបការលំបាកក្នុងជីវភាព ក្នុងនោះមានពលរដ្ឋខ្លះបានសម្រេចឈប់ធ្វើមុខរបរនេះ ហើយចំណាកស្រុកទៅប្រកបរបរផ្សេងវិញ។
លោកបន្តថា «ចឹងហើយប្រជាពលរដ្ឋមួយចំនួនឈប់ធ្វើមុខរបរនេះ អ្នកខ្លះក៏ធ្វើការចំណាកស្រុកឆ្ងាយពីផ្ទះ ដោយសាររកចំណូលមិនសូវបាន និងជំពាក់ធនាគារច្រើន»។
បើតាមជនជាតិដើមភាគតិចកួយរូបនេះ ការប្រកបរបរដងជ័រទឹក ក៏ជួបផលលំបាកច្រើនដែរ ដោយត្រូវធ្វើដំណើរចូលទៅក្នុងព្រៃសហគមន៍ដែលឆ្ងាយពីភូមិ និងត្រូវសម្រាកក្នុងព្រៃពីរទៅបីថ្ងៃ ព្រមទាំងត្រូវលីលែងហត់នឿយច្រើន ទម្រាំបានយកទៅដល់ភូមិ ហើយលក់ឱ្យឈ្មួញ។
តែយ៉ាងណា សម្រាប់បុរសវ័យ ៤៥ឆ្នាំរូបនេះ នៅបន្តប្រកបរបរនេះ ដោយសារតែវាក៏ជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច ដែលបន្សល់ទុកពីដូនតាមក និងអាចរកចំណូលបានបន្ទាប់បន្សំបន្ថែមលើមុខរបរធ្វើស្រែចម្ការ។
លោក ឃឹម ហេម ក៏មានក្តីបារម្ភផងដែរ ពីការបាត់បង់របរដងជ័រទឹកនេះ ដោយសារតែតម្លៃធ្លាក់ចុះនេះ ហើយឈ្មួញបច្ចុប្បន្ន ក៏មិនសូវបញ្ជាទិញច្រើនដូចមុន។ ករណីនេះ លោកបានអំពាវនាវដល់អាជ្ញាធរ ជួយអន្តរាគមន៍រកទីផ្សារ និងសុំឱ្យឈ្មួញពិនិត្យឡើងវិញចំពោះតម្លៃ ដោយកុំទម្លាក់តម្លៃទាបពេក ព្រោះការរកដងជ័រទឹក ជួបការលំបាក និងចំណាយកម្លាំងច្រើន។
កញ្ញា ឆេន ស្រីរ័ត្ន ជនជាតិដើមភាគតិចកួយ រស់នៅភូមិកំពង់ប៉ាង ឃុំកាំងចាម ស្រុកសៀមបូក បានឱ្យដឹងថា កញ្ញាធ្លាប់បានប្រកបរបរដងជ័រទឹកនេះ តាំងពីឆ្នាំ២០០៧មក ប៉ុន្តែនៅឆ្នាំ២០២២ កញ្ញាបានបោះបង់របរនេះវិញ ហើយទៅធ្វើស្រែចម្ការ ដោយសារតែតម្លៃជ័រទឹកធ្លាក់ចុះខ្លាំង ពិបាកក្នុងការរក និងត្រូវចំណាយកម្លាំងច្រើន។
កញ្ញាថា៖ «មុខរបរការដងជ័រនេះ ធ្លាក់តម្លៃចុះថោកខ្លាំង ដែលកាលពីឆ្នាំ២០០៧ អាចរកចំណូលបានច្រើន ក្នុង១កានមានចំណុះ៣០លីត្រ លក់បានក្នុងតម្លៃ ១២ម៉ឺនរៀល មកដល់បច្ចុប្បន្ននេះចុះរហូតដល់១កាន តម្លៃតែ៣ម៉ឺន៥ពាន់រៀលប៉ុណ្ណោះ។ ពលរដ្ឋដែលធ្លាប់ប្រកបរបរនេះ ក៏នាំគ្នាឈប់ធ្វើស្ទើរទាំងអស់គ្នា ខ្លះទៀតក៏ចំណាកស្រុកឆ្ងាយពីផ្ទះ និងបង្ខំឱ្យកូនឈប់រៀន ដើម្បីទៅធ្វើការឱ្យគេរកប្រាក់មកផ្គត់ផ្គង់គ្រួសារ ឬសងបំណុលធនាគារ»។
បើតាមស្ត្រីជនជាតិដើមភាគតិចរូបនេះ ពលរដ្ឋនៅក្នុងសហគមន៍នេះភាគច្រើន បានសម្រេចចិត្តបោះបង់របរនេះដូចគ្នា ក្នុងនោះពលរដ្ឋខ្លះបានចំណាកស្រុកទៅធ្វើការស៊ីឈ្នួលគេនៅខេត្តផ្សេងៗ និងខ្លះទៀតត្រូវខ្ចីបុលធនាគារដើម្បីចំណាយក្នុងជីវភាព ព្រោះតែរកចំណូលពីការដងជ័រទឹកនេះ មិនបានដូចមុន។
កញ្ញា ឆេន ស្រីរ័ត្ន ក៏បានស្នើដល់អាជ្ញាធរ ជួយរកទីផ្សារ និងអន្តរាគមន៍ឱ្យតម្លៃជ័រទឹកនេះ ខ្ពស
ជាងបច្ចុប្បន្ន នោះពលរដ្ឋអាចនឹងរក្សារបរពីដូនតានេះ និងធ្វើឱ្យពលរដ្ឋខ្លះងាកមកប្រកបរបរនេះឡើងវិញ ដោយមិនទៅធ្វើចំណាកស្រុកទាំងប្រថុយប្រថានទៀត។
មេឃុំសៀមបូក លោក អិន ប៊ុនលឿន មានប្រសាសន៍ថា ប្រជាពលរដ្ឋក្នុងឃុំនេះសរុបមានចំនួន ៥៨៨គ្រួសារ ឬស្មើនឹង ២៦២៨នាក់ ដែលភាគច្រើនជាជនជាតិដើមភាគតិចកួយ។ លោកបន្តថា ប្រជាពលរដ្ឋនៅក្នុងឃុំនេះ ប្រកបរបរមួយចំនួន ដូចជា ដងជ័រទឹក ធ្វើស្រែចម្ការ និងរស់ពឹងផ្អែកលើការរកអនុផលព្រៃឈើ។
លោកទទួលស្គាល់ថា ពីមុន ប្រជាពលរដ្ឋនៅឃុំនេះពិតជាប្រកបរបរដងជ័រទឹកច្រើន ហើយបច្ចុប្បន្ន នៅសល់តែប្រមាណជាង ១០គ្រួសារប៉ុណ្ណោះ ដែលប្រកបរបរនេះដោយសារតែតម្លៃជ័រទឹកធ្លាក់ចុះខ្លាំង និងមិនសូវមានទីផ្សារ។
លោក ប៊ុនលឿន ថ្លែងថា៖ «មូលហេតុដែលពលរដ្ឋមួយចំនួនដែលឈប់ប្រកបរបរនេះ ក៏ដោយសារតែតម្លៃជ័រទឹកចុះថោក និងមួយទៀតដោយសារតែដើមច្បោះរបស់ពលរដ្ឋមួយចំនួនទៀត ស្ថិតនៅក្នុងចន្លោះដីក្រុមហ៊ុន ស៊ីវាយអរខេត្ត ដល់ពេលក្រុមហ៊ុនចូលកាន់កាប់យកដីមកវិញ ពួកគេមិនដឹងធ្វើយ៉ាងណាក៏ឈប់ប្រកបមុខរបរនេះ។ រឿងនេះដែរមកដល់បច្ចុប្បន្ននេះមិនមានដំណោះស្រាយនៅឡើយ»។
ចំពោះបញ្ហាពលរដ្ឋបោះបង់របរដងជ័រទឹកនេះ ហើយទៅចំណាកស្រុកវិញ លោកថា មានជាង ៤០គ្រួសារ ដោយសារពួកគាត់ខ្ចីបុលធនាគារមកធ្វើដើមទុនបង្កបង្កើនផលធ្វើស្រែចម្ការ ប៉ុន្តែធ្វើទៅខាត ក៏មិនមានប្រាក់សងត្រឡប់ទៅធនាគារវិញ។
តែយ៉ាងណា លោកថា អាជ្ញាធរបាននិងកំពុងជួយរកទីផ្សារ និងដោះស្រាយនូវសំណូរពររបស់ពលរដ្ឋផងដែរ។ លោកក៏បានស្នើទៅកាន់អង្គការសង្គមស៊ីវិលផងដែរ ក្នុងការជួយដល់ពលរដ្ឋ ចងក្រងគ្នាជាសហគមន៍ និងរកទីផ្សារបន្ថែម ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ ខណៈពលរដ្ឋនៅទីនោះ ពឹងអាស្រ័យតែលើរបររកផលអនុផលព្រៃឈើនេះ សម្រាប់ចិញ្ចឹមជីវិត។
លោក ហេង គឹមហុង ប្រធានប្រតិបតិ្តនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) យល់ឃើញថាធនធានធម្មជាតិជីវះចម្រុះ ជាផ្នែកមួយដ៏សំខាន់ដែលអាចជួយដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ព្រៃ។
លោកបន្តថា ការធ្លាក់ចុះតម្លៃជ័រទឹកនោះ វាប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋដែលប្រកបមុខរបរនេះ ដែលករណីនេះ លោកជំរុញដល់អាជ្ញាធរ គួរបង្កើនកិច្ចសហការគ្នាជាមួយភាគីពាក់ព័ន្ធ ដើម្បីកែច្នៃអនុផលព្រៃឈើ និងរកទីផ្សារបន្ថែមជួយដល់ពលរដ្ឋ។
លោកថ្លែងថា៖ «តាមការយល់ឃើញ រដ្ឋាភិបាលគួរតែសហការជាមួយភាគីពាក់ព័ន្ធ ឱ្យមានការកែច្នៃទៅលើការប្រមូលអនុផលព្រៃឈើ ក្នុងនាមសហគ្រាសធន់មធ្សម ឬសហគ្រាសធន់តូច ថាអាចធានាបាននូវស្ថេរភាពតម្លៃជ័រសមរម្យ ដែលពលរដ្ឋអាចទទួលបាន និងការរកចំណូលរបស់ពួកគាត់ ការគាំទ្រការផលិត ឬការកែច្នៃ ការរកទីផ្សារជ័រឱ្យពលរដ្ឋ វាជារឿងសំខាន់បំផុត»។
ស្របពេលគ្នានេះដែរ លោក ហេង គឹមហុង កត់សម្គាល់ឃើញថា ព្រៃឈើនៅតំបន់ព្រៃឡង់ដែលគ្របដណ្តប់លើផ្ទៃដីចំនួន ៤៣ម៉ឺនហិកតា ក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ធំ និងព្រះវិហារនេះ មានភាពរិចរិល ដោយសារបទល្មើសព្រៃឈើមួយចំនួន។
ករណីនេះ លោកក៏បានជំរុញដល់រដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តច្បាប់ និងការពារព្រៃឈើនៅតំបន់ព្រៃឡង់នេះបន្ថែមទៀត ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ ដោយសារតែព្រៃឈើ និងធនធានធម្មជាតិ មានប្រយោជន៍សំខាន់ណាស់សម្រាប់មនុស្សជាតិ ជាពិសេសជនជាតិដើមភាគតិច ដែលនៅរស់នៅជុំវិញតំបន់ព្រៃឡង់ និងរស់ពឹងអាស្រ័យលើអនុផលព្រៃឈើនេះ៕
……………………….
អត្ថបទដោយ៖ ឡុង សំនៀង