ប្រជាពលរដ្ឋនៅសហគមន៍ចំនួនចំនួន៧ ស្ថិតក្នុងខេត្តសៀមរាបបានបារម្ភពីសុវត្ថិភាពដីធ្លី ក្រោយពីគ្មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ហើយបានស្នើដល់អាជ្ញាធរពាក់ព័ន្ធពន្លឿនការចេញប័នកម្មសិទ្ធិដីធ្លីជូនពួកគេ។
កាលពី២៧ មីនា ២០២៣ ប្រជាពលរដ្ឋប្រហែល១០០នាក់មកពីសហគមន៍ចំនួន៧ ក្នុងស្រុកចំនួនបួន នៃខេត្តសៀមរាប បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង ដើម្បីស្នើដល់ស្ថាប័ននេះ ចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការពារតំបន់មួយចំនួនទុកជាប្រយោជន៍សាធារណៈ និងជាប្រយោជន៍សហគមន៍។
បើតាមតំណាងពលរដ្ឋ សហគមន៍ទាំង៧ដែលឡើងមកតវ៉ាដីធ្លីនៅក្រសួងរៀបចំដែនដី ដើម្បីសុំប័ណ្ណកម្មសិទ្ធិនោះ មានសហគមន៍អង្គរធំ សហគមន៍ភ្នំក្រោម សហគមន៍ឃ្លាំងទឹក សហគមន៍តាពេន សហគមន៍ស្គន់ និងសហគមន៍ស្នាសង្គ្រោម។
អ្នកស្រី កែវ សុភី ដែលអះអាងថា ជាតំណាងសហគមន៍តាពេន ស្ថិនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្នកភូមិនៅសហគមន៍តាមពេនចំនួន៩០គ្រួសារ បានឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដីជាមួយសហគមន៍ផ្សេងទៀត កាលពីថ្ងៃទី២៧ ខែមីនានោះ ដើម្បីស្នើដល់ស្ថាប័ននេះ ចេញប័ណកម្មសិទ្ធិដីធ្លីជូនពួកគាត់។
តំណាងសហគមន៍អ្នកស្រី កែវ សុភី ឱ្យដឹងថា ពួកគាត់បានរស់នៅ និងអាស្រ័យផលលីដីនៅសហគមន៍តាពេនរយៈពេលឆ្នាំ៩មកហើយ ដោយឆ្នាំ២០១៤ អាជ្ញាធរបានចេញជាប័ណ្ណកាន់កាប់បណ្តោះអាសន្នប៉ុណ្ណោះ ដោយរហូតមកដល់ឆ្នាំ២០២៣នេះ មិនទាន់បានចេញប័ណ្ណកម្មសិទ្ធិនៅឡើយទេ ដែលធ្វើឱ្យពួកគាត់បារម្ភពីសមត្ថិភាពដីធ្លី ខណៈអាជ្ញាធរមូលដ្ឋានថា ពួកគាត់រស់នៅលើដីរដ្ឋបាលព្រៃឈើខុសច្បាប់។
អ្នកស្រី កែវ សុភី អះអាងថា ក្រោមជម្លោះដីធ្លីជាមួយរដ្ឋបាលព្រៃឈើនេះ គឺអ្នកភូមិខ្លះបានជាប់ពន្ធនាគារ និងរងការគំរាមកំហែងតាមរូបភាពផ្សេងៗជាច្រើនទៀត។
អ្នកស្រីបន្ថែមថា៖«គោលបំណងពួកខ្ញុំចង់ឱ្យក្រសួងចេញបានកម្មសិទ្ធិឱ្យសហគមន៍ពួកខ្ញុំតែប៉ុណ្ណឹងឯង គ្មានអ្វីលើសហ្នឹងទៀតនោះទេ។ បើបានសិទ្ធិកាន់កាប់ដីធ្លីវាចប់គោលបំណងរបស់ពួកយើងហើយ»។
លោក គ្រុំ វេត អាយុ ៤៨ ឆ្នាំ ដែលអះអាងថា ជាតំណាងពលរដ្ឋនៅសហគមន៍ភ្នំក្រោម ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ពលរដ្ឋជាង៧០គ្រួសារ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប មានជម្លោះដីធ្លីជាមួយទាហាននៅទីបញ្ជាការកងអនុសេនាធំលេខ៣ប្រចាំតំបន់នោះជាច្រើនឆ្នាំមកហើយ ដោយមិនទាន់បានដោះស្រាយចប់នៅឡើយទេ។
តំណាងសហគមន៍លោក គ្រុំ វេត អះអាងថា ដីនោះអ្នកភូមិរស់នៅបន្តពីដូចតាតាំងពីមុនសម័យខ្មែរក្រហមមកម្លេះ ដោយបច្ចុប្បន្ននេះ បានសង់លំនៅឋាន និងដាំដំណាំហូបផ្លែជាច្រើនផងដែរ។ លោកថា អ្នកភូមិទាមទារដល់អាជ្ញាធរពាក់ព័ន្ធចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់។
លោកបន្ថែមថា ៖«ដីនេះ បើខាងអាជ្ញាធរគេចង់វស់វែងឱ្យ វាបានស្រេចហើយ តែពួកគាត់មិនព្រម គឺពួកគាត់ទុករហូតមកទាល់ឥឡូវ។ បញ្ហានេះហើយ ធ្វើឱ្យពួកខ្ញុំមានការព្រួយបារម្ភ នាំគ្នាទៅដាក់ដល់ក្រសួងដែនដីឱ្យជួយជំរុញឱ្យមានការដំណោះស្រាយជូនដល់ប្រជាសហគមន៍យើងខ្ញុំ ព្រោះអីពួកយើងខ្ញុំ នៅតែព្រួយនៅតែបារម្ភខ្លាចដីដែលកំពុងរស់នៅនេះមានបញ្ហាសារជាថ្មី»។
អ្នកស្រី ហ៊ន់ វុន ដែលអះអាងថា ជាតំណាងសហគមន៍ស្នាសង្គ្រាមបានឱ្យដឹងថា ប្រជាពលរដ្ឋ ២១០គ្រួសារ រស់នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ដែលដីអាស្រ័យផលនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ត្រូវបានអាជ្ញាធរជាតិអប្សរាហ៊ុមព័ទ្ធយកដីស្រែរបស់ពួកគាត់អស់តាំងពីឆ្នាំ២០០៥ និងសន្យាផ្តល់សំណងពី ៥០០ដុល្លារ ទៅ ៧០០ដុល្លារ ក្នុង១ហិកតា ប៉ុន្តែរហូតមកដល់ឆ្នាំ២០២៣ ស្ថាប័នមួយនេះ ពុំបានផ្តល់សំណងជូនពលរដ្ឋឡើយ។
តំណាងពលរដ្ឋរូបនេះបន្តថា រយៈពេលអ្នកភូមិដើរតវ៉ាកន្លែងមកនេះ គឺអាជ្ញាធរខេត្តសៀមរាបដោះស្រាយឱ្យពលរដ្ឋតែ ៤៣គ្រួសារ ប៉ុណ្ណោះ ខណៈពលរដ្ឋផ្សេងទៀតត្រូវបានអាជ្ញាធរបដិសេធដោះស្រាយ ក្រោមហេតុផលថា ពលរដ្ឋទាំងនោះពុំបានតវ៉ាតាំងពីដំបូងនៅឆ្នាំ២០០៥។
អ្នកស្រី ហ៊ន់ វុន បញ្ជាក់ថា បច្ចុប្បន្ននេះ មានពលរដ្ឋ ៧៣គ្រួសារបន្តតវ៉ាទៀត ខណៈពលរដ្ឋខ្លះទៀតឈប់តវ៉ាដោយសារបារម្ភពីសុវត្ថិភាព និងពលរដ្ឋខ្លះទៀតឈប់តវ៉ាដោយសារឪពុកម្តាយរបស់ពួកគេទទួលបានការដោះស្រាយពីអាជ្ញាធរ។
អ្នកស្រីបន្ថែមថា៖«គេ[អាជ្ញាធរ]មិនដោះស្រាយឱ្យហើយ គេបានគំរាមកំហែង ប្រើហិង្សាលើពួកយើងទៀតពេលយើងចូលទៅបោះតង់ស្នាក់នៅលើដីរបស់យើង។គេចាប់គ្នាយើង៦នាក់វាយខ្លោះគេចោទយើងថា ប្រវ៉ាយប្រតប់ជាមួយសមត្ថកិច្ច»។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណងលោក សេង ឡូត បានទេពាក់ព័ន្ធពលរដ្ឋតវ៉ាសុំប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ប៉ុន្តែបើតាមតំណាងពលរដ្ឋ គឺមន្ត្រីក្រសួង បានទទួលយកញត្តិពីក្រុមពលរដ្ឋ ប៉ុន្តែមិនបានឆ្លើយអ្វីជាក់លាក់នោះទេ។
មេឃុំត្បែង លោក ហ៊ាប់ ថា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ការតវ៉ាទាមទារប័ណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍តាពេន គឺរដ្ឋបាលស្រុក និងមន្ទីកសិកម្មខេត្តបានធ្វើសំណើដាក់ទៅក្រសួង ដើម្បីពីចារណាដោះស្រាយហើយ ប៉ុន្តែខាងរដ្ឋបាលស្រុកមិនទានទទួលបានចម្លើយពីថ្នាក់លើនៅឡើយ។
លោកបន្ថែមថា ៖«ការងារទៅលើហ្នឹង ខាងអាជ្ញាធរមូលដ្ឋានខ្ញុំក៏មិនទាន់ដឹងយ៉ាងម៉េចយ៉ាងណាដែរ។ ចាំមើលលោកអភិបាលស្រុកគាត់ជួយរកវិធី ឬអន្តរាគមន៍យ៉ាងម៉េច ខ្ញុំចាំទទួលព័ត៌មានទៀត ហើយខ្ញុំក៏បានជូនរបាយការណ៍ទាំងអស់នេះទៅអភិបាលស្រុកហើយដែរ»។
ចំណែកមេភូមិភ្នំក្រោមលោក វ៉ាន់ ព្រេក មានប្រសាសន៍ថា បញ្ហាដីធ្លីនៅតំបន់ភ្នំក្រោមនេះ គឺអាជ្ញាធរពិបាកក្នុងការដោះស្រាយបន្តិច ដោយលោកថា ពលរដ្ឋខ្លះចូលទៅកាន់កាប់លើដីរបស់អ្នកដ៏ទៃ។
លោកបន្ថែមថា៖«ដីដែលពួកគាត់ស្នើសុំនោះ គឺពួកគាត់ទាមទាដីក្បាល 10 ម៉ែត្រ ហើយពួកគាត់ថា បើគាត់រស់នៅកន្លែងណាឱ្យខាងអាជ្ញាធរធ្វើប្លង់គាត់កន្លែងហ្នឹង ដល់ពេលអញ្ចឹងទៅ អាជ្ញាធរដោះស្រាយម៉ិចកើត។ បើពួកគាត់ខ្លះចាប់យកដីរបស់គេដែលមានប្លង់ រស់នៅដីរបស់គេ ហើយស្នើអាជ្ញាធរអោយចេញប្លង់ឱ្យទៀត បញ្ហានេះហើយធ្វើឱ្យមានការរញ៉េរញ៉ៃហើយខាងអាជ្ញាធរពិបាកនឹងដោះស្រាយ»។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីរដ្ឋបាលខេត្តសៀមរាបបានទេពាក់ព័ន្ធករណីនេះ។
យ៉ាងណាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ធ្លាប់លើកឡើងថា រឿងរ៉ាវជម្លោះដីធ្លីនេះ អាជ្ញាធរជាតិអប្សរាមិនអាចដោះស្រាយឱ្យបានឡើយ ដោយថា អាជ្ញាធរបានដោះស្រាយចប់ជាច្រើនឆ្នាំមកហើយ។ លោកថា ការតវ៉ានេះជាការបង្កើតឡើងថ្មី ដើម្បីទាមទារសំណងបន្ថែមប៉ុណ្ណោះ។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថាបញ្ហាវិវាទដីធ្លីរបស់ខ្លះមានរយៈពេលជាង១០ឆ្នាំ និងអ្នកខ្លះទៀតជាង២០ឆ្នាំ ហើយពលរដ្ឋបានឡើងមករកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិជាបន្តបន្ទាប់ ប៉ុន្តែពុំមានដំណោះស្រាយល្អណាមួយសម្រាប់ពលរដ្ឋឡើយ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ការពន្យាពេលមិនដោះស្រាយបញ្ចប់ជូនពលរដ្ឋនេះ បានធ្វើឱ្យពួកគេជួបទុក្ខលំបាកជាខ្លាំង ហើយធ្វើឱ្យជីវភាពរបស់ពលរដ្ឋនោះកាន់តែក្រីក្រទៅៗ ដោយសាររវល់ដើរតវ៉ាគ្មានពេលរកប្រាក់ចំណូល។
លោកបន្ថែមថា៖«អីចឹងអាជ្ញាធរឬរដ្ឋាភិបាលដែលពលរដ្ឋជាអ្នកបោះឆ្នោតឱ្យហ្នឹងត្រូវតែយកចិត្តទុកដាក់ដោះស្រាយជូនពលរដ្ឋព្រោះយើងដឹងហើយថា ពលរដ្ឋជាអ្នកបោះឆ្នោតឱ្យពួកគាត់ធ្វើជាតំណាង។ អីចឹងមន្ត្រី និងស្ថាប័នទាំងអស់ហ្នឹងត្រូវយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ»។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
កាលពីខែកុម្ភៈ ឆ្នាំ២០២២ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍មួយដោយរកឃើញថា ក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួនជិត ២ម៉ឺនគ្រួសារ បានរងផលប៉ះពាល់ដោយសារវិវាទដីធ្លី ដែលមានទំហំជាង៥០ ០០០ហិកតា។
សមាគមមួយនេះឱ្យដឹងថា មានពលរដ្ឋរងគ្រោះដីធ្លី ១៥៧នាក់ កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីតុលាការ ខណៈជនរងគ្រោះ ១៧នាក់ទៀត កំពុងឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ ដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន៕
……………………
របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មានលោក សួស ចាន់ឌឿន