មន្ត្រីកំពូលនៃក្រសួងមហាផ្ទៃ បានបញ្ជាទៅដល់មន្ត្រីក្រោមឱវាទឱ្យស៊ើបអង្កេតអ្នកពាក់ព័ន្ធបញ្ហាគ្រឿងញៀន រួមទាំងក្នុងជួរមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃផង ដោយថាបញ្ហាគ្រឿងញៀនធ្ងន់ធ្ងរដូចពេលបច្ចុប្បន្នដោយសារមានមន្ត្រីផ្ទៃក្នុងពាក់ព័ន្ធ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា មានប្រសាសន៍កាលពីថ្ងៃទី១២មីនា ដោយព្រមានដល់មន្ត្រីនគរបាលទាំងអស់ឱ្យដកខ្លួនចេញឬ បញ្ឈប់ការពាក់ព័ន្ធបញ្ហាគ្រឿងញៀនបន្តទៀត ជៀសវាងឈានដល់អភិក្រមនៃការវះកាត់សាច់ស្អុយចេញតែម្តង។ លោកថ្លែងទទួលស្គាល់វិបត្តិគ្រឿងញៀននៅកម្ពុជា បើមិនមានមន្ត្រីពាក់ព័ន្ធទេ ក៏មិនធ្ងន់ធ្ងរបែបនេះដែរ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា បញ្ហាគ្រឿងញៀននេះ បើគ្មានការពាក់ព័ន្ធនឹងមន្ត្រីផ្ទៃក្នុងទេ ការពាក់ព័ន្ធបែបករណីគ្រឿងញៀននេះ មិនសូវធំប៉ុណ្ណឹងទេ។ អានេះខ្ញុំនិយាយតែម្តង ជាធម្មតាអ្នកអនុវត្តជួរមុខ ឃើញស្ករតែងតែចង់បាន។ អីចឹងហើយ ខ្ញុំពីក្នុងវេទិកានេះ សូមពន្លាតនៃការផ្សព្វផ្សាយ សូមកុំឱ្យប៉ះពាល់ ឬច្រឡូកច្រឡំជាមួយក្រុមនេះ(ក្រុមគ្រឿងញៀន) »។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានជាថ្មីបែបនេះ ទៅកាន់មន្ត្រី នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ នាថ្ងៃទី១២ ខែមីនា ។
លោក ស សុខា បានបញ្ជាទៅមន្ត្រីក្រោមឱវាទឱ្យស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀននេះ ហើយការស៊ើបអង្កេតទៀបសោតមិនមែនលើតែឧក្រិដ្ឋជនគ្រឿងញៀននោះឡើយ ពោលគឺត្រូវបន្តស្រាវជ្រាវលើមន្រ្តីមានសមត្ថកិច្ចផងដែរ។
លោក ស សុខា បន្ថែមថា៖ «ពន្លាតនៃការស្រាវជ្រាវ ហើយការស្រាវជ្រាវ មិនមែនស្រាវជ្រាវតែពួកអ្នកជួញដូរទេ តាស្រាវជ្រាវ ពេលខ្លះពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់យើង។ ត្រូវពន្លាតនៃស្រាវជ្រាវសមត្ថកិច្ចរបស់យើងដែរ។ បើមិនអីចឹងទេនៅហ្នឹង ស្រមោចនិងស្ករ ស្ករនិងស្រមោច ហើយថ្ងៃក្រោយទៅយើងជាអ្នករងទាំងអស់គ្នា»។
មន្ត្រីកំពូលក្រសួងមហាផ្ទៃដដែលឱ្យដឹងថា មន្ត្រីថ្នាក់ក្រោមមួយចំនួនត្រូវបានក្រុមឈ្មួញទិញទឹកចិត្តបាន ដែលជាហេតុធ្វើឱ្យព័ត៌មាននៃការចុះបង្គ្រាបតែងបែកធ្លាយមុន។
ឧបនាយករដ្ឋមន្រ្តីរូបនេះ បានក្រើនរំឭកថា រដ្ឋាភិបាលអាណត្តិនេះ អនុវត្តយន្តការអភិក្រមវះកាត់សាច់ស្អុយចោលតែម្ដង ពោលគឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ជាពេលវេលាដែលត្រូវកាត់សាច់ស្អុយចោលតែម្តង បើមិនដូច្នេះទេបញ្ហាគ្រឿងញៀននេះនឹងធ្វើឱ្យអនាគតកូនចៅជំនាន់ក្រោយស្មើនឹងសូន្យតែម្តង។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍គាំទ្រទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយថាជារឿងល្អ និងជាការដាស់ស្មារតីដល់មន្ត្រីឱ្យប្រយ័ត្នប្រយែងចំពោះការពាក់ព័ន្ធណាមួយ ដ្បិតនឹងត្រូវដកចេញពីតំណែង ព្រមទាំងកាត់ទោសតាមច្បាប់ប្រសិនបើរកឃើញថាពួកគេទាំងនោះពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះ។
លោកបន្ថែមថា នេះក៏ជាសារព្រមានចំៗទៅមន្ត្រីរបស់ខ្លួនចំពោះការធ្វេសប្រហែសនាំឱ្យមានការផលិត ការចែកចាយគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម ប៉ះពាល់ដល់សុខភាពសាធារណៈ ពិសេសយុវជននៅកម្ពុជាផងដែរ។
លោកលើកឡើងថា៖ «បញ្ហាគ្រឿងញៀនជាបញ្ហាដ៏ស្មុគ្រស្មាញ ហើយវាជាសញ្ញាអវិជ្ជមានប្រសិនបើមានការដោះស្រាយ ឬការអនុវត្តឱ្យបានល្អទេ។ ហើយបញ្ហាទាំងអស់ ហាក់បីដូចជារដ្ឋមន្ត្រី(ក្រសួងមហាផ្ទៃ) បញ្ជាក់ថា ដោយសារតែភាពមិនសហការ របស់មន្ត្រីដែលទទួលបន្ទុកឬកាន់ការងារនេះ ដែលពួកគាត់មានភាពឆកល្វែងដោយមិនហ៊ានអនុវត្តដោយសារខ្លាចបាត់បង់ផលប្រយោជន៍របស់គាត់នៃជ្រុងណាមួយ»។
លោក សុជាតិ លើកឡើងទៀតថា បញ្ហាគ្រឿងញៀននៅកម្ពុជាមិនមែនជារឿងដោះស្រាយស្រួលពេក និងអាចធ្វើឡើងឱ្យមានប្រសិទ្ធភាពក្នុងរយៈពេលខ្លីនោះដែរ ដោយសារការអនុវត្តច្បាប់នៅមានកម្រិត ហើយប្រព័ន្ធតុលាការក៏រងការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិ ថាមិនបានប្រកាន់យកគោលការណ៍យុត្តិធម៌ និងវិជ្ជាជីវៈឡើយ។
លោកថា ដើម្បីឱ្យការងារនេះមានប្រសិទ្ធភាព លុះណាដែលរាជរដ្ឋាភិបាលផ្លាស់ប្តូរវិធីសាស្ត្រ គោលការណ៍មួយចំនួនដូចជាការត្រួតពិនិត្យលើការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់យុវជននៅតាមសហគមន៍ឱ្យទូលំទូលាយ។ ការរៀបចំមណ្ឌលកែប្រែ ឬមណ្ឌលស្តារនីតិសម្បទារឡើងវិញ ជៀសវាងនៅពេលពួកគេចេញមកវិញ នៅតែប្រើប្រាស់គ្រឿងញៀនដដែល។ ការរឹតបន្តឹងការអនុវត្តច្បាប់ ការស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នងមកផ្តន្ទាទោសដោយគ្មានការលើកលែង ក្រៅពីនេះកិច្ចសហការជាមួយប្រទេសជិតខាងក៏ជារឿងសំខាន់ដើម្បីដោះស្រាយបញ្ហានេះផងដែរ។
នៅឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១០ ៦៣០ករណី ដែលកើនឡើង ២ ៥៦៧ករណី ស្មើ ៣១,៨៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២៧ ០៧១នាក់ កើន ៣៥,៥៣ភាគរយ ដោយរឹបអូសគ្រឿងញៀន ជិត១៥តោន កើនឡើង ជិត១២តោន ស្មើនឹង ៣៩៨,៨២ភាគរយ ឬកើនឡើង៤ដង បើធៀបឆ្នាំ២០២៣៕
……………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ