ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានបញ្ជាក់ពីជំហរក្នុងការបង់ប្រាក់ពិន័យចំនួន ៤០០លានរៀល តាមការបង្គាប់របស់តុលាការ ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ពាក់ព័ន្ធសំណុំរឿង ញុះញង់ ដោយការបង់នោះលោកស្នើសុំបង់ជាដំណាក់កាលៗទៅតាមលទ្ធភាព ហើយលោកសង្ឃឹមថាតុលាការនឹងយល់ព្រមតាមសំណើរ។
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «តុលាការបង្គាប់ឱ្យសងសំណងការខូចខាតទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន» នៅស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃទី១២ ខែមិនានេះ លោក រ៉ុង ឈុន ប្រាប់ក្រុមអ្នកសាព័ត៌មានថា លោកនឹងបង់ប្រាក់ពិន័យទៅតុលាការ តាមលទ្ធភាពដែលលោករកបាន ពីព្រោះឥឡូវនេះលោកគ្មានប្រាក់បង់គ្រប់ចំនួននោះទេ គឺមានតែផ្ទះតូចមួយទេ។
លោកបន្តថា៖ «ជំហរខ្ញុំនៅតែប្រកាន់ ជំហរម៉ឹងម៉ាត់ តម្កល់ផលប្រយោជន៍ជាតិខ្មែរជាធំ ដូច្នេះការសម្រេចចិត្តរបស់ខ្ញុំតាមរយៈការតម្កល់ផលប្រយោជន៍ ជំហរខ្ញុំនៅដដែល តែខ្ញុំអាចផ្លាស់ប្តូយុទ្ធសាស្រ្តខ្លះ […] ១០ម៉ឹនដុល្លារសម្រាប់៣នាក់ សម្បើមណាស់សម្រាប់ពួកខ្ញុំ យើងគ្មានចំណូល គ្មានមុខរបរ ព្រោះធ្វើកិច្ចកាងារសង្គមរហូតមក អញ្ជឹងយើងអត់មានលទ្ធភាពទេ បញ្ជាក់ជំហរម្តងទៀតគឺយើងបង់ទៅតាមលទ្ធភាព[…] ខ្ញុំគិតថាតុលាការនឹងទុកផ្លូវ និងផ្តល់ឱកាសឱ្យខ្ញុំបង់តាមលទ្ធភាព»។
លោកប្រដូចការពិន័យជាប្រាក់ ៤០០លានរៀលពីសំណាក់តុលាការថាដូចជា «អារកខ្យងយកឈាម»។
លោកថា៖ «ពាក្យថា«អារកខ្យងយកឈាម»មានន័យថា ខ្យងអត់មានឈាមទេ អាហ្នឹងដូចខ្ញុំអ៊ីចឹងដែរ បើអារកខ្ញុំ ខ្ញុំមានលុយឯណាមានតែផ្ទះតូចមួយហ្នឹង ហើយបើថាដេញខ្ញុំចេញហ្នឹងទៀត អាហ្នឹងទុកឱ្យប្រជាពលរដ្ឋធ្វើការវាយតម្លៃទៅ»។
លោកបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែមិនា មេធាវីរបស់លោកក៏បានយកប្រាក់មួយចំនួន ទៅបង់នៅតុលាការ ពេលនោះក្រឡាបញ្ចីប្រាប់ថា មិនអាចទទួលយកបានទេ ទាល់តែគ្រប់ចំនួន ៤០០លានរៀល ទើបទទួល ពីព្រោះ ចៅក្រម យី សុខវួច ជាប់បេសកម្មទៅក្រៅប្រទេស បានជាមិនបានឆ្លើយតបមកមេធាវីរបស់លោក។ តែយ៉ាងណា លោកថា បើតុលាការមិនទុកផ្លូវឱ្យលោក ហើយតម្រូវឱ្យបង់គ្រប់ចំនួននោះលោកមិនមានលទ្ធភាពនោះឡើយ។
លោក រ៉ុង ឈុន បានឱ្យដឹងទៀតថា លោកប្រមូលបានថវិកាពីសមាជិកបក្ស និងសប្បុរសជនចំនួន ២១៣៣នាក់ បានថវិកាចំនួន ២១ ០៣៧.៥៤ ដុល្លារសហរដ្ឋអាមេរិក និងចំនួន ៧ ៧៤៣ ៥១០រៀល។ លោកថា ការបរិច្ចាគនេះមានចំនួនពី ២៤០រៀល ទោះចំនួននេះតិចក្ដី តែវាបានបង្ហាញថាពលរដ្ឋចង់ផ្ដល់យុត្តិធម៌ជូនលោក។
លោក រ៉ុង ឈុន ស្នើឱ្យរដ្ឋាភិបាល និងតុលាការ ពិចារណាឡើងវិញ ចំពោះការដាក់សម្ពាធដល់លោក ឬការចាប់ខ្លួនលោក។
លោកថា៖«បើសិនជាមានការឃាត់ខ្លួន ចាប់ខ្លួនខ្ញុំ ស្ថានភាពវាពិបាកប៉ាន់ស្មានដែរ ដូចកាលពីកន្លងទៅឆ្នាំ២០២០អ៊ីចឹង មានចរន្តៗច្រើន ហើយឥឡូវនេះ ខ្ញុំមកចូលរួមជាមួយសកម្មភាពនយោបាយថែមទៀត មិនមិនអាចថាខ្ញុំមានឥទ្ធិពលអីបែបណាទេ[…] ខ្ញុំគិតថា ពេលវេលានេះ អ្នកដឹកនាំរដ្ឋត្រូវគិតពិចារណាថា មួយណាចំណេញមួយណាខាត បើចាប់ រ៉ុង ឈុន ទៅធ្វើឱ្យសេដ្ឋកិច្ចមានកំណើន៧-៨ក្បៀស ចាប់ទៅអត់បញ្ហាទេ។ ប៉ុន្តែបើសិនជាចាប់ រ៉ុង ឈុន ទៅធ្វើឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ គួរតែពិនិត្យពិចារណាជុំវិញបញ្ហានេះ តុលាការដូចគ្នា បើសិនជាខ្ញុំមកសុំអង្វរតុលាការអីមកដល់ពេលនេះ គ្រាន់តែឱ្យតុលាការពិនិត្យពិចារណាឡើងវិញ ធ្វើម៉េចដើម្បីចំណេញដល់ជាតិ ធ្វើម៉េចរក្សាកេរ្តិ៍អ្នកដឹកនាំ»។
លោក ជា មុនី ប្រធានស្តីទីនៃគណបក្សកម្លាំងជាតិ សម្តែងការអរគុណដល់សមាជិកគណបក្ស និងអ្នកស្រឡាញ់ប្រជាធិបតេយ្យទាំងអស់ ដែលបានចូលរួមបរិច្ចាគជួយដល់ លោករ៉ុង ឈុន និងសកម្មជននយោបាយ ២រូបទៀត ដែលរងការចោទប្រកាន់។ តែយ៉ាងណា លោកនៅតែទទូចស្នើសុំឱ្យបន្តជួយបន្ថែមទៀត ដើម្បីគ្រប់ចំនួនទៅតាមការបង្គាប់របស់តុលាការ។
លោកបន្ថែមថា៖«នៅពេលដែលតុលាការបង្គាប់ឱ្យ លោក រ៉ុង ឈុន បង្គាប់ឱ្យបង់ប្រាក់ ៤០០លានរៀល ស្មើ១០ម៉ឺនដុល្លារ ធំធេងណាស់សម្រាប់អ្នកដែលក្រក្សត់ យកជីវិតទៅធ្វើការងារសង្គមសឹងតែលើសពាក់កណ្តាលជីវិតទៅហើយ[…] យើងខ្ញុំសុំតុលាការពិចាណាចំពោះ លោក រ៉ុង ឈុន និងអ្នកទាំង២ គឺគណបក្សបង់ មិនគេចវេសទេ តែឱ្យបាន១០ម៉ឺនភ្លាមៗវាអត់បាន លេងប៊ិបៗ១០ម៉ឺន សូម្បីតែឧកញ្ញ៉ាក៏មិនមានឱ្យភ្លាមៗដែរក្នុងមួយខែ ក៏ពិបាករកលុយដែរ យើងអត់គេចវេសទេ យើងអនុវត្តៗទៅតាមសេចក្តីសម្រេចរបស់តុលាការ តែតុលាការត្រូវពិចារណាផងថា សាកសមដែរឬអត់?»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី សុំមិនអត្ថាធិប្បាយ ដោយលោកប្រាប់ថា៖ «ចាំមើលខ្ញុំឆែកមើលសិន ចាំមើលខ្ញុំសួរចៅក្រមទទួលបន្ទុកសិន»។
លោក យី សុខសាន្ត មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) មានប្រសាសន៍ថា ការដែលតុលាការបង្គាប់ លោក រ៉ុង ឈុន ឱ្យសងប្រាក់ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដោយទុករយៈពេល១ខែ គឺជាការបង្ខំឱ្យលោក រ៉ុង ឈុន ទាល់ច្រក។
លោកសង្កេតឃើញថា លោក រ៉ុង ឈុន មានឆន្ទៈក្នុងការផ្ដល់សំណងតាមការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ទើបលោកស្នើសុំតុលាការបង់ប្រាក់ពិន័យជាដំណាក់កាលៗតាមលទ្ធភាព។ តែយ៉ាងណា លោក ថា នេះជាសិទ្ធិរបស់តុលាការក្នុងការសម្រេចលើសំណើរនេះ។
លោក យី សុខសាន្ត បន្ថែមថា៖ «អ្វីដែលយើងសុំទទូចទៅរាជរដ្ឋាភិបាល ក៏ដូចជាតុលាការមេត្តាឈប់បង្ខំពលរដ្ឋតាមរយៈដីការទៅ ដោយសារតែ បើយើងចាត់ទុកប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្សនេះ គឺសេរីភាពនៃការបញ្ចេញមតិ ការរិះគន់របស់រដ្ឋាភិបាល គឺជាកញ្ចក់ឆ្លុះបញ្ចាំងដើម្បីឱ្យរដ្ឋាភិបាលលោកមើលឃើញឱ្យកាន់តែច្បាស់ ហើយលោកនឹងអាចកែប្រែទៅតាម គេហៅថាសំឡេងនៃម្ចាស់ឆ្នោត។ ហើយបើសិនជាអ្នកដែលរិះគន់ទៅ លោកតែងតែធ្វើការចោទប្រកាន់មានន័យថា ថ្ងៃក្រោយប្រទេសយើងលែងក្លាយជាប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យ»។
គួរជម្រាបជូនថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោស លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទញុះញង់ដោយសារការអត្ថាធិប្បាយអំពីបញ្ហាព្រំដែន ដែលលោកបានដឹកនាំមនុស្សចុះទៅខេត្តត្បូងឃ្មុំ។
សាលាឧទ្ធរណ៍បានកាត់តម្រឹមទោសពី ២ឆ្នាំមកឱ្យអនុវត្តតែ ១៥ខែ ១១ថ្ងៃ ក្នុងពន្ធនាគារ ដែលទោសនៅសេសសល់ចំនួន៨ខែ ១៩ថ្ងៃត្រូវបានព្យួរ ក៏ប៉ុន្តែលោក រ៉ុង ឈុន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល៣ឆ្នាំ និងជាប់បម្រាមតុលាការមួយចំនួន។
កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ គឺលោក លោក យី សុខវួច បានបង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជន២រូបផ្សេងទៀត បង់ប្រាក់សំណងចំនួន ៤០០លានរៀល ឬស្មើនឹងប្រមាណជា១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ពាក់ព័ន្ធនឹងបទញុះញង់ ក្រោយលោក រ៉ុង ឈុន អត្ថាធិប្បាយអំពីបញ្ហាព្រំដែន។ ករណីនេះ គណបក្សកម្លាំងជាតិ បានដាក់លិខិតទៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា និងសហគមន៍អឺរ៉ុប ឱ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឱ្យទម្លាក់ចោលបទចោទប្រកាន់ សំណង និងបម្រាមនានា ទៅលើលោក រ៉ុង ឈុន៕
…………………………………………
អត្ថបទដោ៖ នឿន ដាវីន និងហុង សេរីហ្វុង