ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ និងជាទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រលូកក្នុងការងារសង្គមប្រមាណជា ២៥ឆ្នាំមកហើយ។ កត្តាដែលបានជំរុញឱ្យលោកចូលរួមកិច្ចការសង្គម គឺដោយសារលោកសង្កេតឃើញមានបញ្ហាលក្ខខណ្ឌការងារមិនល្អ នៅប្រទេសកម្ពុជា កាលពីជាង២០ឆ្នាំមុន តួយ៉ាងដូចជាបញ្ហាប្រាក់ឈ្នួលកម្មករកម្មារិនីរោងចក្រ និងប្រាក់បៀវត្សន៍គ្រូបង្រៀនទាបជាដើម ដែលធ្វើឱ្យពួកគេមានបញ្ហាជីវភាព។
ក្នុងរយៈពេលជាង២០ឆ្នាំក្នុងការងារសង្គម លោក រ៉ុង ឈុន ដែលបច្ចុប្បន្នមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាផងនោះ ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើក និងត្រូវបានឃាត់ខ្លួនម្ដង ដោយសារការតវ៉ា និងការចេញសេចក្ដីថ្លែងការណ៍នានាជាដើម។
ជាប់ពន្ធនាគារលើកទីមួយ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៥ ដែលពេលនោះ លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារព្រៃសរ រយៈពេល ៩៦ថ្ងៃ ក្រោមបទចោទប្រកាន់ពី “បទបរិហារកេរ្តិ៍” និង “បទញុះញង់” ក្រោយពីលោករិះគន់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្រោយលោក ហ៊ុន សែន បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា- វៀតណាម។
ក្រោយមកនៅឆ្នាំ២០១៤ លោកត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួនម្ដងទៀត ពាក់ព័ន្ធនឹងការទាមទារឱ្យដោះលែងប្រធានសមាគមសេដ្ឋកិច្ចប្រជាធិបតេយ្យឯករាជ្យក្រៅប្រព័ន្ធ លោក វន់ ពៅ នៅម៉ោងប្រមាណ៩ព្រឹក មុខស្ថានទូតអាមេរិក ហើយដោះលែងវិញនៅម៉ោង៧យប់ថ្ងៃដដែល។ និងលើកចុងក្រោយ នគរបាលបានចាប់ខ្លួន លោក រ៉ុង ឈុន នៅគេហដ្ឋានរបស់លោក នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីលោកបានអត្ថាធិប្បាយជុំវិញទស្សនៈកិច្ចរបស់លោកនៅខេត្តត្បូងឃ្មុំ ត្រង់ព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម។
បន្ទាប់មកនៅថ្ងៃទី១៨ខែសីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពិន័យជាប្រាក់ចំនួន២លានរៀល និងសងទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន ៤០០លានរៀល។ តែយ៉ាងណា សាលាឧទ្ធរណ៍ បានកាត់តម្រឹមទោសពី ២ឆ្នាំមកឱ្យអនុវត្តតែ ១៥ខែ ១១ថ្ងៃ ក្នុងពន្ធនាគារ ដែលទោសនៅសេសសល់ចំនួន៨ខែ ១៩ថ្ងៃត្រូវបានព្យួរ ក៏ប៉ុន្តែលោក រ៉ុង ឈុន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល៣ឆ្នាំ និងជាប់បម្រាមតុលាការមួយចំនួន។
ក្នុងសំណុំរឿងនេះដែរ លោក រ៉ុង ឈុន និងគណបក្សកម្លាំងជាតិ បាននិងកំពុងអំពាវនាវដល់សប្បុរសជន និងអ្នកគាំទ្រជួយដល់លោក រ៉ុង ឈុន និងសកម្មជននយោបាយ២នាក់ទៀត ក្នុងការបង់ប្រាក់សំណងទៅដើមបណ្តឹង។
តើលោក រ៉ុង ឈុន មានប្រវត្តិសិក្សា និងឆ្លងកាត់ការងារយ៉ាងណាខ្លះ?
លោក រ៉ុង ឈុន កើតនៅថ្ងៃទី១៥ ខែកកដ្កា ឆ្នាំ១៩៦៩ នៅភូមិចុងកោះតូច ឃុំតាលុន ស្រុកស្អាង ខេត្តកណ្តាល ក្នុងគ្រួសារដែលមានជីវភាពមធ្យម។ លោកមានឪពុកម្តាយជាកសិករ តែបច្ចុប្បន្នពួកគាត់បានលាចាកលោកហើយ។ លោក រ៉ុង ឈុន ជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ (ប្រុស២ ស្រី៣) តែជាអកុសលបងប្រុសទី៣របស់លោក បានស្លាប់កាលពីសម័យខ្មែរក្រហម។
លោកចូលរៀនថ្នាក់បឋមសិក្សា ឬកាលនោះហៅថាមធ្យមសិក្សាកម្រិត១ នៅឆ្នាំ១៩៨០ នៅភូមិតាលុន ឃុំតាលុន ស្រុកស្អាង ដែលពេលនោះលោកមានវ័យប្រមាណជា១០ឆ្នាំទៅហើយ។ លោកបានចាកឆ្ងាយពីផ្ទះទៅបន្តការសិក្សាថ្នាក់អនុវិទ្យាល័យ ឬមធ្យមសិក្សាកម្រិត២ កាលពីឆ្នាំ១៩៨៤ នៅព្រែកតាដួង ស្រុកកោះធំ ខេត្តកណ្ដាល ដោយស្នាក់នៅវត្ត សាំប៉ាង។ នៅឆ្នាំ១៩៨៨ លោក រ៉ុង ឈុន បានបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសកលវិទ្យាល័យភ្នំពេញ ឬជាសកលវិទ្យាល័យភូមិន្ទភ្នំពេញបច្ចុប្បន្ន ដោយបានចាប់យកជំនាញគណិតវិទ្យា។
ក្រោយបញ្ចាប់ថ្នាក់ឧត្តមសិក្សានៅឆ្នាំ១៩៩៣ លោកក៏បានក្លាយជាគ្រូបង្រៀននៅវិទ្យាល័យស្អាង ឬបច្ចុប្បន្នជាវិទ្យាល័យហ៊ុន សែន ស្អាង ផ្នែកគណិតវិទ្យា នៅថ្នាក់ទី១០ និងទី១១ ដែលជាថ្នាក់ប្រឡងបាក់ឌុប កាលជំនាន់នោះ។ ទោះមានប្រាក់ខែតែ ៦ទៅ ៧ម៉ឺនរៀល លោកនៅតែជ្រើសរើសរបរជាគ្រូបង្រៀន ដោយលោកបានគិតថា ការងារនេះអាចជួយសង្គមជាតិបាន។
លោកថា៖ «ធ្វើគ្រូក៏មានតម្លៃ យើងបានផ្ទេរចំណេះដឹងឱ្យសិស្ស បង្កើតនូវធនធានមនុស្ស»។
លោក រ៉ុង ឈុន បានចាប់ផ្ដើមប្រឡូកកិច្ចការសង្គមពីឆ្នាំ១៩៩៦ ដោយលោកតែងតែឆ្លៀតពេលទំនេពីការបង្រៀនឡើងមកភ្នំពេញ ជួយកម្មករ ក្នុងកាងារសហជីព ជាមួយលោក ជា វិជ្ជា ដើម្បីទាមទារឱ្យមានលក្ខខណ្ឌការងារប្រសើរ ព្រោះថាកម្មករនៅជំនាន់នោះមានប្រាក់ខែតែ ២៦ដុល្លារក្នុងមួយខែ។
ដោយសារ លោក រ៉ុង ឈុន ជាគ្រូបង្រៀន ហើយឃើញទុក្ខលំបាករបស់គ្រូបង្រៀនដែរនោះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០០០ លោកជាមួយ លោក ជា វិជ្ជា បានសម្រេចបង្កើតសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដោយលោកបានជាប់ឆ្នោតជាប្រធានសមាគម និងបានទាមទារឱ្យមានការតំឡើងប្រាក់ខែគ្រូបង្រៀនជាបន្តបន្ទាប់។
នៅចុងឆ្នាំ២០០១ លោក រ៉ុង ឈុន បានចូលក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាយកដ្ឋានស្រាវជ្រាវ វិទ្យាសាស្ត្រ។
រហូតដល់ឆ្នាំ២០០៦ សហភាពសហជីពកម្ពុជា បានបង្កើតឡើង ដែលជាការចងក្រងគ្នារវាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ជាមួយនឹងសហជីពសេរីកម្មករកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា។
លោកមានប្រសាសន៍ថា៖ «យើងបានបង្កើតនូវសហភាពសហជីពកម្ពុជា សមាគមគ្រូចងជាមួយនឹងសហជីពសេរីកម្មករកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា បង្កើតបានជាសហភាពសហជីពកម្ពុជា ពីព្រោះយើងមើលឃើញលក្ខខណ្ឌការងារកម្មករអាក្រក់ពេក ហើយប្រាក់ខែរបស់គាត់តិចតួច ហើយយើងឃើញកត្តាមួយទៀតដែរ ឃើញនិយោជកធ្វើបាបកម្មករដូចជាគប់ស្បែកជើង ជេរប្រមាថសព្វបែបយ៉ាង អាហ្នឹងហើយដែលយើងចង់ឃើញនិយោជកគោរពកម្មករ»។
នៅឆ្នាំ២០១៥ លោក រ៉ុង ឈុន បានព្យួរពីមន្ត្រីក្រសួងអប់រំ ហើយបានចូលធ្វើសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោះ ឬហៅកាត់ថា គ.ជ.ប។ ប៉ុន្តែក្រោយពីមានការរំលាយគណបក្សសង្គ្រោះជាតិ លោកបានលាឈប់ពីសមាជិក គ.ជ.ប នៅថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០១៧។ នៅពេលដែលលោកលាឈប់ពី គ.ជ.ប រួច លោកក៏ស្នើចូលជាមន្ត្រីក្រសួងអប់រំវិញ ក៏ប៉ុន្តែលោកត្រូវបានក្រសួងបណ្តេញចេញពីក្របខណ្ឌ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមហេតុផលថាលោកអវត្តមានដោយគ្មានច្បាប់អនុញ្ញាត។
លោកថា៖ «យើងបានដាក់ពាក្យភ្ជួរតាមច្បាប់ទម្លាប់ត្រឹមត្រូវហើយ ប៉ុន្ដែត្រឡប់មកវិញនៅពេលដែលយើងដាក់ពាក្យចូលជាមន្ដ្រីវិញហ្នឹង ត្រូវបានគេបញ្ឈប់ ហើយបញ្ឈប់ហ្នឹងខុសនឹងនីតិវិធីទាំងស្រុង បំពានហ្មង គេហៅថាការបញ្ឈប់ដោយបំពានដោយបង្ខំ»។
លោក រ៉ុង ឈុន បានចូលកិច្ចការនយោបាយកាលចុងឆ្នាំ២០២២ ដោយនៅថ្ងៃទី៩ ខែវិច្ឆិកា លោកបានចូលជាមួយគណបក្សភ្លើងទៀន។ ប៉ុន្តែដោយសារគណបក្សភ្លើងទៀន មិនត្រូវបានចូលរួមការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក៏មានការផ្ដួចផ្ដើមឱ្យមានការបង្កើតគណបក្សកម្លាំងជាតិឡើង ហើយលោក រ៉ុង ឈុន ក៏បានចូលរួមជាមួយគណបក្សកម្លាំងជាតិ ក្នុងតួនាទីជាទីប្រឹក្សាបក្សរហូតដល់ពេលបច្ចុប្បន្ន។
នៅក្នុងដំណើរជីវិត លោក រ៉ុង ឈុន អ្វីដែលជាឧបសគ្គធំជាងគេរបស់លោក គឺការរឹតត្បិតសេរីភាពពីសំណាក់រដ្ឋាភិបាល និងតុលាការ។
លោកថា៖ «អ្វីដែលជាឧបសគ្គធំបំផុតហ្នឹង វាជាការរិតត្បិតនូវសេរីភាព ដូចបច្ចុប្បន្នហ្នឹងអញ្ចឹង អ្វីដែលយើងធ្វើការងារមិនបានពេញលេញ ដូចជា ការចាប់ខ្លួន ចាប់ដាក់ពន្ធនាគារហ្នឹង រហូតមកដល់បច្ចុប្បន្ននេះ ត្រូវតែជាប់បំរាម ហើយនៅមានជាប់បណ្ដឹង បំរាមហ្នឹងគេហាមមិនឱ្យចេញក្រៅប្រទេស ទីលំនៅត្រូវជូនដំណឹង ហើយត្រូវបង្ហាញខ្លួននៅប៉ុស្ដ៏៍នគរបាលរៀងរាល់សប្ដាហ៍ទី៤នៃខែនីមួយៗ ហើយមានដាក់ពេលវេលាកំណត់ទៀត អាហ្នឹងហើយជាឧបសគ្គរឹតត្បិតសេរីភាព ទៅណាមកណាគេតាម តាមថត តាមឃ្លាំមើល តាមអីហ្នឹង»។
តែទោះជាលោកជួបឧបសគ្គ និងធ្លាប់ជាប់ពន្ធនាគារម្ដងជាពីរដងហើយក្ដី ក៏លោកមិនបានសោកស្ដាយនូវអ្វីដែលលោកបានធ្វើកន្លងមកដែរ។
លោកនិយាយថា៖ «អញ្ចឹងវាអត់មានអ្វីដែលយើងត្រូវធ្វើហើយយើងសោកស្ដាយ យើងសប្បាយចិត្តនឹងធ្វើក្នុងការជួយប្រជាពលរដ្ឋក៏ជួយសង្គមជាតិ ជាពិសេសយើងចង់ឃើញក្មេងជំនាន់ក្រោយ យុវជនអីហ្នឹងរៀនចប់ពីមហាវិទ្យាល័យ បានប្រាក់ឈ្នួលសមរម្យអាចរស់នៅបាន ទាំងធ្វើការងារឯកជន ក្រុមហ៊ុនសម្បូរការងារ ទាំងធ្វើការងាររដ្ឋ ក៏ដូចជាធ្វើការងារក្រុមហ៊ុនទទួលបានប្រាក់ខែអាចរស់បាន សមរម្យ»។
ជាមួយគ្នានេះ លោក រ៉ុង ឈុន ថាកិច្ចការដែលលោកបានធ្វើកន្លងទៅនេះ ក៏បង្កើតឱ្យមាននូវសមទ្ធផលមួយចំនួនដែរ តួយ៉ាង ការចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនពីសំណាក់កម្មករកម្មការិនី និងគ្រូបង្រៀន ប្រាក់ឈ្នួលកម្មករ និងប្រាក់ខែគ្រូបង្រៀនមានការឡើង និងការបណ្ដុះទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋកម្ពុជាទាំងក្នុងស្រុក និងពលរដ្ឋកម្ពុជានៅក្រៅស្រុក។
លោកថា៖ «យើងមានការសាបព្រួស មានការបញ្ជ្រាបហូរហែរមកដល់ពេលនេះ យើងឃើញយុវជនមានការចាប់អារម្មណ៍ច្រើន ទោះបីយុវជននៅក្នុងស្រុកក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុក គាត់មិនហារមាត់ស្ដី ប៉ុន្ដែក្នុងបេះដូងគាត់ គាត់កង្វល់ណាស់ ហើយបើសិនជាគាត់មានឱកាសគាត់នឹងចូលរួមសំដែងមតិ ប៉ុន្ដែអ្វីដែលយើងធ្វើការកត់សម្គាល់ អ្នកដែលប្អូនៗ យុវជននៅជប៉ុន នៅកូរ៉េមានអ្នកទឹកចិត្តស្នេហាជាតិខ្ពស់ណាស់ គាត់ចេញធ្វើការទាមទារម្ដងហើយម្ដងទៀតទាក់ទងរឿងទឹកដីហ្នឹង»។
ចំពោះការបង្កើតគ្រួសារវិញ លោក រ៉ុង ឈុន ថាមិនមានបំណងក្នុងការបង្កើតជាគ្រួសារឡើយ លោកថា «លុះត្រាតែប្រទេសកម្ពុជាទទួលបានសុខសាន្តត្រាន» ដោយលោកយល់ថា អ្នកធ្វើកិច្ចការសង្គមដូចលោកអាចជួបមានបញ្ហា និងឧបសគ្គច្រើន។
លោក ជា មុនី ប្រធានស្តីទីគណបក្សកម្លាំងជាតិ ឱ្យដឹងថា រូបលោក និងលោក រ៉ុង ឈុន បានស្គាល់គ្នានៅឆ្នាំ១៩៩៣ ក្រោយលោកទាំងពីរបានរៀនចប់ថ្នាក់ឧត្តមសិក្សានៅសកលវិទ្យាល័យភ្នំពេញ។
ជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាផងនោះ លោក ជា លោក មុនី បន្តរៀបរាប់ថា លោក រ៉ុង ឈុន បានចំណាយពេលវេលាអស់ជាងពាក់កណ្ដាលជីវិតរបស់លោក ក្នុងការធ្វើកិច្ចការសង្គម ដោយគ្មានប្រាក់ខែ។ លោកបន្ថែមថា បើលោក រ៉ុង ឈុន យកពេលវេលាទាំងនេះទៅចំណាយទៅលើការរកស៊ី ការធ្វើគ្រូបង្រៀន ឬធ្វើជាមន្ត្រីនោះ លោកពិតជាមានបានពុំខាន។
លោកថា៖ «បើគិតថាយកពេលវេលាហ្នឹងជាគ្រូបង្រៀន យកពេលវេលាហ្នឹងទៅរកស៊ី ឬក៏យកពេលវេលាហ្នឹងទៅធ្វើ គ.ជ.ប ប្រហែលជាលោក រ៉ុង ឈុន ហ្នឹង អត់ក្រទេ មានលុយណាស់។ ប៉ុន្តែសូម្បីតែគ្រូបង្រៀនក៏គាត់បោះបង់ចោល សូម្បីតែជាមន្ត្រីនៅ គ.ជ.ប ក៏គាត់បោះបង់ចោលគឺដើម្បីអី? ដើម្បីបុព្វហេតុ សិទ្ធិ សេរីភាព ចង់បាននូវយុត្តិធម៌ក្នុងសង្គម ចង់ឱ្យមនុស្សមានតម្លៃស្មើៗគ្នា ចង់ឱ្យទឹកដីនៃប្រទេសកម្ពុជាហ្នឹងកុំឱ្យមានបាត់បង់ ឬកុំឱ្យមានការឈ្លានពានពីបរទេស»។
លោក ជា មុនី សង្កេតឃើញថា លោក រ៉ុង ឈុន ជាបុគ្គលមួយរូបដែលស្រឡាញ់សង្គមជាតិ និងប្រជាពលរដ្ឋ ហើយការស្រឡាញ់នេះ បានធ្វើឱ្យលោក រ៉ុង ឈុន ភ្លេចគិតពីខ្លួនឯង។
លោកមានប្រសាសន៍ថា៖ «គាត់ស្រឡាញ់យុត្តិធម៌ គាត់ចង់បានសេរីភាពជូនពលរដ្ឋទាំងអស់ គាត់ចង់បានយុត្តិធម៌ជូនពលរដ្ឋទាំងអស់ ហើយគាត់ស្រឡាញ់គេហៅថាធនធានធម្មជាតិ ស្រឡាញ់ទឹកដីនៃប្រទេសកម្ពុជា[…] រហូតដល់គាត់ចូលរួមជាចលនាឱ្យមានប្រជាធិបតេយ្យ ឱ្យមានសេរីភាពពេញលេញ តាំងពីគាត់ធ្វើគ្រូបង្រៀនរហូតដល់បច្ចុប្បន្ន រហូតដល់គាត់ហ្នឹងភ្លេចភ្លាំងយកប្រពន្ធយកកូនអីទៀតហ្នឹងណា»។
រីឯអ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លើកឡើងថា អ្នកស្រីស្គាល់ លោក រ៉ុង ឈុន តាំងពីឆ្នាំ២០០០ មកម្លេះ។ អ្នកស្រីសង្កេតឃើញថា លោក រ៉ុង ឈុន ជាមនុស្សដែលលះបង់សូម្បីតែជីវីតដើម្បីជាតិ មាតុភូមិ ដើម្បីយុត្តិធម៌ ដើម្បីទាមទារប្រយោជន៍ជូនគ្រូបង្រៀន កម្មករ និងពលរដ្ឋគ្រប់រូប។
អ្នកស្រីបន្ថែមថា៖ «លោករ៉ុង ឈុន ជាមនុស្សលះបង់ខ្ពស់ណាស់ សូម្បីតែមួយជីវិតរបស់គាត់[…] លោក រ៉ុងឈុន ជាមនុស្សម្នាក់ដែលចង់ឱ្យជីវិតគ្រូបង្រៀន កម្មកររោងចក្រ និយាយទៅទាំងប្រជាពលរដ្ឋទាំងអស់រស់នៅដោយមានស្នាមញញឹម មានសេចក្តីសុខសាន្ត ហើយរស់នៅក្នុងប្រទេសខ្លួនឯងដោយសប្បាយចិត្ត[…] បើគាត់គិតពីលុយ ឃើញហើយថាកន្លងមកគាត់បានធ្វើជាគណកម្មការ គ.ជ.ប ដែលមានលុយ ប្រាក់ខែរាប់ពាន់ មានអង្គរក្ស មានឡានជិះ មានគ្រប់យ៉ាង ទាំងកិត្តិយស តែគាត់លះបង់ អញ្ចឹងហើយគាត់លះបង់ទាំងអស់គឺគាត់លះបង់ដើម្បីជាតិតែម្តង»។
អ្នកស្រីថា លោក រ៉ុង ឈុន លះបង់ជាច្រើនដើម្បីជាតិ ដូច្នេះអ្នកស្រីស្នើឱ្យរដ្ឋាភិបាល កុំដាក់សម្ពាធដល់លោក ហើយលើកលែងបទចោទប្រកាន់ផ្សេងៗនៅតុលាការផងដែរ ព្រោះអ្នកស្រីយល់ថា លោក រ៉ុង ឈុន មិនបានធ្វើឱ្យខូចខាតអ្វីដល់សង្គមឡើយ។
លោកស្រីបន្តថា៖ «ខ្ញុំសួរថាខូចខាត តើខូចខាតស្អី?គ្រាន់តែគាត់ទៅមើលព្រំដែន គ្រាន់តែមើលព្រំដែនតើ[…]មានតែសុំឱ្យរាជរដ្ឋាភិបាលធ្វើយ៉ាងណា លើកទឹកចិត្តដល់ពលរដ្ឋដែលគាត់ខ្វល់ខ្វាយ ដែលគាត់ចូលរួមដើម្បីជាតិ មាតុភូមិ ជាពិសេស បូរណភាពទឹកដី ឱ្យបន្សល់ទុកនូវកេត្តិឈ្មោះដល់កូចចៅជំនាន់ក្រោយ បើមិនមានពាន់រង្វាន់សម្រាប់លោកគ្រូរ៉ុងឈុនទេ គួតែកុំដាក់បន្ទុកគាត់»។
នៅថ្ងៃអនាគត លោក រ៉ុង ឈុន មិនគិតថាចង់ផ្លាស់ប្ដូររបរ ឬការងារអ្វីឡើយ ដោយលោកចង់ឃើញប្រទេសកម្ពុជាមានអ្នកដឹកនាំល្អ មានយុត្តិធម៌សង្គម និងប្រជាធិបតេយ្យពេញលេញ។
លោកថា៖ «បើរឿងការងារ ដូចជាមិនមានអីប្រែប្រួលទេ ប៉ុន្ដែអាក្ដីស្រម៉ៃយើងគិតថានឹងមានថ្ងៃមួយ យើងនឹងទៅដល់គោលដៅ នៅពេលដែលយើងបន្ដដំណើរ ទោះបីយឺតក្ដី លឿនក្ដី នឹងទៅដល់គោលដៅ ទៅដល់គោលដៅ មានន័យថា ពលរដ្ឋខ្មែរក៏ដូចជាប្រទេសកម្ពុជាហ្នឹង ទទួលបាននូវអ្នកដឹកនាំល្អ និងមានយុត្តិធម៌សង្គម ប្រជាធិបតេយ្យពេញលេញហើយ»៕
អត្ថបទដោយ៖ ហុង សេរីហ្វុង