ពលរដ្ឋមួយចំនួនរស់នៅស្រុកមេមត់ ខេត្ដត្បូងឃ្មុំ បារម្ភពីបញ្ហាសុខភាព ពិសេសផ្លូវដង្ហើម ខណៈផ្លូវមួយខ្សែឆ្លងកាត់សហគមន៍មានសភាពហុយខ្លាំងប៉ះពាល់ដល់ការរស់ និងការធ្វើដំណើរ។
លោក ផុន ធី អាយុ៣៤ឆ្នាំ នៅភូមិក្រវៀនជើង ឃុំជាំក្រវៀន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១១ ខែមករានេះថា ផ្លូវមួយខ្សែមានប្រវែងជាង៣០គីឡូម៉ែត្រដែលចេញពីភូមិក្រវៀនជើងទៅភូមិសាទុំ ច្រករបៀងកម្ពុជា–វៀតណាម នៃឃុំជាំក្រវៀនកំពុងតែមានបញ្ហាដីហុយជាខ្លាំង។
ពលរដ្ឋរូបនេះ និយាយថា ពេលរថយន្តបើកឆ្លងកាត់ គឺបង្កជាដីហុយធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅអមសង្ខាងផ្លូវ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋជាពិសេសក្មេងៗទៅសាលារៀន។
លោក ផុន ធី ឱ្យដឹងថា រាល់ថ្ងៃនេះលោកបានធ្លាក់ខ្លួនឈឺដោយក្អកជាង៣ខែមកហើយ ដោយសារបញ្ហាដីហុយនេះ។លោកថា ដីហុយខ្លាំងបែបនេះ គឺបណ្ដាលមកពីឡានតូចធំដឹកទំនិញចេញចូលទៅប្រទេសវៀតណាម និងក្រុមឈ្មួញរកស៊ីដឹកដីនៅក្នុងភូមិមិនបានបាញ់ទឹកស្រោចនៅលើផ្លូវ ។
លោកបន្ថែមថា៖ « សម្រាប់ភូមិខ្ញុំពិបាកពេលខែប្រាំងយាយពីហុយ មិនមែនហុយធម្មតាទេ ហុយហ្នឹងមើលអីអត់ឃើញ បើកដល់ភ្លើងហើយមើលមិនឃើញគ្នាផង។ ហើយឡានយីឌុប ឡានវេអងបើកម៉ាថ្ងៃៗ ដឹកជ័រដឹកទំនិញវាច្រើនលើសលុបទាំងឡានដឹកដីគេធ្វើអាជីវកម្មរបស់គេ ធ្វើឱ្យប៉ះពាល់ពិសេសជាងគេក្មេងៗសិស្សសាលា ក៏ដូចចាស់ដែលមានផ្ទះជាប់ផ្លូវយប់ដេកហិតដីស្រូបដីហ្មងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរណាស់» ។
លោក ផុន ធី បន្ថែមថា បញ្ហាដីហុយនេះបានកើតឡើងជាច្រើនឆ្នាំមកហើយ ហើយលោកបានអំពាវនាវឱ្យអាជ្ញាធរជួយពន្លឿនការសាងសង់ផ្លូវ ដោយថា អភិវឌ្ឍន៍ផ្លូវរាល់ថ្ងៃនេះមានភាពយឺតយ៉ាវខ្លាំង ហើយថា បច្ចុប្បន្នភូមិដែលប៉ះពាល់ខ្លាំងជាងគេមានចំនួន៤ភូមិមានដូចជា ក្រវៀនជើង ក្រវៀនត្បូង ដូង និងភូមិក្រទុំ ។
លោក ចាន់ សុខហេង វ័យ៥២ឆ្នាំ លើកឡើងថា ដីហុយខ្លាំងពេលដែលឡានដឹកទំនិញធំៗបើកឆ្លងកាត់។ លោកថា ពេលធ្វើដំណើរទៅណាមកណាជួយជាមួយឡានទាំងនោះ គឺលោកមិនហ៊ានធ្វើដំណើរទៅមុខទៀតនោះទេ ដោយបារម្ភសុវត្តិភាពគ្រោះថ្នាក់ចរាចរណ៍ ខណៈដីហុយខ្លាំងមើលអ្វីមិនឃើញ។
លោក ចាន់ សុខហេង អះអាងថា អ្នកភូមិជាំក្រវៀនជើងបានកើតជំងឺក្អក ផ្តាសាយជាច្រើននាក់ ដោយលោកសង្ស័យថា អាចបណ្តាលមកពីបញ្ហាដីហុយ។
លោកបន្ថែមថា កូនៗរបស់លោក និងក្មេងៗមិនហ៊ានធ្វើដំណើរទៅសាលារៀនតាមផ្លូវធំដីហុយនោះទេ ដោយប្រើផ្លូវវាងជំនួយដែលមានចំងាយ៥០០ម៉ែត្រ ព្រោះខ្លាចដីហុយប្រឡាក់ខោអាវ។ លើសពីនេះលោកថា ដីហុយចូលផ្ទះពិបាកហូបបាយ និងពិបាករស់នៅ។ លោកថា ដើម្បីដោះស្រាយបញ្ហាចំពោះរូបលោក និងអ្នកភូមិបាននាំគ្នាយកទឹកស្រោចបំបាត់ហុយ ប៉ុន្តែបានរយៈពេលខ្លីប៉ុណ្ណោះ។
លោកបន្ថែមថា៖ « នៅរដូវវស្សាភ្លៀងមកដាច់ [ផ្លូវ ] រដុប នៅខែរដូវប្រាំងហុយ។ វាជួបអាសន្នទាំងពីរដូវ ។អាជ្ញាធរជួយធ្វើផ្លូវឱ្យចប់ទៅពីថ្មដាទល់វៀតណាមហ្នឹង។ ប្រជាជនសប្បាយហើយ បើថានៅតែអញ្ចឹងហុយពេញភូមិពេញស្រុកពិបាក។ ខាងវិស្វកម្មចុះមកជួសជុលហើយភ្លៀងមកហូរដាចទៅអស់[….]ចង់បានផ្លូវក្រាលកៅស៊ូដូចគេធ្វើរាល់ថ្ងៃ » ។
មេឃុំជាំក្រវៀនលោក អ៊ួច យឿន មានប្រសាសន៍ថា នៅក្នុងឃុំរបស់លោកពិតជាមានបញ្ហាដីហុយនេះពិតមែនហើយផ្លូវនេះខាងមន្ទីរសាធារណការ និងដឹកជញ្ជូនជាអ្នកធ្វើ ប៉ុន្តែធ្វើមួយឆ្នាំបានតែ២ ឬ៣គីឡូម៉ែត្រប៉ុណ្ណោះដោយសារខ្វះថវិការ។
មេឃុំរូបនេះបន្តថា កាលពីឆ្នាំ២០១៨ លោកធ្លាប់បានដាក់សំណើទៅរដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈលោក ហ៊ុន ម៉ាណែត ប៉ុន្តែមិនទាន់មានការឆ្លើយតបនោះទេ។ លោកថា បច្ចុប្បន្នលោកកំពុងរៀបចំសំណើមួយទៀត ដើម្បីដាក់ជួនលោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត តាមរយៈលោក ហ៊ុន ម៉ានី នៅពេលលោកទៅសម្ពោធព្រះវិហារវត្តមួយនៅស្រុកមេមត់។
លោក អ៊ួច យឿន អះអាងថា ផ្លូវដែលកំពុងហុយខ្លាំងមានប្រវែងតែ១៣គីឡូម៉ែត្រតែប៉ុណ្ណោះ ដោយប៉ះពាល់ប្រជាពលរដ្ឋជាង១ ០០០គ្រួសារ។
លោកបន្ថែមថា៖ « ភ្លើងមានគ្រប់តែផ្ទះ ទឹកមានគ្រប់តែផ្ទះ តែគាត់មិនព្រមស្រោចហ្មង់ គាត់ពឹងៗតែខាងលើសុទ្ធ។ គាត់អត់ជួយជ្រោមជ្រែងខ្លួនឯងផង។ មួយថ្ងៃយើងបាញ់ទឹក២ដងអីទៅ វាគួរសមដែរ។ ដល់យូៗទៅវាក្ដាំងលែង [ហុយ ]ហើយ។បងប្អូនមួយចំនួនខ្លះគេស្រោច៣ដងគេនៅជាប់ៗថ្នល់។សំណូមពរធ្វើមិចឱ្យគាត់ជួយស្រោចទឹកទៅ ព្រោះថវិការមានកំណត់។ ចឹងមិនដឹងប៉ុន្មានឆ្នាំទៀតបានចប់។ ការស្នើសុំទៅថ្នាក់លើមិនដឹងថា បានឬមិនបាន » ។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបបន្ថែមពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួន ខេត្ដត្បូងឃ្មុំលោក គី ដាណារិទ្ធ បានទេពាក់ព័ន្ធករណីនេះ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងក្នុងកម្មវិធីមួយ ដោយលោកបានស្តីបន្ទោសដល់មន្ត្រីក្រោមឱវាទ ជាពិសេសអាជ្ញាធរថ្នាក់ខេត្ត ស្រុក និងឃុំមួយចំនួន ដែលមិនយកចិត្តដាក់អភិវឌ្ឍន៍ ឬជួសជុលផ្លូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក ស ខេង បានបញ្ជាដល់មន្ត្រីទាំងនោះ ឱ្យពង្រឹងការយកចិត្តទុកដាក់ និងអភិវឌ្ឍន៍ផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ។
លោកបន្ថែម៖ «អៀនខ្មាស់គាត់[ពលរដ្ឋ]ណាស់។ អៀនខ្មាស់ត្រង់ថា ផ្លូវហ្នឹងវាភក់វាល្បាប់អីចឹងហើយ វាអត់មានពីណាពីណាគិត អត់មានពីណាគិត។ យើងថា សុំឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យ បោះឆ្នោតឱ្យយ៉ាងម៉ិច។ បើយើងអត់បម្រើគាត់ផង។ យើងនិយាយឱ្យអស់ ឱ្យអីចឹងហាស ហើយផ្លូវប៉ុណ្ណឹងយើងធ្វើមិនកើតអី»៕
…………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា