ពលរដ្ឋមួយចំនួន រស់នៅភូមិពាមល្វា និងភូមិត្រពាំងអង្គ្រង ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានត្អូញត្អែរពីផលលំបាកក្នុងការប្រមូលផលស្រូវ ត្បិតស្រូវទុំពេញស្រែអស់ទៅហើយ ស្រាប់តែទឹកលិចអស់ ហើយបញ្ហានេះពួកគេស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ដោះស្រាយដើម្បីបញ្ចៀសការខូចខាតផលស្រូវរបស់ខ្លួន។
អ្នកស្រី ផូ សូយ អាយុ ៥៧ឆ្នាំ ជាកសិកររស់នៅ ភូមិ ពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ បានរៀបរាប់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានកាលពីថ្ងៃទី ១៩ខែធ្នូនេះថា អ្នកស្រីមានដីអាស្រ័យផលខាងលើទំនប់អាងពាមល្វានេះជាង ៥ ហិកតាជាដីកេរ្តិ៍ដំណែលពីដូនតាបន្សល់ទុកឱ្យគ្រាន់ធ្វើស្រែចម្ការចិញ្ចឹមជីវិត។
តែចាប់តាំងពីមានការជួសជុលទំនប់អាងពាមល្វានិងការបិទទឹកទំនប់ បណ្ដាលឱ្យទឹកឡើងលិចដីដែលធ្លាប់អាស្រ័យផល លិចដើមស្វាយ ដើមដូងធំៗក៏ងាប់អស់ដែរ ហើយបច្ចុប្បន្នដីដែលអាចអាស្រ័យផលបាននៅផ្នែកខាងទឹករាក់ ជាយៗមាត់បឹងប្រហែលជាពីរហិកតាប៉ុណ្ណោះ សម្រាប់ធ្វើស្រែបរិភោគនិងចែកកូនចៅ។
ពលរដ្ឋរូបនេះបន្តថា បច្ចុប្បន្នស្រូវទុំខ្លះ ខ្ចីខ្លះ ច្រូតមិនទាន់ ដោយត្រូវលិចទឹក រលួយដោយសារ គេបិទទំនប់ទឹក បណ្តាលឱ្យទឹកឡើងជន់លិចស្រូវខូចអស់។
សំឡេងឬវីដេអូអ្នកស្រី ផូ សូយ ៖ «ពីខ្ញុំសាបព្រួសនៅឡើយ អត់ទាន់លិចមែនទែនទេ តែពេលស្រូវយើងក្រហមហ្មង ស្រាប់តែលិចមែនទែនលែងបើកហ្មង បិទឡើងហៀរក្តាលើតែម្ដង ដល់ពេលយើងស្នើគេគេថាក្រសួងឲ្យបិទ គេថាអញ្ចឹង»។
ដោយឡែកពលរដ្ឋមួយរូបទៀត លោក នៅ សល់ អាយុ ៣៩ ឆ្នាំជាកសិករ រស់នៅភូមិពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មានប្រសាសន៍ថា លោកមានដីអាស្រ័យផលខាងលើទំនប់អាងពាមល្វា ប្រមាណ ១០ ហិកតា តែពេលនេះទឹកលិចស្ទើរតែអស់រលីង ដោយនៅសល់ស្រែជិតពីរហិកតាប៉ុណ្ណោះ។ ដោយសារតែលោកគ្មានដីអាស្រ័យផលនៅកន្លែងផ្សេង លោកនៅតែបន្តធ្វើស្រែលើដីចំណីអាងនេះរហូតមក។
លោកបញ្ជាក់ថា ស្រូវកំពុងទុំនេះប្រហែលមួយហិកតា ផលស្រូវប្រហែលពីរបីតោន ប៉ុន្តែឥឡូវទឹកលិចអស់ទៅហើយ។
សំឡេងឬវីដេអូ របស់ នៅ សល់ ៖ «ឥឡូវមិនដឹងម៉េច គាត់បិទអត់បើក លិចអស់ហើយ ស្រូវទុំបានគាត់បិទ ខ្ញុំអត់ដឹងយ៉ាងម៉េចដែរ។ អាណាដួលរលួយអស់ហើយ នៅតែអាឈរៗ ជួលទូកគេច្រូតបានខ្លះ។ រាល់ឆ្នាំ ច្រូតស្រូវក្នុងទឹកដែរ តែបើទោះជាលំបាកក៏នៅអាចច្រូតបាន។ ទើបតែឆ្នាំនេះដល់ពេលស្រូវទុំស្រាប់តែគេបិទទំនប់ឲ្យទឹកលិចស្រូវអស់»។
ពលរដ្ឋម្នាក់ទៀត លោក ឌីន ឧត្តម ជាកសិកររស់នៅភូមិត្រពាំងអង្គ្រង ក្នុងឃុំត្រពាំងជោ ក៏បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា លោកមានតែដីស្រែដែលម្ដាយក្មេកចែកឱ្យលើទំនប់អាងពាមល្វានេះមិនដល់ ១ហិកតាទេ។ រាល់ឆ្នាំលោកអាចប្រមូលផលបាន ៣០ទៅ ៤០ ថាំង ដែរ តែឆ្នាំនេះទឹកលិចខូចអស់។
សំឡេងឬ វីដេអូរបស់លោក ឌីន ឧត្តម៖ «បានខ្លះអត់ខ្លះ ប្រមូលណាកំពុងច្រូត ទឹកស្មើចង្កេះហើយ ស្រូវហ្នឹងបើអត់ខូចខាតប្រហែលជា ៣០ ៤០ ថាំងអីហ្នឹង ឥឡូវបានអីបីបួនប្រាំ ការ៉ុង អីហ្នឹង បើលិចខូចអស់ហើយ អាណាជ្រៅហ្នឹងអាលួយអស់ទៅ នៅតែ អារាងខ្ពស់ៗវាអត់សូវលេចជ្រៅ»។
ពាក់ព័ន្ធបញ្ហានេះ លោក ទេពណែម មេឃុំត្រពាំងជោ បានប្រាប់រដ្ឋអ្នកសារព័ត៌មានថា បញ្ហាពលរដ្ឋច្រូតស្រូវក្នុងទឹកលោកទើបតែបានឃើញការបង្ហោះវីដេអូក្នុងក្នុងបណ្តាញសង្គមហ្វេសប៊ុក(facebook)ដែរ ។ ហើយ ចំពោះបញ្ហាទឹកលោកថា ទាល់តែសួរខាងធនធានទឹក។
សំឡេងឬ វីដេអូ របស់លោក ទេព ណែម៖ « អារឿងទឹកហ្នឹងទាល់តែសួរខាងធនធានទឹកបានដឹងព្រោះគេកាន់កាប់កន្លែងហ្នឹង»។
លោក ញ៉ែម រ៉ា មេភូមិត្រពាំងអង្គ្រង បានទទួលស្គាល់ថា ពលរដ្ឋរបស់លោកពិតជាបានរងផលប៉ះពាល់ពីការបិទទ្វារទំនប់ទឹកពិតប្រាកដមែន។ លោកបញ្ជាក់ថា ពលរដ្ឋក្នុងភូមិរបស់លោក ១៣ គ្រួសារកំពុងអាស្រ័យផលលើដីបាតអាងទំនប់ពាមល្វា ហើយពេលនេះកំពុងរងផលប៉ះពាល់ពីការបិទទ្វារទឹកពិតមែន។
លោកបន្ថែមថា មានពលរដ្ឋជិត ៣០គ្រួសារដែលរស់នៅជុំវិញមាត់អាងទឹក កំពុងអាស្រ័យផលធ្វើស្រែលើដីចំណីអាងទឹកនេះ។ លោកបញ្ជាក់ថា លោកធ្លាប់បានសុំអន្តរាគមន៍ទៅអ្នកកាន់ទ្វារទឹកឲ្យបន្ធូរបន្ថយទឹក ទុកឱកាសដល់ប្រជាពលរដ្ឋប្រមូលផលស្រូវសិន តែហាក់មិនទទួលបានការឆ្លើយតប។
វីដេអូរបស់លោក ញ៉ែម រ៉ា៖ <ខ្ញុំសំណូមពរទៅដល់ធនធានទឹកអ្នកកាន់ទ្វារទំនប់ពាមល្វា សុំស្ដាប់មេភូមិផងគាត់នៅកៀកប្រជាជនអត់ដឹងពីសុខទុក្ខ បើពេលមេភូមិប្រាប់ថាអ៊ំអើយសុំបើកទឹកបន្តិចទៅប្រជាជនគាត់មកប្រាប់ខ្ញុំ ទឹកលិចត្រូវអស់ហើយ បើកតាមខ្ញុំទៅវាសុខសប្បាយហើយខ្ញុំចង់បានតែប៉ុណ្ណឹង>។
ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកឱរ៉ាល់ លោក ហាប់ ឆុង បានបដិសេធចំពោះការលើកឡើងថា មានការទប់ទឹកបញ្ចាល់លិចស្រូវប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា លោកបានបើកទឹក ទុកពេលឱ្យពលរដ្ឋប្រមូលផលស្រូវរួចរាល់អស់ហើយ។ មួយវិញទៀតចំពោះការប្រមូលផលស្រូវ ស្រូវធ្ងន់នៅលើដីបាតអាង ក្នុងទំនប់ លោកបញ្ជាក់ថាដីនេះ ជាដីរដ្ឋ ពលរដ្ឋមិនមានសិទ្ធិបង្កបង្កើនផលលើដីចំណីអាងនេះទេ។ លោកបញ្ជាក់ថា លោកក៏ធ្លាប់បានប្រជុំប្រាប់ពលរដ្ឋច្រើនលើករួចមកហើយ។
វីដេអូរបស់លោក ហាប់ ឆុង៖ «បញ្ហាដីបាតអាងពលរដ្ឋមិនមានសិទ្ធិធ្វើស្រែលើដីនេះទេព្រោះជាដីរដ្ឋ ហើយទឹកទំនប់តែដល់ពេលទប់គេទប់ហើយ តែបើពលរដ្ឋធ្វើបានក៏ធ្វើទៅ តែបើធ្វើមិនបានកុំខឹងគេ»។
នាល្ងាចថ្ងៃទី 19 ខែធ្នូឆ្នាំ 2024 មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចេញសេចក្តីបំភ្លឺព័ត៌មានស្ដីពីការបិទទ្វាទំនប់ទឹកអាងពាមល្វានោះថា រដូវវស្សាបានបញ្ចប់ ហើយដល់ពេលដែលត្រូវបិទទ្វារតម្កល់ទឹកទុកសម្រាប់ពលរដ្ឋមូលដ្ឋានប្រើប្រាស់នារដូវប្រាំងខាងមុខ។
ពាក់ព័ន្ធក្នុងរឿងនេះ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ហៅកាត់ថា CID លោកបណ្ឌិត ប៉ា ចាន់រឿន មានប្រសាសន៍ថា អាជ្ញាធរលោកអនុវត្តតាមបទបញ្ជានិងតួនាទីរបស់លោក ។ តែទោះយ៉ាងណាលោក យល់ថា ការអនុវត្តតួនាទី ក៏គួរតែមានការសម្របសម្រួល ដល់ពលរដ្ឋ ដែលធ្លាប់អាស្រ័យផលកន្លងមក និងកំពុងប្រមូលផល ឱ្យគាត់អាចប្រមូលផលស្រូវពួកគាត់រួចរាល់សិន ជៀសវាងការខូចខាតភោគផលរបស់ពួកគាត់។ មួយវិញទៀតលោកថា រដ្ឋាភិបាលគួរមានដំណោះស្រាយសមស្របជូនពលរដ្ឋដោយផ្ដល់ដីសម្បទានសង្គមកិច្ចដោះដូរ ដើម្បីប៉ះប៉ូវការប៉ះពាល់ផលប្រយោជន៍របស់ពលរដ្ឋ។
វីដេអូរបស់លោក ប៉ា ចន្ទរឿន៖ «បើសិនជាពលរដ្ឋអាស្រ័យផលនៅកន្លែងហ្នឹង ហើយ បើសិនជារដ្ឋយកកន្លែងតែអភិវឌ្ឍន៍ជាមេទឹក ឬគម្រោងអីផ្សេងវាត្រូវតែមានការដោះស្រាយជាសំណងសមស្របឬក៏ផ្ដល់ដីឲ្យប្រជាពលរដ្ឋជាលក្ខណៈដីសម្បទាននៅកន្លែងណាផ្សេងដើម្បីជាការដោះដូរនិងទើបយើងហៅការអភិវឌ្ឍន៍បែបបរិយាប័ណ្ណ ដែលអភិវឌ្ឍន៍ដើម្បីទាំងអស់គ្នាអាហ្នឹងទើបជាការអភិវឌ្ឍន៍តាមគោលការណ៍សិទ្ធិមនុស្សដូចអ្វីដែលមានចែងក្នុងធម្មនុញ្ញរបស់យើង។ គម្រោងការអភិវឌ្ឍទាំងឡាយត្រូវគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលអាស្រ័យផលនៅហ្នឹងផង ដែលធ្លាប់ធ្វើកន្លងមកសូមឱ្យមានសំណង់ ឬក៏ដំណោះស្រាយឲ្យបានសមស្រប»។
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២២ ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅខេត្តកំពង់ធំ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថានឹងមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយរដ្ឋាភិបាលមិនយកចិត្តទុកដាក់នោះឡើយ។
លោក ហ៊ុន សែន ៖«មិនត្រូវទុកឲ្យប្រជាជនណាម្នាក់អត់បាយស្លាប់ដោយសារយើងមិនដឹង ឬមិនបានដោះស្រាយនោះទេ»។
ទំនប់អាងទឹកពាមល្វា ស្ថិតក្នុងឃុំត្រពាំងជោស្រុកអារ៉ាល់ ខេត្តកំពង់ស្ពឺ មានផ្ទៃដីជាង៣០០ ហិកតា ។ ទំនប់នេះបានសាងសង់ឡើង ក្នុងសម័យខ្មែរក្រហមឬ របប ប៉ុល ពត ហើយត្រូវបានរៀបចំស្ដារគម្រោងទ្វារទឹកឡើងវិញក្នុងអំឡុងឆ្នាំ ២០១៨៕
…………………………………………………..
ផលិតដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន