ប្រជាពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវលំមួយខ្សែ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានទាមទារឱ្យមានការដោះស្រាយសំណង ប៉ុន្តែអាជ្ញាធរបានបដិសេធដោយថា ការអភិវឌ្ឍនេះ គឺដើម្បីបម្រើផលប្រយោជន៍សាធារណៈ។
អ្នកស្រី មុំ រស្មី នៅភូមិជើងព្រៃ១ ឃុំអំពៅព្រៃ និងជាអាជីវករលក់ចាបហ៊ួយនៅផ្ទះអះអាងថា មន្ទីរអភិវឌ្ឍន៍ជនបទបានអភិវឌ្ឍន៍ផ្លូវលំមួយខ្សែដែលឆ្លងកាត់ភូមិរបស់ស្រីបានធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។
ស្ត្រីវ័យ៤៥ឆ្នាំរូបនេះ ឱ្យដឹងថា ក្រោមគម្រោងអភិវឌ្ឍន៍ផ្លូវលំនេះ បានធ្វើឱ្យប៉ះពាល់របងផ្ទះរបស់អ្នកស្រីជាច្រើនម៉ែត្រ ហើយអាជ្ញាធរមិនបានដោះស្រាយសំណងផលប៉ះពាល់ឡើយ ខណៈរបងនោះ អ្នកស្រី អះអាងថា បានចំណាយលុយអស់រាប់ពាន់ដុល្លារដើម្បីធ្វើវា។ អ្នកស្រីទាមទារឱ្យអាជ្ញាធរចេញសំណងខ្លះៗដល់អ្នកស្រី និងពលរដ្ឋផ្សេងទៀត ដើម្បីឱ្យពួកគាត់មានលទ្ធភាពសាងសង់របងថ្មីឡើងវិញ។
អ្នកស្រីបន្ថែមថា៖«គេថាគេមិនឱ្យសំណងទេ ព្រោះគេយកលុយ៧០លានដុល្លារមកពង្រីកផ្លូវ បើពួកខ្ញុំមិនព្រមក៏គេមិនធ្វើដែរ។ ខ្ញុំក៏គ្មានអីនិយាយដែរ បើរដ្ឋក្រជាងពួកខ្ញុំ។ របងខ្ញុំធ្វើអស់ច្រើនដែរ»។
លោក ជា សាវី នៅភូមិស្វាយព្រៃ ឃុំកណ្ដោក និយាយថា គម្រោងអភិវឌ្ឍន៍ផ្លូវលំពីសំណាក់មន្ទីរអភិវឌ្ឍន៍ជនបទនេះក៏បានប៉ះពាល់ដល់របងផ្ទះរបស់គាត់ដែរ។ លោកអះអាងថា របងផ្ទះនេះ គឺលោកបានចំណាយលុយធ្វើអស់ទឹកប្រាក់៥ពាន់ដុល្លារ ហើយទើបសង់រួចបានប្រហែល១ឆ្នាំប៉ុណ្ណោះ។
បុរសវ័យ៥៥ឆ្នាំរូបនេះ បានបន្តថា រូបលោក និងពលរដ្ឋដែលរងផលប៉ះពាល់ផ្សេងទៀត បានព្យាយាមស្នើសុំសំណងពីខាងអាជ្ញាធរផងដែរ ប៉ុន្តែអាជ្ញាធរបដិសេធ។ លោកថា លោកសប្បាយចិត្តចំពោះអាជ្ញាធរដែលពង្រីកផ្លូវនោះ ដើម្បីងាយស្រួលធ្វើដំណើរ ប៉ុន្តែលោកថា អាជ្ញាធរវាគួរតែមានការដោះស្រាយសំណងផលប៉ះពាល់ណាមួយដល់ពលរដ្ឋ ខណៈពលរដ្ឋកំពុងជួបបញ្ហាជីវភាព។
លោកបន្ថែមថា៖«ខ្ញុំតវ៉ានឹងគេដែរ ប៉ុន្ដែគេនៅតែមិនឱ្យ។ គេថា បើយើងចង់បានផ្លូវធំ ទាល់តែចំណាយរបង។ អ្នកណាក៏ដូចអ្នកណាដែរ ចង់បានសំណងខ្លះៗ ដើម្បីសាងសង់ថ្មី បើអត់ទេ រៀងពិបាកដែរ ព្រោះម្នាក់ៗអត់លុយ»។
មេឃុំអំពៅព្រៃលោក ប៉ិច សុផុន មានប្រសាសន៍ថា ការសាងសង់ផ្លូវនេះ គឺជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលផ្លូវនេះមានប្រវែង៦គីឡូម៉ែត្រ និងទទឹង ១០ម៉ែត្រ ហើយឆ្លងកាត់ឃុំចំនួន២ គឺឃុំអំពៅព្រៃ និងឃុំកណ្តោក នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោក ប៉ិច សុផុន អះអាងថា ក្រោមគម្រោងពង្រីកផ្លូវនេះ គឺបានប៉ះពាល់ប្រជាពលរដ្ឋនៅអំពៅព្រៃប្រហែល១៥០គ្រួសារ និងនៅឃុំកណ្តោកប្រហែល៥០គ្រួសារប៉ុណ្ណោះ។
លោកបន្ថែមថា៖«ខ្ញុំអត់ដឹងគេចំណាយលុយប៉ុន្មានទេ។ ខាងខ្ញុំគ្រាន់តែអ្នកសម្របសម្រួលពលរដ្ឋ ហៅប្រជុំទេ។ រឿងអីផ្សេងទៀត ខ្ញុំអត់ដឹងទេ។ ចង់ដឹងសួរខាងមន្ទីរខេត្ដទៅ ព្រោះគម្រោងគេ»។
ចំណែកមេឃុំកណ្តោក លោក ហេង ចាន់ មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ គឺអាជ្ញាធរបានជួបប្រជុំជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់ដែរ ហើយប្រជាពលរដ្ឋមិនជំទាល់ជាមួយគម្រោងនេះឡើយ។ លោកថា ដើម្បីរួមចំណែកអភិវឌ្ឍន៍ឃុំសង្កាត់ គឺពលរដ្ឋគួរតែមានការយោគយល់ព្រោះវាជាប្រយោជន៍សាធារណៈ។
លោកបន្ថែមថា៖« មុននឹងធ្វើខាងមន្ទីរ និងក្រសួងគេចុះមកប្រជុំពលរដ្ឋ២ទៅ៣ដង។ ដូចជាមិនមានពលរដ្ឋណាតវ៉ាទេ គ្រាន់តែថាពួកគាត់មិនទទួលបានសំណងទេ។ ខ្ញុំគិតថាវាជារឿងប្រយោជន៍រួម ដូច្នេះក្នុងនាមខ្ញុំជាអាជ្ញាធរសុំឱ្យពួកគាត់មេត្ដាយោគយល់ ដើម្បីរីកចម្រើនទាំងអស់គ្នាទេ»។
អភិបាលស្រុកកណ្ដាលស្ទឹងលោក អ៊ូច សាវឿន មានប្រសាសន៍ថា ការអភិវឌ្ឍផ្លូវនេះ គឺដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ ដូច្នេះពុំមានការដោះស្រាយសំណងឡើង។ លោកថា ពលរដ្ឋគួរតែចូលរួមក្នុងការអភិវឌ្ឍនេះ។
អភិបាលស្រុករូបនេះ អះអាងថា មុននឹងមានការឈូសឆាយ គឺខាងអាជ្ញាធរបានកោះហៅប្រជាពលរដ្ឋមកប្រជុំពិភាក្សាជុំវិញគម្រោងអភិវឌ្ឍន៍ដែរ ដោយបញ្ជាក់ថា គម្រោងនេះពុំមានការដោះស្រាយសំណងណាមួយជូនពលរដ្ឋឡើយ ហើយក្រុមពលរដ្ឋក៏យល់ព្រមឱ្យធ្វើសកម្មភាពផងដែរ។
លោកថា៖«ទេ!ផ្លូវហ្នឹងយើងបានជជែកនឹងពួកគាត់ហើយថា នឹងពង្រីកដើម្បីបម្រើផលប្រយោជន៍ពួកគាត់។ វាជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទទេ។ ការចំណាយទឹកប្រាក់អស់ប៉ុន្មានខ្ញុំអត់ដឹងទេ»។
តាមការចុះពិនិត្យមើលផ្ទាល់របស់ពលរដ្ឋអ្នកសារព័ត៌មាន គឺសង្កេតឃើញថា របងផ្ទះរបស់ពលរដ្ឋជាច្រើនបានដួលរលំដោយគ្រឿងចក្ររបស់ក្រុមហ៊ុនម៉ៅការបានឈូសឆាយកម្ទេចចោល ហើយនៅមុខផ្ទះប្រជាពលរដ្ឋខ្លះមានការដាក់លក់ដូរ ពួកគាត់គ្រាន់តែធ្វើរបង ដើម្បីការងារសុវត្ថិភាព ប៉ុន្ដែពេលនេះរបងផ្ទះរបស់ពួកគាត់ ត្រូវបើកចំហ ដោយគ្មានរបងព័ទ្ធជុំវិញទៀតឡើយ ខណៈពលរដ្ឋខ្លះបារម្ភពីការបាត់បង់របស់របរ និងសុខសុវត្ថិភាពផ្សេងៗ។
នាយកប្រតិបត្ដិអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី មានប្រសាសន៍ថា គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់មិនថា រដ្ឋឬក្រុមហ៊ុនឯកជននោះទេ គឺត្រូវទូទាត់សំណងជាមុនទៅតាមផលប៉ះពាល់ជាក់ស្ដែង។ លោកថា ក្នុងករណីមិនទូទាត់ត្រឹមត្រូវទេ គឺបង្ហាញថា គម្រោងអភិវឌ្ឍន៍នោះ ពុំមានតម្លាភាពសម្រាប់ពលរដ្ឋ និងជាការរំលោភសិទ្ធិលំនៅឋានរបស់ពលរដ្ឋ។
លោកបន្ថែមថា៖«គ្រប់ការអភិវឌ្ឍ គឺត្រូវគិតសំណងឱ្យពលរដ្ឋជាមុនបានត្រឹមត្រូវ មិនថារដ្ឋ ឬឯកជនទេ»៕
………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ជា រ៉ាយុទ្ធ