ពលរដ្ឋជាច្រើនគ្រួសារនៅ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលបានផ្ទុះការតវ៉ានិងដាក់ប៉ារ៉ាស់បិទផ្លូវនៅថ្ងៃអង្គារនេះ ដើម្បីកុំឱ្យរថយន្តរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះបើកឆ្លងកាត់ ក្រោយពីបើកបរធ្វើឱ្យដីហុយប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។
លោក ប៉ាង សំបូរ នៅភូមិតាឡុង ឃុំបឹងខ្យាង បានដាក់ប៉ារ៉ាស់បិទផ្លូវមុខផ្ទះមិនឱ្យរថយន្តបើកឆ្លងកាត់នោះនៅថ្ងៃពុធនេះ។ លោកថា មូលហេតុដែលលោកបិទផ្លូវភ្លាមៗ ដោយសារក្រុមឡានដឹកដី និងថ្មចូលព្រលានមិនបានស្រោចទឹកលើដងផ្លូវ ហើយបណ្តាលឱ្យដីហុយជាខ្លាំងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់គ្រួសារលោក និងពលរដ្ឋក្នុងភូមិជាពិសេសបញ្ហាសុខភាព។
ពលរដ្ឋរូបនេះបន្ដថា ពេលខ្លះដីហុយធ្វើឱ្យហូបបាយមិនកើត និងខោអាវក៏មិនអាចហាលបានដែរ ដោយសារតែផ្លូវជាប់ផ្ទះរបស់គាត់ហុយខ្លាំងពេក។ លោកថា រាល់ថ្ងៃមានឡានដឹកដី និងដឹកថ្មរាប់រយគ្រឿងបានបើកឆ្លងកាត់ផ្លូវមុខផ្ទះរបស់លោកក្នុង១ថ្ងៃៗចូលទៅក្នុងព្រលានយន្ដហោះដែលកំពុងសាងសង់ ដោយពួកគេមិនស្រោចទឹកនោះទេ។
លោក ប៉ាង សំបូរ ព្រមានថា បើសិនជាខាងក្រុមហ៊ុនមិនចេញដោះស្រាយជាមួយពលរដ្ឋទេ លោកនឹងប្រមូលប្រជាពលរដ្ឋក្នុងភូមិទាំងអស់ឡើងទៅតវ៉ានៅមុខសាលាឃុំបឹងខ្យាងដើម្បីទាមទារឱ្យមានដំណោះស្រាយ។
លោកថ្លែងថា៖«រឿងដឹកចូលព្រលានខ្ញុំមិនឃាត់ទេ ប៉ុន្ដែត្រូវស្រោចទឹកផង។ ឡានមិនមែនអាតូចៗណា គឺសុទ្ធតែអាធំៗ។ទាំងខ្ញុំ និងអ្នកផ្សេងទៀត គឺហុយណាស់ មួយថ្ងៃៗ គឺហូបបាយមិនកើតទេ។ បើហុយម្លឹងៗ អាណាហូបកើត ក្នុងចានបាយសុទ្ធតែដី»។
ពលរដ្ឋម្នាក់ទៀតលោក ចិន ធួក បានរៀបរាប់ថា បញ្ហាដីហុយនេះគឺអ្នកភូមិបានរង់ចាំការដោះស្រាយពីអាជ្ញាធរ និងក្រុមហ៊ុនជាច្រើនដងមកហើយ ប៉ុន្តែការរង់ចាំរបស់ពួកគាត់ហាក់គ្មានការឆ្លើយតបពីពួកគេឡើយ។ លោកថា ការបិទផ្លូវនេះគឺគ្រាន់តែចង់ព្រមានដល់ក្រុមហ៊ុនព្រលានយន្តហោះថ្មីធ្វើកិច្ចសន្យាជាមួយពលរដ្ឋ ដើម្បីឱ្យស្រោចទឹកកុំឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋដែលរស់នៅក្នុងភូមិតែប៉ុណ្ណោះ។
លោកថ្លែងថា៖«មិនដឹងគេគិតមិចទេ បើដីហុយម្លឹងៗ។ គេធ្វើមើលដូចគ្មានមនុស្សរស់នៅ។ ផ្ទះសុទ្ធតែដី ហូបបាយមិនកើតផង។ ខ្ញុំចង់ឱ្យក្រុមហ៊ុនដោះស្រាយជាបន្ទាន់ និងធ្វើកិច្ចសន្យាជាមួយពលរដ្ឋ បើមិនចឹងទេ ពិបាករស់នៅណាស់ ព្រោះហុយពេក»។
ក្នុងអំឡុងពលរដ្ឋអ្នកសារព័ត៌មានចុះទៅពិនិត្យសកម្មភាពពលរដ្ឋបិទផ្លូវនោះ គឺមានឡានដឹកដី និងដឹកថ្មជាច្រើនគ្រឿងបានកក់ស្ទះ ប៉ុន្តែមិនឃើញខាងតំណាងក្រុមហ៊ុនព្រលានណាម្នាក់បានចុះដោះស្រាយជាមួយពលរដ្ឋនោះទេ ហើយពលរដ្ឋព្រមានថា បើសិនខាងក្រុមហ៊ុនមិនចេញមុខដោះស្រាយទេ គឺពួកគាត់នៅតែបន្ដបិទផ្លូវរហូតមានដោះស្រាយ។
អ្នកបើកបររថដឹកដីម្នាក់បានប្រាប់ឱ្យពលរដ្ឋអ្នកសារព័ត៌មានក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថ្លែងថា លោកមិនដឹងរឿងបញ្ហាស្រោចទឹកទេ។ លោកដឹងត្រឹមតែដឹកដីចូលព្រលានយន្ដហោះដែលកំពុងសាងសង់ប៉ុណ្ណោះ។
អ្នកបើកបរឡានថ្លែងថា៖«ខាងខ្ញុំដឹងតែដឹកទេបង! រឿងស្រោចនេះ គឺខ្ញុំអត់ដឹងទេ។ មិនមែនមានតែក្រុមខ្ញុំមួយទេ។ មានច្រើនក្រុមណាស់បានជាមានឡានច្រើនចឹង។ ទាំងខ្ញុំទាំងគេបង បើហុយម្លឹងៗ គឺពិបាករស់នៅដូចគ្នា។ ខ្ញុំយល់តើបង តែធ្វើមិចបើខ្ញុំនៅក្រោមគេដែរ»។
មេឃុំបឹងខ្យាងលោក ណៃ ចាន់ឌី បានថ្លែងថា បញ្ហាផ្លូវនេះ គឺពលរដ្ឋតែងតែរាយការណ៍មកកាន់លោក ដើម្បីឱ្យជួយនិយាយជាមួយក្រុមហ៊ុន ហើយលោកក៏បានប្រាប់បញ្ហានេះដល់ក្រុមហ៊ុនដែរ ដើម្បីជួយគិតគូរដល់ពលរដ្ឋ ប៉ុន្តែពុំមានការឆ្លើយពីខាងក្រុមហ៊ុនឡើយ។
មេឃុំរូបនេះបានទទួលស្គាល់ថា បញ្ហាដីហុយនេះ វាបានប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ លោកថា បញ្ហាពលរដ្ឋតវ៉ានេះលោកនឹងរាយការណ៍ទៅថ្នាក់លើបន្ដទៀតដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋ។
លោកថ្លែងថា៖«ហ្នឹងហើយរឿងហុយវាជៀសមិនផុតទេ។ កាលណាមានឡានច្រើនដឹកចឹងនោះ ប៉ុន្ដែបើមិនស្រោចទឹកសោះក៏មិនកើតដែរ។ ពូរាយការណ៍អារឿងស្រោចទឹកទៅក្រុមហ៊ុនតែរហូត ព្រោះពេលជិះកាត់ផ្លូវហ្នឹងឃើញថា ហុយខ្លាំងណាស់។ ជាពិសេសរឿងប៉ះពាល់សុខភាពហ្នឹងហ្មង»។
ជុំវិញរឿងនេះ ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ជីវ កុកសាយ ជាតំណាងក្រុមហ៊ុនព្រលានយន្ដហោះ អន្ដរជាតិតេជោបានទេ។
មន្ដ្រីសម្របសម្រួល និងធុរៈកិច្ចនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត មានប្រសាសន៍ថា ករណីពលរដ្ឋតវ៉ាបិទផ្លូវដោយសារបញ្ហាដីហុយនេះ គឺជារឿងត្រឹមត្រូវ។ លោកថា អាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ចក្នុងការពិនិត្យលើបញ្ហានេះ។
លោក វណ្ណ សូផាត បន្តថា ក្រុមហ៊ុន គឺជាអ្នកទទួលខុសត្រូវទៅតាមកិច្ចសន្យាមុនមានការអភិវឌ្ឍ ថាតើរាល់សកម្មភាពដែលធ្វើ គឺមិនប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋឡើយ។ លោកថា ករណីដីហុយនេះ គឺធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋធ្ងន់ធ្ងរ ជាពិសេសកុមារងាយរងគ្រោះលើបញ្ហាសុខភាពណាស់។
លោកថ្លែងថា៖«រឿងដីហុយនេះ គឺវាប៉ះពាល់សុខភាពកុមារណាស់។ អាជ្ញាធរមូលដ្ឋានត្រូវតែពិនិត្យមើលលើរឿងហ្នឹងដោយយកចិត្ដទុកដាក់ផង ព្រោះការរស់នៅពលរដ្ឋសំខាន់ណាស់។ បញ្ហាស្រោចទឹកនេះគឺខាងក្រុមហ៊ុនត្រូវតែចេញមុខដោះស្រាយនឹងប្រជាពលរដ្ឋ បើមិនអញ្ចឹងទេបញ្ហានេះនៅតែបន្ដដដែល»។
ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ព្រលានយន្តភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប២៦០០ហិកតា។
គម្រោងសាងសង់នេះមាន៣ដំណាក់កាល គឺដំណាក់កាលទី១នេះត្រូវបានក្រុមហ៊ុន អះអាងថា គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ ដែលអាចនឹងទទួលបានភ្ញៀវទេសចរ ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ៕
…………………………………..
អត្ថបទដោយអ្នកសារព័ត៌មានប្រជាពលរដ្ឋ លោក ឃាង សុខមាន