ពលរដ្ឋរស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀងត្អូញត្អែរថាការដកប្លង់សិទ្ធិដីស្រែ និងដីលំនៅឋានពីមន្រ្ដីសូរិយោដីដែលបានចុះចែកនៅតាមផ្ទះមេភូមិត្រូវចំណាយលុយអស់ច្រើន ធ្វើឱ្យពលរដ្ឋមួយចំនួនត្រូវទៅខ្ចីលុយគេបន្ថែមដើម្បីទៅដកយកប្លង់មករក្សាទុក ។
លោក អ៊ួយ តួ រស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀងបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា លោកមិនទាន់បានទៅដកប្លង់ដីស្រែ និងប្លង់ដីលំនៅឋានទេដោយសារមិនមានលុយគ្រប់គ្រាន់។ លោកថា រាល់ថ្ងៃក្នុងគ្រួសារកំពុងជួបបញ្ហាដូចជាបង់លុយសងធនាគារ ទិញទឹកដោះគោឱ្យកូនតូចប្រចាំខែ។
បុរស់វ័យ៣៧ឆ្នាំរូបនេះបន្តថា ដីស្រែមួយហិកតាត្រូវចំណាយលុយអស់១២ម៉ឺនរៀល ដីលំនៅឋានក្នុងមួយម៉ែត្រការ៉េតម្លៃ២៥០រៀល ដីលំនៅឋានរបស់លោកមានទំហំ២០ម៉ែត្រគុណ៥៧ម៉ែត្រត្រូវចំណាយលុយអស់់ជិត៣០ម៉ឺនរៀល។ លោកថា រាល់ថ្ងៃត្រូវខ្ចីលុយគេ៣០ម៉ឺនរៀលបន្ថែមដើម្បីត្រៀមទៅដកប្លង់ដី ប៉ុន្តែលុយទាំងនេះនៅមិនទាន់គ្រប់គ្រាន់ទេ ។
លោកបន្ថែមថា៖ « ខ្វះខាត់សម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ និងបង់អង្គការ[ធនាគារ]ហើយខាងសូរិយោដីគាត់ចុះទម្លាក់ប្លង់មកចែកជូនប្រជាពលរដ្ឋមានការបង់ព័ន្ធថ្លៃ[…]ខ្វះខាតថវិការចឹងខ្ញុំរត់ខ្ចីលុយគេត្រៀមដកប្លង់។ខ្ញុំសូមសំណូមពរដល់មន្ទីរពាក់ព័ន្ធ ខាងសូរិយោដី ខាងក្រសួងដាក់គោលការណ៍មកដល់មន្ទីរ សូមមេត្តាជួយសម្រួលដល់ប្រជាពលរដ្ឋខ្លះទៅព្រោះខ្វះខាតច្រើន »។
លោក គឹម សាមាន អាយុ៥៧ឆ្នាំប្រាប់ថា រាល់ថ្ងៃមានដីចំនួន៨០អាទាំងដីស្រែ និងលំនៅឋាន។ លោកថា កន្លងមកលោកបានទៅដកប្លង់ម្ដង់រួចហើយនៅផ្ទះមេភូមិតែមិនមានលុយគ្រប់តាមចំនួនដែលមន្រ្ដីសូរយោដីបានកំណត់ក៏ត្រូវវិលត្រលប់មកផ្ទះវិញ ។
បុរស់ពិការជើងឆ្វេងរូបនេះបន្តថា បច្ចុប្បន្នគ្រួសារលោកគ្មានលុយទេ ហើយឆ្នាំនេះធ្វើស្រូវក៏ខាត គ្មានការងារធ្វើនៅតែផ្ទះមើលថែចៅតូចៗ។ លោកនិយាយថា ការតម្រូវឱ្យពលរដ្ឋបង់លុយច្រើនដើម្បីបានដកប្លង់កម្មសិទ្ធិនោះ ប្រៀបដូចជាន់កដកស្លាបអញ្ចឹង ។
លោកលើកឡើងថា៖ ដកប្លង់ថ្លៃពេលខ្ញុំគ្មានលុយណាបង់។ មិនមានលុយបង់ខ្ញុំមកវិញ វាថ្លៃពេកយកលើសបរិមាណដី។ ខ្ញុំរកស៊ីអីខ្ញុំពិការទៀតខ្ញុំមិនដឹងដកឬមិនដកទេ ខ្ញុំទុកចោលនៅនុង » ។
ពលរដ្ឋម្នាក់ទៀតលោក ព្រំ សំអ៊ួច បានប្រាប់ថា លោកត្រូវលក់ស្រូវអស់៣០បាវដើម្បីបានលុយទៅដកប្លង់ដីស្រែ១ហិកតា និងដីលំនៅឋានចំនួន១០អា ត្រូវបង់លុយអស់ចំនួន៤៥ម៉ឺនរៀលតម្លៃនេះថ្លៃណាស់សម្រាប់រូបលោក។ លោកសង្ឃឹមថា លក់ស្រូវបានលុយយកទៅសងថ្លៃជីគេ តែឥឡូវត្រូវលក់ស្រូវយកលុយទៅដកប្លង់ដី ហើយថ្លៃជីនៅតែជំពាក់គេដដែល ។
លោកលើកឡើងថា៖ «បងៗសូរិយោដីឱ្យជួយសម្រួលឱ្យចុះថោកបន្តិចទៅ។ បើលុយគ្នាយកប្លង់ដីផង បង់រដ្ឋ[ធនាគារ]ផង គ្នាទៅណារួចឥឡួវហ្នឹងទៅអត់រួចទេ។ ពេលហ្នឹងបង់លុយយកប្លង់ ហើយលុយរដ្ឋ[ធនាគារ]គេត្រូវការអាឡូវដែរបានមកពីណា? ចឹងមានតែលក់គោក្របី ចុះបើអ្នកខ្លះគ្មានគោក្របីលក់ធ្វើមិច » ។
លោក អ៊ូ សុភក្ដី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់ និងសុរិយោដីខេត្ដស្វាយរៀង ទទួលបន្ទុកសុរិយោដី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថាអ្វីដែលមន្រ្ដីរបស់លោកបានធ្វើគឺត្រឹមត្រូវទៅតាមប្រកាសអន្ដរក្រសួងថ្មីលេខ៨០១០ស ហ វ ។
លោកលើកឡើងថា៖ « ការងារហ្នឹងខាងមន្រ្ដីគាត់ចាត់ចែងហើយៗយើងធ្វើៗទៅតាមប្រកាសអន្ដរក្រសួងថ្មីលេខ៨០ ១០មើលទៅឃើញហើយ » ។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អួន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក សាយ សំអាល់ បានចេញសេចក្ដី ប្រកាសអន្ដរក្រសួងស្ដីអំពីការកែសម្រួលកម្រងសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី និងវិធាននីតិវិធីនៃការអនុវត្តចំណូល និងចំណាយថវិកាសម្រាប់ការងារចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធនៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ។
នៅក្នុងប្រកាសអន្ដរក្រសួងបបានកំណត់ឱ្យម្ចាស់ដីត្រូវបង់ពន្ធជូនរដ្ឋប្រភេទដីផលិតកសិកម្មក្នុងឃុំក្រៅទីរួមស្រុកតម្លៃ៣រៀលក្នុងមួយម៉ែត្រការ៉េ ដីផលិតកសិកម្មក្នុងឃុំទីរួមស្រុក៤រៀលក្នុងមួយម៉ែត្រការ៉េ ដីផលិតកសិកម្មក្នុងក្រុងប្រភេទខ៦រៀលក្នុងមួយម៉ែត្រការ៉េ ដីផលិតកសិកម្មក្នុងក្រុងប្រភេទក១២រៀលក្នុងមួយម៉ែត្រ ដីផលិតកសិកម្មនៅរាជធានីភ្នំពេញ២៥០រៀលក្នុងមួយម៉ែត្រការ៉េ ។
ដីលំនៅឋានឬដីសាងសង់ក្នុងឃុំក្រៅទីរួមស្រុក២០រៀលមួយម៉ែត្រការ៉េ ដីលំនៅឋានឬដីសាងសង់ក្នុងឃុំទីរួមស្រុក៣០រៀលមួយម៉ែត្រការ៉េ ដីលំនៅឋានឬដីសាងសង់ក្នុងក្រុងប្រភេទខ៤០រៀលមួយម៉ែត្រការ៉េ ដីលំនៅឋានឬដីសាងសង់ក្នុងក្រុងប្រភេទក២៥០រៀលមួយម៉ែត្រការ៉េ ដីលំនៅឋានឬដីសាងសង់នៅក្នុងរាជធានីភ្នំពេញ៥០០រៀលមួយម៉ែត្រការ៉េ ។
ពាក្យថា«ក្នុងក្រុងប្រភេទក»សំដៅដល់ក្រុងដែលបានបង្កើតដោយអនុក្រឹត្យមុនឆ្នាំ២០២១។ «ក្នុងក្រុងប្រភេទខ»សំដៅដល់ក្រុងដែលបានបង្កើតដោយអនុក្រឹត្យចាប់ពីឆ្នាំ២០២១ ។
……………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា