អង្គការក្រៅរដ្ឋាភិបាលមួយបានរកឃើញដីព្រៃរបស់រដ្ឋជាង៤០០ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ត្រូវបានអតីតមេឃុំត្រពាំងជោរគប់គិតគ្នាធ្វើឯកសារក្លែងក្លាយលក់ទៅឱ្យឯកជនធ្វើកម្មសិទ្ធិ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា អតីតមេឃុំត្រពាំងជោបានធ្វើឯកសារក្លែងក្លាយលក់ដីព្រៃទំហំជាង៤០០ហិកតា ទៅឱ្យឯកឧត្ដមម្នាក់នៅភ្នំពេញ តែលោកសុំមិនបញ្ចេញឈ្មោះព្រោះកំពុងស៊ើបអង្កេតបន្ត។
លោកបន្តថា ក្រោយពីលោកទទួលបានព័ត៌មាន និងឯកសារពីប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងជោលោកក៏បានចុះទៅពិនិត្យដោយផ្ទាល់ដល់ទីតាំងដីកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលោករកឃើញថាដីនោះជាដីព្រៃស្រោង មិនមែនជាដីចំការដូចនៅក្នុងលីខិតដែលអតីតមេឃុំត្រពាំងជោ បានចុះហត្ថលេខាទិញលក់នោះទេ ។
លោក ជា ហ៊ាន បន្ថែមថា លោក ទី យូ ត្រូវបានថ្នាក់ដឹកនាំដកសេចក្ដីទុកចិត្ដឈប់ឱ្យធ្វើមេឃុំមកជាសមាជិកឃុំវិញ។ លោកថា នៅក្នុងឆ្នាំ២០២១លោក ទី យូ ត្រឹមជាសមាជិកឃុំតែបានតាំងខ្លួនជាមេឃុំហើយចុះហត្ថលេខាលើលិខិតស្នើសុំកាន់កាប់ដីព្រៃរបស់រដ្ឋតាមសំណើររបស់ឯកឧត្ដមម្នាក់ ។
លោកលើឡើងថា៖ «ពួកគាត់បានក្លែងឯកសារយកឈ្មោះប្រជាពលរដ្ឋទន្រ្ទានលើដីរដ្ឋ។ ការចុះហត្ថលេខាគាត់ដាក់នៅឆ្នាំ២០០០ [នឹង] ២០១៨ ដល់ពេលយើងពិនិត្យទីតាំងដីនោះជាក់ស្ដែងគឺដីព្រៃស្រោង» ។
លោក ជា ហ៊ាន និយាយទៀតថា ករណីនេះលោកកំពុងស៊ើបអង្កេតស្រាវជ្រាវបន្ថែម ដើម្បីកសាងសំណុំរឿងប្ដឹងទៅតុលាការនៅក្នុងខែមេសាខាងមុខនេះ។ លោកថា កន្លងមកករណីក្លែងឯកសារទិញលក់ដីព្រៃរបស់រដ្ឋមិនមែនមានតែនៅក្នុងឃុំត្រពាំងជោតែមួយទេ គឺមានឃុំជាច្រើនទៀតនៅក្នុងស្រុកឱរ៉ាល់ ។
លោកយល់ថា ការធ្វើឯកសារក្លែងក្លាយ ដើម្បីយកដីរបស់រដ្ឋធ្វើជាកម្មសីទ្ធិនេះ គឺជារឿងខុសច្បាប់ ដែលតុលាការគួរតែបើកការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធទាំងអស់មកទទួលទោសតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ការទន្រ្ទានយកដីរបស់រដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ។
លោកលើកឡើងទៀតថា៖ «តុលាការគួរតែបើកការស៊ើបអង្កេតហើយហ្នឹងចាត់ការតាមផ្លូវច្បាប់ដើម្បីបញ្ជា នូវភាពមិនត្រឹមត្រូវ ទៅតាមនីតិវិធីច្បាប់ ឱ្យគាត់ទទួលទោសតាមផ្លូវច្បាប់។ បើតាមខ្ញុំអង្កេតមិនមែនមានតែឃុំហ្នឹងមួយទេមានឃុំជាច្រើនទៀតដែលពួកគាត់តែងតែក្លែងឯកសារអញ្ចឹងដើម្បីទន្រ្ទានដីរបស់រដ្ឋ» ។
មេឃុំត្រពាំងជោលោ ទេព ណែម បានធ្វើការបដិសេធមិនធ្វើការឆ្លើយតបសំណួររបស់ពលរដ្ឋអ្នកសារព័ត៌មានទេ ដោយលោកជំរុញឱ្យទៅសួរសមីខ្លួនដោយផ្ទាល់វិញ ។
លោកលើកឡើងថា៖ « អាហ្នឹងទាល់តែសួរទៅគាត់បានច្បាស់ខ្ញុំអត់ច្បាស់ដែរ» ។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពី អតីតមេឃុំត្រពាំងជោរ លោក ទី យូ បាននោះទេនៅថ្ងៃសុក្រនេះ ដោយទូរសព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។
នាយករងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់លោក ថន ចាន់ បានប្រាប់ថា ករណីនេះលោកមិនអាចផ្ដល់ព័ត៌មានបានទេ ។
លោកលើកឡើងថា៖ «ខ្ញុំអត់ទាន់ហ៊ានបំភ្លឺទេទាល់តែខ្ញុំឆ្លងទៅមេសិន» ។
ពលរដ្ឋអ្នកសារព័ត៌មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា បានទេទូរសព្ទចូលតែគ្មានអ្នកទទួល ។
កាលពីខែកក្ដដា ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្រ្ដីលោក ហ៊ុន សែន បានចេញអនុក្រឹត្យលេខ១៩៤ អនក្រ បក សម្រចពង្រីកផ្ទៃដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ពីចំនួន២៥៣ ៧៥០ហិកតា ទៅ២៥៨ ១៧២ ហិកតា ។ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្ថិតនៅក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ ខេត្ដកំពង់ឆ្នាំង និងខេត្ដពោធិ៍សាត់ មានជីវៈចំរុះកំពុងរស់នៅ ។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងឱ្យមន្ទីរបរិស្ថានរាជធានីខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិត្រូវអនុវត្តច្បាប់ឱ្យបាន១០០ភាគរយ ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស ។
នៅក្នុងសេចក្តីជូនដំណឹងនោះបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់រាល់ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំ កាន់ កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ ផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ ។
ក្រសួងបន្តថា បុគ្គលដែលបានប្រព្រឹត្តរអំពើកាប់គាស់ ឬរុករានឆ្ការដុត ឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ និងត្រូវប្រគល់ដីដែលខ្លួនកាន់កាប់នោះជូន រដ្ឋវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។
ក្រសួងបរិស្ថានអះអាងថា ក្រសួងបាននឹងកំពុងសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោម ជាតិ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដោយ អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន៕
……………………………………..
អត្ថបទដោយ៖ Vuth ពេលរដ្ឋអ្នកសារព័ត៌មាន