ពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល តវ៉ាជាថ្មីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី ក្រោយពីមានការប៉ះទង្គិចគ្នានាំឱ្យមានអំពើហិង្សាដាក់គ្នា និងការចាប់ខ្លួនអ្នកតវ៉ាដាក់ពន្ធនាគារ។
នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង បានបន្ដប្រមូលផ្ដុំគ្នានៅមុខសាលាឃុំអំពៅព្រៃ ដើម្បីស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចេញមុខ និងស្វែងរកដំណោះស្រាយទាក់ទងនឹងរឿងដីសហគមន៍ជាង៦០ហិតា ដោយភាគីពលរដ្ឋចោទថា អាជ្ញាធរមិនបានជួយអើពើ និងដោះស្រាយជូនពលរដ្ឋឡើយ។
ពលរដ្ឋម្នាក់ដែលអះអាងជាតំណាងពលរដ្ឋមានជម្លោះដីធ្លី លោក ភោគ ផាន់នី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា មុននឹងពលរដ្ឋប្រមូលផ្ដុំគ្នាតវ៉ាមុខសាលាឃុំ គឺក្រុមពលរដ្ឋមានជម្លោះដីធ្លីបានដាក់ញាត្តិជូនលោកអភិបាលស្រុកចំនួន ២ដងមកហើយ ប៉ុន្ដែមិនមានដំណោះស្រាយសមស្របជូនភាគីពលរដ្ឋឡើយ។
លោកបន្ដថា៖ «ម្ដងថ្ងៃនេះ ម្ដងថ្ងៃនោះ គ្មានច្បាស់លាស់អីឡើយ។ សុំកុំឱ្យអាជ្ញាធរមូលដ្ឋានគេចវេសធ្វើអី ចូលមកជួបប្រជាពលរដ្ឋមក បើនៅតែគេចវេស រឿងនៅតែបន្ដរហូត។ បើនៅតែគ្មានដំណោះស្រាយទេ លោកនៅតែដឹកនាំប្រជាពលរដ្ធធ្វើកូដកម្មបន្ដនៅសាលាឃុំពេញមួយអាទិត្យ នេះបើតាមការបញ្ជាក់របស់លោក»។
អ្នកមានជម្លោះដីធ្លីម្នាក់ទៀត អ្នកស្រី ឯម សារុំា ប្រាប់ថា អាជ្ញាធរមូលដ្ឋានគួរសហការល្អជាមួយប្រជាពលរដ្ឋ និងដោះស្រាយបញ្ហារបស់ពលរដ្ឋ កុំដើម្បីតែសន្លឹកឆ្នោត។ អ្នកស្រីចោទថា កន្លងមក អាជ្ញាធរបានជាប់ពាក់ព័ន្ធនឹងការរកដីទុកឱ្យក្រុមហ៊ុន ដោយមិនការពារផលប្រយោជន៍ពលរដ្ឋឡើយ។
អ្នកស្រីបន្ដថា៖ «កុំទាល់តែពេលជិតបោះឆ្នោត ទើបបម្រើពួកគាត់។ អាជ្ញាធរបានឃុំគប់គិតគ្នាលក់ដីទៅឱ្យក្រុមហ៊ុនព្រលានយន្ដហោះដោយមិនឱ្យពួកគាត់ដឹង យកលុយចែកគ្នា ទើបបានជាពួកគាត់គេចវេសអីចឹង។ ដីនេះគឺពួកយើងនាំគ្នាធ្វើស្រែកូនតចៅច្រើនជំនាន់មកហើយ។ ខ្ញុំធ្វើស្រែលើដីហ្នឹង ៣កន្លែង និយាយរួមទៅគឺខ្ញុំភូមិសាស្រ្ដនេះច្បាស់លាស់ណាស់»។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM បានសួរបញ្ជាក់មេឃុំអំពៅព្រៃ លោក ណុប ណាន់ ដើម្បីបញ្ជាក់បន្ថែម ប៉ុន្ដែលោកមិនលើកទូរសព្ទឡើយ គិតមកដល់ម៉ោងចេញផ្សាយនេះ។
យ៉ាងណាក៏ដោយ ភាគីពលរដ្ឋអះអាងថា ពួកគេស្នើសុំឱ្យខាងអាជ្ញាធរគិតគូរសំណងឱ្យបានសមរម្យទាក់ទងនឹងដីសហគមន៍ចំនួន ៦០ហិតា ដោយស្នើសុំក្នុងតម្លៃ៨ ដុល្លារក្នុង១ម៉ែត្រការ៉េប៉ុណ្ណោះ។
ការតវ៉ាជាថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងមួយ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ដែលនាំឱ្យមានការប្រើប្រាស់អំពើហិង្សាដាក់គ្នារវាងសមត្ថកិច្ច និងពលរដ្ឋមានជម្លោះដីធ្លី ដែលឈានដល់មានការចាប់ខ្លួនអ្នកតវ៉ាដាក់ពន្ធនាគារផងនោះ។
កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង១លានម៉ែត្រការ៉េ៕
—————————
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន CCIM ខេត្តកណ្ដាល