តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមដោយសម្រេចផ្តន្ទាទោស លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដាក់ពន្ធនាគារចំនួន៤ឆ្នាំ ពាក់ព័ន្ធនឹងបទមិនរាងចាល (ញុះញង់) ករណីលោកអធិប្បាយពីរឿងព្រំដែនកម្ពុជា-វៀតណាម នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។
ការប្រកាសសាលក្រមនៅថ្ងៃនេះ បានធ្វើឡើងក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការសួរដេញដោលលើសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម (ការមិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹម)» កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន បានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៥ ខែឧសភានេះ បានផ្តន្ទាទោសកូនក្ដីលោកដាក់ពន្ធនាគារចំនួន៤ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ព្រមទាំងដកសិទ្ធិពលរដ្ឋជាស្ថាពរ ដោយហាមមិនឱ្យលោក រ៉ុង ឈុន ឈរឈ្មោះឱ្យគេបោះឆ្នោត និងដកសិទ្ធិបោះឆ្នោត។
លោកយល់ឃើញថា ការផ្តន្ទាទោសនេះ «ជារឿងអយុត្តធម៌»។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានប្រាប់ថា ការសម្រេចផ្ដន្ទាទោសលោកពីសំណាក់តុលាការជារឿងអយុត្តិធម៌ ព្រោះវាជាការចោទប្រកាន់ផ្ទុយពីការពិត។
លោកថា៖ «សេចក្ដីសម្រេចហ្នឹង ជារឿងមួយមិនអាចទទួលយកបាន ហើយជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ។ ពីព្រោះយើងដឹងហើយការធ្វើអ្វីៗ ដែលនៅក្នុងអង្គហេតុយកមកចោទប្រកាន់ខ្ញុំហ្នឹង មិនឆ្លុះបញ្ចាំងការពិត។ ព្រោះយើងដឹងថា អ្នកនយោបាយតែងតែជួបជនរងគ្រោះ ជនទន់ខ្សោយជាពលរដ្ឋ ហើយបែរជាយើងចុះជួបចោទប្រកាន់ថាញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ហើយមិនរៀងចាល វាជាការចោទប្រកាន់ផ្ទុយពីការពិត»។
លោកបន្តថា ការសម្រេចនេះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់លោក ក្នុងនាមជាអ្នកនយោបាយ និងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ ខណៈលោកថាសាធារណៈមតិជាតិ និងអន្តរជាតិយល់ថា ករណីនេះជារឿងនយោបាយ។
លោកថា៖ «យើងឃើញថាវាប៉ះពាល់ដំណើរប្រជាធិបតេយ្យ អ្នកដែលមានមតិផ្ទុយឬបក្សប្រឆាំង ឱ្យតែអ្នកណាមានប្រជាប្រិយភាពត្រូវតែទទួលរងបញ្ហាផ្លូវច្បាប់។ ហើយអ្នកក៏មើលឃើញថា វាមិនមែនជារឿងការអនុវត្តច្បាប់ជាពិសេសអន្តរជាតិ ក៏ដូចជាអង្គការជាតិគេមើលឃើញថាវាជារឿងនយោបាយច្រើនជាង»។
តែយ៉ាងណា លោក រ៉ុង ឈុន បានគូសបញ្ជាក់ថា លោកនឹងជជែកជាមួយមេធាវីរបស់លោកបន្ថែមទៀត ជុំវិញនីតិវិធីបន្តក្នុងការប្តឹងទៅសាលាឧទ្ធរណ៍ ប្រឆាំងនឹងសាលក្រមរបស់តុលាការជាន់ទាបនេះ បើទោះជាលោកមិនមានជំនឿទៅលើប្រព័ន្ធតុលាការថានឹងផ្តល់យុត្តិធម៌ឱ្យរូបលោកក៏ដោយ។
គណបក្សកម្លាំងជាតិ នៅថ្ងៃទី៥ ខែឧសភានេះ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងនូវការសោកស្តាយ និងបានចាត់ទុកសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះ ថាជារឿងអយុត្តិធម៌សម្រាប់លោក រ៉ុង ឈុន។
សេចក្ដីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «គណបក្សកម្លាំងជាតិយល់ឃើញថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ជាការសម្រេចសេចក្ដីយ៉ាងអយុត្តិធម៌ និងមានលក្ខណៈនយោបាយ ដោយសាតែលោកគ្រូ រ៉ុង ឈុន មិនមានកំហុសដូចការចោទប្រកាន់ ហើយការផ្តន្ទាទោសនេះ នឹងធ្វើឱ្យមតិជាតិ និងអន្តរជាតិ កាន់តែមើលឃើញថា កម្ពុជាកំពុងតែដើរផ្ទុយ ពីគោលការណ៍ប្រជាធិបតេយ្យដោយបង្កើតឱ្យមានបរិយាកាសនយោបាយមិនល្អ មុនការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនអាចសុំការឆ្លើយតបបានទេ នៅរសៀលថ្ងៃទី៥ ខែឧសភានេះ។
ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ(LICADHO) យល់ឃើញថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ជាការបំបិទសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ លោក រ៉ុង ឈុន។
លោកមានប្រសាសន៍ថា៖ «នេះជាការដាក់សម្ពាធ និងបំបិទសិទ្ធិពលរដ្ឋ និងនយោបាយរបស់ លោក រ៉ុង ឈុន បន្ថែមទៀត ដែលកន្លងមកយើងឃើញថា ករណី លោក រ៉ុង ឈុន មុនៗ មានការលើកឡើង និងការរិះគន់ជាច្រើនពីសហគមន៍អន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើការរិតត្បិតសេរីភាពជាមូលដ្ឋាន លំហរសេរីភាពនយោបាយ […] ដូច្នេះករណីលោក រ៉ុង ឈុន នេះគឺអាចបន្ថែមការរិះគន់លើបញ្ហានេះបន្ថែម និងលំហរប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដូចគ្នាផងដែរ ព្រោះប្រទេសដែលប្រកាន់ប្រជាធិបតេយ្យ ពលរដ្ឋមានសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត»។
ក្រៅពីសំណុំរឿងនេះ លោក រ៉ុង ឈុន ក៏រងនូវបណ្តឹងផ្សេងទៀតដែរ ក្នុងនោះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសរូបលោក ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពិន័យជាប្រាក់ចំនួន២លានរៀល និងសងទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន ៤០០លានរៀល។ តែយ៉ាងណា សាលាឧទ្ធរណ៍ បានកាត់តម្រឹមទោសពី ២ឆ្នាំមកឱ្យអនុវត្តតែ ១៥ខែ ១១ថ្ងៃ ក្នុងពន្ធនាគារ ដែលទោសនៅសេសសល់ចំនួន៨ខែ ១៩ថ្ងៃត្រូវបានព្យួរ ក៏ប៉ុន្តែលោក រ៉ុង ឈុន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល៣ឆ្នាំ និងជាប់បម្រាមតុលាការមួយចំនួន៕
………………………….
អត្ថបទដោយ៖ អ៊ួក ចាន់ធីដា