របាយការណ៍របស់ពលរដ្ឋអ្នកសារព័ត៌មាន
សកម្មជនតវ៉ាដីធ្លីបឹងតាមោក៧រូប ត្រូវបានសាលាដំបូងក្រុងភ្នំពេញចេញដីកាកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺជាបន្តបន្ទាប់ ក្រោយការចោទប្រកាន់ពីបទ រារាំង និងញុះញង់បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ខណៈពួកគាត់បានចាត់ទុកថា ការចេញដីកាបែបនេះវាជាអយុត្តិធម៌ណាស់សម្រាប់ពួកគាត់។
ប្រធានសហគមន៍បឹងតាមោក អ្នកស្រី ផន សុខុម អាយុ៥១ឆ្នាំ រស់នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្នកស្រីមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សាលាដំបូងនោះទេ ហើយជារឿងអយុត្តិធម៌ជាទីបំផុតសម្រាប់អ្នកស្រី គ្រាន់តែតវ៉ាដីធ្លីរបស់ខ្លួនឯង បែរជាត្រូវរងបណ្ដឹងបែបនេះ។
អ្នកស្រី សុខុម បន្ដថា៖«ខ្ញុំយល់ឃើញថា ពួកខ្ញុំអត់មានអីធ្វើល្មើសផង ពាក្យដែលគាត់[តុលាការ] ចោទប្រកាន់ខ្ញុំ ខ្ញុំអត់ដែលបានប្រព្រឹត្តផង ហើយតាំងពី២០១៩មក ខ្ញុំមិនដែលឲ្យអាជ្ញាធរឈឺក្បាលដោយសារខ្ញុំផង គ្រាន់តែពួកខ្ញុំឈរនៅតាមផ្លូវដើម្បីអំពាវនាវឲ្យថ្នាក់ដឹកនាំនិងអ្នកពាក់ព័ន្ធគាត់ជួយដោះស្រាយសោះនិងមើលឃើញ បែរជាជាត្រូវរងការចោទប្រកាន់បែបនេះ វាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ»។
ប្រជាសហគមន៍ម្នាក់ទៀត គឺអ្នកស្រី ប្រាក់ សុភា អាយុ៤២ឆ្នាំ រស់នៅសង្កាត់សំរោងដែលបានចូលបំភ្លឺនៅសាលាដំបូងកាលពីម្សិលមិញបានឲ្យដឹងថា ពេលដែលអ្នកស្រីមកបំភ្លឺនៅតុលាការទើបដឹងថា វាបំភ្លៃ វាអយុត្តិធម៌ អ្នកស្រីថា ការចោទប្រកាន់នៅក្នុងដីកាកោះហៅគឺមិនសូវជាអីទេ ប៉ុន្ដែការនិយាយនៅក្នុងតុលាការព្រឹកមិញនេះ គឺហួសនិងថ្លែង បើសិនជាគ្មានមេធាវី គឺអាចនឹងមានការចាប់ខ្លួនរបស់អ្នកស្រីតាមការនិយាយរបស់ព្រះរាជអាជ្ញានិងចៅក្រម។
អ្នកស្រីបន្ថែមថា៖«ចំពោះអារម្មណ៍ខ្ញុំហ្មងអូន ខ្ញុំចង់និយាយថា វាអយុត្តិធម៌សម្រាប់ពួកខ្ញុំ៧នាក់ណាស់ ហើយខ្ញុំមិនដឹងនិយាយអីក្រៅពីពាក្យថា អយុត្តិធម៌ហ្នឹងអូន ហើយឈឺចាប់ណាស់ពួកខ្ញុំទៅ១០៨នាក់ ១០៨ខ្នងផ្ទះ ប៉ុន្ដែខាងសាលាខណ្ឌតែងតែស្នើថា សុំឲ្យមានតំណាង ហេតុអីពេលតំណាងចូលទៅចចារបែរជាប្ដឹងពួកខ្ញុំជាតំណាងទៅវិញ ខ្ញុំឈឺចាប់ណាស់អូន»។
អ្នកស្រី ខេន សាអយ អាយុ៣៧ឆ្នាំ រស់ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលចូលបំភ្លឺនៅថ្ងៃទី៤ ខែសីហា បានរៀបរាប់ថា អ្នកស្រីមានការសោកស្ដាយចំពោះការចេញដីកាដែលបានចោទពីបទរារាំងនិងញុះញង់ និងបង្កបញ្ហាអនាធិបតេយ្យ។ អ្នកស្រីថា ការចោទនេះហាក់ដូចជាដាក់បន្ទុកមកកាន់អ្នកស្រីកាន់តែធ្ងន់បន្ថែមទៀត ទាំងមិនបានប្រព្រឹត្ត។
អ្នកស្រីបានសង្កត់ធ្ងន់ថា៖«ខ្ញុំសុំបដិសេធ ពីព្រោះពួកខ្ញុំអត់បានញុះញង់ទេ ពួកខ្ញុំ១០៨ខ្នងផ្ទះហ្នឹង គឺងើបឈរទាំងអស់គ្នា ពីព្រោះអាជ្ញាធរខណ្ឌព្រែកព្នៅដោះដូរឲ្យពួកខ្ញុំ ទៅនៅកន្លែងផ្សេង ប៉ុន្ដែពួកខ្ញុំអត់ព្រមទៅ ហើយពួកខ្ញុំហែរតាមទេ មិនបានបិទផ្លូវដូចការចោទប្រកាន់របស់តុលាការទេ»។
ពលរដ្ឋអ្នកសារព័ត៌មានយើង មិនអាចសុំការអធិប្បាយពីលោក លី សុចិត្រា ជាមេធាវីការពារក្ដីឲ្យសកម្មជនតវ៉ាដីធ្លីបឹងតាមោកបានទេ ដោយហៅចូលប៉ុន្ដែគ្មានអ្នកលើក។
ពលរដ្ឋអ្នកសារព័ត៌យើងក៏មិនអាចសុំការបំភ្លឺពីដើមបណ្ដឹងគឺ លោក មាស សម្បូរ បានទេ ដោយមិនមានបណ្ដាញទំនាក់ទំនង។
រីឯអ្នកនាំពាក្យសាលាដំបូងក្រុងភ្នំពេញ លោក អី រិន្ទ ក៏មិនមានការឆ្លើយបំភ្លឺណាមួយដែរ ពាក់ព័ន្ធករណីខាងលើ ដោយពលរដ្ឋអ្នកសារព័ត៌មានបានហៅតាមទូរសព្ទផង និងផ្ញើសារជាសំឡេងតាមប្រព័ន្ធតេលេក្រាមផង គ្រាន់ចូលមើល ប៉ុន្ដែលោកមិនតប។
យ៉ាងណាក្ដីប្រធានអង្គការអាដហុក លោក នី សុខា បានថ្លែងថា រូបភាពនៃបញ្ហាដីធ្លីនេះ គឺវាហាក់ដូចជាកើតមានឡើងដដែលៗ ហើយមិនមែនតែនៅក្រុងភ្នំពេញនោះទេ នៅតាមបណ្ដារខេត្តមួយចំនួនក៏មានដូចគ្នា។ ឲ្យតែមានប្រជាពលរដ្ឋមានបញ្ហារងគ្រោះដោយសារដីធ្លី ពួកគាត់តែងតែនាំគ្នាតវ៉ា និងធ្វើបាតុកម្មទៅនិងការរំលោភបំពានហ្នឹង ពួកគាត់តែងរងការចោទប្រកាន់តុលាការជារឿយៗ ដែលតែងតែប្រើប្រាស់រូបភាពនៃប្រព័ន្ធតុលាការហ្នឹង ដើម្បីគ្រាន់តែជាឧបករណ៍មួយក្នុងការដាក់សម្ពាធឬក៏រារាំងទប់ស្កាត់ បំភិតបំភ័យមិនឲ្យប្រជាពលរដ្ឋហ្នឹងមានការតវ៉ា។
លោក សុខា បន្ដថា៖«សម្រាប់ខ្ញុំជាសង្គមស៊ីវិលខ្ញុំថា បញ្ហាទំនាស់ដីធ្លីនេះ គួរតែយើងរកវិធានការក្នុងការដោះស្រាយ។ ទី១គឺយើងត្រូវចុះទៅប្រមូលព័ត៌មានអង្កេតឲ្យបានសព្វគ្រប់ ហើយអ្នកចុះទៅអង្កេតត្រូវតែជាអ្នកឯករាជ្យឲ្យបានត្រឹមត្រូវ ថាតើ ដីហ្នឹងគាត់កាន់កាប់យ៉ាងមិច?ពីពេលណាមក? ហើយរកវិធីដោះស្រាយមក ជាជាងយើងការប្រើប្រាស់ប្រព័ន្ធតុលាការដោយមិនទាន់ដឹងអីផង ហើយទៅធ្វើការចោទប្រកាន់អ្នកតវ៉ា អ៊ីចឹងខ្ញុំគិតថាវារូបភាពមួយមិនល្អទេ ហើយវាបង្ហាញអំពីការប្រើប្រាស់នៃយន្ដការតុលាការហ្នឹងដើម្បីធ្វើការគំរាមកំហែង បំបាក់ស្មារតីលើអ្នកតវ៉ាទៅវិញទេ»។
បើតាមប្រធានគម្រោងសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការធាងត្នោត លោក ស៊ាង មួយឡៃ មានប្រសាសន៍ថា ចំពោះករណីដែលតុលាការបានចេញដីកាកោះហៅប្រជាពលរដ្ឋនៅបឹងតាមោក លោកមានការសោកស្ដាយនិងមិនគួរណាអាជ្ញាធរប្រើវិធានការច្បាប់ឬក៏តុលាការក្នុងការបន្ថែមបន្ទុកទៀតទៅលើប្រជាពលរដ្ឋ។ ពីព្រោះមែនទែនទៅដើមហេតុដំបូងពាក់ព័ន្ធជាមួយនឹងដីបឹងតាមោកហ្នឹង ដោយសារតែពួកគាត់មានបញ្ហាដីធ្លីនិងផ្ទះសំបែង និងមានបញ្ហាប្រឈមនិងការបណ្ដេញចេញ ខណៈដែលដីពួកគាត់បើតាមមើលជាក់ស្ដែងហ្នឹង មិនមែនស្ថិតនៅដីសាធារណៈរបស់រដ្ឋទេ។
លោក មួយឡៃ បន្ដថា៖«ពួកគាត់គ្មានលទ្ធភាពក្នុងការប្រើប្រាស់យន្ដការច្បាប់ឬក៏ស្គាល់អ្នកធំអីបន្ដទៀត ដើម្បីឲ្យគាត់ជួយអន្ដរាគមន៍ទេ អ៊ិចឹងពួកគាត់មានតែប្រព័ន្ធផ្សព្វផ្សាយ មានតែការកៀងគរកម្លាំងនៅក្នុងការមូលដ្ឋានហ្នឹង ធ្វើមិចឲ្យសម្លេងពួកគាត់បានដល់ថ្នាក់ដឹកនាំ»។លោកបន្ថែមថាទៀតថា៖«កាលណាប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិសេរីភាពក្នុងការសម្ដែងមតិ ដើម្បីឲ្យយើងគិតគូរដោះស្រាយ ខ្ញុំគិតថាអត់គួរណាអាជ្ញាធរប្រើវិធានការច្បាប់ឬក៏ប្រព័ន្ធតុលាការដើម្បីដាក់បន្ទុកឬក៏ទណ្ឌកម្មលើប្រជាពលរដ្ឋទេ»។
យោងតាមដីការរបស់តុលាការដំបូងក្រុងភ្នំពេញ បានកោះហៅសកម្មជនតវ៉ាដីធ្លី៧រូបដែលជាតំណាងប្រជាពលរដ្ឋ១០៨ខ្នងផ្ទះនិង២៥០គ្រួសារឲ្យចូលបំភ្លឺនៅសាលាដំបូង និងចោទពីបទ រារាំងនិងញុះញង់ និងបង្កអានាធិបតេយ្យលើផ្លូវសាធារណៈ តាមបណ្ដឹងរបស់ លោក មាស សម្បូរ ដែលប្រព្រឹត្តនៅកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២កន្លងមក។ ហើយកន្លងមក ប្រជាពលរដ្ឋបឹងតាមោក១០៨ខ្នងផ្ទះ និង២៥០គ្រួសារតែងតែនាំគ្នាតវ៉ានិងដាក់ទៅរដ្ឋសភានិងខុទ្ទការិយាល័យរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីស្នើសុំកិច្ចអន្ដរាគមន៍និងស្នើសុំកុំឲ្យមានការបណ្ដេញពួកគាត់ចេញពីទីតាំងចាស់ ទៅទីតាំងថ្មី ប៉ុន្ដែនៅតែគ្មានការឆ្លើយតបណាមួយនោះទេ។
យោងតាមរបាយការណ៍របស់សមាគមធាងត្នោតបានបង្ហាញថា ដីបឹងតាមោកឬបឹងទំនប់កប់ស្រូវប្រមាណជាង៦០% ត្រូវបានរដ្ឋាភិបាលកាត់ទៅឲ្យវិស័យឯកជន និងស្ថាប័នរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិដែលធ្វើឲ្យទំហំផ្ទៃបឹងនៅសល់តែជាង១០០០ហិកតាប៉ុណ្ណោះ ខណៈទំហំផ្ទៃបឹងទាំងមូលមានជាង៣២០០ហិកតា។ មានន័យថា រដ្ឋាភិបាលបានកាត់ដីបឹងតាមោកជាង ២០០០ហិកតា ស្របពេលដែលប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ស្មើនិង១០៨ខ្នងផ្ទះ ត្រូវបានបណ្ដេញចេញទៅកាន់ទីតាំងថ្មី។ តាមរបាយការណ៍ដដែលបានអះអាងថា ដីបឹងតាមោកឬបឹងទំនប់កប់ស្រូវនេះ រដ្ឋាភិបាលធ្លាប់បានកាត់ទៅឲ្យវិស័យឯកជនចំនួន៤៣ដងរួចមកហើយ៕
…………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល