អ្នកនយោបាយ និងអ្នកចិញ្ចឹមសត្វមួយចំនួនបានសាទរចំពោះរដ្ឋាភិបាលដែលប្រកាសឱ្យផ្អាកការនាំចូលសាច់បង្កកនៅពេលនេះ ប៉ុន្តែពួកគេថា វិធានការនេះនឹងពុំមានប្រសិទ្ធឡើយ ប្រសិនបើអំពើពុករលួយ ការគប់គិតគ្នានៅតែបន្តកើតមាន។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រសួងចំនួន២រួមមានក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទបានចេញសេចក្ដីប្រកាសមួយដោយហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កកចូលមកកម្ពុជារយៈពេល៦ខែ ដោយចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ស្ថាបនិកគណបក្សកម្លាំងជាតិលលោក ស៊ុន ចន្ធី បានសាទរចំពោះវិធានការរបស់រដ្ឋាភិបាលដែលឱ្យផ្អាកការនាំសាច់បង្កកនេះ។ លោកថា ការផ្អាកនេះវាបានផ្តល់ក្ដីសង្ឃឹមឡើងវិញសម្រាប់ប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមសត្វនៅក្នុងស្រុក បើទោះបីមានរយៈពេលខ្លីក៏ដោយ។
យ៉ាងណា អ្នកនយោបាយរូបនេះ មិនមានជំនឿថា រដ្ឋាភិបាល និងមន្រ្ដីថ្នាក់ក្រោមអនុវត្តវិធានការនេះមានប្រសិទ្ធភាពនោះទេ ដោយសារការអនុវត្តច្បាប់ធូរលុង និងការគប់គិតគ្នារបស់មន្ត្រីថ្នាក់ក្រោម។
លោកបន្ថែមថា៖ « បិទនាំចូលសាច់បង្កករយៈពេល៦ខែពីក្រៅប្រទេស ប៉ុន្តែសាច់បង្កកដែលបាននាំចូលមកហើយកំពុងតែក្លាស់សេនៅក្នុងស្រុកដែលមានបរិមាណច្រើន មានន័យថា វាដូចតែសាច់បង្កកដែលបាននាំចូលដដែលទេ។ ទំរាំដល់៦ខែបានសាច់បង្កកដែលបានរក្សាទុកនៅក្នុងស្តុកប្រចាំឃ្លាំងនីមួយៗបានប្រើប្រាស់អស់។ ខ្ញុំយល់ថា មិនសូវមានប្រសិទ្ធភាពប៉ុន្មានទេ ប៉ុន្តែវាល្អប្រសើជាងមុនខ្លះដែលយើងមានវិធានការចាប់ផ្ដើម»។
កសិករម្នាក់នៅខេត្ដស្វាយរៀងអ្នកស្រី ស សាម៉េត យល់ថា វិធានការរបស់រដ្ឋាភិបាលនៅពេលនេះវាបានហួសពេលទៅហើយ ដោយថា កសិករបានខាតលុយជាច្រើន ដោយកសិករខ្លះទៀតបានបោះបង់ការចិញ្ចឹមសត្វទាំងស្រុងទៅហើយដោយសារតម្លៃសត្វគោ ក្របី ជ្រូកមានតម្លៃថោកខ្លាំងពេក។
កសិករវ័យ៤១ឆ្នាំរូបនេះបន្តថា ប្រាប់វិធានការនេះមិនមានប្រសិទ្ធភាពនោះទេ ព្រោះថា មន្រ្ដីនគរបាលការពារព្រំដែនមួយចំនួនដែលប្រចាំនៅតាមច្រករបៀងនីមួយៗចាំតែយកលុយពីឈ្មួញដែលរកស៊ីនាំទំនិញចេញចូលប្រទេសកម្ពុជា ដោយមិនបានត្រួតពិនិត្យមើលថា ទំនិញណាដែលរដ្ឋាភិបាលអនុញ្ញាតឱ្យនាំចូល ឬមិនឱ្យនាំចូលនោះទេ។
អ្នកស្រីបន្ថែមថា កាលពីឆ្នាំ២០១៨ អ្នកស្រីបានចិញ្ចឹមជ្រូកមានចំនួន១០ក្បាល ហើយលក់ជ្រូកបានតម្លៃខ្ពស់ និងបានចំនណញច្រើន ដោយតម្លៃជ្រូករស់បានកើនឡើងដល់មួយម៉ឺនប្រាំរយ (១០ ៥០០រៀល) ក្នុងមួយគីឡូក្រាម។ ចំណែកសត្វគោរស់ដែលមានអាយុចាប់ពីមួយខួបទៅមួយខួបកន្លះតម្លៃចាប់ពីមួយលានប្រាំមួយសែន (១ ៦០០ ០០០រៀល) ទៅពីលាន(២ ០០០ ០០០រៀល) ក្នុងមួយក្បាល។
ប៉ុន្តែអ្នកស្រីថា ចាប់តាំងពីចុងឆ្នាំ២០២២ និង២០២៣មក គឺតម្លៃជ្រូក និងគោរស់ចាប់ផ្ដើមធ្លាក់ថ្លៃបន្តិចម្ដងៗ រហូតតម្លៃជ្រូករស់ពីមួយម៉ឺនប្រាំរយ (១០ ៥០០រៀល) មកដល់ប្រាំមួយពាន់ប្រាំរយ (៦ ៥០០រៀល) ក្នុងមួយគីឡូនាពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យអ្នកចិញ្ចឹមសត្វខាតបង់ប្រាក់ជាច្រើន។
អ្នកស្រីបន្ថែមថា៖ « បើនិយាយឱ្យចំទៅគ្មានលុយគ្មានកាក់ យើងលក់មិនចេញ លក់ទៅវាមានតែខាត ហើយខាតជាន់ខាតលក់មិនចេញ។ ចេញហើយខាតទៀត ខាតហើយជួបបញ្ហាគោឈឺ យើងមិនដឹងគោឈឺរបៀបមិចក៏ជួបគោងាប់ ឬក្របីងាប់វាជួបច្រើនណាស់។ បើគោក្របីឡើងថ្លៃតែបើងាប់មួយពីវាមិនសូវបញ្ហាខាតបបន្តិបន្តួច វាមិនអីទេ។ យើងមានកម្លាំងទៅមុខទៀត។ ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលជួយ ខ្ញុំជាប្រជាពលរដ្ឋផង ព្រោះអីរាល់ថ្ងៃសង្ឃឹមលើការចិញ្ចឹមសត្វ »។
កសិករម្នាក់ទៀត លោក ហេង សម្ភស្ស ចង់ឱ្យរដ្ឋាភិបាលទប់ស្កាត់ការនាំចូលសាច់បង្កកមានរយៈពេលវែង និងមានប្រសិទ្ធភាពខ្ពស់ ហើយជំរុញលើកទឹកចិត្ដដល់កសិករក្នុងស្រុកឱ្យចិញ្ចឹមសត្វឡើងវិញ ដោយជួយរកទីផ្សារជូនកសិករដោយធ្វើយ៉ាងណាឱ្យតម្លៃជ្រូករស់បានប្រាំបួនពាន់ (៩ ០០០រៀល) នៅក្នុង១គីឡូក្រាម ។
កសិករវ័យ៤៧ឆ្នាំរូបនេះបន្តថា លោកមានសង្ឃឹមតិចតួចណាស់ចំពោះវិធានការរបស់រដ្ឋាភិបាលនៅពេលនេះ ហើយថា វិធានការនេះមិនអាចជួយឱ្យតម្លៃសត្វចិញ្ចឹមរបស់កសិករខ្មែរទទួលបានតម្លៃខ្ពស់នោះទេ ដោយថា តម្លៃជ្រូកគោក្របីស៊ីសង់ទៅតាមមាត់របស់ឈ្មួញជាអ្នកដាក់តម្លៃឱ្យ។ លោកថា កាលពីដើមខែមករាឆ្នាំ២០២៤នេះ លោកបានលក់គោមួយក្បាល់បានតម្លៃត្រឹមតែប្រាំមួយសែន (៦០០ ០០០រៀល)ប៉ុណ្ណោះ។
លោកបន្ថែមថា៖«រាជរដ្ឋាភិបាលជួយត្រួតពិនិត្យមើលផងតាមច្រកព្រំដែន ឱ្យគាត់ទប់ស្កាត់ឱ្យមែនទែន ដើម្បីដុះឡើងតម្លៃ [សត្វចិញ្ចឹម] ក្នុងទីផ្សាររបស់យើងបើមិនអញ្ចឹងទេប្រជាពលរដ្ឋកាន់តែខ្សោយទៅៗ […] កាលជ្រូកនៅថ្លៃខ្ញុំចិញ្ចឹមជ្រូកមេជាង១០ហើយជ្រូកសាច់២០ក្បាលដល់ឥឡូវខ្ញុំលែងហ៊ានចិញ្ចឹមព្រោះអីខ្ញុំចិញ្ចឹមទៅ [តម្លៃ] កាន់តែធ្លាក់ចិញ្ចឹមទៅកាន់តែចំពាក់គេទៅៗដល់ចឹងខ្ញុំលែងហ៊ានចិញ្ចឹម។ ឡូវជ្រូកមេនៅ៥ក្បាលជ្រូកសាច់នៅ៣ក្បាលលែងហ៊ានចិញ្ចឹមច្រើន »។
អ្នកជំនួញផ្នែកកសិកម្ម និងចិញ្ចឹមសត្វលោក ឧកញ៉ា ម៉ុង ឬទ្ធី ធ្លាប់លើកឡើងថា តម្លៃសត្វក្នុងស្រុកធ្លាក់ចុះគឺដោយសារការនាំសាច់បង្កកច្រើនហួសហេតុ។
លោក ឧកញ៉ា ម៉ុង ឬទ្ធី បន្តថា ការនាំចូលសាច់បង្កកដែលមានគុណភាពទាប និងគ្មានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទុកដាក់គ្រប់គ្រាន់ ហើយមិនបានត្រួតពិនិត្យគុណភាពឱ្យបានត្រឹមត្រូវ ដោយយកមកដាក់លក់នៅលើទីផ្សារមានតម្លៃទាបហួសប្រមាណ គឺកំពុងតែបំផ្លាញវិស័យចិញ្ចឹមសត្វនៅកម្ពុជា និងបំផ្លាញសុខភាពប្រជាពលរដ្ឋកម្ពុជា ដោយសារប្រជាពលរដ្ឋមិនបានដឹងថា សាច់ដែលមានតម្លៃថោកនោះជាសាច់មានគុណភាពល្អ ឬមិនល្អឡើយ។
លោកលើកឡើងថា៖ « ជាអកុសលវិស័យចិញ្ចឹមសត្វនៅកម្ពុជាកំពុងជួបនឹងវិបត្តិធ្ងន់ធ្ងរនៅឆ្នំា២០២៣នេះ។ កត្តាចំម្បងនៃវិបត្តិមិនមែនបណ្តាលមកពីផលប៉ះពាល់ពីជំងឺកូវីដ១៩ ឬសង្គ្រាមរវាង រុស្ស៊ី អ៊ុយក្រែន,សង្គ្រាមអ៊ីស្រាអែលនិងប៉ាឡេស្ទិននោះទេ គឺបណ្តាលមកពីការនាំចូលសាច់បង្កកដែលមានគុណភាពទាបខុសប្រក្រតីជាច្រើនមកលក់នៅលើទីផ្សារតូច-ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ការនាំចូលសាច់បង្កកដែលមានគុណភាពទាប» ។
ប្រធានសមាគមសម្ព័ន្ធសហគមកសិករកម្ពុជាលោក ថេង សាវឿន មើលឃើញថាការផ្អាករយៈពេល៦ខែមិនឱ្យនាំចូលសាច់បង្កកនេះជាការធ្វើតេស្តសាកល្បងសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់សាច់លើកទីផ្សារនៅក្នុងស្រុកតែប៉ុណ្ណោះ។
លោក ថេង សាវឿន លើកឡើងថា ការផ្អាកការនាំចូលសាច់បង្កកនេះ វាជាឱកាសសម្រាប់កសិករ ឬអ្នកផ្គត់ផ្គង់សាច់នៅកម្ពុជារៀបចំយុទ្ធសាស្រ្ដទំនាក់ទង់រកទីផ្សារសម្រាប់លក់ផលិតផលនៅក្នុងប្រទេសកម្ពុជា ហើយថា នេះជាយុទ្ធសាស្រ្ដរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិ នៃការធ្លាក់ថ្លៃសត្វរបស់កសិករខ្មែរ។
លោកបានដាក់ជាអនុសាសន៍ថា ដើម្បីឱ្យការផ្គត់ផ្គង់នៅក្នុងស្រុកឱ្យមានភាពល្អប្រសើរឡើង មន្រ្ដីក្រសួងកសិកម្ម និងបសុសត្វត្រូវរៀបចំយុទ្ធសាស្រ្ដចង់ក្រងប្រពន្ធបណ្ដាញទីផ្សារឱ្យមានដំណើរការល្អ ហើយអាចចែកចាយសាច់សត្វរបស់កសិករនៅទីផ្សារ។
លោកលើកឡើងថា៖ « ការគាំទ្រពីក្រសួងកសិកម្ម និងរដ្ឋាភិបាលក្នុងការជំរុញហ្នឹងលើកកម្ពស់បច្ចេកទេសរួមជាមួយទុនដែលកសិករត្រូវការជាចាំបាច់។ ដើម្បីឱ្យមានការប្រកួតប្រជែងបានលុះត្រាតែគាត់មានវិធីសាស្រ្ដក្នុងការចិញ្ចឹមវិធីសាស្រ្ដក្នុងការថែទាំត្រូវមានទុន។ ពិសេសត្រូវចុះទៅមូលដ្ឋានស្រាវជ្រាវប្រមូលបញ្ហា [ដោះស្រាយ] បង្កើតបរិយាកាសនៃការចង់ក្រងសហគមន៍អ្នកផលិតត្រូវតែលើកទឹកចិត្ដហ្នឹងបង្កើការចង់ក្រងបន្ថែមទៀត »។
កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធររាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានរកឃើញសាច់បង្កក ចំនួន២៤ ៤២៤កេះ មានទម្ងន់៣០៧ ៧៨៧គីឡូក្រាមដែលគ្មានឯកសារច្បាប់ក្នុងនោះមានដូចជាគ្រឿងក្នុងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី៕
…………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា