គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលើកឡើងពីការបន្ដធ្វើទុក្ខបុកម្នេញ និងការយាយីក្រុមអ្នកនយោបាយ ស្របពេលកម្ពុជាត្រៀមរៀបចំការបោះឆ្នោតដែលអវត្តមានអតីតគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា។
អគ្គលេខាធិការរងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានកំពុងបន្ដតាមដាន និងត្រួតពិនិត្យស្ថានការណ៍នយោបាយនៅកម្ពុជា ជាពិសេសនៅអំឡុងមុន និងក្រោយពេលបោះឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ។
លោក ឡឹក សុធារ រៀបរាប់ថា គណបក្សមួយនេះក៏ទទួលរងការរំខានចំពោះការធ្វើសកម្មភាពរបស់គណបក្ស ដូចជា ការសម្លុតអ្នកចូលរួមសង្កេតការណ៍ និងការគាស់រំលើងស្លាករបស់គណបក្ស។
លោកមានប្រសាសន៍បន្ដថា៖ «ពួកយើងមានមន្ទិលសង្ស័យនិងក្ដីបារម្ភជាពិសេសការគម្រាមគំហែងទៅលើបេក្ខជន ឈរឈ្មោះ។ ហើយថ្មីៗនេះ ក៏មានការសម្លុតទៅអ្នកចូលរួមសង្កេតការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្នុងនោះទៀត រំខានលើការលើកស្លាក និងការជួបប្រជុំរបស់គណបក្ស។ ប៉ុន្តែ ពួកយើងព្យាយាមជំនះលើរឿងរ៉ាវទាំងនោះ និងចុះពន្យល់សកម្មជនឱ្យយល់ពីកិច្ចការនយោបាយ»។
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនិកា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា គណបក្សមួយនេះបានកត់សម្គាល់ភាពមិនប្រក្រតី និងសកម្មភាពគំរាមកំហែងជាច្រើនមកលើគណបក្សក្រៅរដ្ឋាភិបាល ដែលលោកថា វាអាចមានផលប៉ះពាល់លើការជឿទុកចិត្តបាននៃដំណើរការបោះឆ្នោតខាងមុខនេះ។
លោកបន្ដថា៖ «គណៈកម្មការរៀបចំការបោះឆ្នោតមិនយល់គ្នារវាងគណបក្សនយោបាយ និង គ.ជ.ប ដូចជា កន្លងមកបានប្តឹងដកបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានដកបេក្ខជននៅសង្កាត់វត្តភ្នំ និងធ្វើបំភិតបំភ័យ ដល់សកម្មជនគណបក្សនយោបាយជាដើម។ ការបោះឆ្នោតខាងមុខនេះ មិនអាចជាគម្រូល្អសម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់ទៀតទេ។ បញ្ហាការបំភិតបំភ័យមកលើសកម្មជន ដូចជា៖ ការជួបប្រជុំរបស់សកម្មជន មានបូលីស្តិ៍មកយាម ដើម្បីជាការការពារជាដើម»។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងសឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន ថ្លែងថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា កាន់តែរួមតូច និងកំពុងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងតាមប្រព័ន្ធឯកបក្ស ឬរដ្ឋាភិបាលដែលមានតែគណបក្សកាន់អំណាចគ្រប់គ្រង។
លោករិះគន់ថា ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែបង្កការព្រួយបារម្ភលើវិស័យជាច្រើនជាពិសេសក្នុងពេលការបោះឆ្នោតឃុំ-សង្កាត់កាន់តែខិតជិតដល់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះ។
លោក វិទិត មុនតាប៊ន ក៏អំពាវនាវចំពោះអាជ្ញាធរកម្ពុជាគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជារដ្ឋភាគី រួមទាំងសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងការជួបប្រជុំជាដើម។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទាត់ចោលការលើកឡើងអស់ទាំងនេះថា ជាការបំភ្លៃខុសពីការពិត ខណៈលោកអះអាងថា កម្ពុជាកំពុងដើរតាមគន្លងប្រជាធិបតេយ្យ ស្របតាមតាមឆន្ទៈម្ចាស់ឆ្នោត។
លោកប្រតិកម្មដូច្នេះថា៖ «និយាយតាមពិពណ៌នាតគ្នាទេ ក៏ប៉ុន្តែគាត់អត់បានវិនិច្ឆ័យត្រឹមត្រូវ ទីមួយ អភូតហេតុដែលកើតចេញនៃឯកបក្សគឺមិនមែនកើតចេញពីការគ្រប់គ្រងណាមួយទេ គឺកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលគាត់បានបោះឆ្នោតឱ្យ គឺលទ្ធផលនៃការបោះឆ្នោតបង្ហាញពីភាពឯកបក្សនៅក្នុងរដ្ឋសភា»៕
——————————–
ពលរដ្ឋសារព័ត៌មាន CCIM លោក ហ៊ត គឹមហ៊ាត