សមត្ថកិច្ចបានបញ្ជូនយុវជនចលនាមាតាធម្មជាតិ ៥នាក់ទៅឃុំខ្លួននៅពន្ធនាគារ ក្រោយតុលាការប្រកាសសាលក្រមផ្ទន្ទាទោសពួកគេ និងមនុស្ស៥នាក់ទៀតចន្លោះពី៦ឆ្នាំ ទៅ៨ឆ្នាំ និងពិន័យជាប្រាក់១០លានរៀលពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ នាព្រឹកថ្ងៃ២ ខែកក្កដា ឆ្នាំ២០២៤ ខណៈសង្គមស៊ីវិលរិះគន់ចំណាត់ការនេះ។
សកម្មជនចលនាមាតាធម្មជាតិ ៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២ កក្កដានេះ រួមមាន កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត ខណៈលោក យីម លាងហ៊ី ដែលបច្ចុប្បន្នជាប្រធានស្ដីទីសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់គាត់។ ដោយឡែក ស្ត្រីម្នាក់ទៀតដែលជាអ្នកចូលរួមតវ៉ាជាមួយក្រុមយុវជនដែរនោះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញផងដែរ។
បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ជនជាប់ចោទទាំង៥នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស ខណៈពលរដ្ឋម្នាក់ទៀតដែលត្រូវបានចាប់ខ្លួនបន្ទាប់ប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចព្រឹកថ្ងៃទី២ កក្កដា ដែរនោះ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីធ្វើការណែនាំចប់ ។
………………….. លោក សំ វិច្ឆិកា………………………
បើតាមសកម្មជនចលនាមាតាធម្មជាតិម្នាក់ គឺ លោក ថុន រដ្ឋា បាននិយាយមុនពេលចាប់ខ្លួនក្បែរសាលាដំបូងរាជធានីភ្នំពេញថា ខ្លួនបានដឹងពីការចាប់ខ្លួនលោករួចទៅហើយ តែលោកមិនមានការព្រួយបារម្ភនោះទេ។ លោកបាននិយាយបន្ដថា ការចោទប្រកាន់ពួកលោកពីបទរួមគំនិតក្បត់ ខណៈពួកលោកគ្រាន់តែធ្វើសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិនោះ គឺសបញ្ជាក់ថាប្រព័ន្ធតុលាការមិនឯករាជ្យ។
………………………លោក ថុន រដ្ឋា………………………
យុវជនម្នាក់ទៀតគឺ លោក លី ចាន់ដារ៉ាវុត បាននិយាយថា ប្រព័ន្ធច្បាប់សម្រាប់លោកគឺជាសោនាដកម្មមួយសម្រាប់ពលរដ្ឋកម្ពុជាដែលអាចកាត់ទោសយុវជនពីបទរួមគំនិតក្បត់ដោយគ្រាន់តែធ្វើសកម្មភាពការពារបរិស្ថាន។ លោកបានច្រានចោលរាល់ការចោទប្រកាន់លើពួកលោក ត្បិតលោកនិងសកម្មជនចលនាមាតាធម្មជាតិផ្សេងទៀតមិនបានប្រព្រឹត្ដដូចការចោទឡើយ។
យ៉ាងណា មុនពេលចាប់ខ្លួន លោក ដារ៉ាវុត និយាយថា ទោះពួកលោកត្រូវជាប់ពន្ធនាគារក៏ដោយ ក៏លោកនៅតែជំរុញឱ្យមានការការពារធនធានធម្មជាតិដែលនៅសេសសល់។
………………………..លោក ដារ៉ាវុត ……………………
នៅមុនពេលចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិនាំគ្នាស្លៀកពាក់ ស រុំក្រណាត់សនៅលើក្បាលដៃកាន់ផ្កាឈូក និងធូប ព្រមទាំងបដាដែលសរសេរថា ”យុត្តិធម៌”ស្លាប់ហើយ ដោយពួកគេនិងយុវជនផ្សេងទៀត បានដើរដង្ហែរក្បួនតាមផ្លូវឆ្ពោះទៅតុលាការ ដើម្បីស្តាប់លទ្ធផលនៃការប្រកាសសាលក្រមកាត់ទោសពួកគេពីសំណាក់សាលាដំបូងក្រុងភ្នំពេញ។
ជុំវិញរឿងនេះដែរ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដោយផ្ទាល់ក្រោយពីចាប់ខ្លួនយុវជនចលនាមាតាធម្មជាតិទាំង៥នាក់ថា ការចោទពីបទរួមគំនិតក្បត់នេះគឺជាបទចោទដែលមិនគួរកើតឡើងទៅលើក្រុមយុវជនការពារបរិស្ថានទាំងនេះនោះទេ។ យ៉ាងណា លោកជំរុញឱ្យតុលាការដោះលែងក្រុមយុវជនទាំងនោះវិញ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិបញ្ចេញមតិដែលមានចែងក្នុងច្បាប់កំពូលរបស់ជាតិ។
………………..លោក រ៉ុង ឈុន ………………….
មន្រ្ដីសម្របសម្រួលសិទ្ធិមនុស្សនៃសមាគមអាហុដ លោក យី សុខសាន្ដ បានហៅការចាប់ខ្លួននេះជារូបភាពសាហាវឃោឃៅដែលអាជ្ញាធរមិនគួរក្នុងចាប់ខ្លួនក្រុមយុវជនទាំងនេះឡើយ។ លោកថា រដ្ឋាភិបាលនឹងត្រូវសហគមន៍ជាតិ និងអន្ដរជាតិរិះគន់ជាខ្លាំងលើការចាប់ខ្លួននេះ។
……………….លោក យី សុខសាន្ដ……………….
ក្នុងសំណុំរឿងនេះ មានជនជាប់ចោទទាំងអស់ ១០នាក់ ដោយអ្នកខ្លះត្រូវបានតុលាការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ហើយខ្លះទៀតមានតែបទចោទមួយប៉ុណ្ណោះ គឺបទរួមកំនិតក្បត់ដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ២០២១។
ជាក់ស្តែង ជនជាប់ចោទ៣នាក់ រួមមាន លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេសដេវីតសិន( Alex Gonzalez-Davidson) សហស្ថាបនិកអង្គការមាតាធម្មជាតិ, លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានផ្តន្ទាទោសម្នាក់ៗចំនួន៨ឆ្នាំ និងពិន័យជាប្រាក់១០លានរៀលពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់។
ចំណែក លោក ថុន រដ្ឋា, លោក លី ចាន់ដារ៉ាវុត, កញ្ញា ភួន កែវរស្មី, ឡុង គន្ធា និង៣នាក់ផ្សេងទៀតត្រូវបានផ្តន្ទាទោសម្នាក់ៗ ចំនួន៦ឆ្នាំក្នុងពន្ធនាគារពីបទរួមគំនិតក្បត់។
កាលពីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ សកម្មជនចលនាមាតាធម្មជាតិ ៥នាក់ ក្នុងចំណោម ១០នាក់ បានចូលរួមសវនាការសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះហៅរបស់ព្រះរាជអាជ្ញារង លោក សេង ហៀង ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនឹងបទចោទប្រកាន់ទាំងនេះ ប៉ុន្តែពួកគេបានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយ៕
…………………………………………
រាយការណ៍ដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្ដកណ្ដាល លោក ឃាង សុខមាន