រាជធានីភ្នំពេញ៖ ទីតាំងមុខព្រះបរមរាជវាំងក្រោយពីជម្ងឺឆ្លង កូវីដ១៩ បានធូរស្បើយ គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋបាននាំគ្នាមកដើរកម្សាន្ត មើលព្រាប ថតរូបលេង ជាលក្ខណ:គ្រួសារ មិត្តភក្តិ អ្នកខ្លះបានជាវផ្កាភ្ញី ធូប ទៀន យកមកបន់ស្រន់សុំសេចក្តីសុខចម្រើនជាដើម។
នៅលើដងផ្លូវហាក់មានភាពអ៊ូរអរ និងមមាញឹកឡើងវិញ ដោយមានមនុស្សទៅមកជាបន្តបន្ទាប់ អ្នកលក់ផ្កាភ្ញីអង្គុយតម្រៀបជួរគ្នាជារហូរហែរ អ្នកខ្លះឈរដៃម្ខាងកាន់ផ្កាដៃម្ខាងកាន់ធូប ដើរសំដៅទៅកាន់អ្នកដំណើរ អ្នកខ្លះដើរកាន់ទ្រុងចាបទៅមកៗទាំងមាត់ពពាយនាយរាក់ទាក់សួរអ្នកដំណើរឥតឈប់មានទាំងអ្នកលក់ចំណីចំណុកតាមថាសទូលលក់ចល័តខ្លះអង្គុយតាមបង់ខ្លះអូសធុងភេស្ជជៈទៅមកៗឥតដាច់។ បើទោះបីជាប្រទេសកម្ពុជាបានបើកសេដ្ឋកិច្ចឡើងវិញទាំងស្រុង ក្រោយពីប្រមុខដឹកនាំរាជរដ្ឋាភិបាលអាចគ្រប់គ្រងបាននូវជំងឺឆ្លងកូវីដ-១៩ តាមរយៈយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺឆ្លងមួយនេះក្តី តែបងប្អូនអាជីវករលក់ដូរដែលរកមួយថ្ងៃសម្រាប់មួយថ្ងៃ ហាក់នៅប្រឈមមុខនឹងការរកចំណូលផ្ទត់ផ្គង់ជីវភាព។
ចំណែកអាជីវករលក់ម្ជូរនៅមុខព្រះបរមរាជវាំងអ្នកស្រី សោភា អាយុ៥៥ឆ្នាំរស់នៅក្រុងភ្នំពេញ លើកឡើងឱ្យពលរដ្ឋអ្នកសារព័ត៌មានCCIMថា បានត្អូញត្អែរពីស្ថានភាពដែលជួបប្រទះក្រោយពីជំងឺកូវីដ-១៩ធូរស្រាលក្ដី តែការលក់ដូរប្រាក់ចំនូលដែលបានមកពីការលក់ដូរនេះបានត្រឹមតែចញ្ចឹមម្ដាយចាស់អាយុ៧០ឆ្នាំ និងមីងម្នាក់ទៀតប៉ុណ្ណោះ។
អ្នកស្រីថា៖«បើទោះជាមួយរយៈក្រោយនេះមនុស្សម្នាចាប់ផ្ដើមមកម្សាន្តច្រើនជាងមុនតែបញ្ហានៃការលក់ម្ជូរមិនសូវដាច់ ក៏ដូចជាត្រូវសន្តិសុខគ្រប់គ្រងនៅទីនេះដេញឱ្យលើកអីវ៉ាន់ចេញភ្លាមៗមិនឱ្យលក់។ នេះក៏ជាបញ្ហាចម្បងតែកើតមានស្ទើរតែរៀងរាល់ថ្ងៃ»។
ម្យ៉ាងវិញទៀតគួបផ្សំនឹងខែនេះជារដូវវស្សាមានភ្លៀងធ្លាក់សឹងតែរាល់ថ្ងៃដូច្នេះហើយថ្ងៃខ្លះម្ជូរដែលត្រៀមមកលក់ក៏ត្រូវសល់ចោលព្រោះតែគ្មានកន្លែងសម្រាប់លក់។
អ្នកស្រី សោភា បន្តថាមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ ផងពីព្រោះតែវាមានភាពខុសគ្នាដោយពីមុនមកអ្នកស្រីមិនត្រឹមតែលក់ម្ចូរប៉ុណ្ណោះទេ គឺមានសណ្ដែកដីស្ងោរមួយមុខទៀតផងដែររីឯណាការលក់ដូរក៏មានភាពរលូនលក់ដាច់អស់មិនមានសល់មួយមុខណានោះទេ ខណៈពេលនេះ អ្នកស្រីលក់តែម្ជូរមួយមុខថ្ងៃខ្លះក៏ដាច់អស់ថ្ងៃខ្លះទៀតក៏សល់ត្រឡប់ទៅផ្ទះវិញ បើនិយាយពីប្រាក់ចំណេញវិញថ្ងៃខ្លះគឺបានត្រឹមតែរួចថ្លៃម៉ូតូឌុបដែលអ្នកស្រីជិះមកលក់ប៉ុណ្ណោះ។
យ៉ាងណាមិញទោះជាត្រូវជួបបញ្ហាបែបនេះក្ដី អ្នកស្រី សោភាបន្ដថា៖«ខ្ញុំគ្មានបំណងផ្លាស់ប្ដូរឬបញ្ឈប់មុខរបរជាអ្នកលក់ម្ជូរនៅទីតាំងមុខព្រះបរមរាជវាំងនេះទេ ដោយសារតែវាជាមុខរបររកចំណូលឱ្យគាត់ជាច្រើនឆ្នាំមកហើយ មួយវិញទៀតអាយុអ្នកស្រីក៏ច្រើនណាស់ដែរបើទៅបំពេញការងារអ្វីផ្សេងក៏គ្មានកម្លាំងគ្រប់គ្រាន់នោះដែរ»។
ជាមួយគ្នានេះដែរអ្នកស្រី ថឹង ថុល អាយុ៤៤ឆ្នាំ ដែលជាអាជីវករលក់ក្រឡាន និងកូនត្នោតមកពីខេត្តកំពង់ឆ្នាំងបានរៀបរាប់អោយដឹងថា អ្នកស្រីលក់ដូរនៅទីនេះជាង៦ឆ្នាំមកហើយ ដោយខែខ្លះលក់ក្រឡានហើយខែខ្លះលក់កូនត្នោត ពេលអ្នកស្រីលក់អស់ទើបត្រឡប់ផ្ទះនៅខេត្តកំពង់ឆ្នាំងវិញ។
អ្នកស្រីបន្ដថា៖«ជារៀងរាល់ថ្ងៃខ្ញុំត្រូវក្រោកពីព្រឹកដើម្បីស្ងោរកូនត្នោត ឬធ្វើក្រឡានរួចរាល់ទើបធ្វើដំណើរតាមឡានឈ្នួលយកមកលក់នៅមុខវាំងចាប់តាំងពីម៉ោង៣រសៀលដល់ម៉ោង១១ យប់ទើបត្រឡប់ទៅផ្ទះវិញ»។
ស្ត្រីដែលលក់ដូរចាស់វស្សារូបនេះបានបន្តថា បើទោះបីជាទិដ្ឋភាពនៅមុខព្រះបរមរាជវាំងមានភាពអ៊ូរអរឡើងវិញក្តី ប៉ុន្តែការលក់ដូររបស់គាត់មិនសូវបានដូចមុនពេលកូវីដនោះទេ ដោយបច្ចុប្បន្នអ្នកដំណើរក៏មិនសូវមានរកចំណូលក៏មិនសូវបានដូចពេលមុនៗទើបពិបាកក្នុងការលក់រកប្រាក់ចំណេញបានតិចតួចប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថា៖«ពិបាករកចំណូលណាស់ដោយសារមិនសូវមានអ្នកដំណើរច្រើនដូចមុន ដូច្នេះខ្ញុំរកប្រាក់ចំណេញបានតិចតួច»។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ បានបង្ហាញថា មុនពេលមានបញ្ហាជម្ងឺកូវីដ កំណើនសេដ្ឋកិច្ចរបស់អ្នកលក់ដូរបោះដុំនិងរាយក្នុងឆ្នាំ២០១៩មាន ៦,៥% និងកំឡុងពេលជម្ងឺកូវីដ២០២០មាន -៥,៤% និង២០២១ មាន១,៦% និងក្រោយកូវីដ ២០២២ មានចំនួន៤,៣%បើតាមរបាយការណ៍ក្រសួងថា សេដ្ឋកិច្ចក្រោយពីបើកឱ្យប្រទេសឡើងវិញបានបង្ហាញថានៅមិនទាន់វិលទៅរកសភាពដើមដូចមុនជម្ងឺកូវីដមកដល់នោះទេ។
យោងតាមសេចក្តីជូនព័ត៌មានក្រសួងសុខាភិបាលស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ករណីឆ្លងថ្មី ០៤នាក់ ករណីជាសះស្បើយ ០៤នាក់ ករណីស្លាប់ ០នាក់ ចំណែកឯកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
ពលរដ្ឋអ្នកសារព័ត៌មានCCIMមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ នៅថ្ងៃពុធបាននៅឡើយទេ។
បើតាមប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វ៉ន ពៅ បានឲ្យដឹងថា អំឡុងផ្ទុះជំងឺកូវីដ១៩ រយៈពេលជាង៣ឆ្នាំមកនេះ គឺមានផលប៉ះពាល់ខ្លាំងដល់ អាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកថា ការលំបាកទាំងនោះមានដូចជា បាត់បង់ប្រាក់ចំណូលមុខរបរត្រូវបានដួលរំលំទទួលបានការគាំពារពីសង្គមតិចតួចការឧបត្ថម្ភសាច់ប្រាក់ ពីរដ្ឋមានចំនួនតិច។
លោកបន្ដថាអាជីវករនៅតាមតំបន់ទេសចរណ៍ដូចជា ក្រុងព្រះសីហនុ សៀមរាប និងខេត្តមួយចំនួន គឺមានផលប៉ះពាល់ខ្លាំងដូច្នេះ រាជរដ្ឋាភិបាលគួរឧបត្ថម្ភជាថវិកាឬបង្កើតឥណទានដែលមានការប្រាក់ទាបណាមួយជួយដល់អ្នកដួលរំលំកន្លែងអាជីវកម្មទាំងនោះ។មួយ វិញទៀតអាចរកកន្លែងអាជីវកម្មសមរម្យណាមួយសម្រួលដល់អាជីវករ។
យ៉ាណាមិញអ្នកជំនាញលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះបន្ថែមទៀតថា៖ «បើតាម សមាគមប៉ាន់ប្រមាណមើលអាជីវករប្រហែល៥០ភាគរយដែលត្រូវដួលរំលំឬឈប់ប្រកប របស់របស់ខ្លួនអំឡុងកូវីដនិងប្ដូរទៅធ្វើកិច្ចការងារផ្សេងៗវិញ។បើទោះជាស្ថានភាពកូវីដមាន ភាពធូរស្រាលឬស្ទើរបាត់ទៅវិញពីកម្ពុជាក្ដីអាជីវករនៅជួបការលំបាកនៅឡើយទេហើយ អាច ប្រើពេលយ៉ាងហោងណាស់២ឆ្នាំទើបអាចស្រោចស្រង់ឬ វិលទៅរកជីវភាពដូចមុនកើតជំងឺនេះវិញបាន»។
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏មានផែនការរួមជាមួយរាជរដ្ឋាភិបាលដើម្បីលើកស្ទួយដល់ជីវភាពអាជីវករដូចជារៀបចំប្រព័ន្ធគាំពារសង្គមជំនួយសង្គម ឱ្យ ទទួលបានរបបសន្តិសុខសង្គមជាដើម។ ក្រៅពីនេះសមាគមនឹងរៀបចំឯកសារស្នើសុំទៅរដ្ឋាភិបាលបង្កើតជាមីក្រូហិរញ្ញវត្ថុរបស់រដ្ឋណាមួយដែលផ្ដល់ការប្រាក់ទាបជាដើម។ ទន្ទឹមនិងនេះ នឹងមានផែនការជួបចរចាជាមួយអាជ្ញាធរតាមខេត្តក្នុងតំបន់ទេសចរណ៍មួយចំនួន ឱ្យរៀបចំជាកន្លែងសមរម្យ ដល់អាជីវករបានប្រកបរបបទទួលបានប្រាក់ចំណូលឡើងវិញ៕
………………
អត្ថបទដោយលោក ម៉េង គ្រុយពន្លក សាទ ស្រីណែត ប៉ាវ សុភា នួន ស៉ីណា បាន បូរិន និងឃាង សុខមាន