របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ប្រជាសហគមន៍ឧត្តមស្រែពស់ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែប្តេជ្ញាបន្ដការពារដីព្រៃដែលនៅសេសសល់ចុងក្រោយពីការកាប់រានពីកងទ័ពប្រមាណជា៣០ហិចតា ខណៈអភិបាលខេត្តកំពង់ស្ពឺក៏បានអះអាងដែរថា នឹងមិនបន្ដឲ្យមានការកាប់បំផ្លាញតទៅទៀតឡើយ។
សហគមន៍ឧត្តមស្រែពស់ ដើមឡើយមានផ្ទៃដីដែលគ្រប់ដណ្តប់ដោយដើមឈើចំនួន ២៤៣៣ហិតា តែបច្ចុប្បន្ននៅសល់តែជាង៣០ហិចតាប៉ុណ្ណោះ។ ព្រៃនេះដំបូងឡើយមានអាស្រមរបស់ និងទីសំណាក់របស់ព្រះសង្ឃមួយអង្គ ព្រះនាម ព្រហ្ម ធម្មជាតិ និងជាទីជម្រកនៃសត្វព្រៃមួយចំនួនផងដែរ។
តំណាងសហគមន៍ឧត្ដមស្រែពស់ លោក សយ សាត បាននិយាយយ៉ាងអស់សង្ឃឹមថា ពីមុនដីព្រៃដែលសហគមន៍បានការពារមានចំនួន២៤៣៣ហិចតា ក្រោយមកក៏បានកាត់ឲ្យក្រុមហ៊ុនមួយជាង១០០០ហិចតា នៅសល់ ៨៨៧ ហិចតា បន្ទាប់មកទៀតក៏ត្រូវបន្ដកាត់ឲ្យទាហាន (ង៧០) ចំនួន ៧៨ហិចតា។
លោក សយ សាត បន្តថា៖ «អ៊ីចឹងដីដែលនៅសល់ជាង៦០០ហិចតាដែលសហគមន៍ការពារ ប៉ុន្ដែជាក់ស្ដែងក្រោយពីក្រុមទាហាន (ង៧០) ចុះមក គឺក្រុមទាហានបានព្យាយាមទន្រ្ទានយកដីនិងបានកាប់បំផ្លាញព្រៃឈើនិងបានដាក់អន្ទាក់យកសត្វព្រៃជាច្រើនដូចជា ស្វា ក្ងោក និងសត្វព្រៃផ្សេងទៀតយ៉ាងច្រើន ស្ទើតែបាត់បង់អស់ហើយ»។
លោកបន្ដថា កន្លងមកលោកអភិបាលខេត្តកំពង់ស្ពឺធ្លាប់មានប្រសាសន៍មិនឲ្យមានសកម្មភាពកាប់បន្ដទៀតនិងខាងមន្ទីរបរិស្ថានក៏បាននិយាយដូចគ្នា ប៉ុន្ដែសកម្មភាពកាប់នៅតែបន្ដរហូតមកសល់ត្រឹមតែ៣០ហិចតាទេ ដែលនៅសេសសល់។
តំណាងសហគមន៍រូបនេះបន្ដថា៖«សម្រាប់ខ្ញុំការកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិនេះ គឺការរំលោភហើយរួមគំនិតគ្នា ការឃុបឃិតគ្នា រៀបជាប្រព័ន្ធធ្វើឲ្យព្រៃឈើដែលមានរលាយហិនហោចបាត់បង់អស់។ ហើយចោទតែមកលើសហគមន៍យើង មកចោទថា វត្តមេត្ដាធម្មជា តិថា អប្បគមន៍ ថាគណបក្សប្រឆាំង ថាបង្កអសន្ដិសុខ ប៉ុន្ដែខ្ញុំសុំជម្រាបជូនក្មួយថា និងសម្ដេចប្រមុខដឹកនាំថា ខ្ញុំគ្មានអប្បគមន៍ទេ ហើយក៏គ្មានគណបក្សប្រឆាំងដែរ ការពារនេះ ការពារដោយសុទ្ធចិត្ត មានតែចំណាយធនធានខ្លួនឯងដើម្បីទប់ព្រៃនេះ»។
ចំណែកឯព្រះតេជព្រះគុណ ព្រហ្ម ធម្មជាតិ បានមានថេរៈដីកាដោយរំលឹកឡើងវិញថា ពីមុនព្រៃឈើនៅតំបន់នេះមានច្រើន ដែលជាទីជម្រកនៃសត្វព្រៃ ប៉ុន្ដែឥឡូវនេះលោកថា ព្រៃឈើក៏បាត់បង់ អាស្រមដែលលោកគង់នៅក៏ត្រូវបានបំផ្លិចបំផ្លាញ សត្វដែលធ្លាប់រស់នៅ ក៏មិនដឹងទៅណាអស់។ ដូច្នេះលោកមិនអីត្រូវនិយាយទៀតទេ បើអាជ្ញាធរនាំគ្នាសម្រេចអ៊ីចឹងទៅហើយ។
ព្រះតេជព្រះគុណបន្ដថា៖«អាត្មាដូចជាគ្មានអីនិយាយទេញោម បើគេសម្រេចអ៊ីចឹងហើយ អាត្មាដូចជានឿយណាយនិងមនុស្សលោកណាស់ ទីដែលធ្លាប់សុខសាន្ដ ឥឡូវខ្ទិចខ្ទីអស់ហើយ អាត្មាមិនដឹងប្រាប់ញោមថាមិចទេ តាមហ្នឹងទៅ»។
ប្រជាសគមន៍ម្នាក់ទៀត អ្នកស្រី ឃន ខន អាយុ៦៥ឆ្នាំ រស់នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រាប់ CCIM ថា ពីមុនដីដែលសហគមន៍អ្នកស្រីកាន់កាប់និងការពារមានចំនួនច្រើនណាស់ ហើយប្រជាពលរដ្ឋតែងតែអាស្រ័យផល ដូចជាដើរជីកត្រពាំង ឃ្វាលគោ ឃ្វាលក្របី កាប់អុសតិចតូចយកមកទុកដាំស្ល ប៉ុន្ដែឥឡូវនេះបាត់បង់សឹងតែអស់ហើយ នៅសល់តិចតូចក៏បន្ដដាក់វេនគ្នាយាមទាំងយប់ទាំងថ្ងៃដែរ។
អ្នកស្រី ខន បន្ដថា៖«រាល់ថ្ងៃខ្ញុំដេកអត់លក់សោះ ទាំងយប់ទាំងថ្ងៃដោយសារតែការបំផ្លិចបំផ្លាញមិនដឹងជាតាមខ្សែរយៈណាដែលមកបំផ្លាញកាប់ឈើរាល់ថ្ងៃអីចឹងទៅ ហើយយើងការពារមិចឈ្នះ ពេលខ្លះក៏មានការគំរាមកំហែងពីក្រុមទាហាន (ង៧០) ទៀត ប៉ុន្ដែខ្ញុំអត់ខ្លាចអីទេ ពួកខ្ញុំនៅតែបន្ដការពាររហូត»។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍បញ្ជាក់តាមតេឡេក្រាមថា លោកបានដាក់កម្លាំងជាច្រើន ដូចជា អាជ្ញាធរមូលដ្ឋានផង មន្ដ្រីបរិស្ថានខេត្តផង ដើម្បីឲ្យតាមដានថា វាមានការកាប់ឬក៏មានការទន្រ្ទានបន្ដទៀតទេ បើមានសុំឲ្យរាយការណ៍មកថ្នាក់ខេត្តភ្លាមៗ ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្ដងថា បើឃើញសុំរាយការណ៍ទៅអាជ្ញាធរដែលនៅជិតហ្នឹងចុះ ដើម្បីទៅទប់ស្កាត់បានភ្លាមៗ។
លោក សំណាងបន្ដថា៖«បាទក្មួយ ពូបានដាក់កម្លាំងឲ្យតាមដានរាល់ថ្ងៃក្រែងមានការកាប់បន្តទៀត និងសុំឲ្យគាត់រាយការណ៍មកថ្នាក់ខេត្តពេលឃើញហេតុការណ៍»។
បើតាមមន្រ្ដីសម្របសម្រួលសិទ្ធិមនុស្ស ទទួលបន្ទុកផ្នែកអប់រំនិងការពារធនធានធម្មជាតិនៃ អង្គការ អាដហុក លោក រ័ត្ន ថាវី បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងថា មកដល់ពេលនេះ ដីសហគមន៍ឧត្តមស្រែពស់នៅសល់តែតិចតូចប៉ុណ្ណោះ ក្រោយពីមានកាត់ទៅឲ្យក្រុមហ៊ុននិងក្រុមទាហាន។ លោកបន្តថា ការព្រួយបារម្ភរបស់ប្រជាសហគមន៍ គឺជារឿងដែលត្រឹមត្រូវ។ ម្យ៉ាងវិញទៀតលោកបានថ្លែងថា កាលពីដីព្រៃឈើនៅសល់ច្រើន អាជ្ញាធរហាក់គ្មានចេតនាក្នុងការចូលរួមថែរក្សាអ្វីនោះទេ ទាល់តែជិតអស់ទើបបានចេញសកម្មភាពទប់ស្កាត់។ លោកបន្តថា វាហាក់ដូចជាមិនសមទាល់តែសោះ មានន័យថា ធ្វើឲ្យតែល្អមើល ពីព្រោះវាជិតអស់ទៅហើយ។
លោក ថាវីបន្ដថា៖«ដើម្បីឲ្យដីព្រៃដែលនៅវាគង់វង្ស ទាល់តែលុបអនុក្រឹត្យដែលរដ្ឋបានចេញហ្នឹងជាមុនសិន ទើបអាចសល់និងឲ្យប្រជាសហគមន៍ការពារបាន បើមិនអីចឹងទេ គឺគ្មានសល់ទេ បើបន្ដកាប់រាល់ថ្ងៃយ៉ាងនេះ។ ទាំងខ្ញុំ ទាំងប្រជាសហគមន៍នៅតែមានការព្រួយបារម្ភដដែល ដ៍រាបណាអនុក្រឹត្យមិនទាន់លុបចេញ»។
លោកបន្ថែមថា៖«អាជ្ញាធរមូលដ្ឋានមានថ្នាក់ស្រុក ថ្នាក់ខេត្តក៏គួរហ៊ានចេញការពារផងមិនមែនពឹងផ្អែកតែលើប្រជាពលរដ្ឋដែលគ្មានអំណាចអីដើម្បីការពារនោះទេ»។
បើតាមការបញ្ជាក់របស់ប្រជាសហគមន៍ថា កន្លងមកពួកគាត់តែងតែរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ក៏ដូចជាលោកអភិបាលខេត្ត និងមន្ដ្រីបរិស្ថានខេត្តផងដែរ ប៉ុន្ដែនៅតែគ្មានការទប់ស្កាត់ណាមួយនោះទេ ជាពិសេសការនិយាយរបស់លោកអភិបាលខេត្តហាក់ដូចជាមិនមានប្រសិទ្ធភាពនោះទេ។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់ធ្វើលំនៅដ្ឋាន និងបង្កបង្កើនផល។
ចាប់តាំពីចុងឆ្នាំ២០២១ អ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរនោះ បាននាំគ្នាតវ៉ាប្រឆាំងក្រុមទាហាននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក មិនឱ្យកាប់បំផ្លាញព្រៃសហគមន៍ «ឧត្ដមស្រែពស់» ឬហៅ «ព្រៃមេត្តាធម្មជាតិ» ដែលពួកគេអះអាងថា បានការពារជាង២០ឆ្នាំមកហើយ។ អ្នកភូមិអះអាងថា សហគមន៍ «ឧត្ដមស្រែពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ពីដើមឡើយមានផ្ទៃដីទំហំជាង២ ០០០ ហិចតា ជាតំបន់ព្រៃស្រោង និងមានសត្វព្រៃជាច្រើនប្រភេទរស់នៅ ប៉ុន្តែក្រោយមកក៏មានក្រុមទាហានបានចូលទៅរំលោភយកជាបន្តបន្ទាប់ ហើយបច្ចុប្បន្នសហគមន៍នេះ នៅសល់ដីព្រៃតិចតួចប៉ុណ្ណោះ។ ព្រៃឈើក៏បាត់បង់ អាស្រមលោកធ្លាប់គង់នៅក៏ត្រូវវាយកម្ទេច រូបបដិមា ព្រះពុទ្ធសាសនា ព្រះ ដែលពុទ្ធបរិស័ទធ្លាប់ធ្វើជាទីសក្ការៈបូជា ក៏ត្រូវបានបំផ្លាញ ខណៈសត្វព្រៃក៏រត់ខ្ចាត់ខ្ចាយដោយសារមិនមានព្រៃសម្រាប់រស់នៅបន្តទៀត។ តែទោះជាយ៉ាងនេះក្តី ប្រជាសហគមន៍ឧត្តមស្រែពស់ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែប្តេជ្ញាចិត្តថា ពួកគេនឹងបន្ដការពារដីព្រៃដែលនៅសេសសល់ចុងក្រោយប្រមាណជា៣០ហិចតា ខណៈអភិបាលខេត្តកំពង់ស្ពឺក៏បានអះអាងដែរថា លោកនឹងមិនបន្ដឲ្យមានការកាប់បំផ្លាញតទៅទៀតឡើយ៕
……………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន