ពលរដ្ឋ៣០គ្រួសារស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរ ជួយស្តារប្រព័ន្ធលូរំដោះទឹកស្អុយដែលបានលិចអស់ជាច្រើនខែមកហើយ ដោយសារតែការបង្ហូរទឹកស្អុយចេញពីអគារធំៗចូលទៅក្នុងភូមិ។
យោងតាមប្រជាពលរដ្ឋដែលរស់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានរៀបរាប់ថា ពួកគាត់បានរស់នៅតំបន់ហ្នឹងតាំងពីយូរមកហើយ ដោយមិនមានបញ្ហានោះទេ។ ក៏ប៉ុន្ដែក្រោយពីមានគម្រោងសាងសង់អគារធំៗនៅជុំវិញ បានបង្ហូរទឹកស្អុយចូលមកក្នុងភូមិរបស់ពួកគេ ទើបធ្វើឱ្យភូមិក្លាយជាតំបន់មានទឹកស្អុយ។
ពលរដ្ឋបន្ដអះអាងថា រយៈពេលជិត៣ខែមកហើយ ចាប់តាំងពីដើមខែកក្កដារហូតមកដល់ខែកញ្ញានេះ គឺពួកគាត់រស់នៅជាមួយនិងទឹកស្អុយរហូតមក។ ពួកគាត់ថា ពួកគាត់បានរាយការណ៍ទៅខាងអាជ្ញាធរដែរ ប៉ុន្ដែអាជ្ញាធរគ្រាន់តែមកមើល ហើយក៏គ្មានចំណាត់ការអ្វីដែរ។ ពួកគាត់មិនដឹងថា ខាងអាជ្ញាធរគិតយ៉ាងម៉េច ចំពោះបញ្ហារបស់ពួកគាត់។
ប្រភពដដែលបន្ដថា មូលហេតុដែលបណ្ដាលឱ្យស្ទះទឹក ដោយសារការបង្ហូរទឹកស្អុយពីគម្រោងសាងសង់អគារធំៗ បញ្ហាប្រព័ន្ធលូតូចដែលធ្វើឱ្យទឹកហូរយឺត និងបញ្ហាទឹកភ្លៀងជាដើម ដែលធ្វើឱ្យតំបន់ពួកគាត់រស់នៅក្លាយជាតំបន់ទឹកស្អុយ។
ជុំវិញរឿងនេះ ពលរដ្ឋដែលបានរស់នៅតំបន់លិចទឹកជិត២០ឆ្នាំម្នាក់ អ្នកស្រី ច្រឹង ស្រី អាយុ៥១ឆ្នាំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ជារៀងរាល់ឆ្នាំនៅភូមិអ្នកស្រីមិនសូវជាមានបញ្ហារឿងទឹកស្អុយនោះទេ តែទើបតែឆ្នាំនេះដោយសារតែមានការបង្ហូរទឹកស្អុយពីការអគារជុំវិញ ទើបបណ្ដាលឱ្យស្ទះលូអស់រយៈជិត៣ខែ ហើយក៏គ្មានអាជ្ញាធរណាមកអន្ដរាគមន៍ដែរ។
អ្នកស្រីបន្ដថា៖ «សំខាន់អគារធំហ្នឹងវាហូរទឹកខួបប្រាំង ខួបវស្សា វាអត់ថា ភ្លៀងចាំហូរទេ អានេះហូរបាញ់ដូចព្យុះចឹង បើអូនឯងមិនជឿ អូនឯងទៅថតមើលទៅ ឥឡូវអ៊ីថាប្រុងទៅញ៉ុករន្ធហ្នឹង ខ្លាចគេប្ដឹង ចឹងមានតែអាជ្ញាធរទេ ដែលមានសិទ្ធិទៅហាមឃាត់បាន ហើយអ៊ីសំណូមពរថា កុំឱ្យគាត់ [ម្ចាស់គម្រោងសាងសង់អគារ] បង្ហូរទឹកស្អុយបន្ដទៀត អ៊ីសុំតែប៉ុណ្ណឹងទេ»។
អ្នកស្រីបន្ដថា អ្នកស្រីជាអ្នកដេរសំលៀកបំពាក់ម្នាក់ ហើយអ្នកស្រីដេរតែក្រោមផ្ទះទេ ប៉ុន្ដែប៉ុន្មានខែដែលមានទឹកស្អុយហូរចូលពេញផ្ទះមក អ្នកស្រីបានលើកម៉ាស៊ីនដេរឡើងលើផ្ទះវិញ បើមិនលើកទេដេរមិនកើតដោយសារតែក្លិនស្អុយ។ យ៉ាងណាក៏ដោយ អ្នកស្រីស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធមេត្ដាដាក់ប្រព័ន្ធលូបង្ហូទឹកឱ្យបានធំៗ ដើម្បីជៀសវាងការស្ទះលូ ជាពិសេសអាជ្ញាធរគួរតែណែនាំខាងម្ចាស់គម្រោងអគារ មេត្តាកុំបង្ហូរទឹកស្អុយចូលមកក្នុងភូមិអ្នកស្រីបន្ដទៀត។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំសុំឱ្យអាជ្ញាធរប្ដូរលូថ្មីទៅដាក់ឱ្យវាធំៗបានវាមិនស្ទះ ពីព្រោះអីលូនេះវាតូចនិងវាយូរហើយ ចឹងសុំប្ដូរថ្មីទៅ បើមិនចឹងទេ មានតែបា [ស្តារ] រាល់ឆ្នាំ ហើយវាប៉ះពាល់ដល់សុខភាពពួកខ្ញុំថែមទៀត»។
មិនខុសពីអ្នកស្រី ច្រឹង ស្រី នោះទេ អ្នកស្រី រឿង ធារី អាយុ៤៣ឆ្នាំរស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ អស់រយៈពេលជិត២០ឆ្នាំ បានឱ្យដឹងថា បញ្ហាគឺដោយសារលូវាតូចពេក ដែលធ្វើឱ្យទឹកហូរមិនទាន់។ អ្នកស្រីបានស្នើសុំឱ្យអាជ្ញាធរគួរតែគិតគូរដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋចនេះ ជាពិសេសគួរតែមានវិធានការចំពោះម្ចាស់អគារធំៗជុំវិញ កុំឱ្យពួកគាត់ចេះតែបង្ហូរទឹកមក។
អ្នកស្រី ធារីបន្ដថា៖ «ពេលស្ទះលូអី ខ្ញុំប្រាប់គាត់[អាជ្ញាធរ] គាត់មកអើតមួយភ្លែតចឹងទៅ គាត់បាត់ឈឹងទៅ»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ហ៊ាន ស្រីលាភ អាយុ២៨ឆ្នាំ បាននិយាយថា អ្នកស្រីទទួលស្គាល់ថា កន្លងមកអាជ្ញាធរក៏បានចុះមកបាលូដែរ ប៉ុន្ដែមិនមែនមកបាលូក្នុងភូមិអ្នកស្រីនោះទេ គឺបាតែលូធំ។ អ្នកស្រីថា សូម្បីតែទឹកហូរពីអគារជុំវិញមក ក៏ពួកគាត់មិនរវល់ដែរ ដែលជាហេតុធ្វើឱ្យធ្វើឱ្យពួកអ្នកស្រីពិបាកធ្វើដំណើរ និងប្រកបមុខរបរចឹញ្ចឹមជីវិត។
អ្នកស្រីលាភថ្លែងថា៖ «ខ្ញុំតេទៅមេភូមិថា បងអើយទឹកលិចផ្ទះប្រជាជន គេអត់រវីរវល់អីហ្មង គ្រាន់តែស្នើឱ្យគាត់ចុះមកបាលូហ្នឹង ឬក៏ជួយដាក់ទុយោថ្មី គេធ្វើមិនដឹង ដល់ពេលចឹងខ្ញុំមិននិយាយថាម៉េចទេ បើគេអត់រវល់និងប្រជាជនផង»។
គួរបញ្ជាក់ថា ពលរដ្ឋដែលរស់នៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានចំនួនជិត២០០គ្រួសារ ប៉ុន្ដែពលរដ្ឋដែលរងគ្រោះដោយសារទឹកស្អុយមានចំនួន៣០គ្រួសារទេ ពីព្រោះ៣០គ្រួសារនេះ ពួកគេរស់នៅជិតអគារធំៗព័ន្ធជុំវិញ និងមិនមានប្រព័ន្ធបង្ហូរទឺកគ្រប់គ្រាន់ទើបធ្វើឱ្យពួកគេរស់នៅក្នុងទឹកស្អុយជិត៣ខែ។
អភិបាលខណ្ឌមានជ័យលោក ហែម ដារិទ្ធ បានថ្លែងយ៉ាងខ្លីថា លោកកំពុងតែដោះស្រាយបញ្ហាហ្នឹងហើយ។
លោកថា៖ «ខ្ញុំកំពុងតែកាយនៅផ្លូវ៦០ម៉ែត្រនិងស្ដារលូក្នុងភូមិព្រែកតានូនោះហើយ»។
បើតាមប្រធានគម្រោងសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការធាងត្នោត លោក ស៊ាង មួយឡៃ បានអះអាងតាមរយៈការសិក្សានិងធ្វើរបាយការណ៍អស់រយៈពេលជាច្រើនឆ្នាំថា មិនត្រឹមតែសហគមន៍ដែលពួកគាត់រស់នៅដោយមិនមានការទទួលស្គាល់ពីអាជ្ញាធរឬក៏ប្រជាពលរដ្ឋដែលមានការទទួលស្គាល់ពីអាជ្ញាធរនោះទេ ជាពិសេសដូចប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះជាក់ស្ដែងនេះ គឺពួកគាត់ត្រូវបានក្រុមហ៊ុនឯកជនអ្នកមានលុយ អ្នកមានអំណាច តែងតែរំលោភបំពានហើយមិនមានចំណាត់ការឬក៏មានការដោះស្រាយណាមួយជូនពួកគាត់ដែរ។
លោកបន្ដថា៖ «ដូចជាពួកគាត់បានរស់នៅស្របច្បាប់ ប៉ុន្ដែនៅពេលមានអ្នកមានអំណាចណាមួយទៅអភិវឌ្ឍន៍នៅតំបន់នោះ ក៏បានចាក់ដីលុប ធ្វើឱ្យលិចផ្ទះពលរដ្ឋដែលកំពុងរស់នៅ ហើយអាជ្ញាធរក៏មិនបានគិតគូរដោះស្រាយឱ្យពួកគាត់ទេ និយាយរួមមានករណីច្រើនដែលកើតឡើងពីការអភិវឌ្ឍរបស់អ្នកមានអំណាច»។
លោក មួយឡៃ ក៏បានបញ្ជាក់បន្ថែមថា បើយោងតាមផ្លូវច្បាប់ គឺក្រុមហ៊ុនឯកជនហ្នឹងត្រូវទទួលខុសត្រូវចំពោះបញ្ហាទាំងអស់ដែលបានកើតឡើង ដូចជាធ្វើឱ្យខូចប្រព័ន្ធលូឬក៏ប្រព័ន្ធផ្សេងៗទៀត ដែលជាកត្តាធ្វើឱ្យលិចលង់ផ្ទះប្រជាពលរដ្ឋ គឺត្រូវតែគិតគូរដោះស្រាយ។
លោកថា ជាពិសេសអាជ្ញាធរថ្នាក់ក្រោមក៏ត្រូវទទួលខុសត្រូវដែរ ពួកគាត់មិនអាចមិនអើពើចឹងបានទេ ពីព្រោះពេលខ្លះប្រជាពលរដ្ឋ អត់អាចនិយាយបាន ដោយសារពួកគាត់គ្មានតួនាទីអ្វីក្នុងការចចារនិងភាគីដែលបង្កបញ្ហា។
លោកបន្ដថា៖ «ក្នុងនាមអាជ្ញាធរជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ពួកគាត់ត្រូវតែគិតគូពីទុក្ខលំបាកពលរដ្ឋ មិនមែនចេះតែយករួចខ្លួន ហើយទុកបញ្ហាឱ្យពលរដ្ឋដោះស្រាយដោយខ្លួនឯងនោះទេ»។
កាលពីចុងឆ្នាំ២០១៩ សមាគមធាងត្នោត បានចេញផ្សាយរបាយការណ៍ចុងឆ្នាំរបស់ខ្លួនមួយ ដោយអំពាវនាវកុំឲ្យរដ្ឋាភិបាលបន្តការលុបបឹង និងតំបន់ដីសើមផ្សេងទៀត ដោយលើកឡើងអំពីការបាត់បង់កន្លែងស្តុកទឹកដ៏សំខាន់ និងជាដើមហេតុនៃការលិចលង់នៅតាមតំបន់មួយចំនួននៅក្នុងទីក្រុងនិងតំបន់ជាយក្រុងភ្នំពេញ៕
…………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន