របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
អ្នកស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ បានអំពាវនាវដល់អាជ្ញាធរកុំឲ្យមានការរើសអើង ចំពោះបងប្អូនប្រជាពលរដ្ឋដែលការពារព្រៃសហគមន៍ឧត្តមស្រែពស់ ឬ ហៅថាព្រៃមេត្តាធម្មជាតិ ដោយពួកគាត់ការពារទុកឱ្យក្មេងៗជំនាន់ក្រោយ។
អ្នកស្រី ឃន ខន អាយុ ៦៥ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា សហគមន៍របស់អ្នកស្រីនៅតែរងការចោទប្រកាន់ រើសអើងថាជាក្រុមប្រឆាំង។ អ្នកស្រីបន្តថា អ្វីដែលប្រជាសហគមន៍របស់អ្នកស្រីបានធ្វើ មិនមែនធ្វើក្រោមបង្គាប់បញ្ជារបស់គណបក្សប្រឆាំងណាមួយនោះទេ តែដើម្បីថែរក្សាព្រៃឈើដើម្បីក្មេងជំនាន់ក្រោយតែប៉ុណ្ណោះ។
អ្នកស្រីថា៖ «ខ្ញុំចង់បានរាល់ថ្ងៃកំពុងតែមានវិវាទព្រៃសហគមន៍ជាមួយអ្នកការពារដែលជាប្រជាពលរដ្ឋជាមួយនឹងក្រុមទាហាន ដូចជាចង់ឲ្យរដ្ឋាភិបាលឲ្យមានយុត្តិធម៌តម្លាភាពឲ្យមានដំណោះស្រាយចំពោះអ្នកការពារព្រៃសហគមន៍ឲ្យមានសិទ្ធិផង ព្រោះអីប្រជាពលរដ្ឋការពារព្រៃឈើសហគមន៍ធ្វើអីក៏ខុស ការពារព្រៃឈើយ៉ាងម៉េចក៏ខុស គេបានប្ដឹងផ្ដល់អត់មានច្បាប់ ថាត្រូវម្ដង គឺតែងតែខុសរហូត»។
អ្នកស្រីបន្តថា៖ «ពួកយើងការពារព្រៃសហគមន៍ទុកជាសម្បត្តិរួមទាំងអស់គ្នា ប៉ុន្តែហេតុអ្វីបានចេះតែខុស សូមជួយរកយុត្តិធម៌ចំពោះច្បាប់ ឱ្យមានភាពស្មើគ្នាកុំលំអៀងហើយប្រជាពលរដ្ឋគាត់ចង់បានដូច្នេះដែរ កុំលំអៀងទៅខាងណាមួយ ឱ្យស្មើភាពគ្នា។ ហើយសព្វថ្ងៃនេះ នៅតែមានបន្តកាប់ឈើល្អៗ ដូចជា ធ្នង់អីអីហ្នឹងលួចតែកាប់នៅជិតវត្តហើយនៅតែកាប់លួចកាប់រហូត រាល់តែថ្ងៃឈ្លោះប្រកែករកកាប់រកចាក់គ្នារាល់ថ្ងៃ អត់មានអ្នកណាក្រៅផ្សេងទេ មានតែអាមុខដដែលៗ គឺក្រុមពួកទាហានហ្នឹង គ្មានអ្នកណាមកប្លែកទេ»។
កាលពីថ្ងៃទី៩ ខែសីហាសប្តាហ៍នេះ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានទៅពិនិត្យមើលដោយផ្ទាល់ពីស្ថានភាពព្រៃឈើសហគមន៍ឧត្តមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ដោយបានសន្យាថា នឹងមិនឲ្យមានសកម្មភាពកាប់បំផ្លាញព្រៃឈើនៅសហគមន៍ឧត្តមស្រែពស់បន្ដទៀតឡើយ។ អភិបាលខេត្តកំពង់ស្ពឺ ក៏បានសន្យាដោះស្រាយបញ្ហាវិវាទរវាងក្រុមទាហាននិងក្រុមប្រជាពលរដ្ឋសហគមន៍ឧត្តមស្រែពស់ផងដែរថា និងបង្គាប់ឱ្យអាជ្ញាធរចុះវាស់វែងកំណត់ព្រំដីសហគមន៍ឲ្យបានច្បាស់លាស់ដើម្បីកុំឱ្យមានទំនាស់បន្តទៅទៀត។
លោក សយ សាត ប្រជាពលរដ្ឋនិងជាអ្នកការពារព្រៃសហគមន៍ឧត្តមស្រែពស់ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកសោកស្តាយចំពោះការបាត់បង់ព្រៃឈើនៅសហគមន៍ឧត្តមស្រែពស់ ដែលជាជម្រកសត្វព្រៃនាពេលកន្លងមក។
លោកថា៖ «ខ្ញុំសូមជម្រាបក្មួយដោយត្រង់ទៅចុះធ្វើអ្វីទៅតាមច្បាប់ដែលបានកំណត់ឱ្យយើងក្មួយប្រុស ប្រទេសមួយមានការអភិវឌ្ឍវាតែងតែមានការប្រែប្រួល ប៉ុន្តែការប្រែប្រួលវាហួសដែនកំណត់នៃការប្រែប្រួល។ កាលមុន មានតាំងពីខ្ទីង ទន្សោង ស្វា ខ្លាឃ្មុំ ប៉ុន្តែឥឡូវបាត់ខ្លាឃ្មុំអស់ បាត់សត្វទាំងអស់ហ្នឹង គឺវាអយុត្តិធម៌សម្រាប់យើងអ្នកការពារព្រៃសហគមន៍»។
លោកបានបន្តថា៖ «មិនត្រឹមតែប៉ុណ្ណឹងទេក្មួយប្រុសដីរបស់ខ្ញុំតែ ៥ ហិចតាទេ រស់នៅតាំងពីឆ្នាំ១៩៩៧ រហូតដល់បច្ចុប្បន្ននៅតែគេយកដីរបស់ខ្ញុំ ដល់ខ្ញុំតវ៉ាគេថា តា សាត ឯងតវ៉ាអីដីព្រៃសហគមន៍ បើ តាសាត ឯងនៅតែតវ៉ាដី តា សាត នៅខាងកើតក៏គេយកដែរ»។
លោក ញ៉ិល ភាព ប្រធានសហគមន៍សម្ព័ន្ធកសិករកម្ពុជា បានប្រាប់ពលរដ្ឋអ្នកសាព័ត៌មាន ccimថា ករណីនេះ ដោយសារតែក្រុមទាហាននិងខាងអាជ្ញាធរត្រូវរ៉ូវគ្នា និយាយទៅគេឃុបឃិតគ្នាជាប្រព័ន្ធ ម្លោះហើយប្រជាសហគមន៍ដែលការពារធនធានធម្មជាតិព្រៃឈើដាក់បន្ទុកចោទប្រកាន់ពីបទចោទណាមួយ។
លោកថា៖ «យើងឃើញហើយគ្រប់ទីកន្លែងមិនមែនតែខាងស្រុកឱរ៉ាល់ទេ កន្លែងណាក៏ដូចកន្លែងណាដែរ អ្នកដែលចេញមកការពារទាមទារសិទ្ធិសេរីភាពសិទ្ធិដីធ្លីដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ មានព្រៃឈើការពារអស់ទាំងហ្នឹង ត្រូវបានធ្វើទុក្ខបុកម្នេញពីសំណាក់ខាងអាជ្ញាធរ ពីសំណាក់អ្នកដែលទទួលបានសិទ្ធិសម្បទានសេដ្ឋកិច្ចឈ្មួញពីក្រុមហ៊ុន យើងដឹងហើយថា នៅខាងស្រុកឱរ៉ាល់ អ្នកដែលចេញមុខខាងតវ៉ាក្នុងការទាមទារដែលសកម្មនៅក្នុងព្រៃសហគមន៍ ពួកគាត់ត្រូវបានគេប្ដឹង ប្ដឹងចោទតាមប្រព័ន្ធតុលាការទាំងអស់អញ្ចឹង»។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់ធ្វើលំនៅដ្ឋាន និងបង្កបង្កើនផល។ ចាប់តាំពីចុងឆ្នាំ២០២១មក អ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរនោះ បាននាំគ្នាតវ៉ាប្រឆាំងក្រុមទាហាននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក មិនឱ្យកាប់បំផ្លាញព្រៃសហគមន៍ «ឧត្ដមស្រែពស់» ឬហៅ «ព្រៃមេត្តាធម្មជាតិ» ដែលពួកគេអះអាងថា បានការពារជាង២០ឆ្នាំមកហើយ។
អ្នកភូមិអះអាងថា សហគមន៍ «ឧត្ដមស្រែពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ពីដើមឡើយមានផ្ទៃដីទំហំជាង ២ ០០០ ហិចតា ជាតំបន់ព្រៃស្រោង និងមានសត្វព្រៃជាច្រើនប្រភេទរស់នៅ ប៉ុន្តែក្រោយមកក៏មានក្រុមទាហានបានចូលទៅរំលោភយកជាបន្តបន្ទាប់មកនៅសល់ដីព្រៃតែជាង ៣០ហិចតាប៉ុណ្ណោះ។ ព្រៃឈើក៏បាត់បង់ អាស្រមលោកធ្លាប់គង់នៅក៏ត្រូវវាយកម្ទេច រូបបដិមា ព្រះពុទ្ធសាសនា ព្រះ ដែលពុទ្ធបរិស័ទធ្លាប់ធ្វើជាទីសក្ការៈបូជា ក៏ត្រូវបានបំផ្លាញ ខណៈសត្វព្រៃក៏រត់ខ្ចាត់ខ្ចាយដោយសារមិនមានព្រៃសម្រាប់រស់នៅបន្តទៀត។ តែទោះជាយ៉ាងនេះក្តី ប្រជាសហគមន៍ឧត្តមស្រែពស់ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែប្តេជ្ញាចិត្តថា ពួកគេនឹងបន្ដការពារដីព្រៃដែលនៅសេសសល់ចុងក្រោយប្រមាណជា៣០ហិចតា ខណៈអភិបាលខេត្តកំពង់ស្ពឺក៏បានអះអាងដែរថា លោកនឹងមិនបន្ដឲ្យមានការកាប់បំផ្លាញតទៅទៀតឡើយ៕
_________________________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សួស ចាន់ឌឿន