ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្ដាល
ប្រជាពលរដ្ឋនៅក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ត្អូញត្អែពិបាកធ្វើអត្តសញ្ញាណប័ណ្ណ ឬឯកសារផ្សេងៗ នៅពេលដែលពួកគេជ្រុះបាត់ ហើយចង់ធ្វើថ្មីឡើងវិញ។
ប្រជាពលរដ្ឋម្នាក់រស់នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ លោក ពេជ្រ សាវុធ អាយុ៣៨ឆ្នាំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកបានបាត់អត្ដសញ្ញាណប័ណ្ណ ហើយលោកចង់ធ្វើថ្មី។ ប៉ុន្ដែនៅពេលលោករាយការណ៍ទៅនគរបាលនៅឃុំរបស់លោក បែរជាអាជ្ញាធរ ទារថ្លៃសេវាប្រសិនបើចង់ធ្វើលឿនក្នុងរយៈពេល១សប្តាហ៍។ ក៏ប៉ុន្តែ លោក សាវុធ បន្តថា លោកចង់ធ្វើធម្មតា ដោយមិនចង់បង់ប្រាក់កំរ៉ៃក្រៅផ្លូវការនោះទេ បែជាសមត្ថកិច្ចថា មិនដឹងទៅវិញ។ លោកបន្ដថា ដោយសារតែលោកមិនសូវប្រញ៉ាប់ក្នុងការប្រើប្រាស់ ទើបលោកធ្វើតាមធម្មតា តែបែរជាប៉ូលិសមិនអើពើក្នុងការផ្ដល់សេវាឲ្យលោកទៅវិញ។
លោកបានអះអាងថា៖ «ខ្ញុំមិនសូវមានលុយនិងមិនប្រញ៉ាប់ទើបចង់ទៅធ្វើថ្មីតាមធម្មតា បែរជាប៉ូលិសគេមិនអើពើ ហើយឲ្យខ្ញុំធ្វើអាសេវាលឿនទៅ គេ [ប៉ូលិស] ធ្វើឲ្យទាំងដែលខ្ញុំចង់ធ្វើអាតាមផ្លូវច្បាប់ត្រឹមត្រូវ ប៉ុន្ដែគេមិនធ្វើឲ្យហើយប្រាប់ថាយូរ»។
ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អ្នកស្រី សុខ ខេង អាយុ៦១ឆ្នាំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM តាមទូរស័ព្ទដែរថា អ្នកស្រីធ្លាប់ជួបការលំបាកនៅពេលធ្វើសំបុត្រកំណើតឲ្យចៅរបស់អ្នកស្រី។
អ្នកស្រីបន្តថា នៅពេលធ្វើសំបុត្រកំណើតអោយចៅស្រីនោះ អាជ្ញាធរឃុំហាក់យឺតយ៉ាវ ជាពិសេស គឺស្មៀនឃុំតែម្ដង។ អ្នកស្រីថា ស្មៀនឃុំមិនសូវមានពេលវេលាគ្រប់គ្រាន់ ដល់អ្នកស្រី ឬក៏ប្រជាពលរដ្ឋដ៏ទៃទៀតនោះទេ ដោយយកលេសថា ជាប់រវល់ទៅណេះ ឬម្ដងជាប់រវល់ទៅណោះជាដើម។ អ្នកស្រីមិនបន្ទោសមេឃុំនោះទេ។
អ្នកស្រីបន្ដថា៖ «សម្រាប់ខ្ញុំ ខ្ញុំចង់សំណូមពរឲ្យអាជ្ញាធរជួយប្រជាពលរដ្ឋក្នុងការផ្ដល់សេវាឲ្យលឿនៗ កុំមានលុយបានលឿន គ្មានលុយរៀងយឺត កុំធ្វើចឹងៗអី»។
នាយប៉ុស្តិ៍នគរបាលឃុំពត់សរលោក ម៉ែន វណ្ណា បានច្រានចោលចំពោះការលើកឡើងនេះថា លោកមិនដែលធ្វើដូច្នោះឡើយ។
លោកថា ឲ្យតែប្រជាពលរដ្ឋមកធ្វើអត្តសញ្ញាណប័ណ្ណ គឺលោកធ្វើអោយទាំងអស់ ជាពិសេសដាស់តឿនពួកគាត់ដល់លំនៅដ្ឋានថែមទៀតផង ពាក់ព័ន្ធនិងការបោះឆ្នោត ដើម្បីឲ្យពួកគាត់បានបោះឆ្នោតបានគ្រប់គ្នា និងដើម្បីកុំឲ្យពួកគាត់ពិបាកក្នុងអូសឯកសារផ្សេងៗ គឺលោកបានទិញម៉ាស៊ីនព្រីន ដាក់កន្លែងធ្វើការថែមទៀតផង សម្រាប់បម្រើប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនដែលយកប្រាក់១០០រៀលនោះទេ។
លោកបន្ថែមថា៖ «ខ្ញុំមិនដែលឲ្យកូនចៅយកលុយទេ អ្នកណាអ្នកនិយាយខ្ញុំចង់ជួប»។
ពលរដ្ឋអ្នកសារព័ត៌មានបានព្យាយាមទាក់ទងទៅលោក តុប នេត អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីសុំការបំភ្លឺ ប៉ុន្តែមិនមានអ្នកទទួល។
លោក ប៉ិច ពិសី ប្រធានអង្គការតម្លាភាពកម្ពុជាយល់ឃើញថា ប្រជាពលរដ្ឋនៅតែមានការត្អូញត្អែរ មានក្ដីបារម្ភច្រើននៅឡើយ ចំពោះការផ្ដល់សេវាសាធារណៈ នៅថ្នាក់ក្រោមជាតិ ជាពិសេសការធ្វើអត្តសញ្ញាណកម្ម លិខិតស្នាមសំខាន់ៗដែលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ជាចាំបាច់ ដូចជា សៀវភៅគ្រួសារ អត្ដសញ្ញាណប័ណ្ណ និងលិខិតផ្សេងៗ ដែលពួកគាត់ត្រូវប្រើសម្រាប់ជីវភាពប្រចាំថ្ងៃ សម្រាប់អាជីវកម្មក្ដី។
លោកបន្តថា៖ «ពលរដ្ឋតែងលើកឡើងថា នៅមានបញ្ហាច្រើន ពិសេសភាពយឺតយ៉ាវក្នុងផ្ដល់សេវា ផ្ដល់ឯកសារហ្នឹង ហើយជាពិសេស គឺការយកកម្រៃបន្ថែមដោយប្រយោលក្ដី ដោយផ្ទាល់ក្ដី គឺនៅតែមានបញ្ហាហ្នឹង»។
លោកបន្ដថា ការធានានូវប្រសិទ្ធភាព ប្រសិទ្ធផលការផ្ដល់សេវាជូនពលរដ្ឋនៅមូលដ្ឋាន គឺជាកាតព្វកិច្ចចាំបាច់ណាស់របស់អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំសង្កា ត់ដែលទើបជាប់ឆ្នោត គួរតែផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពហើយនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
លោកបន្ដថា៖ «រឿងមួយទៀតដែលប្រជាពលរដ្ឋនៅខឹងសម្បារ គឺរឿងពុករលួយហ្នឹង ដើម្បីបានសេវាទាល់តែបង់លុយ ទាល់តែសូកប៉ាន់ បានៗសេវា ហើយបើអត់ទេ គឺយឺតយ៉ាវ ជួនកាលគេអត់ទាទេ ដោយសារគេខ្លាចច្បាប់ ប៉ុន្ដែបើអត់ឲ្យលុយទេ គេទុកឯកសារហ្នឹងចោល»។
បើតាមស្នងការរងទទួលបន្ទុកផ្នែកអត្ដសញ្ញាណប័ណ្ណខេត្ដតាកែវ លោក អេង សុខលី បានបំភ្លឺប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIMថា ប្រជាពលរដ្ឋដែលបាត់សញ្ញាណប័ណ្ណ គឺអាចធ្វើដោយមិនអស់លុយនោះទេ។ លោកបន្តថា ខាងរដ្ឋជាអ្នកទទួលបន្ទុកទាំងអស់ គឺពួកគាត់អាចទៅរាយការណ៍ប្រាប់សមត្ថកិច្ចនៅមូលដ្ឋានរបស់ពួកគាត់ បន្ទាប់មកគេនិងរៀបចំឯកសារបញ្ជាក់ពីការបាត់នោះហើយ។
ស្នងការរងរូបនេះបន្ដអះអាងថា៖ «រត់ការធ្វើលឿន គឺមិនមានចែងក្នុងច្បាប់កំណត់ទេ គឺវាក្រៅទេ ប៉ុន្ដែបើយកក្រៅខុសផ្លូវការ ខ្ញុំក៏អត់ដឹងដែរ ពីព្រោះវាជាសាធារណៈ»។
គួរកត់សម្គាល់ថា ការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ និងពលរដ្ឋនៅឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នេះ គឺខណៈពេលដែលមេឃុំ ចៅសង្កាត់ដែលទើបជាប់ឆ្នោតថ្មី បានប្រកាសសុពលភាពជាបន្តបន្ទាប់។ អាជ្ញាធរឃុំសង្កាត់ថ្មី សុទ្ធតែបានប្តេជ្ញាចិត្តថា នឹងបំរើប្រជាពលរដ្ឋដោយមិនរើសអើង ឬទាមទារប្រាក់កំរៃក្រៅផ្លូវការ ឬផ្អិបឯកសាររបស់ប្រជាពលរដ្ឋឡើយ៕
………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្តាល