របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ពលរដ្ឋ១៣៥គ្រួសារនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានចោទប្រកាន់ក្រុមហ៊ុនរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ថា បានមកអភិវឌ្ឍន៍និងពង្រីកផ្លូវចូលទៅដីរបស់ក្រុមហ៊ុន ធ្វើឱ្យប៉ះពាល់ដល់ដីស្រែនិងរបងផ្ទះរបស់ពួកគាត់ ដោយមិនបានផ្ដល់សំណងសមរម្យណាមួយឱ្យពួកគាត់ឡើយ។
តំណាងប្រជាពលរដ្ឋរងគ្រោះម្នាក់ លោក ធូ សាមុត អាយុ៥០ឆ្នាំ រស់នៅភូមិថ្នល់ទក្សិណឃុំក្រាំងធ្នង់ ស្រុកបាទី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកមិនបដិសេធចំពោះការអភិវឌ្ឍនោះទេ។ ប៉ុន្ដែលោកថា មុននឹងមានការអភិវឌ្ឍក៏ត្រូវគិតគូរផ្តល់សំណងឱ្យបានសមរម្យណាមួយ ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលយកបាន។
តំណាងប្រជាពលរដ្ឋរូបនេះបន្ដថា៖ «មុននឹងអភិវឌ្ឍន៍ត្រូវគិតគូរសំណងឱ្យគ្នាផង ពីព្រោះរបងមួយៗសុទ្ធតែខ្ចីលុយធនាគារមកធ្វើ មិនមែនលុយខ្លួនឯងរកបានឯណា។ សុំអាជ្ញាធរពាក់ព័ន្ធមេត្តាជួយគិតគូរផង»។
ប្រជាពលរដ្ឋម្នាក់ទៀត លោក ម៉ី ចន្ថា អាយុ៥០ឆ្នាំ រស់នៅឃុំក្រាំងធ្នង់ ស្រុកបាទី បានប្រាប់CCIMនៅព្រឹកថ្ងៃព្រហស្បតិ៍ថា លោកស្នើសុំឱ្យក្រុមហ៊ុនជួយគិតគូរសំណងឱ្យបានសមរម្យប៉ុណ្ណោះ ពីព្រោះរបងផ្ទះម្នាក់ៗធ្វើអស់ប្រាក់ជាច្រើន។ លោកថា នៅសុខៗស្រាប់តែត្រូវវាយកម្ទេចចោលខ្ទេចហើយ ដោយមិនមិនបានផ្តល់សំណងនោះទេ។
លោកបន្ដថា៖ «ខ្ញុំគ្រាន់តែចង់បានសំណងសមរម្យឬក៏ធ្វើរបងឱ្យខ្ញុំវិញទេ ពីព្រោះខ្ញុំធ្វើអស់លុយច្រើនណាស់ សុំជួយគិតគូរឱ្យខ្ញុំវិញផង»។
អ្នកស្រី ណាត់ ស្រីម៉ៅ អាយុ៥៣ឆ្នាំ រស់ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវម្នាក់ទៀត បានលើកឡើងថា ដីដែលក្រុមហ៊ុនធ្វើផ្លូវនេះ គឺជាដីរដ្ឋ មិនមានសំណងឱ្យនោះទេ ពីព្រោះខាងក្រុមហ៊ុនថា ក្រុមហ៊ុនបានទទួលការសម្បទានពីរដ្ឋ។ អ្នកស្រីថា ខាងភាគីក្រុមហ៊ុនអះអាងថា ក្រុមហ៊ុនមិនមានសំណងសងឱ្យប្រជាពលរដ្ឋ ដែលប៉ះពាល់នោះទេ។
អ្នកស្រីអះអាងថា៖ «សុំគិតគូរឱ្យខ្ញុំផង បើមិនឱ្យជាលុយ ក៏គួរតែធ្វើឱ្យខ្ញុំវិញមក ខ្ញុំចំណាយលុយច្រើនណាស់»។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចសុំការអត្ថាធិប្បាយពីតំណាងក្រុមហ៊ុនរបស់លោកឧកញ៉ា ឡេង ណាវ៉ាតត្រា បាននៅឡើយទេ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋនេះ ដោយទូរសព្ទចូលមិនលើក និងផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុកតែមិនឆ្លើយតប។
យ៉ាងណាក្តី មេភូមិបាទី លោក ហាក់ មាំង អាយុ៦២ឆ្នាំ បានថ្លែងថា សូម្បីតែរបងផ្ទះលោក ដែលសាងសង់ធ្វើអស់ប្រាក់ជាច្រើននោះ ក៏ក្រុមហ៊ុនមិនបានគិតគូរផ្តល់សំណងឱ្យដែរ។ ប៉ុន្ដែលោកថា ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន គឺលោកពិតជាចង់ឱ្យមានការដោះស្រាយមួយសមរម្យជូនប្រជាពលរដ្ឋដែលរងគ្រោះទាំង១៣៥គ្រួសារ ដើម្បីបញ្ចប់បញ្ហា។
លោកបន្ដថា សូម្បីលោកជាអាជ្ញាធរមូលដ្ឋានក៏មិនបានដឹងរឿងអស់នេះដែរ ដល់ថ្ងៃខាងក្រុមហ៊ុនចុះមកធ្វើ ក៏ធ្វើភ្លាមៗតែម្ដង។
លោកមេភូមិបន្ដថា៖ «ទាំងខ្ញុំ ទាំងប្រជាពលរដ្ឋចង់ឱ្យក្រុមហ៊ុនដោះស្រាយសំណងរបងផ្ទះនិងបញ្ហាផ្សេងទៀត បើមិនអ៊ីចឹងទេ បញ្ហារឹតតែធំ»។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចទាក់ទងទៅលោកមេឃុំក្រាំងធ្នង់ លោក ជិន អ៊ីម បានទេនៅថ្ងៃព្រហស្បតិ៍នេះ ដោយទូរសព្ទចូល ប៉ុន្ដែគ្មានអ្នកលើក។ ចំណែកអភិបាលស្រុកបាទី លោក ភួន ឈីម បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកកំពុងប្រជុំមិនអាចនិយាយបានទេ។
ចំណែកឯលោក មាស អ៊ុយ ប្រធានរដ្ឋបាលខេត្តតាកែវ ក៏បានប្រាប់មុននេះបន្ដិចថា លោកកំពុងជាប់ប្រជុំ។
មន្ដ្រីសម្របសម្រួលសិទ្ធិមនុស្សនិងធុរកិច្ចនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា រាល់ការអភិវឌ្ឍទាំងអស់ត្រូវសិក្សាឱ្យច្បាស់លាស់ ឬត្រូវកោះហៅប្រជាពលរដ្ឋទៅប្រជុំពិភាក្សាពីបញ្ហាទាំងអស់ហ្នឹងជាមុនសិន មិនមែនក្រុមហ៊ុនត្រូវមកធ្វើយកៗដោយគ្មានការទូទាត់សំណងចឹងនោះទេ។
លោកបន្តថា អាជ្ញាធរក៏គួរតែគិតគូររឿងហ្នឹងដែរមិនមែនចេះតែបណ្ដោយឱ្យក្រុមហ៊ុនធ្វើអីតាមតែអំពើចិត្ដទេ ពីព្រោះកាលណាក្រុមហ៊ុនអាចធ្វើអ្វីតាមតែចិត្ត អ្នករងគ្រោះគឺប្រជាពលរដ្ឋហ្នឹងឯង។ លោកបន្ដថា បើក្រុមហ៊ុនជាអ្នកអភិវឌ្ឍក្រុមហ៊ុនត្រូវទទួលខុសត្រូវចេញសំណងឱ្យអ្នករងគ្រោះ បើមិនចេញសងទេ ប្រជាពលរដ្ឋមានសិទ្ធិក្នុងការប្ដឹងទៅអ្នកពាក់ព័ន្ធដូចជាមន្ទីរសុរិយោដីឬក៏ក្រសួងដែនដីជាដើម។
លោកសូផាតបន្ដថា៖ «បើក្រុមហ៊ុនអាចធ្វើអ្វីតាមចិត្តចឹង នោះច្បាប់នឹងមានភាពកំសោយ ហើយវានឹងធ្វើឱ្យប្រជាពលរដ្ឋលែងទុកចិត្ដលើច្បាប់។ រឿងនេះក្រុមហ៊ុនត្រូវតែទទួលខុសត្រូវជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរក៏ត្រូវចូលរួមស្វែងរកដំណោះស្រាយផងដែរ មិនមែនយកតែរួចខ្លួននោះទេ»។
បើយោងតាមប្រភពពីប្រជាពលរដ្ឋបានអះអាងថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានទទួលដីសម្បទានពីរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍន៍ជាបុរីលំនៅដ្ឋាន។ ហើយក្រុមហ៊ុននេះបានចុះមកធ្វើសកម្មភាពពង្រីកផ្លូវតាំងពីមុនការបោះឆ្នោតឃុំសង្កាត់មកម្ល៉េះ។ ប្រជាពលរដ្ឋបន្តថា ការពង្រីកផ្លូវនេះ បានធ្វើឱ្យប៉ះពាល់ដល់របងផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិថ្នល់ទក្សិណ និងភូមិទន្លេបាទី ដែលមានចំនួន១៣៥គ្រួសារ និងដីស្រែរបស់ពួកគាត់មួយចំនួនផងដែរ ដោយមិនទាន់បានទទួលសំណងណាមួយនៅឡើយទេ៕
……………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្តាល