របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវជាតិលេខ២ និងផ្លូវលេខ២២ ក្នុងខេត្តតាកែវ បានត្អូញត្អែរថា ពួកគេពិបាកទាំងការរកស៊ីនិងការធ្វើដំណើរ ពិសេសបញ្ហាសុខភាព ដោយសារតែធូលីដីហុយ ចេញពីការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងផ្លូវលេខ២២ តភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តតាកែវ ខណៈដំណើរការសាងសង់មានដំណើរការយឺតយ៉ាវ។
ប្រជាពលរដ្ឋម្នាក់ជាអ្នកប្រកបរបរលក់ដូរនៅតាមដងផ្លូវជាតិលេខ២ អ្នកស្រី ឡុង សារុំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ប្រជាពលរដ្ឋកំពុងប្រឈមការលំបាកទាំងការធ្វើដំណើរ និងរងផលប៉ះពាល់សុខភាព នៅពេលជិះម៉ូតូម្ដងៗ ដោយសារក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការស្ថាបនាផ្លូវទាំងពីរខ្សែនេះ ហើយទុកឱ្យដីហុយ ជង្ហុកធំៗ។
អ្នកស្រីបន្តថា ពេលខ្លះអ្នកធ្វើដំណើរគ្រោះថ្នាក់ផងដែរ នៅពេលអ្នកដំណើរជិះប្រជែងគ្នា។ អ្នកស្រីបានដាក់ជាចំងល់ថា មិនដឹងពេលណាក្រុមហ៊ុនធ្វើផ្លូវនេះហើយនោះទេ ខណៈការអូសបន្លាយពេលវេលាក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ ក៏ធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបរសេដ្ឋកិច្ចនានាផងដែរ។
អ្នកស្រី សារុំ បានអះអាងថា៖ «ខ្ញុំពិបាកលក់ដូរណាស់ អ្នកទិញពេលឃើញហុយគ្មានអ្នកណាហ៊ានចូលមកទិញខ្ញុំឡើយ»។
ចំណែកឯអ្នកស្រី ញ៉ែម វណ្ណៈ រស់នៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក៏បានត្អូញត្អែរផងដែរថា សូម្បីតែមុខផ្ទះគាត់នៅពេលមានភ្លៀងធ្លាក់ម្ដងៗ មិនដឹងថា ទឹកហូរទៅតាមណានោះទេ បើគ្មានការដាក់លូនៅក្នុងរដូវវស្សានេះ។
អ្នកស្រីបន្តថា កូនអ្នកស្រីក៏បើកជាកន្លែងជុសជុលរថយន្ដនៅមុខផ្ទះផងដែរ ប៉ុន្តែបើគេកាយរន្តៅជ្រៅៗបែបនេះ អ្នកស្រីមិនដឹងថា តើគួរគិតបែបណានោះទេ ហើយឥឡូវឡានចូលមកធ្វើក៏នៅមិនទាន់រួចដែរ។
អ្នកស្រីថ្លែងបន្ដថា៖ «មិនថាខ្ញុំ មិនថាគេ តាមផ្លូវហ្នឹងពិបាកដូចគ្នា តែមិនដឹងប្រាប់ខាងណា បានរដ្ឋមន្ដ្រីគាត់លើកមក គឺល្អហ្មង»។
កាលពីដើមខែមេសា ឆ្នាំ២០២២នេះ រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានទុករយៈពេល៤ខែ ឲ្យក្រុមហ៊ុនសាងសង់ផ្លូវរបស់កូរ៉េខាងត្បូងឈ្មោះ ហានស៊ីន ពន្លឿនការសាងសង់ផ្លូវទាំងពីរខ្សែនេះ និងព្រមានដកឈ្មោះក្រុមហ៊ុននេះ មិនឱ្យដេញថ្លៃគម្រោងសាងសង់ផ្លូវជាតិផ្សេងទៀតឡើយ។
រដ្ឋមន្រ្ដីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងថ្ងៃចុះពិនិត្យគុណភាពផ្លូវជាតិលេខ២និងលេខ២២ កាលពីចុងខែមេសាថា ក្រុមហ៊ុនកូរ៉េមួយនេះ អនុវត្តផ្ទុយពីកិច្ចសន្យា ដោយបានសាងសង់ផ្លូវនេះមានភាពយឺតយ៉ាវ។ លោកថា ក្នុងកិច្ចសន្យាជាមួយក្រសួង ក្រុមហ៊ុនសន្យាថា នឹងប្រើរយៈពេល ៣០ខែ ប៉ុណ្ណោះ ដើម្បីសាងសង់ផ្លូវទាំងពីរខ្សែនេះ គិតត្រឹមថ្ងៃទី១៥ឬថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ។ ប៉ុន្ដែក្រុមហ៊ុននេះសាងសងមិនទាន់ពេលវេលា ហើយថែមទាំងគ្មានគុណភាពទៀតផង។
លោកបន្ដថ្លែងទៀតថា ក្រោយពីការធ្វើតេស្ដគុណភាពជិត១០០០កន្លែងមក ឃើញថា ធ្លាក់សឹងតែទាំងអស់ ជាពិសេសគ្រឿងចក្រមិនដឹងតាំងពីសម័យណានោះទេ យកមកប្រើប្រាស់ក្នុងការសាងសង់នេះ ដែលលោកបានអះអាងថា មិនអាចទទួលយកបាននោះទេ។
យ៉ាងណាក្តី ក្រោយពីចចារគ្នាមក លោកបានទុកពេលឲ្យក្រុមហ៊ុន៤ខែទៀត ដើម្បីពន្លឿនការសាងសង់។ ហើយគិតត្រឹមខែមិថុនានេះ គឺក្រុមហ៊ុននៅសល់ពេលប្រមាណជា២ខែទៀតប៉ុណ្ណោះ។
លោកបានថ្លែងបន្ថែមថា៖ «ខ្ញុំសុំទោសដល់បងប្អូនផង ចំពោះការយឺតយ៉ាវរបស់ក្រុមហ៊ុន ខ្ញុំកំពុងគិតគូរដោះស្រាយ ហើយក្រុមហ៊ុនកុំយកបញ្ហាកូវីដមកបាំងមុខ ខ្ញុំទទួលយកមិនបានទេ ខ្ញុំនឹងពិចារណាថា ក្រោយៗនឹងដកឈ្មោះក្រុមហ៊ុនហាន់ស៊ីនចេញមិនឱ្យចូលរួមដេញថ្លៃទៀតទេ»។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM បានព្យាយាមទាក់ទងទៅតំណាងក្រុមហ៊ុនហាន់ស៊ីនដើម្បីសុំការបំភ្លឺជុំវិញបញ្ហាខាងលើ ប៉ុន្ដែមិនមានការឆ្លើយតបណាមួយនោះទេ គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។
ទាក់ទងក្តីកង្វល់នេះ មេការក្រុមហ៊ុនហាន់ស៊ីនទទួលបន្ទុកស្ថាបនាផ្លូវខាងលនេះ បានថ្លែងដោយសុំមិនបញ្ចេញឈ្មោះថា លោកមិនដឹងពីការងារនៅថ្នាក់លើឡើយទេ។
មេការរូបនេះបានបន្ថែមថា៖ «គេឲ្យពួកខ្ញុំថែមម៉ោង គឺថែមម៉ោង គេឲ្យពួកខ្ញុំធ្វើឲ្យលឿន គឺពួកខ្ញុំធ្វើលឿន»។
នាយកប្រតិបត្តិនៃសមាគមធាងត្នោត លោក សឿង សារ៉ន បានមានប្រសាសន៍ថា កាលណាមានកិច្ចព្រមព្រៀងណាមួយហើយ គូរភាគីណារំលោភកិច្ចសន្យាត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
លោកបន្ថែមថា៖ «ខ្ញុំគិតថាគួរតែពង្រឹងនូវការអនុវត្តន៍លើកិច្ចព្រមព្រៀង ដើម្បីធ្វើឲ្យប្រសើរឡើង រវាងរដ្ឋាភិបាល និងក្រសួង ជាមួយខាងភាគីក្រុមហ៊ុន»។
លោក មាស អ៊ុយ នាយករដ្ឋបាលខេត្តតាកែវ បានមានប្រសាសន៍ថា ក្នុងនាមជាអាជ្ញាធរខេត្តលោកចង់ឲ្យបានផ្លូវនេះ មានស្ដង់ដា និងជាប់បានយូរ មិនងាយខូច ខណៈប្រជាពលរដ្ឋ មកស្តីបន្ទោសតែខាងអាជ្ញាធរ។ លោកបន្តថា តាមការលើកឡើងរបស់រដ្ឋមន្រ្ដី គឺត្រឹមត្រូវហើយជាពិសេសពេលលោកធ្វើដំណើរ គឺហុយដី តែវាមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពលោកនិងបងប្អូនអ្នកធ្វើដំណើរឡើយ។
លោកបន្ថែមទៀតថា៖ «ក្រុមហ៊ុនត្រូវតែធ្វើឲ្យវាត្រឹមត្រូវតាមបច្ចេកទេសនិងមានគុណភាពផង កុំចេះតែធ្វើឲ្យបានតែរួចនោះទេ»។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានចំណាយថវិកាសរុបចំនួន៥៦លានដុល្លារសហរដ្ឋអាមេរិក សម្រាប់សាងសងផ្លូវជាតិលេខ២ ដែលមានប្រវែងសរុបចំនួន ៦២,៥៦ គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ រហូតដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ៣។ គម្រោងនេះ ឆ្លងកាត់រាជធានី-ខេត្តចំនួន៣ រួមមាន ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ៕
…………………………….
ពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្តាល