របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ប្រជាពលរដ្ឋបានលើកឡើងថា ការផ្ដល់សេវាសុខភាពសាធារណៈរបស់រដ្ឋ មិនទាន់បានផ្ដល់់ភាពងាយស្រួល ឬក៏គុណភាពល្អ ដូចជាការព្យាបាលឆាប់ជា ឬផ្ដល់ថ្នាំល្អៗនៅឡើយទេ ខណៈប្រជាពលរដ្ឋខ្លះបានសម្រេចចិត្ត ទៅទទួលការព្យាបាលពីគ្លីនិក ឬក៏មន្ទីរពេទ្យឯកជនវិញ។
ពលរដ្ឋរស់នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល លោក ឆេង សុខ អាយុ៤០ឆ្នាំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា មូលហេតុដែលគាត់ទៅមន្ទីរពេទ្យឯកជន ពីព្រោះវាមានសេវាកម្មល្អ ពេទ្យមានក្រមសីលធម៌ ព្យាបាលដោយយកចិត្តទុកដាក់ មិនដូចពេទ្យរដ្ឋនោះទេ។ លោកថា ពេទ្យរដ្ឋ សម្ដីអាក្រក់ និងមានភាពយឺតយ៉ាវ។
លោក ឆង សុខ ឱ្យដឹងថា៖ «ឲ្យតែខ្ញុំឈឺ គឺខ្ញុំរត់ទៅរកពេទ្យឯកជនហើយ វាអស់លុយបន្ដិចតែឆាប់ជាសះស្បើយ»។
ប្រជាពលរដ្ឋនៅឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ម្នាក់ទៀត គឺលោក អេង ហៀង ក៏បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងដែរថា កាលពីមុនក៏គាត់ទៅទទួលសេវាកម្មពេទ្យរដ្ឋដែរ តែពេលទទួលហើយវាអត់ដូចអ្វីដែលគាត់ចង់បាន គឺថ្នាំប្រើហើយមិនងាយជាសះស្បើយ សេវាកម្មមិនទាន់ពេលវេលាដែលធ្វើឲ្យគាត់មិនទៅប្រើសេវាកម្មពេទ្យរដ្ឋទៀតនោះទេ។
លោកបន្ដថា៖ «ពួកខ្ញុំមួយគ្រួសារតែងតែទៅពេទ្យឯកជន វាថ្លៃបន្ដិចមែន តែទទួលបានផលលឿន គឺដឹងតែជាហ្មង មិនដូចសេវាកម្មរដ្ឋទេ»។
រីឯកញ្ញា ហម ស្រីពេជ្រ និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញដែលជាអ្នកស្រាវជ្រាវបញ្ហាសង្គម បានថ្លែងថា មានតែមួយភាគតូចទេ ដែលពួកគាត់មានជីវភាពល្អប្រសើរដែលគាត់មានលទ្ធភាពទៅទទួលយកសេវាកម្មពេទ្យឯកជន តែសម្រាប់ប្រជាពលរដ្ឋដែលក្រីក្រគ្មានលទ្ធភាព ពួកគាត់នៅតែបន្ដប្រើសេវាកម្មរដ្ឋ។ កញ្ញាបន្ដថា មើលតែពេទ្យកុមារជាតិ ពេទ្យគន្ធាបុប្ផា សុទ្ធតែជាពេទ្យរដ្ឋដែលបានជួយប្រជាពលរដ្ឋដែលគ្មានជីវភាពល្អប្រសើរនិងសេវាកម្មល្អ ជាពិសេសការយកចិត្តទុកដាក់ ពេទ្យមានក្រមសីលធម៌ល្អ ការប្រើប្រាស់ថ្នាំព្យាបាលល្អៗ វាមិនដូចការលើកឡើងរបស់ប្រជាពលរដ្ឋទាំងស្រុងនោះទេ។
កញ្ញាបន្ថែមថា៖ «សុំឲ្យប្រជាពលរដ្ឋទាំងអស់ងាកមកប្រើសេវាកម្មរដ្ឋវិញ ពីព្រោះសេវាកម្មរដ្ឋក៏ល្អដូចពេទ្យឯកជនដែរ ជាពិសេសគួរតែមកពិគ្រោះយោបល់និងពេទ្យរដ្ឋសិនមក មុននឹងទៅពេទ្យឯកជន»។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ក៏បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងដែរថា ក្រសួងសុខាភិបាលគួរតែមានការវាយតម្លៃមួយ ដើម្បីពិនិត្យមើលថា តើការផ្ដល់សេវាសុខភាពសាធារណៈហ្នឹងវាមានភាពល្អប្រសើរយ៉ាងមិច ជាពិសេសការវាយតម្លៃលើក្រមសីលធម៌វិជ្ជាជីវៈពេទ្យដែលជាអ្នកផ្ដល់សេវាទាំងអស់ បើមិនមានការវាយតម្លៃទេបញ្ហានៅតែមាន។
លោកបន្ដថា៖ «ក្រសួងត្រូវមានវិធានការជាក់លាក់មួយ ដើម្បីធានាថា អ្នកដែលមកទទួលសេវាកម្មរដ្ឋ គឺមិនមានបញ្ហាណាមួយឡើយ និងការចុះអប់រំពេទ្យៗទាំងអស់ឲ្យព្យាយាមបំពេញការងាររបស់ខ្លួនទៅតាមវិជ្ជាជីវៈ»។
ចំណែកឯប្រធានមណ្ឌលសុខភាពបឹងខ្យាង លោក ស៊ុម ផាន់នី បានថ្លែងថា មណ្ឌលសុខភាពលោកតែងតែផ្ដល់សេវាកម្មល្អជូនប្រជាពលរដ្ឋក្នុងឃុំ គឺប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ហើយរឿងក្រមសីលធម៌វិជ្ជាជីវៈវិញ គឺលោកតែងតែយកចិត្តទុកដាក់ខ្លាំងណាស់ តែក៏វាមានបញ្ហាខ្លះដែរ ដោយសារពេលខ្លះគ្នាហត់ ក៏មានសម្ដីធំតូចខ្លះផងដែរ។
លោក ផាន់នី បន្ដថា កាលពីមិនទាន់មានកូវីដ-១៩ ក្នុង១ខែ មណ្ឌលសុខលោកមានប្រជាពលរដ្ឋមកទទួលសេវាកម្មជិត២ ០០០នាក់ មិនថាតែប្រជាពលរដ្ឋក្នុងឃុំបឹងខ្យាងទេ ក៏មានប្រជាពលរដ្ឋខ្លះមកពីឃុំផ្សេងៗផងដែរ។
លោកបន្ថែមថា៖ «សុំប្រជាពលរដ្ឋទាំងអស់ កុំយល់ថា សេវារដ្ឋមិនល្អអី ដោយសារវាមានកម្រិតវា កម្រិតត្រឹមមណ្ឌលសុខភាព កម្រិតក៏ត្រឹមហ្នឹងទៅ បើធ្ងន់ធ្ងរយើងអាចបញ្ជូនទៅពេទ្យរដ្ឋបាន តែសុំមកទទួលសេវាកម្មរដ្ឋសិនមក»។
លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ អ្នកនាំពាក្យមន្ទីរសុខាភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ការលើកឡើងបែបនេះ វាមិនជារឿងត្រឹមទេ។ លោកថា សេវាកម្មសុខភាពសាធារណៈរបស់រដ្ឋបានយកចិត្តទុកដាក់ ជាពិសេសក្រមសីលធម៌វិជ្ជាជីវៈពេទ្យដើម្បីឲ្យការបម្រើជូនប្រជាជនបានល្អ។
លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ងាកមកប្រើសេវារដ្ឋវិញ ជៀសវៀងការចំណាយច្រើនទៅលើគ្លីនិកនិងពេទ្យឯកជន»។ ប្រព័ន្ធនៃការផ្ដល់សេវាសុខាភិបាលបានផ្ដោតជាចម្បងលើសេវាឬអន្ដរាគមន៍សុខភាពសាធារណៈជាច្រើនដែលទាក់ទងផ្ទាល់នឹងបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋផង និងទាក់ទងនឹងកត្តាសង្គមនានាដែលមានផលប៉ះពាល់លើសុខភាពផង។
ការផ្ដល់សេវាទាំងអស់នោះ មានគោលដៅកាត់បន្ថយថែមទៀត ការឈឺនិងស្លាប់របស់មាតា និងទារក កុមារ រួមទាំងការកាត់បន្ថយបន្ទុកនៃជម្ងឺឆ្លង និងជម្ងឺមិនឆ្លង ជម្ងឺរ៉ាំរ៉ៃ ព្រមទាំងបញ្ហាសុខភាពសាធារណៈចម្បងៗដទៃទៀត៕
………………………….
ពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្តាល