របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ពលរដ្ឋមួយចំនួនមានការព្រួយបារម្ភថា ការផ្ដល់ប្រាក់កម្ចីតាមអនឡាញបានផ្ដល់ហានីភ័យជាច្រើន និងស្នើសុំឲ្យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាមេត្តាគិតគូរនិងរកវិធានការដោះស្រាយជាបន្ទាន់ ដើម្បីកុំឲ្យពលរដ្ឋរងគ្រោះ។
កញ្ញា សេង ផល្លា អាយុ២៧ឆ្នាំ រស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា កន្លងមកកញ្ញាក៏ធ្លាប់មានភ្នាក់ងារខាងកម្ចីអនឡាញបានឆាតមកសាកសួរកញ្ញាអំពីកម្ចីប្រាក់ហ្នឹងដែរ។ កញ្ញាថា តាមដែលសួរគេ គេថា ខ្ចី៥០ដុល្លារ គិតការប្រាក់ក្នុងមួយខែ៣០ដុល្លារ ប៉ុន្ដែកញ្ញាមិនហ៊ានខ្ចីនោះទេ ដោយសារតែការប្រាក់វាថ្លៃពេក។ កញ្ញាបន្ថែមថា ករណីគឺមានច្រើនណាស់ដែលរងគ្រោះពីកម្ចីមួយហ្នឹង។
កញ្ញា ផល្លាបន្ដថា៖«ខ្ញុំនៅសុខៗ ស្រាប់តែខាងភ្នាក់ងារគេ ឆាតមកសួរថា យើងថា មានចង់ខ្ចីលុយតាមអនឡាញទេ ឯកសារងាយៗមិនបាច់មានទ្រព្យបញ្ចាំអីទេ ក៏អាចយកបានដែរ ហើយការក៏ថ្លៃទៀត ៥០ដុល្លារក្នុងកន្លះខែ ១៥ដុល្លារ ហើយយកតែអត្ដសញ្ញាណបណ្ណទៀត អ៊ីចឹងខ្ញុំខ្លាចពេលយើងអត់ទាន់មានលុយសង គេអាចយករូបយើងទៅផុសជាសាធារណៈនិងមានការគំរាមកំហែងអីផ្សេងៗ»។
ពលរដ្ឋម្នាក់ទៀត គឺលោក ឆែម ខាវី អាយុ៣២ឆ្នាំរស់នៅឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែងក៏បានលើកឡើងផងដែរថា មុនលោកឡើងទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដោយសារតែលោកខ្វះខាតសោហ៊ុយក្នុងការធ្វើដំណើរ និងមិនចង់លក់ម៉ូតូ ទើបលោកសាកដាក់ពាក្យកម្ចីតាមអនឡាញដែរ។ លោកបានបញ្ជាក់ថា លោកបានដាក់កម្ចី១៥០០ដុល្លារ ដើម្បីធ្វើជាសោហ៊ុយ ប៉ុន្ដែការប្រាក់ក្នុងរយៈពេល១០ខែ បើគិតពីការប្រាក់ គឺស្មើដើម។
លោកបន្ដថា៖«ខ្ញុំធ្លាប់ដាក់ពាក្យកម្ចីតាមអនឡាញដែរ គឺខ្ញុំចង់ខ្ចី១៥០០ដុល្លារ ដោយសារខ្ញុំមិនចង់លក់ម៉ូតូខ្ញុំ ប៉ុន្ដែខ្ញុំមិនខ្ចីវិញដោយសារការប្រាក់វាថ្លៃគឺស្មើដើមវិញហើយ ក្នុងរយៈពេល១០ខែ។ បើនិយាយពីហានីភ័យវិញ គឺមានច្រើន ពីព្រោះមិនចាំបាច់មានប្លង់អីដាក់ក៏អាចខ្ចីបានដែរ អ៊ីចឹងវាហានីភ័យណាស់»។
ចំណែកឯប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ លោក ជា ពៅ មានប្រសាសន៍ថា អង្គភាពរបស់លោក មិនអាចចាត់វិធានការបានទេ បើមិនមានពាក្យបណ្តឹង។ យ៉ាងណាលោកថា ទើបឃើញមួយបណ្ដឹងមួយប៉ុណ្ណោះ ហើយព្រឹកមិញនេះទើបតែបានមួយបណ្ដឹងទៀតហ្នឹង។
លោកបន្ដថា៖«ឲ្យយើងចាប់យ៉ាងមិច បើសកម្មភាពដែលលោកសួរខ្ញុំទើបតែមាន ហើយការដាក់ពាក្យបណ្ដឹងទើបតែមាន១ទេ ទើបព្រឹកមិញបានឃើញមានមួយទៀត ហើយការដាក់បណ្ដឹងហ្នឹងមិនទាន់ឃើញមានការផុសផូលទេ ឃើញតាមតែរយៈសារព័ត៌មានចុះផ្សាយ ប៉ុន្ដែជាក់ស្ដែងមិនទាន់មានច្រើន»។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចសុំការអត្ថាធិប្បាយពីអ្នកកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី បានទេ ដោយទូរសព្ទចូលប៉ុន្ដែគ្មានអ្នកលើក។
នៅថ្ងៃទី១ខែសីហាឆ្នាំ២០២២ អង្គការលីកាដូ ក៏បានចេញជាវីឌីអូនិងរបាយការណ៍មួយចំនួនអំពីបញ្ហាហានីភ័យកម្ចីតាមអនឡាញនិងការចាប់ជំរឹតតាមអនឡាញ ដែលបណ្ដាលឲ្យស្រ្ដីមួយចំនួនហ៊ានកម្ចីអនឡាញ បើទោះបីដឹងថា កម្ចីមួយនេះវាបានផ្ដល់បញ្ហាដល់ខ្លួនក្តី។ តែដោយសារគ្មានជម្រើស ទើបស្រ្ដីទាំងនោះសម្រេចចិត្តខ្ចីតាមអនឡាញ។ ស្រ្ដីទាំងនោះបានអះអាងថា ដើម្បីទទួលបានកម្ចីតាមអនឡាញ គឺមានឲ្យពួកគាត់ថតរូបអាក្រាតកាយទៅទៀត បើសិនជាមិនថត គឺនឹងផ្ដល់ដំណឹងទាំងអស់ហ្នឹង ទៅដល់ក្រុមគ្រួសារថា ពួកគាត់បានខ្ចីលុយពីក្រុមហ៊ុនរបស់គេ។ ដោយស្រ្ដីទាំងនោះខ្លាចថា ក្រុមគ្រួសារដឹងទៅ ស្ដីបន្ទោសឲ្យពួកគាត់ទើបពួកគាត់សម្រេចចិត្តធ្វើតាមអ្វីដែលគេឲ្យធ្វើរហូតដល់សងលុយដែលបានខ្ចីហ្នឹងអស់បាន។ ប៉ុន្ដែក៏មានអ្នកខ្លះទៀត ទោះសងលុយអស់ហើយក៏ដោយ ក៏ក្រុមហ៊ុនកម្ចីអនឡាញហ្នឹងទុករូបថតពួកគាត់សម្រាប់ជំរឹតទាលុយ បើមិនឲ្យទេ គឺនឹងធ្វើឲ្យរូបភាពរបស់ពួកគាត់បែកធ្លាយជាសាធារណៈ ទើបមានស្រ្ដីមួយចំនួននៅតែបន្ដរងគ្រោះពីកម្ចីអនឡាញហ្នឹង និងស្នើសុំឲ្យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាមេត្តាស្វែងរកជនទាំងអស់នោះមកផ្ដន្ទាទោសផង ដើម្បីកុំឲ្យស្រ្ដីមួយចំនួនបន្ដរងគ្រោះទៀត។
បើតាមនាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា មូលហេតុដែលអង្គការលីកាដូ ចេញជាវីឌីអូផង និងចេញជាសេចក្ដីប្រកាសផង ដោយមើលឃើញថា ករណីកម្ចីតាមអនឡាញនេះ វាបានបង្កហានីភ័យជាច្រើនដល់ប្រជាពលរដ្ឋខ្មែរជាពិសេសស្រ្ដីហ្នឹងតែម្ដង ដែលតែងតែរងគ្រោះពីកម្ចីទាំងអស់នេះ រហូតមានអ្នកខ្លះត្រូវបានគេគំរាមកំហែងថតរូបភាពនិងទុកចាប់ជំរឹតតាមអនឡាញ។ លោកបន្ដថា អាជ្ញាធរគួរតែស្វែងរកជនល្មើសមកផ្ដទ្ទាទោស ជាបន្ទាន់កុំឲ្យស្រ្ដីមួយចំនួននៅតែទទួលរងបញ្ហានេះបន្ដទៀត ពីព្រោះកន្លងមកអង្គការលីកាដូតែងតែផ្សព្វផ្សាយអំពីបញ្ហានេះច្រើនមកហើយ ប៉ុន្ដែអាជ្ញាធរប្រឆាំងបទល្មើសបច្ចេកវិទ្យាហាក់មិនទាន់មានចំណាត់ការណាមួយឡើយ។
លោក អំ សំអាត បន្ដថា៖«យើងជាអង្គការសង្គមស៊ីវិលហ្នឹង យើងសុំឲ្យអាជ្ញាធរដែលពាក់ព័ន្ធហ្នឹងចាត់វិធានការខាងផ្លូវច្បាប់ ដើម្បីរកជនល្មើសមកអនុវត្តន៍តាមច្បាប់ និងជាការទប់ស្កាត់នៃការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ ក៏ដូចជាការចាប់ជំរឹតតាមប្រព័ន្ធអនឡាញនេះ បាទ»។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាអ្នកជំពាក់បំណុលខ្ពស់ជាងគេនៅលើពិភពលោក។ កម្រិតបំណុលឯកជនកើនឡើងខ្ពស់ដល់១៧៤% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស គិតត្រឹមខែមីនា ឆ្នាំ២០២២ ហើយបំណុលទាំងនោះបាននាំឲ្យឈានដល់ការលក់ដីដោយបង្ខំ ការចំណាកស្រុកដោយគ្រោះថ្នាក់ ការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត។លុះត្រាតែអាជ្ញាធរ ចាត់វិធានការទៅលើការផ្ដល់កម្ចីផ្លូវការ និងមិនផ្លូវការឲ្យបានត្រឹមត្រូវ និងផ្ដល់សេវាសង្គមជាមូលដ្ឋានពិតប្រាកដ ពុំនោះទេ ការផ្ដល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ចនឹងបន្ដកើតមាននៅក្នុងប្រទេសកម្ពុជា។
កាលពីឆ្នាំមុន អង្គការលីកាដូ បានស្នើសុំឲ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនិងអាជ្ញាធរ ចាត់វិធានការ ដើម្បីបញ្ឈប់ការរំលោភសិទ្ធិមនុស្សនៅលើប្រព័ន្ធអនឡាញផងដែរ។ អង្គការនេះក៏បានរកឃើញថា ការបៀតបៀនតាមប្រព័ន្ធអនឡាញនាពេលបច្ចុប្បន្ន បានធ្វើឱ្យមនុស្សជាច្រើនឈប់ប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាបន្ថែមទៀត ដោយក្នុងនោះជាងមួយភាគបី ឬ ៣៨% នៃអ្នកចូលរួមស្ទង់មតិ ធ្លាប់ទទួលរងការបៀតបៀនតាមប្រព័ន្ធអនឡាញ ជាពិសេសក្រុមអ្នកស្រឡាញ់ភេទដូចគ្នា យុវជន និងសកម្មជនសិទ្ធិមនុស្សជាក្រុមមនុស្សដែលទទួលរងការរំលោភបំពានខ្លាំងជាងគេ។ ហើយស្ត្រីចំនួន ២០% ដែលបានចូលរួមស្ទង់មតិ បាននិយាយថា ពួកគេធ្លាប់ទទួលរងការបៀតបៀនតាមប្រព័ន្ធអនឡាញ៕
……………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល