ពលរដ្ឋសហគមន៍រស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបង្ហាញការខកចិត្តចំពោះអាជ្ញាធរមូលដ្ឋាន ដែលមិនដែលបានយកចិត្តទុកដាក់ និងចុះមកពិនិត្យបញ្ហាសត្វគោកើតជំងឺដុំពកលើស្បែកម្ដងណាឡើយ។
ពលរដ្ឋម្នាក់រស់នៅភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ លោក ទេព រ៉ាំ អាយុ ៥០ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា គ្រួសារគាត់ចិញ្ចឹមសត្វគោតាមបែបគ្រួសារជាច្រើនក្បាល ដោយឥឡូវនេះ លោកមានការព្រួយបារម្ភខ្លាំងចំពោះជំងឺម្យ៉ាងដែលមិនស្គាល់ឈ្មោះគឺដុំពកលើខ្លួនសត្វគោ និងធ្វើឱ្យគោរបស់អ្នកភូមិឈឺ និងស្លាប់ជាបន្តបន្ទាប់។
លោករៀបរាប់ថា នៅរយៈពេល២ខែចុងក្រោយនេះ សត្វគោរបស់គាត់បានចាប់ផ្ដើមឈឺជំងឺនេះ និងរាលដាលដល់សត្វគោទាំង ៣០ក្បាល ពោលគឺឈឺស្ទើរតែទាំងអស់។
លោកបន្ដថា៖ «ពីមុនដំបូងដូចឃ្មុំទិច កន្ទួលតូចៗអញ្ចឹង។ វាចាប់ផ្ដើមតិចៗ ខ្ញុំអត់ដឹង អត់បានចាប់អារម្មណ៍វា។ បាន២ថ្ងៃ ឬ៣ថ្ងៃមក ស្រាប់តែវា អត់ទេកាន់តែច្រើនឡើងៗ ហៅពេទ្យឱ្យចាក់។ ចាក់គោទម្រាំបាន ចាក់ហើយប៊ិះគ្រោះថ្នាក់ខ្លួនឯងទៀត។ ជំងឺនេះទើបឃើញឆ្នាំនេះ កាលមុនឃើញនៅប្រទេសថៃនោះ ឥឡូវមកដល់ខ្មែរ ចុះលឿនៗក៏លឿនម្ល៉េះ»។
លោក ទេព រ៉ាំ បន្ដថា គ្រួសារគាត់បានចំណាយប្រាក់អស់ជាង ១លានរៀលលើថ្លៃពេទ្យសត្វឯកជន ដើម្បីយកថ្នាំមកចាក់បង្ការ និងព្យាបាលជំងឺគោរបស់គាត់ ហើយគាត់ក៏បង្ខំចិត្តលក់ចំនួន ៤ក្បាល ចេញក្នុងតម្លៃថោក ព្រោះខ្លាចគោនោះងាប់ និងខាតប្រាក់កាន់តែច្រើនដោយសារគ្មានអ្នកហ៊ានទិញ។
ពលរដ្ឋរូបនេះស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយចុះមកពិនិត្យដោយផ្ទាល់ និងចាក់វ៉ាក់សាំងបង្ការសត្វគោរបស់ពួកគាត់កុំឱ្យស្លាប់ជាយថាហេតុ ដោយកន្លងមកគោរបស់គាត់ក៏មានស្លាប់ដោយសារជំងឺនេះផងដែរ។
លោកបន្តថា៖ «ហៅពេទ្យស្រុក ពេទ្យរបស់រដ្ឋ តែអត់ឃើញគាត់មក។ ឱ្យគេតេឱ្យមក អត់ឃើញមក ក៏គិតគូចាក់តែម្ដង […] គោរបស់ខ្ញុំក៏បានស្លាប់មួយក្បាល ខ្ញុំភ័យខ្លាំងខ្លាចខាតទ្រព្យសម្បត្តិក៏បង្ខំចិត្តលក់ខ្លះទុកខ្លះយកលុយទៅហៅពេទ្យមកចាក់ថ្នាំដែលគោនៅ។ ពេទ្យដែលចាក់ថ្នាំគោ គេយកថ្លៃណាស់ បើសរុបទៅអស់ ៨០ម៉ឺនហើយនៅតែមិនទាន់ជាទៀត ហើយគោខ្ញុំលក់ទៅបានត្រឹមតែបួនលានប្រាំលានប៉ុណ្ណោះ»។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិពាមរស់នេះដែរ លោក សៀក ស្រ៊ុន អាយុ ៦៤ឆ្នាំ និយាយថា លោកចិញ្ចឹមគោជាយូរយារណាស់មកហើយ ប៉ុន្ដែ លោកថា សត្វគោរបស់គាត់មិនមានការឈឺថ្កាត់ធំដុំនោះទេ ដោយសារលោកធ្លាប់ជាពេទ្យសត្វ និងអាចព្យាបាលជំងឺសត្វគោរបស់គាត់ដោយខ្លួនឯងបាន។
យ៉ាងណាក៏ដោយ លោកថា មិនដែលឃើញអាជ្ញាធរណាចុះមកសួរនាំរឿងសត្វគោរបស់ពលរដ្ឋឈឺនោះទេ ខណៈលោកសង្កេតឃើញពលរដ្ឋនៅក្នុងភូមិរអ៊ូរទាំរឿងគោឈឺ និងមិនមានវ៉ាក់សាំងបង្ការកុំឱ្យស្លាប់។
លោកបន្តថា៖ «ឥឡូវ ខ្ញុំចិញ្ចឹមគោ១៤ក្បាល ពីមុនមកមិនដែលមានជំងឺដុំពកគោដូចឥឡូវនេះទេ គោខ្ញុំឈឺមេមួយក្បាល»។
មេភូមិពាមរស់ លោក លន់ ជា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា នៅក្នុងភូមិពាមរស់នេះ មានពលរដ្ឋចំនួន ១១០គ្រួសារ ឬសរុបជាង ៤០០នាក់ ដោយពួកគេប្រកបរបរធ្វើស្រែចម្ការ ដាំដំណាំស្វាយ អំពៅ ហើយខ្លះទៀតចិញ្ចឹមគោ។
ចំពោះបញ្ហាគោឈឺនេះ លោកថា លោកបានធ្វើរបាយការណ៍ទៅថ្នាក់លើជាញឹកញាប់មកហើយ ប៉ុន្ដែ មិនឃើញមានដំណោះស្រាយ ឬការចាត់តាំងមន្ដ្រីចុះមកត្រួតពិនិត្យឡើយ។
លោកបន្តថា៖ «ខ្ញុំក៏បានស្នើដល់អាជ្ញាធរអំពីបញ្ហាជំងឺដុំពកគោដែរ តែអត់មានពេទ្យណាមកផងមានតែពេទ្យឯកជន ខ្ញុំក៏មិនដឹងដែរ»។
មេឃុំរស្មីសាមគ្គី លោក យឿង ភឿន មានប្រសាសន៍ថា សត្វគោនៅក្នុងភូមិនេះបានកើតដុំពកនៅលើខ្លួន មានរយៈពេល ២ ខែ មកហើយ។ លោកថា លោកបានស្នើសុំដល់ពេទ្យសត្វរបស់រដ្ឋដែរ តែមិនឃើញពេទ្យណាចុះមកឡើយ ខណៈពលរដ្ឋខ្លះក៏មានការព្រួយបារម្ភបាត់បង់សត្វគោរបស់ខ្លួន និងបានបង្ខំចិត្តលក់ក្នុងតម្លៃទាប ដើម្បីកុំឱ្យគោងាប់៕
——————————–
ពលរដ្ឋសារព័ត៌មានខេត្តកំពង់ស្ពឺ អ្នកស្រី ហាក់ អីម និងអ្នកស្រី មុំ សុភី