របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានសន្យានៅចំពោះមុខព្រះនិងប្រជាពលរដ្ឋថា នឹងមិនឲ្យមានសកម្មភាពកាប់បំផ្លាញព្រៃឈើនៅសហគមន៍ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ បន្ដទៀតឡើយ ហើយសន្យាថា និងវាស់វែងព្រំដីសហគមន៍ឲ្យបានច្បាស់លាស់។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងយ៉ាងដូច្នេះក្រោយពីលោកបានចុះទៅជួប ប្រជាសហគមន៍ឧត្តមស្រែពស់នៅថ្ងៃទី៩ ខែសីហានេះ។
លោកបានអះអាងថា លោកបានចុះទៅមើលដោយផ្ទាល់និងបានឃើញពីស្ថានភាពជាក់ស្ដែងរួចហើយ ជាពិសេសលោកបានចាត់ឲ្យអធិការស្រុកនិងមន្ដ្រីបរិស្ថានសហការជាមួយនិងប្រជាសហគមន៍ ដើម្បីចូលរួមទប់ស្កាត់និងវាស់វែងព្រំដីឲ្យបានច្បាស់លាស់ និងឲ្យមន្ដ្រីបរិស្ថានឃ្លាំមើលកុំឲ្យមានការកាប់បំផ្លាញបន្ថែមទៀត។
លោកអភិបាលខេត្តបន្ដថា៖«ដូចក្មួយសួរចឹង ខ្ញុំបាននិយាយនិងប្រជាសហគមន៍ចឹងថា ឲ្យពួកគាត់ចូលរួមនិងសហការនិងមន្ដ្រីបរិស្ថាន ដើម្បីការពារនិងទប់ស្កាត់បទល្មើសផ្សេងៗ ហើយការដោះនេះ យើងត្រូវដោះជាជំហានៗ ដូចយើងដើរចឹង វាអត់អាចឈានរំលងទៅដល់លើដំបូលបាន ទាល់តែយើងដើរកាំទី១ កាំទី២ កាំទី៣ ទៅបន្ដបន្ទាប់ ទើបយើងអាចដោះស្រាយបាន»។
តំណាងសហគមន៍ឧត្តមស្រែពស់លោក សយ សាត អាយុ៦៥ឆ្នាំ បានឲ្យដឹងថា មានការអបអរសាទរចំពោះការចុះមកផ្ទាល់របស់លោកអភិបាលខេត្តកំពង់ស្ពឺ ពីព្រោះកន្លងមកតាំងពីមានវិវាទមក មិនដែលមានខាងអាជ្ញាធរខេត្តចុះមកពិនិត្យមើលដោយផ្ទាល់នោះទេ។ លោកថា ការណ៍នេះ គឺជាហេតុបណ្ដាលឲ្យខាងក្រុមទាហានដើរកាប់បំផ្លាញតាមអំពើចិត្ត រួមទាំងអាស្រមរបស់ព្រះសង្ឃនៅក្នុងព្រៃមេត្តាធម្មជាតិ ឬសហគមន៍ឧត្តមស្រែពស់នេះផងដែរ។ លោកថា លោកអភិបាលខេត្ត វ៉ី សំណាង បានចុះមកសម្របសម្រួល និងឲ្យប្រជាសហគមន៍សហការជាមួយអធិការនគរបាលស្រុកឱរ៉ាល់ ដើម្បីការពារព្រៃកុំឲ្យមានអ្នកកាប់បន្ដទៅទៀត។ ហើយលោកអភិបាលខេត្តក៏បានសន្យាឲ្យខាងមន្ទីរបរិស្ថានចុះវាស់វែងព្រំប្រទល់ដី ឲ្យបានច្បាស់លាស់កុំឲ្យមានការប៉ះទង្គិចគ្នាបន្ដទៀត។
លោកបន្ដថា៖«ខ្ញុំមានការសប្បាយចិត្តណាស់ ពេលដែលលោកអភិបាលខេត្តលោកចុះមក ហើយពួកខ្ញុំចង់បានតែដីចំនួន៨៨៧ហិកតាមកវិញទាំងអស់។ បើលោកអភិបាលដោះស្រាយបានមែន ខ្ញុំទទួលយកដោយរីករាយក្មួយ និងអំពាវនាវដល់សប្បុរសជនដែលគេស្រលាញ់ធនធានធម្មជាតិ ឲ្យគេមានឱកាសចូលដាំកូនឈើឡើងវិញទាំងអស់គ្នា»។
ប្រជាសហគមន៍ម្នាក់ទៀត អ្នកស្រី ឃន ខន អាយុ៦៥ឆ្នាំ រស់ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ បាននិយាយទាំងសប្បាយចិត្តថា អ្នកស្រីមានការសប្បាយចិត្តណាស់ពេលលឺថា លោកអភិបាលខេត្តចុះមកនិងដោះស្រាយបញ្ហាសហគមន៍ ពីព្រោះបញ្ហានេះវាអូសបន្លាយយូរហើយ។
អ្នកស្រីបន្ដថា៖«ខ្ញុំចង់ឲ្យដោះស្រាយបញ្ហាឲ្យឆាប់ចប់ដើម្បីពួកខ្ញុំអាចអាស្រ័យផលក្នុងព្រៃសហគមន៍បានវិញ»។
ចំណែកឯប្រជាសហគមន៍ លោក ឃន សារិទ្ធិ អាយុ៤២ឆ្នាំ បាននិយាយដែរថា ក្រៅពីបង្គាប់ឲ្យប្រជាសហគមន៍សហការនិងមន្ដ្រីបរិស្ថានវាស់វែងបង្គោលព្រំដីហើយ លោកអភិបាលខេត្តក៏បង្គាប់ឲ្យប្រជាសហគមន៍ចាប់អ្នកដែលប្រព្រឹត្តបទល្មើសកាប់ព្រៃឈើ ដើម្បីឲ្យខាងបរិស្ថានមានចំណាត់ការផងដែរ។
លោកបន្ដថា៖ «ជាគំនិតរបស់ខ្ញុំបើសិនជាគាត់ខាងក្រោមហ្នឹងគាត់ធ្វើតាមសម្ដីរបស់អភិបាលហ្នឹង គឺល្អប្រសើរហើយ តែគ្រាន់តែខ្ញុំគិតថា ខ្លាចតែគាត់មិនបានធ្វើតាម និងអនុវត្តន៍តាមការចង្អុលបង្ហាញរបស់អភិបាលខេត្ត បើគាត់ធ្វើតាម យើងប្រជាពលរដ្ឋសហគមន៍យើងត្រេកអរ»។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ហេង គីមហុង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMជុំវិញកិច្ចអន្ដរាគមន៍របស់អភិបាលខេត្តកំពង់ស្ពឺនេះ គឺលោកសប្បាយចិត្ត។ ប៉ុន្ដែលោកស្នើសុំឲ្យរដ្ឋបាលខេត្តមេត្តាចេញលិខិតជាលាយលក្ខ័អក្សរមួយ ដើម្បីធានាបាននូវភាពរឹងមាំនៃការពារធនធានធម្មជាតិនិងការតស៊ូមតិរបស់សហគមន៍និងការធានាបាននូវព្រៃសហគមន៍។ លោកបន្ដថា លោកស្នើសុំឲ្យមានការដកហូតឡើងវិញនូវព្រៃដែលពាក់ព័ន្ធនិងបរិវេណវត្តមេត្តាធម្មជាតិ ជាពិសេសដើម្បីគៀងគរឲ្យសាធារណៈជនចូលរួមដាំកូនឈើឡើងវិញផងដែរ។
លោកបានបន្ថែមទៀតថា៖«រឿងសំខាន់បំផុតរដ្ឋបាលខេត្តអន្ដរាគមន៍និងដោះស្រាយបញ្ហានេះ បានយ៉ាងជាក់លាក់ និងចេញលិខិតជាលាយលក្ខ័អក្សរ ហើយនឹងស្វែងរកអ្នកទទួលខុសត្រូវជុំវិញការប្រើអំពើហិង្សាទៅលើព្រះសង្ឃនិងអ្នកស្រុកហ្នឹងឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់»។
បើតាមមន្រ្ដីសម្របសម្រួលសិទ្ធិមនុស្ស ទទួលបន្ទុកផ្នែកអប់រំនិងការពារធនធានធម្មជាតិនៃ អង្គការអាដហុក លោក រ័ត្ន ថាវី បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងថា ក្នុងនាមអង្គការសង្គមស៊ីវិល លោកមានការអបអរសាទរចំពោះកិច្ចអន្ដរាគមន៍របស់លោកអភិបាលខេត្តកំពង់ស្ពឺ។ ក៏ប៉ុន្ដែលោកចង់ឲ្យការសន្យារបស់អភិបាលខេត្តក្លាយទៅជាការសន្យាដ៍ពិតប្រាកដមួយ លោកមិនចង់ឲ្យមានការសន្យាខ្យល់ជាមួយប្រជាពលរដ្ឋនោះទេ។
លោកបន្ដថា៖«គាត់ [អភិបាលខេត្ត] សន្យាហើយត្រូវតែធ្វើ ពីព្រោះដូចអត់មានកំណត់ពេលវេលាអីជាក់លាក់ណាមួយ អ៊ីចឹងខ្ញុំមើលទៅហាក់ដូចជាការសន្យាខ្យល់ដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងស្ងប់ចិត្តមួយរយៈប៉ុណ្ណឹងទេ»។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់ធ្វើលំនៅដ្ឋាន និងបង្កបង្កើនផល។ ចាប់តាំពីចុងឆ្នាំ២០២១មក អ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរនោះ បាននាំគ្នាតវ៉ាប្រឆាំងក្រុមទាហាននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក មិនឱ្យកាប់បំផ្លាញព្រៃសហគមន៍ «ឧត្ដមស្រែពស់» ឬហៅ «ព្រៃមេត្តាធម្មជាតិ» ដែលពួកគេអះអាងថា បានការពារជាង២០ឆ្នាំមកហើយ។
អ្នកភូមិអះអាងថា សហគមន៍ «ឧត្ដមស្រែពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ពីដើមឡើយមានផ្ទៃដីទំហំជាង២ ០០០ ហិចតា ជាតំបន់ព្រៃស្រោង និងមានសត្វព្រៃជាច្រើនប្រភេទរស់នៅ ប៉ុន្តែក្រោយមកក៏មានក្រុមទាហានបានចូលទៅរំលោភយកជាបន្តបន្ទាប់មកនៅសល់ដីព្រៃតែជាង ៣០ហិចតាប៉ុណ្ណោះ។ ព្រៃឈើក៏បាត់បង់ អាស្រមលោកធ្លាប់គង់នៅក៏ត្រូវវាយកម្ទេច រូបបដិមា ព្រះពុទ្ធសាសនា ព្រះ ដែលពុទ្ធបរិស័ទធ្លាប់ធ្វើជាទីសក្ការៈបូជា ក៏ត្រូវបានបំផ្លាញ ខណៈសត្វព្រៃក៏រត់ខ្ចាត់ខ្ចាយដោយសារមិនមានព្រៃសម្រាប់រស់នៅបន្តទៀត។ តែទោះជាយ៉ាងនេះក្តី ប្រជាសហគមន៍ឧត្តមស្រែពស់ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែប្តេជ្ញាចិត្តថា ពួកគេនឹងបន្ដការពារដីព្រៃដែលនៅសេសសល់ចុងក្រោយប្រមាណជា៣០ហិចតា ខណៈអភិបាលខេត្តកំពង់ស្ពឺក៏បានអះអាងដែរថា លោកនឹងមិនបន្ដឲ្យមានការកាប់បំផ្លាញតទៅទៀតឡើយ៕
…………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន