អាជ្ញាធរខេត្តឧត្តរមានជ័យ និងសិស្សានុសិស្សជាង១០០០នាក់បានធ្វើឱ្យយុទ្ធនាការផ្សព្វផ្សាយឱ្យបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខេត្តឧត្តរមានជ័យមានមន្ទីរបរិស្ថាន និងមន្ត្រីរដ្ឋបាលខេត្ត រួមជាមួយសិស្សានុសិស្សប្រមាណ១២០០នាក់ បានធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្លិក ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិក»។
ក្នុងយុទ្ធនាការនោះ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានបានលើកឡើងថា សំរាមថង់ប្លាស្ទិកបង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់សោភ័ណភាព សុខភាព និងបរិស្ថាន។ លោកថា សំរាមថង់ប្លាស្ទិក បើប្រមូលយកទៅដុត គឺផ្សែងរបស់វាបានបង្ករជាបញ្ហាប៉ះពាល់ធ្ងន់ធ្ងរណាស់អំពីរសភាពមនុស្ស។
លោក ភួង លីណា ឱ្យដឹងថា នៅក្នុងពិភពលោកគឺបានផលិតសំរាមប្រមាណ៤៤៨លានតោនក្នុង១ឆ្នាំ។ លោកថា ក្នុងចំនួនសំរាម៤៤៨លានតោន គឺមាន៤០ភាគរយ នៃសំរាមប្លាស្ទិកត្រូវបានផលិត ដោយប្រើប្រាស់បានម្តងប៉ុណ្ណោះហើយក៏បោះចោល។
លោកបន្ថែមថា៖«សម្រាប់ប្លាស្ទិកនេះ។ បើយើងបោះចោលបាត់សោភ័ណ្ឌភាព។ បើយើងប្រមូលវាយកទៅដុតអ្វីជាបញ្ហាគឺការបំពុលផ្សែង។ ផ្សែងវាបង្ករបញ្ហាធ្ងន់ធ្ងរណាស់ដល់សុខភាពរបស់យើង»។
អភិបាលរងខេត្តឧត្តរមានជ័យលោក ឌី រ៉ាដូ មានប្រសាសន៍ថា ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យមានប្រសិទ្ធភាពគឺត្រូវមានការចូលពីប្រជាពលរដ្ឋ និងសិស្សានុសិស្ស តាមរយៈឈប់ប្រើប្រាស់ថង់ប្លាស្ទិក ដោយប្តូរមកប្រើប្រាស់ស្លឹកឈូក ស្លឹកចេក ស្លឹកត្នោតសម្រាប់វេចខ្ចប់ និងដាក់កន្ត្រកជំនួសវិញ។
លោក ឌី រ៉ាដូ បានអំពាវនាវដល់់សិស្សានុសិស្សជួយផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដោយថា ថង់ប្លាស្ទិកបានធ្វើឱ្យប៉ះពាល់ដល់សុខភាពជាខ្លាំង។
លោកបន្ថែមថា៖«ថង់ប្លាស្ទិកយើងប្រើទៅមិនងាយរលាយទេ។ ហើយបើយើងយកទៅដុតវាបំផ្លាញបរិស្ថានតាមរយៈផ្សែងយើងស្រូបទៅវាប៉ះពាល់សុខភាពរបស់យើង។ បើវាហោះទៅលើអាកាសវាប៉ះពាល់បរិយាកាស។ អីចឹងទេសូមឱ្យបងប្អូនលោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងរួមគា្នកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងជួយផ្សព្វផ្សាយដល់សហគមន៍»។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយ ដោយលើកឡើងថា ផ្សែងពុលពីការដុតប្លាស្ទិកអាចបង្កបញ្ហាផ្លូវដង្ហើម និងជំងឺមហារីក ខណៈបាស្ទិកនៅកម្ពុជាត្រូវគេយកទៅដុតចោលជារឿយៗ។
ក្រសួងបញ្ជាក់ថា ប្លាស្ទិកដែលត្រូវបានគេដុត បានបង្កការគំរាមកំហែងដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិផងដែរ ដោយថា វាបានបញ្ចេញសារធាតុគីមីដែលមានគ្រោះថ្នាក់ ដូចជា ឧស្ម័នកាបូនិក (CO2) ឌីអុកស៊ីន (Dioxins) និងហ្វូរ៉ង់ (Furans) ជាដើម។
ក្រសួងបរិស្ថានបន្តទៀតថា នៅពេលមនុស្សស្រូបយកសារធាតុគីមីទាំងនេះពីផ្សែង វាអាចបង្កឱ្យមានជំងឺផ្លូវដង្ហើម និងអាចបង្កជំងឺមហារី។ ការបំភាយឧស្ម័នពុលពីការដុតប្លាស្ទិកទំាងនេះ ក៏បានរួមចំណែកធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុផងដែរ។
បើតាមក្រសួង ផ្សែងដែលកើតចេញពីចំហេះប្លាស្ទិកមានផ្ទុកសារធាតុ PM2.5 ដែលបង្កឱ្យកើតជំងឺផ្លូវដង្ហើម និងជំងឺមហារីកដោយសារធាតុ PM2.5 អណ្តែតនៅក្នុងបរិយាកាស ហើយអាចចូលជ្រៅទៅក្នុងសួតរបស់មនុស្សតាមរយៈការដកដង្ហើម។
ក្រសួងបរិស្ថាន បានអំពាវនាវដល់សាធារណជន ពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍នានា គប្បីកុំដុតសំណល់សំរាមប្លាស្ទិក ដើម្បីបញ្ចៀសការបំភាយឧស្ម័នពុលទៅកាន់បរិយាកាស ដែលនាំឱ្យប៉ះពាល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ៕
………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ចៀវ ពន្លឺ