ក្រុមអ្នកតាមដានបញ្ហាសង្គមមួយចំនួន បង្ហាញការហួសចិត្តចំពោះវិធានការរបស់អាជ្ញាធរខេត្តស្ទឹងត្រែង ជុំវិញការចាប់ខ្លួនសកម្មជនព្រៃឈើ និងបរិស្ថាន ចំនួន៦នាក់ ក្រោមហេតុផលអនុវត្តច្បាប់កាលពីថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
អ្នកឃ្លាំមើលបញ្ហាសង្គម និងជាប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានបង្ហាញការហួសចិត្ត ដោយបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ការចាប់ខ្លួនអ្នកការពារព្រៃឈើ ប្រហែលមានតែមួយទេនៅលើពិភពលោក គឺនៅស្រុកខ្មែរនោះឯង។
ហ្វេសប៊ុកលោក ករុណា បានសរសេរថា ៖ «មន្ត្រីបរិស្ថានចាប់អ្នកការពារព្រៃឈើ បែបមានតែស្រុកខ្មែរមួយទេ បើស្រុកផ្សេងគេមានតែការពារអ្នកការពារព្រៃឈើវិញ» ។
ចំណែក អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ ខែវិច្ឆិកា ដោយបានលើកឡើងនូវពាក្យស្លោកមួយថា ឃាត់អ្នកកាប់ កុំចាប់អ្នកការពារព្រៃឈើកម្ពុជា។ លោកបន្តថា ការចាប់ខ្លួនសកម្មជនបរិស្ថាន និងព្រៃឈើទាំង៦នាក់ គឺជារឿងធ្ងន់ធ្ងរនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោកបានលើកឡើទៀតថា៖ «អ្នកអភិរក្ស និងសកម្មជនព្រៃឈើមួយក្រុមទៀត ត្រូវបានចាប់ខ្លួន។ ការចាប់ខ្លួនក្រុមអ្នកអភិរក្សព្រៃឈើ និងសកម្មជនសិទ្ធិមនុស្សជាបន្តបន្ទាប់ ស្តែងឱ្យឃើញពីស្ថានភាពកាន់តែធ្ងន់ធ្ងរនៃការការពារបរិស្ថាន ធនធានធម្មជាតិ និងសិទ្ធិមនុស្សនៅកម្ពុជា ខណៈឧក្រិដ្ឋជនព្រៃឈើបន្តសកម្មភាពបំផ្លិចបំផ្លាញឥតឈប់ឈរ និងដើរហោះហើរដោយសេរី។ បញ្ឈប់វប្បធម៌និទណ្ឌភាព»។
អត្ថបទខ្លីដែលចេញផ្សាយនៅលើគហទំព័ររបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី២៤ ខែ វិច្ឆិកាបានឱ្យដឹងថា សកម្មជនព្រៃឈើ និងបរិស្ថានចំនួន៦ នាក់ត្រូវបានចាប់ខ្លួន និងសាកសួរក្នុងខេត្តស្ទឹងត្រែង។
លីកាដូ បានលើកឡើងថា នៅថ្ងៃអាទិត្យនេះ សកម្មជនព្រៃឈើ និងបរិស្ថាន ៦ រូប ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងសួរចម្លើយ បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍ អំឡុងពេលដែលពួកគេកំពុងតែធ្វើការឃ្លាំមើលលើករណីកាប់ព្រៃឈើដោយខុសច្បាប់ ។
សកម្មជនបរិស្ថាន និងព្រៃឈើទាំងនោះ រួមមាន លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក តាត ឧត្តម លោក អូត ឡាទីន លោក មេន ម៉ាត់ និងសកម្មជន១ រូបផ្សេងទៀត ត្រូវបានចាប់ខ្លូនដោយកងកម្លាំងចម្រុះកាលពីព្រឹកថ្ងៃសៅរ៍ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោយពីបាត់ដំណឹង និងទីតាំងរបស់ពួកគាត់ក្នុងរយ:ពេល១២ម៉ោង ។ អ្នកទាំង ៦ រូបត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត និងកំពុងបន្តសាកសួរដោយអាជ្ញាធរតាំងពីព្រឹកថ្ងៃសៅរ៍មកម៉្លេះ ។
ពលរដ្ឋអ្នកសារព័ត៌មាន មិនទាន់អាចទាក់ទងលោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានទេ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។ ប៉ុន្តែ លោកបានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែវិច្ឆិកាថា ការឃាត់ខ្លួនលោក អួច ឡេង និងមនុស្សមួយចំនួនទៀត គឺជាការអនុវត្តនីតិវិធីរបស់សមត្ថកិច្ច និងកម្លាំងជំនាញពាក់ព័ន្ធ តាមផែនការ។
បើតាមអង្គការលីកាដូ លោក អ៊ួច ឡេង គឺជាអ្នកការពារព្រៃឈើដ៏លេចធ្លោមួយរូប និងបានឈ្នះពានរង្វាន់ឆ្នើមផ្នែកការពារបរិស្ថាន ឌឹ ហ្គោលមេន អ៊ិនវាយរ៉ូមិនថល ប្រាយ៍ (The Goldman Environmental Prize) ក្នុងឆ្នាំ ២០១៦ ។ ចំណែក លោកស្រស់ និងលោក តាត ឧត្តម គឺជាសកម្មជនបរិស្ថាន ហើយរីឯលោក ឡាទីន ជាបុគ្គលិកបម្រើការងារក្នុងអង្គការសង្គមស៊ីវិលមួយឈ្មោះ សមាគមបណ្តាញយុវជនកម្ពុជា ។ លោក ឡេង និងលោក ស្រស់ ធ្លាប់ត្រូវបានចាប់ខ្លួន ក្នុងឆ្នាំ ២០២១ និង ២០២០ ក្នុងខេត្តក្រចេះក្នុងករណីឃ្លាំមើលការចូលកាប់ព្រៃឈើដោយខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ។
លីកាដូបន្តថា សកម្មជន និងអ្នកសារព័ត៌មានទាំងនោះបានចងក្រងពីសកម្មភាពបំផ្លាញព្រៃឈើក្នុងឧទ្យានជាតិ វើនសៃ សៀមប៉ាង ។ ឧទ្យានជាតិនេះហើយ ជាកន្លែងដែលសកម្មជនទាំង៦រូបនោះត្រូវបានឃាត់ខ្លួន និងកន្លែងដែលរាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឈ្មោះ ធី.អេស.អិម.ដាប់បែលយូ ឯ.កក្នុងឆ្នាំ ២០២២ និងបានផ្តល់អាជ្ញាប័ណ្ណជីកយករ៉ែ ទៅក្រុមហ៊ុនឈ្មោះ ហ្គ្រីន វូដ ឌឹវេលឡូបមេន ។ ដីសម្បទានសេដ្ឋកិច្ចដែលត្រូវបានផ្តល់ឱ្យក្រុមហ៊ុន ធី.អេស.អិម.ដាប់បែលយូ ឯ.កបានរំលោភដល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ ២០១២ ស្តីពីការផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី ដោយសារតែជាប់ទាក់ទងទៅនឹងការការបណ្តេញចេញដ៏ច្រើនសន្ធឹកសន្ធាប់ ការបំផ្លិចបំផ្លាញព្រៃ និងការបាត់បង់ធនធានធម្មជាតិផ្សេងៗទៀតជាច្រើនផងដែរ ៕
………………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ