ពលរដ្ឋមួយចំនួន ព្រមទាំងអ្នកតាមដានសង្គម សម្ដែងក្ដីបារម្ភពីការធ្លាក់ចុះនូវសិលធម៌សង្គម កត្តាដែលបណ្ដាលឱ្យសីលធម៌សង្គមធ្លាក់ចុះគឺដោយសារកត្តាការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ការរប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមត្រូវ ខណៈការអនុវត្តច្បាប់មានការធូររលុង។
ពលរដ្ឋមួយរូប លោក ឃុន ចាន់ឌី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា សីលធម៌ គុណធម៌ សុជីវធម៌របស់ខ្មែរធ្លាក់ចុះគឺពាក់ព័ន្ធនិងកត្តាអប់រំនៅសាលារៀនក៏មិនសូវសង្កត់ធ្ងន់លើសុជីវធម៌ គុណធម៌ សីលធម៌។ ក្រៅពីនេះលោកថា សីលធម៌ក្នុងសង្គមកាន់តែធ្លាក់ចុះបណ្ដាលមកពីបញ្ហាគ្រឿងស្រវឹង ស្របពេលស្ទើរគ្រប់ទីកន្លែងអ្នកសេពសូរាកាន់តែទូលំទូលាយ។
លោកបន្ថែមថា សព្វនេះយុវជនមួយភាគតូចបាត់បង់សីលធម៌ដោយប្រើប្រាស់បច្ចេកវិទ្យាឬបណ្ដាញសង្គមមិនបានត្រឹមត្រូវ។ លោកថា យុវជន យុវនារីខ្លះ ទៅវត្តពួកគាត់ចូលចិត្តលេងtik tok ទៅរាំមុខព្រះពុទ្ធ រាំក្នុងវិហាជាកន្លែងសាសនាពលរដ្ឋទូរទៅគោរព។
លោកលើកឡើងថា៖ «បើចង់ឱ្យផ្នែកសីលធម៌រីកចម្រើនឡើងវិញចាំបាច់ត្រូវតែពង្រឹងវិស័យអប់រំបង្រៀនមនុស្សយើងពីក្មេងទៅវិញ។ សព្វថ្ងៃមនុស្សយើងចាស់ៗហើយទៅបង្រៀនឱ្យយល់ពីសីលធម៌សុជីវធម៌ទៅមិនរួចទេ។ ចាំបាច់ណាស់ត្រូវអប់រំមនុស្សពីក្មេងទៅឱ្យស្គាល់តម្លៃសីលធម៌បង្រៀនមនុស្សឱ្យល្អទៅជួយសង្គមបានហើយ» ។
ព្រះសង្ឃមួយអង្គដែលបង្រៀននៅពុទ្ធិកអនុវិទ្យាល័យមោងឬស្សីសុំមិនបញ្ចេញឈ្មោះមានសង្ឃដីកាថា តាមការសង្កេតរបស់ព្រះអង្គឃើញថា សីលធម៌សង្គមមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នគួរឱ្យព្រួយបារម្ភ មានកត្តាជាច្រើនដែលធ្វើឱ្យសីលធម៌ធ្លាក់ចុះដូចជា បច្ចេកវិទ្យាជឿនលឿនខ្លាំង ការអប់រំនៅមានកម្រិត ការនិយមវប្បធម៌បរទេស ការមិនឲ្យតម្លៃលើការអប់រំ ការផ្សាយពត៌មានដែលប៉ះពាល់សីលធម៌ រឿងអសុរោះ រឿងស្រើបស្រាល និងគ្រឿងស្រវឹងគ្រប់រូបភាព ។
ព្រះអង្គមានសង្ឃសង្ឃដីកាបន្ថែមថា ព្រះសង្ឃមួយចំនួនបច្ចុប្បន្នចូលចិត្តលេងខ្លួនដូចគ្រហស្ថភ្លេចបដិបត្តិតាមមាគ៌ាព្រះវិន័យចូលចិត្តសម្ភារៈនិយម រៀនទ្រឹស្តី ឬយល់ពីអត្ថន័យដើមរបស់ព្រះពុទ្ធច្បោលៗ ឬមិនយល់ សេពគប់គ្រហស្ថដែលគ្មានសីលធម៌។
ព្រះអង្គមានសង្ឃដីកាថា៖ «មនុស្សគិតតែពីប្រយោជន៍ខ្លួនឯងមនុស្សអាត្មានិយម អត់គិតផលប៉ះពាល់ទៅដល់វប្បធម៌អត្តសញ្ញាណជាតិដើម គិតតែប្រយោជន៍ខ្លួនឯងជាធំ ពេលខ្លះមនុស្សប្រើសម្ដីឬប្រឌិតរឿងទៅជាជម្លោះក្នុងក្រុមគ្រួសារឬបញ្ហាអ្វីមួយបង្កើតទៅជាអត្តធិករណ៍ដើម្បីនឹងបាន like បាន share ក្នុងហ្វេសប៊ុកគឺជាផលប៉ះពាល់សីលធម៍មួយដ៏ធំ។យើងមិនទាន់មានច្បាប់សម្រាប់ចាត់វិធានការចំពោះបុគ្គលដែលប្រឌិតឬបុគ្គលធ្វើអ្វីដែលវាប៉ះពាល់ដល់តម្លៃសីលធម៍តាមហ្វេសប៊ុកយើងមិនទាន់មាន» ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមបានថ្លែងថា នៅក្នុងសង្គម វិជ្ជមាននិងអវិជ្ជមានយើងមើលឃើញតាមរយៈការដឹកនាំផងដែរ។ បន្ថែមពីនេះ ការចំណាក់ស្រុកអាចធ្វើឱ្យមនុស្សម្នាក់ៗឃ្លាតឆ្ងាយពីការអប់រំ ឃ្លាតឆ្ងាយពីភ្នែកច្រមុះឪពុកម្ដាយ ទៅរស់នៅកន្លែងផ្សេងៗអាចត្រូវបានគេអូសទាញឱ្យចូលទៅកន្លែងផឹកស៊ី ឬកន្លែងប្រើប្រាស់គ្រឿងញៀនផ្សេងៗ។ លោកបន្តថា រាល់ថ្ងៃនេះការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វផ្សាយគ្រឿងស្រវឹងវាមានភាពទូលំទូលាយខ្លាំងពេក គ្រឿងស្រវឹងក៏ជាផ្នែកមួយធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះដែរ។
លោកលើកឡើងថា៖ «ការអនុវត្តច្បាប់នៅស្រុកយើងមិនសូវមានប្រសិទ្ធភាព មានអំពើពុករលួយផ្សេងៗកាលណាអនុវត្ត[ច្បាប់]មានការធូរលុងប៉ះពាល់ដល់សីលធម៌សង្គមរបស់ខ្មែរយើង។ បច្ចុប្បន្នរឿងសំខាន់យើងទទួលស្គាល់ថាសីលធម៌ការរស់នៅរបស់មនុស្សយើងសម័យនេះមិនដូចពីសម័យដើមទេវាមានការផ្លាស់ប្ដូរ»៕
………………………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ជា វុទ្ធី