ភរិយាអ្នកជំនាញកសិកម្ម និងជាអ្នករិះគន់បញ្ហាអសកម្មរបស់រដ្ឋាភិបាល ខកចិត្តចំពោះមន្រ្ដីពន្ធនាគារដែលមិនអនុញ្ញាតឱ្យអ្នកផ្សេងទៅជួបសួរសុខទុក្ខស្វាមីរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្ដត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា–វៀតណាមក្រោមហេតុផលខ្លាចបង្កភាពរញ៉េរញៃដល់ពន្ធនាគារ។
ប្រពន្ធរបស់លោក នី ណាក់ គឺអ្នកស្រី សុខ ស្រីណែត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា មន្រ្ដីពន្ធនាគារត្រពាំងផ្លុងមិនអនុញ្ញាតឱ្យអ្នកក្រៅ ឬមន្ត្រីអង្គការសង្គមស៊ីវិលផ្សេងៗ ចូលជួបសួរសុខទុក្ខស្វាមីរបស់អ្នកស្រីនោះទេ ខណៈលោក នី ណាក់ កំពុងមានបញ្ហាសុខភាពខ្លះៗ។
អ្នកស្រី សុខ ស្រីណែត បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ អ្នកស្រីបានទៅសួរសុខទុក្ខស្វាមីអ្នកស្រីនៅពន្ធនាគារត្រពាំងផ្លុង។ អ្នកស្រីថា រាល់ថ្ងៃស្វាមីអ្នកស្រីមានបញ្ហាសុខភាពដោយឧស្សាហ៍វិលមុខ ពេលយប់ដេកអត់សូវបាន ដេក ដោយសារបញ្ហានោមញឹក និងបរិភោគអាហារមិនបានជាដើម។ អ្នកស្រីសង្ស័យថា បញ្ហាទាំងនេះអាចបណ្ដាលមកពីគេវ៉ៃឱ្យរបួសក្បាលកាលពីលើកមុន។
អ្នកស្រីបន្ថែមថា បច្ចុប្បន្នមន្រ្ដីពន្ធនាគារមិនអនុញ្ញាតឱ្យស្វាមីរបស់អ្នកស្រីបានជួបអ្នកផ្សេងនោះទេ ជាពិសេសក្រុមមន្ត្រីអង្គការសង្គមស៊ីវិល និងមិត្តភក្តិ ដោយមន្ត្រីមន្ត្រីពន្ធនាគារអនុញ្ញាតឱ្យតែប្រពន្ធនិងកូនប៉ុណ្ណោះអាចចូលជួបបាន។
អ្នកស្រី សុខ ស្រីណែត សំណូមពរទៅខាងមន្រ្តីពន្ធនាគារដោយធ្វើយ៉ាងណាអនុញ្ញាតឱ្យស្វាមីអ្នកស្រីបានជួបមិត្តភក្តិ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលផ្សេងៗដែលចង់ចូលជួបសួរសុខទុក្ខ។ អ្នកស្រីថា សម្រាប់អ្នកទោសផ្សេងទៀតដែលមិនមែនជាសកម្មជនសង្គម គឺមន្ត្រីពន្ធនាគារបានអនុញ្ញាតឱ្យបងប្អូនទៅសួរសុខទុក្ខបានស្រួលជាងអ្នកទោសដែលជាសកម្មជនសង្គម។
អ្នកស្រីលើកឡើងថា ៖«អ្នកទោសផ្សេងៗសាច់ញាតិគេទៅទាំងហ្វូង គេមានតែអត្តសញ្ញាប័ណ្ណហើយនិងកាតចាក់វ៉ាក់សាំងពីមុខ គឺគេចូលបានប្រុយៗ។ ប៉ុន្តែចំពោះខ្ញុំ និងសកម្មជនផ្សេងៗ គឺតម្រូវឱ្យមានសំបុត្រអាពាហ៍ពិពាហ៍បញ្ជាក់ថា អ្នកឯងពិតជាប្រពន្ធមែន។ កូនចៅមានឈ្មោះនៅក្នុងសៀវភៅគ្រួសារបានឱ្យចូល។ ប្រពន្ធឬសាច់ញាតិមិត្តភក្កិសកម្មជនគាត់មានអីកាន់ទៅទេ។ គ្មានអាវុធទៅទេយករបស់ផ្ញើគ្មានអីលាក់លៀមទេទៅដោយស្មោះត្រង់»។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សវានា មិនអាចឆ្លើយប្រាប់ពលរដ្ឋអ្នកសារព័ត៌មានបានទេ ដោយលោកលើកឡើងថា រង់ចាំលោកសាកសួរទៅខាងពន្ធនាគារត្រពាំងផ្លុងជាមុនសិន។
យ៉ាងណាលោកថា កន្លងមកលោកសង្កេតឃើញថា មានអ្នកមិនមែនជាសាច់ញាតិមួយចំនួនបានទៅសួរសុខទុក្ខទាំងហ្វូងៗ និងបានបង្កជាបញ្ហាដល់ការគ្រប់គ្រង់របស់មន្ត្រីពន្ធនាគារ។
លោកលើកឡើងថា៖ «ជួនកាលទៅអ្នកដែលមិនមែនជាសាច់ញាតិហ្នឹងគាត់ទៅសួរសុខទុក្ខនាំគ្នាទៅទាំងហ្វូង។ ប៉ុន្តែគាត់នាំគ្នាទៅទាំងហ្វូង គាត់បង្កបញ្ហាដល់ការគ្រប់គ្រងដែរកន្លងមកយើងសង្កេតឃើញអញ្ចឹង ដល់ចឹងខាងមណ្ឌលគេមានវិធានការ» ។
នាយកប្រតិបត្តិអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តាមច្បាប់គ្រប់គ្រងពន្ធនាគា និងច្បាប់រដ្ឋធម្មនុញ្ញ រួមទាំងច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្សបានចែងថា ជនជាប់ឃុំទាំងអស់មានសិទ្ធិដូចពលរដ្ឋដទៃជាពិសេសសិទ្ធិប្រាស្រ័យទាក់ទង់ជាមួយក្រុមគ្រួសារ ជាមួយសាច់ញាតិ និងមិត្តភក្តិក្នុងការទទួលបានការសួរសុខទុក្ខ។
លោក អំ សំអាត បន្តថា ប្រសិនបើមានជនជាប់ឃុំខ្លះមានការអនុញាតិឱ្យមានការជួបសួរសុខទុក្ខស្រួល និងជនជាប់ខ្លះទៀតមានការពិបាកក្នុងការជួបសួរសុខទុក្ខនោះ គឺបញ្ជាក់ថា មានការរើសអើង និងប៉ះពាល់ប្រយោលដល់សិទ្ធិជនជាប់ឃុំ។
លោកបន្ថែមថា៖«អញ្ចឹងគឺខាងពន្ធនាគាត្រូវតែមានការអនុញ្ញាត់ក្រៅតែពីប្រពន្ធកូនសាច់ញាតិកអាចមានការជួបសួរសុខទុកបានផងដែរ។ តុលាកមិនអាចទៅកាត់ផ្ដាច់សិទ្ធនេះបានដែរ ជាសិទ្ធចាំបាច់របស់ជនជាប់ឃុំ។ តាមពិតទៅជនជាប់ឃុំទាំងអស់មានសិទ្ធស្មើគ្នា ជនជាប់ឃុំផ្សេងដែរអាចមានសាច់ញាតិមិត្តសួរសុខទុកនឹង ជនជាប់ឃុំដែរជាសកម្មជនបរិស្ថាន សកម្មជនសង្គមសកម្មសិទ្ធមនុស្សកដូចគ្នាផងដែរមិនមានអ្វីដែរត្រូវរើសអើងគេ»។
លោក នី ណាក់ ត្រូវបានចាប់ខ្លួនកាលថ្ងៃទី៥ខែមករាឆ្នាំ២០២៤ តាមបណ្ដឹងរបស់លោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក នី ណាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ«បរិហាកេរ្ដិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង» ក្រោយពីលោក បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុករបស់លោកដែលមានខ្លឹមសារថា តើ ហេង សួរ គាត់មានគុណសម្បត្តិអីខ្លះបានជារដ្ឋាភិបាលកាត់ដីឱ្យគាត់ដីសម្បទាននៅកំពត៣០០ហិកតា។
ក្រោយមក នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ លោកត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសរ ប៉ុន្តែនៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុងជាប់ព្រំដែនកម្ពុជា–វៀតណាមវិញ៕
…………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ជា វុទ្ធី