អ្នកជំនាញផ្នែកច្បាប់ ជំរុញក្រសួងឱ្យពង្រឹងតួនាទី វិជ្ជាជីវៈ និងឯករាជ្យភាពរបស់ចៅក្រម ក្រោយមានការបង្កើនចំនួនចៅក្រមពី ២៥នាក់ ទៅ៣០នាក់ នៅតុលាការ ដើម្បីពន្លឿនការដោះស្រាយសំណុំរឿងដែលមានចំនួនច្រើនពីតុលាការជាន់ទាប។
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់កំណត់ចំនួនចៅក្រមទាំងអស់នៃតុលាការកំពូល មិនឱ្យលើស ៣០រូប ដោយចំនួននេះបូកបញ្ចូលទាំងអនុប្រធាន និងប្រធានតុលាការកំពូល។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សេង ឌីណា បានប្រាប់ Newsroom Cambodia នៅថ្ងៃទី៣០ ខែមករានេះថា យោងតាមច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា មាត្រា៤៩ ចែងថា ចំនួនចៅក្រមនៃតុលាការកំពូលមានចំនួនមិនលើសពី ២៥នាក់ ដោយរួមបញ្ចូលទាំងប្រធានតុលាការកំពូលផង។ ប៉ុន្តែក្នុងករណីមានតម្រូវការចាំបាច់ លោកថា រដ្ឋាភិបាលអាចថ្វាយសំណើរទៅអង្គព្រះមហាក្សត្រ ស្នើសុំចំនួនលើសពីនេះបាន។
លោក សេង ឌីណា បន្តថា មកដល់ពេលនេះ សំណុំរឿងរបស់តុលាការកំពូលមានចំនួនច្រើន ដែលចាំបាច់ត្រូវការចំនួនមន្ត្រីតុលាការច្រើនក្នុងការដំណើរការសំណុំរឿងរបស់ប្រជាពលរដ្ឋ ពីតុលាការជាន់ទាបដែលបញ្ជូនទៅតុលាការកំពូលឲ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។
លោកថា៖ «បច្ចុប្បន្ននេះ មានសំណុំរឿងច្រើន ដែលតុលាការកំពូលត្រូវទទួលចាត់ការ ជាពិសេសក្រោយពីមានយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ ដែលបានដាក់ចេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ចំណាត់ការសំណុំរឿងរបស់តុលាការជាន់ទាប មានល្បឿនលឿន ហើយសំណុំរឿងដែលឡើងមកដល់តុលាការកំពូល ក៏មានកាន់តែច្រើន ដែលចាំបាច់ត្រូវឱ្យមានការដំឡើងចំនួនចៅក្រមទាំងអស់នៃតុលាការកំពូលពី ២៥រូប មក ៣០រូប ដើម្បីធានាឱ្យចំណាត់ការសំណុំរឿងបានឆាប់រហ័សជូនប្រជាពលរដ្ឋ»។
លោក វ៉ន ចាន់ឡូត អ្នកជំនាញផ្នែកច្បាប់ យល់ថា ចំនួននៃចៅក្រមគឺមិនមែនជាបញ្ហាទេ ប៉ុន្តែការរៀបចំតួនាទីរបស់ចៅក្រមទៅតាមជំនាញរបស់ពួកគេ ទើបជាការខ្វះចន្លោះរបស់ប្រព័ន្ធតុលាការនៅកម្ពុជា។
លោកថា៖ «ជាទស្សនៈខ្ញុំចំនួនចៅក្រមតិចឬច្រើន វាអាស្រ័យទៅលើជាក់ស្តែង ប៉ុន្តែអ្វីដែលយើងឃើញ កម្ពុជានៅខ្វះចន្លោះនោះ គឺនៅក្នុងការរៀបចំ ចៅក្រមទៅតាមជំនាញ ដែលពួកគាត់មាន យើងមិនទាន់មានបែងចែកកន្លែងហ្នឹងឲ្យមានការច្បាស់លាស់ទេ ហើយកិច្ចការចៅក្រមមួយចំនួន គឺគាត់ធ្វើការទៅតាមអ្វីដែលមិនមែនជាជំនាញរបស់គាត់ ហើយនិងមួយទៀត គឺវាពាក់ព័ន្ធទៅនឹងបញ្ហាឥទ្ធិពលនយោបាយដែលធ្វើឲ្យប៉ះពាល់ទៅដល់ការកាត់ក្តីរបស់ចៅក្រម អញ្ចឹងអ្វីដែលជាការកំណត់ថ្មីៗនេះ ខ្ញុំមើលឃើញថា វាដូចជាមិនទាន់ឆ្លើយតបនៅឡើយទេ អំពីអ្វីដែលជាបញ្ហានៃភាពអន់ថយរបស់ប្រព័ន្ធតុលាការនៅកម្ពុជា»។
អ្នកជំនាញផ្នែកច្បាប់រូបនេះបន្តថា កិច្ចការក្រសួងយុត្តិធម៌ គឺត្រួតពិនិត្យសមាសភាពចៅក្រមមិនគួរមានការពាក់ព័ន្ធនឹងកិច្ចការនយោបាយទេ។ លើសពីនេះ លោកស្នើឲ្យចៅក្រមគួរមានលក្ខណៈសមស្របជាមួយនឹងបទពិសោធន៍ ចំណេះជំនាញវិជ្ជាជីវៈច្បាស់លាស់ក្នុងវិស័យច្បាប់។
លោកបន្ថែមថា៖ «ហើយនិងចំណុចសំខាន់មួយទៀត គួរតែជៀសឲ្យបានគឺតួអង្គនយោបាយដែលមកធ្វើការជ្រៀតជ្រែកនៅក្នុងកិច្ចការរបស់ប្រព័ន្ធតុលាការ។ ដោយឡែកការគ្រប់គ្រងទៅលើសមាសភាពរបស់ចៅក្រមដូចជាកម្ពុជាកំពុងអនុវត្តយើងឃើញរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺមានឥទ្ធិពលគ្របដណ្តប់ទៅលើចៅក្រមទាំងអស់ ម្លោះហើយនៅក្នុងការស្វែងរកយុត្តិធម៌សម្រាប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកដែលរងអយុត្តិធម៌ គឺវាពិបាកនៅពេលដែលចៅក្រមមិនអាចធានាបាននូវឯករាជ្យ ឬអព្យាក្រឹត្យភាពខ្លួន»។
ស្រដៀងគ្នានេះដែរ លោក សុខ សំអឿន មេធាវីនៃការិយាល័យមេធាវីក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ មានប្រសាសន៍ថា ការកំណត់ចំនួនចៅក្រមទាំងអស់នៃតុលាការកំពូល មិនឱ្យលើសពី ៣០រូបនេះ មិនមានបញ្ហាចោទទេ ប៉ុន្តែចៅក្រមត្រូវតែឯករាជ្យ ដោយមិនមែនជាសមាជិកនៃគណបក្សនយោបាយណាមួយ។
លោកបន្តថា៖ «គុណសម្បត្តិ ឬគុណវិបត្តិមិនជាអ្វីទេ ប្រការសំខាន់គឺឯករាជ្យភាពនៃចៅក្រម គួរកំណត់ឱ្យចៅក្រមទាំងអស់មិនត្រូវជាសមាជិកបក្សនយោបាយនោះទេ»។
ចំណែក លោក ឯម ចន្ថា មេធាវីនៃអង្គការជំនួយផ្នែកច្បាប់នៃប្រទេសកម្ពុជា សុំមិនផ្តល់យោបល់ជុំវិញការកំណត់ចំនួនចៅក្រមនៃតុលាការកំពូលនេះទេ។ ប៉ុន្ដែចំពោះប្រសិទ្ធិភាពការងារនៃតុលាការកំពូល លោកមើលឃើញថា នៅបញ្ហាមួយចំនួនដែលគួរកែសម្រួល ក្នុងនោះគឺពេលវេលានៃការជម្រះក្តី និងការពិនិត្យមើលសំណុំរឿង និងសម្រេចក្តីដោយម៉ត់ចត់ និងយុត្តិធម៌។
លោកបន្តថា៖ «ខ្ញុំមិនមតិអីច្រើនទេ មានតែស្នើសុំកុំឱ្យនីតិវីធីខ្លះអូសបន្លាយពេក ពេលខ្លះរឿងខ្លះ ដល់សំណុំរឿងកូនក្តីត្រូវបានដោះលែងហើយ តែនៅកំពូលនៅមិនទាន់សវនាការ ឧទាហណ៍ថា សាលក្រមសាលាដំបូងកាត់មួយឆ្នាំ ឬមួយឆ្នាំកន្លះ ហើយយើងប្តឹងឧទ្ធណ៍រហូតមកសារទុក្ខនៅតុលាការកំពូល ហើយមកដល់កំពូលអត់ទាន់ជម្រះ បែរជាការអនុវត្តទោសគ្រប់ចំនួន ត្រូវបានដោះលែង អញ្ចឹងមានន័យថា មានការយឺតយ៉ាវខ្លះហើយ ហើយទាក់ទងភាពយុត្តិធម៌ ខ្ញុំស្នើសុំដែរ អង្គចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ តុលាការកំពូល ស្នើសុំឱ្យពិនិត្យមើលឱ្យបានហ្មតចត់ ឱ្យបានយុត្តិធម៌»។
ជុំវិញករណីនេះ Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូលបានទេ នៅថ្ងៃទី៣០ ខែមករានេះ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
គួរជម្រាបជូនថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក្នុងគោលបំណងដោះស្រាយសំណុំរឿងដែលកកស្ទះនៅតាមតុលាការឱ្យបានឆាប់រហ័ស។
បើតាមរបាយការណ៍ពីក្រសួងយុត្តិធម៌ គិតចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បានដោះស្រាយសំណុំរឿងបានចំនួន ១៨៨ ៩៤២ ស្មើនឹង ៨២,៤១% នៃសំណុំរឿងសរុបចំនួន ២២៩ ២៧២ ដែលក្នុងនោះមានទាំងសំណុំរឿងព្រហ្មទណ្ឌ រដ្ឋប្បវេណី និងរឿងក្ដីដទៃទៀត។ តួលេខនេះ រាប់បញ្ចូលទាំងសំណុំរឿងដែលមានមុនពេលប្រកាសបើកយុទ្ធនាការ និងសំណុំរឿងដែលចូលថ្មី ក្រោយពេលប្រកាសបើកយុទ្ធនាការ៕
…………………………………….
អត្ថបទដោយ៖ ពូ សូរាជីនី