CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

សង្គមស៊ីវិលចង់ឃើញការ​កែសម្រួល​​នីតិវិធី​ជ្រើស​រើស​​មេភូមិ និង​សមាជិក​ភូមិ ធ្វើ​ដោយ​តម្លា​ភាព

CJs khmer ដោយ CJs khmer
January 23, 2025
ក្នុង សង្គម
0
សង្គមស៊ីវិលចង់ឃើញការ​កែសម្រួល​​នីតិវិធី​ជ្រើស​រើស​​មេភូមិ និង​សមាជិក​ភូមិ ធ្វើ​ដោយ​តម្លា​ភាព

សកម្មភាពប្រជាពលរដ្ឋប្រជុំគ្នាស្ដាប់បទបង្ហាញ។ (រូបភាព៖ VBNK)

0
ចែករំលែក
37
ចំនួនមើល

សង្គមស៊ីវិល គាំទ្រឱ្យមានការ​​កែសម្រួលនីតិវិធីជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិទូនៅទាំងប្រទេស ដែល​គ្រោង​ធ្វើឡើង​ដោយក្រសួងមហាផ្ទៃ ដោយពួកគាត់​​​​ចង់​​ឃើញ​​ការ​ជ្រើសរើ​ស​នោះ​ ធ្វើឡើងដោយតម្លាភាព និ​ងមិនប្រកាន់និន្នាការ​នយោបាយ។

ការលើកឡើងនេះ បន្ទាប់ពី​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកថា ក្រសួងនឹង ត្រៀម​​លក្ខណៈពិនិត្យកែសម្រួល​ឡើងវិញ​នូវនីតិវិធី និងលក្ខណៈសម្បត្តិ​នៃការ​ជ្រើស​រើស​មេភូមិ អនុភូមិ និងសមា​ជិក​ភូមិ ទូទាំងប្រទេស​។ នេះបើតាម​ការ​ផ្សព្វផ្សាយព័ត៌មាននៅលើគេហទំព័រ​ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខណៈថ្នាក់ដឹកនាំក្រសួង​រូបនេះ ថ្លែង​ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រៃវែង។

ក្នុងពិធីនោះ លោក ស សុខា បាន​លើកឡើង​បន្ថែម​ថា​ ក្នុងរយៈកាលប្រមាណ ២០ឆ្នាំ ក្រោយពី​មានការ​​​រៀបចំ​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយ​ក្រុមប្រឹក្សាឃុំ សង្កាត់ បានខិតខំបំពេញការងារយ៉ាងសកម្មតាមតួនាទី និងភារកិច្ច ជាពិសេសការដើរតួនាទីជាស្ពានទំនាក់ទំនងការងាររវាងពលរដ្ឋក្នុងភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីដោះស្រាយសំណើ សំណូមពរ និងតម្រូវការផ្សេងៗ។ 

តែយ៉ាងណា លោកថា ដោយសារ​​ស្ថានភាពសង្គម មានការរីកចម្រើន​​ប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសតម្រូវការអាទិភាពក្នុងកិច្ចការប្រចាំថ្ងៃនៅមូលដ្ឋាន ដែល​ពាក់ព័ន្ធនឹងតួនាទីថ្នាក់ដឹកនាំភូមិ ដូច្នេះ​​ទាមទារឱ្យមានការពិនិត្យ និង​កែសម្រួល​ឡើង​វិញ ទាំង​គោលការណ៍ នីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើស​រើស ដោយពិនិត្យលើអាយុ កម្រិតវប្បធម៌ និងអាណត្តិការងារ ធ្វើយ៉ាងណា​ ដើម្បីធានារួមចំណែកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ​ឱ្យបាន​កាន់​តែ​ប្រសើរ។ 

លោក ​យង់ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព គាំទ្រចំពោះ​ការកែសម្រួលឡើង​វិញនូវនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើស​មេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេសនេះ ដោយលោកថា មេភូមិ អនុភូមិ និងសមាជិកភូមិ មានតួនាទីសំខាន់​ក្នុងកា​រជួយ​ដល់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។

ករណីនេះ លោក​ស្នើឱ្យការជ្រើសរើស​មេភូមិ អនុភូមិ និងសមាជិកភូមិនេះ ធ្វើឡើងដោយតម្លាភាព និង​​មិន​​ប្រកាន់​​និន្នាការ​​នយោបាយ ព្រមទាំង​ផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយ។ លោកបន្តថា ការធ្វើបែបនេះនឹងធ្វើ​ឱ្យ​ការបម្រើសេវានៅតាម​មូលដ្ឋាន​មាន​ភាព​ប្រសើរ​ឡើង។

លោក គិមអេង ថ្លែង​ថា៖​ «ការរៀបចំនីតិវិធីហើយនិងលក្ខណៈសម្បត្តិមេភូមិនេះ នឹងធ្វើឱ្យមេភូមិកាន់តែមានសមត្ថភាព ហើយកាន់តែអាចអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនហ្នឹងបានល្អ ត្រឹមត្រូវ ហើយបម្រើទៅដល់ប្រជាពលរដ្ឋដោយស្មើភាព គ្មានការរើសអើង[…] ហើយក៏សុំឱក្រសួងពិនិត្យដែរថា មេភូមិទាំងអស់ហ្នឹង គឺត្រូវតែមានលក្ខណៈសម្បត្តិល្អ​ជាជនដែលត្រូវបាន​គេគោរព​ក្នុងភូមិ និងជាទូទៅ»។

ចំណែកឯ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក​ ប៉ិច ពិសី មានប្រសាសន៍ថា ការរៀបចំជ្រើសរើសមេភូមិ អនុភូមិ និង​សមាជិកភូមិនេះ ជារឿងចាំបាច់ ព្រោះពួកគេដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាជូនពលរដ្ឋនៅមូលដ្ឋាន និងជាបុគ្គលដែលដឹងនូវស្ថានភាពភូមិឃុំរបស់គាត់ ហើយទំនាក់ទំនងដោយផ្ទាល់ជាមួយពលរដ្ឋ។

លោកបន្តថា៖ «ដូច្នេះហើយការរៀបចំជ្រើសរើសមេភូមិ អនុភូមិ​​ សមាជិកភូមិ​នេះ ជារឿងចាំបាច់មួយដែលយើង​ត្រូវ​ធានា​ថាបុគ្គល​ដែលគាត់ដាក់ពាក្យ ឬក៏ត្រូវបានជ្រើសរើសហ្នឹង ទទួលសិទ្ធិស្មើគ្នានៅក្នុងការប្រកួតប្រជែង​យកតំណែងមេភូមិ អនុភូមិ​ហើយ​សមាជិក​ភូមិហ្នឹង ផ្តល់សិទ្ធិស្មើគ្នាចំពោះការប្រកួតប្រជែងយកតំណែងហ្នឹងទីមួយ។ ទីពីរ គួរតែមានការចែងអំពីតួនាទី​ភារកិច្ច​ឲ្យច្បាស់ ថាតើមេភូមិ អនុភូមិ សមាជិកភូមិ ធ្វើអីឲ្យ​ប្រាកដ​ដើម្បីបម្រើជូនពលរដ្ឋហ្នឹង ចឹងត្រូវមានការចែងនូវតួនាទី​ភារកិច្ចរបស់គាត់ហ្នឹង ជាពិសេសការធានាថាការងារ​គាត់ គឺបម្រើពលរដ្ឋក្នុងមូលដ្ឋានហ្នឹង»។

លោក​ ប៉ិច ពិសី បន្ថែមថា បុគ្គលដែលនឹងត្រូវជ្រើសជាមេភូមិ អនុភូមិ និងសមាជិកភូមិ មិនត្រូវជាប់ពាក់ព័ន្ធនឹងគណបក្ស​នយោបាយណាមួយឡើយ។

លោកថា៖ «ចំណុចទីបី គឺកុំឲ្យមានប្រឡាក់ប្រឡូកជាមួយបក្ស មេភូមិ អនុភូមិ គួរតែជាបុគ្គលដែលឯករាជ្យ ចេញពីបក្សនយោបាយ​បើមិនអញ្ចឹង​ទេ គាត់នឹងត្រូវបានគេប្រើជាឧបករណ៍នយោបាយនៅក្នុងការគ្រប់គ្រងមូលដ្ឋាន ហ្នឹងជាហានិភ័យអញ្ចឹង​គួរតែធានាថា ពួកគាត់មិនមែនជាសមាជិកបក្សទេ រាល់បក្សទាំងអស់មិនថាបក្សកាន់អំណាច ឬបក្សប្រឆាំ​ង​គាត់គួរតែជាបុគ្គលដែលឯករាជ្យ ហើយគាត់មានសិទ្ធិស្រឡាញ់ ឬក៏គាំទ្រ អាហ្នឹងវាជារឿងធម្មតា ប៉ុន្តែកុំឲ្យគាត់ជាសមាជិករបស់បក្ស អាហ្នឹងបើយើងអាចធ្វើបាន»។

លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់ Newsroom Cambodia ថា ចំពោះការកែសម្រួល​លក្ខខណ្ឌ ឬនីតិវិធីនូវ​លក្ខណៈសម្បត្តិគុណវុឌ្ឍក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកនេះ គឺស្ថិតក្នុងជំហាននៃការសិក្សានៅឡើយ។ លោក​បន្តថា ការសិក្សានេះ ក្រសួង​មហា​ផ្ទៃ​ពិនិត្យឃើ​ញ​ថា ការ​ងារ​ភូមិ ជា​ការ​ងារ​​ដែល​ធ្វើការ​ភាគ​ច្រើន​ជាមួយ​ប្រជាពលរដ្ឋដោយផ្ទាល់ ដូចនេះយុវជនដែលមានបរិញ្ញាបត្រជំនាញក្នុងមូលដ្ឋានមានអាទិភាព។

លោកបន្តថា៖ «ហេតុនេះយើងដកបទពិសោធន៍ហ្នឹង​ ដើម្បីរៀបចំជាផែនការ តែឥឡូវនេះ​យើងមិនទាន់បានសម្រេចទេ។ អ្វីដែលយើងចង់ឱ្យមានដែរហ្នឹង គឺថាទាំងចាស់ទាំងក្មេង មានន័យថា​ ទាំង​ចាស់ក៏យើងមិនចោល យើងក៏ត្រូវបញ្ជូលក្មេង ទៅ​ក្នុង​កិច្ចការងារហ្នឹង​ដែរ ក្មេងៗដែលមានបរិញ្ញាបត្រ​ជំនាញ ខាងរដ្ឋបាលសាធារណៈ ឬច្បាប់ ឬក៏កសិកម្មអីហូហែរហ្នឹង គឺ​យើង​អាច​នឹង​ពិចារណា ហើយនិងយុវជននៅ​មូលដ្ឋានផ្ទាល់​របស់​ពួកគាត់ អាច​យក​ម​ក​ធ្វើ​ជា​សមាជិក ឬក៏ជាអ្នកស្ម័គ្រចិត្តអីជាដើម»។

លោកបន្ថែទៀតថា បើសិនជាភូមិរឹងមាំ គឺនាំ​ឃុំ​សង្កាត់​រឹងមាំ ក្រុង​ស្រុក​ខណ្ឌ​រឹងមាំ រាជធានីខេត្តរឹងមាំ និង​ប្រទេសទាំង​មូល​រឹងមាំ ហេតុនេះចាប់ផ្ដើមពង្រឹងកិច្ចការងារភូមិ ជាមូលដ្ឋាន ដើម្បី​គុណភាពកាន់តែល្អប្រសើរបន្ថែម ពី​លើអ្វី​ដែល​ធ្លាប់​មាន។

គួរ​ជម្រាបជូនថា ផ្អែកតាមសេចក្ដីណែនាំស្តីពីបែបបទ នីតិវិធី នៃការជ្រើសរើសមភូមិ ការចូលកាន់តំណែង ការផ្លាស់​ប្តូរមេភូមិ ការតែងតាំង ជំនួយការមេភូមិ និង​តួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់ភូមិ ដែលចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦​ បានបញ្ជាក់ថា បេក្ខជនមេភូមិទាំងពីរភេទ ត្រូវមានលក្ខណៈសម្បត្តិ ដូចជា មានសញ្ជាតិខ្មែរ មាន​ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ មានអាយុយ៉ាងតិច ២៥ឆ្នាំ ត្រឹមថ្ងៃដាក់ស្នើ ចេះអាន និង​ចេះសរសេរអក្សរខ្មែរ និងត្រូវមានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិដែលបានដាក់ស្នើបេក្ខជននេះយ៉ាងតិច ៦ខែ​ជាប់ៗ​គ្នា។

តាមសេចក្ដីណែនាំដដែល មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ មិន​ត្រូវបានកំណត់អាណត្តិការងារឡើយ។ ក៏ប៉ុន្តែពួកគេអាចត្រូវបាត់បង់​ពី​មុខតំណែងក្នុងករណី ដូចជា សាមីខ្លួនទទួលមរណភាព សាមីខ្លួនដាក់ពាក្យសុំលាឈប់​ពី​មុខ​តំណែង​ជា​លាយ​ល័ក្ខអក្សរ សាមីខ្លួនបាត់បង់សម្បទាវិជ្ជាជីវៈដោយមានលិខិតបញ្ជាក់ពីភ្នាក់ងារមានសមត្ថ​កិច្ច សាមីខ្លួនត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតនៃឃុំ សង្កាត់របស់ខ្លួន សាមីខ្លួនត្រូវតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹមណាមួយ សាមីខ្លួនផ្លាស់ទីលំនៅទៅភូមិផ្សេង សាមីខ្លួនមានកំហុសឆ្គងក្នុងការងារ ហើយត្រូវបញ្ឈប់ពីមុខតំណែងដោយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន៕

……………………………………………

អត្ថបទ៖ ហុង សេរីហ្វុង

អត្ថបទមុន

ខួប​២១ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា ​សហជីពនិងបក្សនយោបាយ​​បន្ត​ទាមទារ​រដ្ឋាភិបាល​ស្វែងរក​ឃាតករ​ពិត​

អត្ថបទបន្ទាប់

យូនីសេហ្វថា កុមារងាយរងគ្រោះខ្លាំងជាងគេពីការបំពុលខ្យល់ទាំងនៅក្នុងផ្ទះ ឬនៅខាងក្រៅ

អត្ថបទបន្ទាប់
យូនីសេហ្វថា កុមារងាយរងគ្រោះខ្លាំងជាងគេពីការបំពុលខ្យល់ទាំងនៅក្នុងផ្ទះ ឬនៅខាងក្រៅ

យូនីសេហ្វថា កុមារងាយរងគ្រោះខ្លាំងជាងគេពីការបំពុលខ្យល់ទាំងនៅក្នុងផ្ទះ ឬនៅខាងក្រៅ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង