អង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា ស្នើដល់រដ្ឋាភិបាលអាមេរិក ពិចារណាក្នុងការផ្តល់ជំនួយឡើងវិញ ក្រោយពីអាមេរិកប្រកាសបង្កក ឬផ្អាកជំនួយអភិវឌ្ឍន៍អន្តរជាតិក្រោមគម្រោង USAID។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រោយពីប្រធានាធិបតីអាមេរិកដែលទើបចូលកាន់តំណែង លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យផ្អាកជំនួយទៅក្រៅប្រទេសទាំងអស់ តាមរយៈកម្មវិធី USAID ក្នុងរយៈពេល៩០ថ្ងៃ ដើម្បីត្រួតពិនិត្យមើលឡើងវិញពីប្រសិទ្ធភាព និងភាពស៊ីសង្វាក់នៃគោលនយោបាយការបទេសរបស់លោក។ ការប្រកាសផ្អាកជំនួយក្រោមគម្រោង USAID នេះក៏មានផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការ ឬប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជាផងដែរ។
នាយកប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក ហេង គីមហុង មានប្រសាសន៍នៅថ្ងៃទី២៧ ខែមករានេះថា លោកមានការសោកស្តាយចំពោះការផ្អាកជំនួយរបស់អាមេរិករយៈពេល ៩០ថ្ងៃនេះ ខណៈកាលពីខែកញ្ញា ឆ្នាំ២០២៤ រដ្ឋាភិបាលស៊ុយអ៊ែត ក៏បានផ្អាកជំនួយ និងបានបិទស្ថានទូតរបស់ខ្លួននៅកម្ពុជា ដែលធ្វើឱ្យអង្គការសង្គមស៊ីវិលជួបបញ្ហាប្រឈមម្តងរួចមកហើយ។
លោកបន្តថា ការផ្អាកផ្តល់ជំនួយបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិក ទោះក្នុងរយៈពេលវែង ឬក៏ផ្អាកជាអចិន្ត្រៃយ៍ សុទ្ធតែមានផលប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធមួយចំនួន ទាំងស្ថាប័នរដ្ឋ និងសង្គមស៊ីវិល ទៅលើដំណើរការ និងការអភិវឌ្ឍលើវិស័យនានា។
លោកថា៖ «ជំនួយពិតជាសំខាន់ណាស់ មិនត្រឹមតែចូលរួមចំណែកនៅក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងកិច្ចការពារវិស័យបរិស្ថាននៅក្នុងប្រទេសកម្ពុជាឱ្យមានភាពធន់ខ្ពស់ទេ ក៏បានផ្តល់ឱកាសការងារ ក៏បានផ្តល់កំណើនសេដ្ឋកិច្ចមានភាពល្អប្រសើរ ហើយជាពិសេសធ្វើឱ្យមានការកើនឡើងនៃធនធានមនុស្សនៅក្នុងសង្គម នៅក្នុងសង្គមនីមួយៗ[…]ប៉ុន្តែយ៉ាងណាមិញ យើងគិតថា ពួកគេនឹងព្យាយាមរកមធ្យោបាយ ឬក៏ការជំនួសមកវិញនូវប្រភពមូលនិធិផ្សេងទៀត ឬមូលនិធិមនុស្សធម៌ផ្សេងទៀត ដើម្បីធានាបាននូវនិរន្តភាពរបស់ពួកគេ»។
ទោះយ៉ាងណា លោក ហេង គឹមហុង បានស្នើដល់សហរដ្ឋអាមេរិកពិចារណាឡើងវិញ ទៅលើជំនួយគាំទ្ររបស់ខ្លួន ដើម្បីធានាបាននូវនិរន្តភាពនៃកិច្ចសហប្រតិបត្តិការ និងចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅគ្រប់បណ្តាប្រទេស។
លោកថ្លែងថា៖ «ក្នុងនាមសង្គមស៊ីវិលមួយរូប ខ្ញុំយល់ថា សហរដ្ឋអាមេរិក ក៏ដូចជាម្ចាស់ជំនួយផ្សេងទៀត គួរតែពិនិត្យពិចារណាក្នុងការបន្តការគាំទ្ររបស់ខ្លួនដើម្បីធានានូវរឿងពីរ ទីមួយ និរន្តភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់សហរដ្ឋអាមេរិកហ្នឹង ក៏ដូចជាម្ចាស់ជំនួយទាំងអស់ហ្នឹង ទីពីរ ដើម្បីធានាបាននូវប្រក្រតីភាពនៃដំណើរការ និងការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងបរិស្ថានផងដែរ»។
ចំណែក លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(ហៅកាត់ថាCCIM) យល់ថា ការផ្អាកជំនួយ USAID រយៈពេល ៩០ថ្ងៃ មិនមែនប៉ះពាល់តែអង្គការសង្គមស៊ីវិលនោះទេ ពោលគឺប៉ះពាល់ទាំងប្រជាពលរដ្ឋ និងជនរងគ្រោះផ្សេងៗ។
លោកស្រីមានប្រសាសន៍ថា៖ «ការបង្កករយៈពេល ៩០ថ្ងៃ នៅក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតេយ្យសហរដ្ឋអាមេរិកនេះ មានផលប៉ះពាល់ច្រើនមកដល់ផ្សេងៗទៀតនៅក្នុងពិភពលោក ចឹងនៅក្នុងនោះមិនមែនតែប៉ះពាល់តែនៅក្នុងអង្គការសង្គមស៊ីវិលទេ គឺប៉ះពាល់ទៅដល់អ្នកទទួលផល ដូចជា ជនរងគ្រោះ ឬក៏អ្នកដែលមានបញ្ហាផ្សេងៗ ដោយការរំលោភសិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ ឬក៏អ្នកខ្លះគាត់ប៉ះពាល់ពាក់ព័ន្ធនឹងរឿងវិស័យអប់រំ និងវិស័យសុខាភិបាលអីជាដើម ដោយសារស្ថាប័ននិមួយៗដែលបានទទួលការគាំទ្រពី USAID គឺមានវត្ថុបំណងនិងសកម្មភាពផ្សេងៗគ្នា»។
ករណីនេះ លោកស្រីស្នើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យពន្លឿនការពិនិត្យកម្មវិធីជំនួយ និងផ្ដល់ជំនួយដល់អង្គការក្រៅរដ្ឋាភិបាលនានាក្នុងពិភពលោកឡើងវិញ។
លោកស្រីថា៖ «ខ្ញុំសំណូមពរទៅដល់ប្រធានាធិបតេយ្យថ្មី ឬរដ្ឋបាលថ្មីហ្នឹង សូមពន្លឿននៃការត្រួតពិនិត្យថាតើបញ្ហាណាជាបញ្ហាអាទិភាព ហើយស្រូតនៅក្នុងការចាប់ផ្តើមផ្តល់ថវិកាមកជួយគាំទ្រសកម្មភាពផ្សេងៗរបស់ខាងអង្គការសង្គមស៊ីវិលនៅក្នុងពិភពលោកនេះឡើងវិញ ដើម្បីកុំឱ្យមានផលប៉ះពាល់កាន់តែធ្ងន់បន្តទៅទៀត[…] ព្រោះអីជាទូទៅគម្រោងថវិកាមួយៗយើងធ្វើមានផែនការ មានសកម្មភាព ត្រូវអនុវត្ត ប៉ុន្តែនៅពេលដែលបង្កក ឬផ្អាកភ្លាមៗនេះធ្វើឱ្យប៉ះពាល់ខ្លាំងទៅដល់ស្ថាប័ននីមួយៗ»។
រីឯលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ(LICADHO) មានប្រសាសន៍ថា ក្រោយការចូលកាន់តំណែងប្រធានាធិបតីដែលជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ក្នុងអណត្តិផ្លាស់ប្តូរប្រធានាធិបតីថ្មី គឺតែងតែមានគោលនយោបាយទាំងក្នុង និងក្រៅប្រទេសរបស់ខ្លួន ដូច្នេះបញ្ហាមួយចំនួនអាចកើតមាននៅក្នុងចន្លោះពេលដែលប្រធានាធិបតីថ្មីរៀបចំ និងពិនិត្យមើលគោលនយោបាយរបស់ខ្លួន។
លោកបន្តថា៖ «ខ្ញុំមើលឃើញថា សង្គមស៊ីវិលុនៅកម្ពុជាដែលទទួលជំនួយពី USAID (សហរដ្ឋអាមេរិក) អាចប៉ះពាល់ក្នុងអំឡុងពេលនៃការផ្អាកបណ្តោះនេះ ប៉ុន្តែក្រោយពីការរៀបចំគោលនយោបាយរបស់ប្រធានាធិបតីថ្មី ខ្ញុំសង្ឃឹមថា ជំនួយទាំងនោះនឹងបន្តដំណើរការវិញទៅតាមការព្រមព្រៀង»។
លោកបន្ថែមថា លោកនៅតែសង្ឃឹមថា រដ្ឋបាលនៃប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមរិក នឹងរៀបចំគោលនយោបាយថ្មីរបស់ខ្លួនឱ្យបានឆាប់ ហើយបន្តការផ្តល់ជំនួយដល់បរទេស និងសង្គមស៊ីវិលដូចធម្មតាវិញក្នុងពេលឆាប់ៗ។
ជុំវិញករណីនេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាស្នើមិនអធិប្បាយឡើយ។
Newsroom Cambodia បានព្យាយាមទាក់ទងទៅលោក Wesley Holzer មន្រ្តីព័ត៌មាន នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេគិតត្រឹម ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ។
គួរជម្រាបជូនថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ជាកម្មវិធីជំនួយដំបូងគេរបស់សហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា ហើយបានចាប់តាំងពីឆ្នាំ១៩៦០។ កម្មវិធីនេះបានរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈជំនួយមនុស្សធម៌ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ កម្មវីធី USAID បានវិវត្តន៍ជាកម្មវិធីរយៈពេលវែង និងទ្រង់ទ្រាយធំ ចាប់ពីឆ្នាំ ១៩៩១។ វិស័យអាទិភាពមួយចំនួនដែល USAID ផ្ដោតលើរួមមាន លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ច វិស័យសុខភាព អប់រំ ការការពារកុមារ បរិស្ថាន និងសន្តិសុខស្បៀង។ ចំពោះជំនួយចំពោះការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអភិបាលកិច្ច USAID បានគាំទ្រអង្គការក្រៅរដ្ឋាភិបាលដែលជាដៃគូសំខាន់ៗចំនួន១១អង្គការនៅប្រទេសកម្ពុជា។
បើតាមបណ្តាញព័ត៌មាននានា អាមេរិកជាប្រទេសផ្តល់ជំនួយបរទេសធំជាងគេបង្អស់នៅក្នុងពិភពលោក ជាមួយការផ្តល់ជំនួយបរទេសជាង ៦០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕
……………………………….
អត្ថបទដោយ នឿន ដាវីន