អ្នកភូមិនៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង អះអាងថា សត្វក្របីជិត១០០ក្បាលរបស់ពួកគាត់បានឈឺងាប់ជាបន្តបន្ទាប់ ដោយពុំមានអាជ្ញាធរពាក់ព័ន្ធណាចុះផ្សព្វផ្សាយ ឬសួរនាំ និងជួយចាក់វ៉ាក់សាំងការពារឡើយ។
កសិករម្នាក់នៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ លោក ខៀវ រ៉េត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២ ខែកក្កដាថា សត្វក្របីរបស់ពលរដ្ឋនៅឃុំត្រពាំងចាន់បានផ្ទុះជំងឺរយៈពេលជាង១ខែហើយ និងងាប់សរុបជិត១០០ក្បាលផងដែរ បើគិតមកដល់ពេលនេះ។ លោកឱ្យដឹងថា អ្នកភូមិបានយកក្របីរាប់រយក្បាលទៅឃ្វាលនៅតំបន់ទំនាបជាប់បឹងទន្លេសាប ស្ថិតនៅជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
កសិកររូបនេះ អះអាងថា ក្របីរបស់លោកមិនទាន់មានងាប់នោះទេ ដោយសារបានចាក់ថ្នាំការពារទាន់ពេល ប៉ុន្តែសម្រាប់ បងថ្លៃរបស់គាត់វិញ មានក្របីចំនួន៧ក្បាល គឺបានឈឺងាប់ទាំងអស់តែម្តង ដែលធ្វើឱ្យបងរបស់គាត់ខាតបង់ប្រាក់ជាច្រើន ខណៈសត្វក្របីឈឺងាប់លក់បានតម្លៃថោកប៉ុណ្ណោះ។
លោកបន្ថែមថា៖«អូរ !ងាប់មហាងាប់ហើយ ងាប់រាល់តែថ្ងៃ។ ឈឺមហាឈឺហើយ។ បើគិតវាងាប់វិញ អាងាប់ចោលក្នុងព្រៃ អាងាប់កប់ចោលក្រោម៥០ទៅ៦០ក្បាល។ ហើយកំពុងឈឺបន្តបន្ទាប់មិញនេះរបស់ប្អូនថ្លៃមួយទៀតហើយ។ មានអ្នកមកជួយចាក់ [វាក់សាំង ថ្នាំព្យាបាល] ខ្ញុំរៀលចាក់ខ្លួនឯងតិចតួច។ ចាក់ឱ្យអ្នកផ្សេងខ្ញុំអត់ហ៊ានចាក់ខ្លាចងាប់ គេប្តឹង»។
កសិករនៅភូមិត្រពាំងចាន់ម្នាក់ទៀតលោក ទ្រី កឺ បានឱ្យដឹងថា គ្រួសារលោកបានងាប់ក្របីចំនួន២ក្បាល និងកំពុងឈឺ២ក្បាលទៀត ខណៈបងប្អូនរបស់គាត់ងាប់ក្របីមិនក្រោម៥ក្បាលនោះទេ។ លោក អះអាងថា ករណីសត្វក្របីឈឺងាប់រយៈពេលជាង១ខែនេះ គឺពុំមានមន្ត្រីអាជ្ញាធរណាចុះមកសួរនាំ ឬចុះជួយចាក់វ៉ាក់សាំងការពារ និងព្យាបាលនោះឡើយ។
លោកបន្ថែមថា៖«ក្របីឈឺនេះមានរយៈពេល១ខែជាងហើយ។ អត់ដែលមានអ្នកណាមកចុះចាក់ថ្នាំឱ្យទេ។ គ្មានអ្នកណាគេអើពើ។ គ្មានដែលអ្នកណាមកបើកថ្នាំចាក់ឱ្យ បើវ៉ាក់សាំងវិញ គេបើកឱ្យគេចាក់តែកន្លែងគេ»។
ក្របីអ្នកភូមិនៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ដេកងាប់ដោយសារជំងឺ ពេលលែងទៅឃ្វាលនៅតំបន់ទំនាបជាប់បឹងទន្លេសាបជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)
កសិករម្នាក់ទៀតលោក ខៀវ សារឿន បានរៀបរាប់ថា គ្រួសារគាត់ចិញ្ចឹមក្របី៥ក្បាល ដោយពេលនេះបានឈឺងាប់អស់២ក្បាល ហើយកូនរបស់គាត់ងាប់ក្របី១ក្បាល និងប្អូនរបស់គាត់ម្នាក់ ងាប់ក្របី២ក្បាលផងដែរ។ លោកថា ករណីក្របីអ្នកភូមិផ្ទុះជំងឺឈឺងាប់នេះ បានធ្វើប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ជាខ្លាំង ដោយថា ពលរដ្ឋនៅឃុំត្រពាំងចាន់រស់នៅ ដោយពឹងផ្អែកលើការធ្វើកសិកម្មចិញ្ចឹមសត្វ និងធ្វើស្រែចម្ការ។
លោកបន្ថែមថា៖«វាខាត់បង់ពេលវេលាដោយយើងចិញ្ចឹមយូរវាមកឈឺងាប់។ ខាងបង់ប្រាក់ អីចឹងវាខាតហើយ និយាយមិនខាតម៉ិចវាឈឺពេលយើងចាក់វាមិនជា ដល់ពេលចាក់ហើយអស់លុយថ្លៃចាក់វាមិនជា យើងចាក់ថ្នាំអស់១០ម៉ឺន ដល់ពេលងាប់ទៅលក់បានតែ៨ម៉ឺនរៀល អាហ្នឹងវាខាតបង់ចឹង។ ដល់អីចឹងវាប៉ះពាល់ដល់សេដ្ឋកិច្ច សេដ្ឋកិច្ចយើងធ្លាក់ចុះ»។
កសិករនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ម្នាក់ទៀតលោក ម៉ែ ភាព និយាយថា លោកបានងាប់ក្របី១ក្បាល ខណៈបងប្អូន និងសាច់ញាតិរបស់លោកងាប់ក្របីសរុបមិនក្រោម១០ក្បាលនោះទេ។ លោកថា ក្របីឈឺងាប់លក់បានតម្លៃចន្លោះពី៨ម៉ឺនរៀលទៅ៣០ម៉ឺនរៀលប៉ុណ្ណោះ ខណៈក្របីរស់មិនមានជំងឺអាចលក់តម្លៃចន្លោះ២លានរៀលដល់៤លានរៀល។
យ៉ាងណា លោកថា អំឡុងពេលក្របីផ្ទុះជំងឺនេះ គឺឈ្មួញបានទៅបញ្ចុះតម្លៃក្របីរស់ឱ្យកាន់តែថោកខ្លាំងថែមទៀត ខណៈប្រជាកសិករសម្រុកលក់ក្របីចេញក្នុងពេលកំពុងផ្ទុះជំងឺនេះ។
លោក ម៉ែ ភាព បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញជួយចុះណែនាំថ្នាំ ឬជួយចាក់ថ្នាំ និងចាក់វ៉ាក់សាំងការពារក្របីជូនដល់កសិករដែលកំពុងជួបវិបត្តិនេះ ដើម្បីជួយទប់ស្កាត់ និងព្យាបាល កុំឱ្យពួកគាត់ខាត់ទ្រព្យ ឬថវិកា ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ។
លោកបន្ថែមថា៖ «នៅភូមិត្រពាំងចាន់យើង ប្រសិនបើមានគេចុះមកចាក់វ៉ាក់សាំងវិញ អាចចាក់ទាំងអស់ទៅល្អ ព្រោះ២ឬ៣ឆ្នាំនេះ ម្នាក់ៗងាប់ក្របីចង់ពាយក្រោលហើយ។ បើក្របីរស់ដែលតម្លៃ១លានរៀលពេលឈឺងាប់ទៅឈ្មួញគេឱ្យតម្លៃពី១០ទៅ៣០ម៉ឺនរៀលទេ។ បើសាមុនវិញ មានក្របីមួយ៧ម៉ឺន៨ម៉ឺនក៏មាន។ បើឥលូវនេះក្របីរស់អត់ឈឺដែលតម្លៃ២លានរៀល ម្ចាស់សម្រេចលក់តែ១លានរៀលក៏មាន បើម្ចាស់ភ័យម្នាក់ៗហើយ។ បើវាងាប់លឿនយ៉ាងនេះ»។
ពេទ្យសត្វក្នុងភូមិម្នាក់ ឈ្មោះ សារុំ ដែលអ្នកភូមិហៅថា តាចក បានដើរចាក់ថ្នាំព្យាបាលក្របីក្នុងភូមិបានឱ្យដឹងថា ក្របីអ្នកភូមិដែលងាប់នោះគឺ កើតជំងឺសាទឹក បូសខ្យល់ និងអុតក្តាមជាដើម។ លោកថា ក្របីដែលងាប់ចាក់ថ្នាំមិនជា ដោយសារតែម្ចាស់ក្របីលែងចោលនៅលើកោះ ដោយមិនបានតាមដានជំងឺ និងចាក់ថ្នាំព្យាបាលទាន់ពេលវេលា។
លោក សារុំ អះអាងថា រដ្ឋបាលស្រុកបរិបូរណ៍បានផ្តល់វ៉ាក់សាំងដល់លោកឱ្យចុះចាក់ក្របីអ្នកភូមិនៅឃុំត្រពាំងចាន់ដែរ ដោយលោកចាក់បានក្របីជាង១០០ក្បាលនៅភូមិកណ្តាល នៃឃុំត្រពាំងចាន់ ដោយសុំថ្លៃសេវាចាក់ ១ ០០០រៀលសម្រាប់ក្របី១ក្បាល។ ចំណែកនៅភូមិត្រពាំងចាន់ និងភូមិសន្លង់វិញ គឺលោកមិនទាន់បានចាក់ឱ្យនោះទេ ដោយម្ចាស់ក្របីមិនចង់ផ្តល់ថ្លៃសេវាចាក់ឱ្យលោក ១ ០០០រៀលក្នុង១ក្បាល។
លោកបន្ថែមថា៖«ក្របីវាលេងចោលអត់តាមមើលបានវាងាប់។ក្របីមិនមែនតែនៅឃុំត្រពាំងចាន់ទេ មានក្របីមកពី ពេទ្យច្រវ៉ា មកពីក្រោយជីដែលគេយកទៅដាក់នៅខ្នងកោះ។គេលេងចោលនៅខ្នងកោះ ម្ចាស់អត់តាមមើល។បើម្ចាស់តាមវាអត់អីទេ។វ៉ាក់សាំងគេ [រដ្ឋបាលស្រុកបរិបូរណ៍] ឱ្យតើចាក់។ខ្ញុំចាក់បាន១០០ក្បាលជាងនៅភូមិកណ្តាល។ នៅភូមិត្រពាំងចាន់និងសន្លង់អត់បានចាក់ដោយសារតែពេលខ្ញុំចុះចាក់គេអត់ចាក់។ ខ្ញុំខំជិះម៉ូតូដើរចាក់ឱ្យតាមផ្ទះ ដោយសុំ១ក្បាល១០០០រៀលសុំមិនបានផង។ ថ្នាំហ្នឹងខាងរដ្ឋាភិបាលគេឱ្យតើ»។
មេឃុំត្រពាំងចាន់អ្នកស្រី នុត សៅ មិនបានឆ្លើយប្រាប់ពលរដ្ឋអ្នកសារព័ត៌មានជុំវិញករណីក្របីអ្នកភូមិឈឺងាប់នេះទេ ដោយអ្នកស្រីប្រាប់ថា កំពុងមើលការខុសត្រូវលើការសាងសង់ផ្លូវក្នុងឃុំ។
ទិដ្ឋភាពក្របីរបស់អ្នកភូមិនៅក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង លែងចេញពីភូមិទៅឱ្យស៊ីស្មៅនៅវាលទំនាបជាប់បឹងទន្លេសាបជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)
មន្ត្រីកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងអ្នកស្រី សន គន្ធា មានប្រសាសន៍ថា អ្នកស្រីមិនទទួលបានរបាយការណ៍ករណីក្របីអ្នកភូមិឈឺងាប់ពីរដ្ឋបាលឃុំត្រពាំងចាន់នោះទេ ប៉ុន្តែអ្នកស្រីបានដឹងព័ត៌មានតាមរយៈពេទ្យសត្វភូមិនាពេលថ្មីៗនេះដែរ។ អ្នកស្រីថា អ្នកស្រីនឹងរាយការណ៍ព័ត៌មាននេះទៅថ្នាក់លើ ដើម្បីសុំគោលការណ៍ដោះស្រាយជូនពលរដ្ឋ។
មន្ត្រីកសិកម្មរូបនេះបន្តថា ករណីដែលពិបាកជួយដល់ប្រជាពលរដ្ឋនោះគឺ សត្វក្របីរបស់ពួកគេត្រូវបានព្រលែងចោលតាមវាល តាមព្រៃ ដោយមិននៅតាមផ្ទះក្នុងភូមិឡើយ ប៉ុន្តែយ៉ាងណាអ្នកស្រីថា ក្នុងស្រុកបរិបូរណ៍ គឺមន្ត្រីរបស់មន្ទីរកសិកម្មបានចុះចាក់វ៉ាក់សាំងគោក្របីជូនប្រជាពលរដ្ឋជាបន្តបន្ទាប់មិនដែលខាននោះទេ ដើម្បីការពារ និងកាត់បន្ថយការឈឺងាប់។
អ្នកស្រីបន្ថែមថា៖«ខ្ញុំសុំបកស្រាយរឿងវ៉ាក់សាំងមួយ។ ខ្ញុំមិនបន្ទួសអ្នកណាទេ ប៉ុន្មានខែមុន មុននឹងសត្វយើងចេញទៅកោះ ខ្ញុំបានទៅជម្រាប់អាជ្ញាធរភូមិ និងពេទ្យសត្វភូមិឱ្យរៀបចំកន្លែងសម្រាក់ចាក់វ៉ាក់សាំង ខ្ញុំនឹងទម្លាក់ឱ្យ ប៉ុន្តែវ៉ាក់សាំងមានតែសាទឹកទេ បូសខ្យល់អត់មានទេ តែគាត់ថា សត្វអត់នៅជុំគ្នា សត្វនៅលើពិបាកចាប់ពិបាកចាក់ ប៉ុន្តែបើនៅឃុំផ្សេងៗគឺយើងបានចាក់ទាំងអស់ តែជាក់ស្តែងនៅឃុំត្រពាំងចាន់ចាក់ដែរ តែចាក់បានតិច»។
បើតាមការចុះផ្សាយរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលលោក ក្រឹង សំអាត និងមន្ត្រី សហការជាមួយអាជ្ញាធរភូមិ ឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺបូសខ្យល់ គោ ក្របី នៅក្នុងភូមិ នៃឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
មន្ទីរកសិកម្មបញ្ជាក់ថា យុទ្ធនាការចុះចាក់វ៉ាក់សាំងនេះគឺ ដើម្បីកាត់បន្ថយអត្រាឈឺស្លាប់សត្វគោ ក្របី តាមរយៈការផ្តល់វ៉ាក់សាំង និងផ្សព្វផ្សាយដល់កសិករឱ្យយល់ដឹងពីសារ:សំខាន់ នៃវ៉ាក់សាំង ផ្សព្វផ្សាយពីការកែលម្អពូជគោ ដោយការបង្កាត់ពូជគោសិប្បនិម្មិត។ មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបន្តថា យុទ្ធនាការនេះ មន្ត្រីបានចាក់វ៉ាក់សាំងបូសខ្យល់លើសត្វគោបានចំនួន ២៤៣ក្បាល និងក្របី ៩៧ក្បាល និងបានចែកសម្ភារៈ ថ្នាំព្យាបាលសត្វ ដល់ភ្នាក់ងារសុខភាពសត្វភូមិផងដែរ៕
………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាននៅខេត្តកំពង់ឆ្នាំង លោក សុត យ៉ុម