ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួននៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ដោយចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយវិលត្រឡប់មកពីប្រទេសជប៉ុនវិញ។
អ្នកនាំពាក្យគណបក្សកម្លាំងជាតិលោក ជា មុនី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី គឺសមត្ថកិច្ចមិនបានបង្ហាញដីការពីតុលាការ ដោយអ្នកចូលទៅចាប់ខ្លួនលោក ស៊ុន ចន្ធី ស្លៀកពាក់ស៊ីវិលមិនមានឯកសណ្ឋានជាកងកម្លាំងទេ។
លោកបន្តថា ការចាប់ខ្លួននេះ នៅពេលរូបលោក និងលោក ស៊ុន ចន្ធី កំពុងដើរចេញពីទ្វាយន្ដហោះនៅវេលាម៉ោងជិត៩ព្រឹក នៅពេលវិលត្រឡប់មកពីប្រទេសជប៉ុនដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ។
អ្នកនាំពាក្យរូបនេះយល់ថា ការចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិដោយគ្មានដីកាគឺជាបង្ហាញថាប្រជាធិតេយ្យនៅកម្ពុជាដើរថយក្រោយកាន់តែខ្លាំង។
លោកលើកឡើងថា៖ « ធ្វើអ្វីៗក៏ដោយប្រទេសមានច្បាប់ត្រូវតែអនុវត្តច្បាប់ ។ អ្នកដែលមកចាប់ត្រូវតែមានឯកសណ្ឋានមានសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវ។ ប្រសិនជាពួកគាត់មិនមែនជាសមត្ថកិច្ចប្រហែជាមិនអាចចូលព្រលានយន្ដហោះអន្ដរជាតិកម្ពុជាបានទេ »។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ុន ចន្ធី បានសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក គណបក្សកម្លាំងជាតិនៅប្រទេសជប៉ុន។ វីដេអូដែលបានផ្សព្វផ្សាយពីការថ្លែងរបស់លោកក្នុងជួបសំណេះសំណាលនោះថា នៅក្នុងឆ្នាំ២០២៧និង២០២៨ ខាងមុខមានការបោះឆ្នោត ដើម្បីឱ្យការបោះឆ្នោតទទួលយកបានគ្រប់ភាគី គណបក្សកម្លាំងជាតិជំរុញឱ្យរដ្ឋាភិបាលបើកលំហសេរីភាពនយោបាយ និងការបញ្ចេញមតិរបស់ពលរដ្ឋឱ្យបានពេញលេញ ។
លោក ស៊ុន ចន្ធី បន្តថា គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃដោយស្របច្បាប់ត្រូវបានចូលរួមប្រគួតប្រជែងគ្រប់គណបក្ស ដើម្បីលើកកម្ពស់ប្រជាធិតេយ្យ។
អ្នកនយោបាយរូបនេះបន្ថែមថា ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ ប្រជាធិតេយ្យនៅកម្ពុជាបានដើរថយក្រោយ ដោយកម្ពុជាត្រូវរងទណ្ឌកម្មពីសហគមន៍អន្ដរជាតិ ដូចជាការផ្ដាច់ប្រព័ន្ធអនុគ្រោះព័ន្ធ EBA ២០ភាគរយ ការមិនបន្ដប្រព័ន្ធអនុគ្រោះព័ន្ធទូទៅGSPនាំទំនេញចូលទៅសហរដ្ឋអាមេរិក។ លោកបន្តថា បញ្ហានេះ ធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពលរដ្ឋជាពិសេសកម្មករកម្មការិនីរោងចក្រមួយចំនួនព្យួរការងា និងបិទទ្វាជាដើម។
លោកថ្លែងនៅក្នុងវីដេអូនោះថា៖ « យើងអត់ចង់ឃើញប្រទេសកម្ពុជាត្រូវបានសហគមន៍អន្ដរជាតិស្ដីបន្ទោសទេ។ យើងអត់ចង់ឃើញប្រទេសកម្ពុជារងការដាក់ទណ្ឌកម្មណាមួយពីសហគមន៍អន្ដរជាតិដោយសារការដំណើការប្រជាធិបតេយ្យ» ។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានទេនៅថ្ងៃព្រហស្បតិ៍នេះ ។
យ៉ាងណា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី៩ ខែឧសភា ថា ករណីឃាត់ខ្លួនឈ្មោះ ស៊ុន ចន្ធី ពាក់ព័ន្ធសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ប្រភពដដែលបន្តថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន ចន្ធី ដែលជា ប្រធានគណបក្សកម្លាំងជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានប្រព្រឹត្តតាមរយៈបង្ហោះផ្សព្វផ្សាយ ព័ត៌មានលើបណ្តាញសង្គម ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឱ្យ មានភាពវឹកវរក្នុងសង្គម។
លីខិតពញ្ជាក់ថា៖ «បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ »។
ក្រោយការចាប់ខ្លួនមិនបានប៉ុន្មានម៉ោង គណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសចំពោះការចាប់ខ្លួនប្រធានគណបក្សរបស់ខ្លួនពេលនេះ។ គណបក្សប្រឆាំងមួយនេះ បានចាត់ទុកករណីនេះថា ជាការគំរាមកំហែង បំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមកលើគណបក្សកម្លាំងជាតិ និងធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
សេចក្តីថ្លែងការណ៍ដដែល ក៏បានទាមទារឱ្យរាជរដ្ឋាភិបាលដោះលែងលោក ស៊ុន ចន្ធី ដោយឥតលក្ខខណ្ឌ ព្រមទាំងបើកលំហសេរីភាពនយោបាយ ដល់បក្សមួយនេះ ដើម្បីជាការរួមចំណែកស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា បើសិនជាការចាប់ខ្លួនលោក ស៊ុន ចន្ធី ពាក់ព័ន្ធទៅបទល្មើសជាក់ស្ដែងគឺធ្វើឡើងដោយមិនចាំបាច់មានដីកាទេ ។
លោកបន្តថា ការចាប់ខ្លូនមេដឹកនាំគណបក្សមួយមិនមែនជារឿងតូចតាចទេ ប្រសិនមិនមែនជាបទល្មើសជាក់ស្ដែងទេសមត្ថកិច្ចត្រូវមានដីកាឃាត់ខ្លួន បង្ហាញបទចោទហេតុផលនៃការចាប់ខ្លួនឱ្យបានត្រឹមត្រូវ។ បើគ្មានហេតុផលសមរម្យគ្មានបទល្មើសគ្មានភស្តុតាងគ្រប់គ្រាន់ទេ មហាជនអាចរិះគន់ថាជាបញ្ហានយោបាយ។
លោកលើកឡើងថា៖« កន្លងមកយើងឃើញហើយថា មានការរិះគន់ច្រើនពីសហគមន៍អន្ដរជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អំពីការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនគណបក្សនយោបាយ រឹតត្បិតសេរីភាពនយោបាយសេរីភាពមូលដ្ឋានរបស់ពលរដ្ឋឬសេរីភាពបញ្ចេញមតិ។ អង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សមានការព្រួយបារម្ភ »។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤លោក ស៊ុន ចន្ធី ត្រូវបានតំណាងអាយ្យការអមសាលាដំបូងខេត្ដកំពង់ធំ លោក ផៃ តុងហួរ កោះហៅឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងបទឆបោកប្រាក់ជាង១២លានរៀល តាមបណ្ដឹងរបស់មន្រ្ដីគណបក្សភ្លើងទៀនចំនួន៨រូបនៅស្រុកសន្ទុក ខេត្ដកំពង់ធំ ប៉ុន្តែលោកបានចូលបំភ្លឺនិងបានបដិសេធការចោទប្រកាន់ទាំងឡាយនេះ។
លោក ស៊ុន ចន្ធី ជាអតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំមកពីគណបក្សសង្គ្រោះជាតិ និងស្ថិតនៅក្នុងចំណោមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាង១០០នាក់ទៀត ដែលត្រូវដកសិទ្ធិមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំបន្ទាប់ពីគណបក្សនេះត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧។ រហូតដល់ចុងឆ្នាំ២០២១ លោក ចន្ធី បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញបន្ទាប់ពីមានការស្នើសុំ។
ក្រោយបានសិទ្ធិធ្វើនយោបាយឡើងវិញ លោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ នៅក្នុងគណបក្សភ្លើងទៀន លោក ស៊ុន ចន្ធី មានតួនាទីជាអគ្គលេខាធិការរង និងជាប្រធានគណៈកម្មាធិការប្រតិបត្តិប្រចាំខេត្ដកំពង់ធំ។នៅចុងឆ្នាំ២០២៣ ប៉ុន្តែលោកបានលាឈប់ពីគណបក្សភ្លើងទៀន ទៅបង្កើគណបក្សកម្លាំងជាតិ ហើយលោកក៏ត្រូវបានជ្រើសរើសធ្វើជាប្រធានគណបក្សផងដែរ៕
…………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា