ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) កញ្ញា ឈឹម ស៊ីថរ បានប្រលូកក្នុងវិស័យសង្គមស៊ីវិល និងតស៊ូមតិផ្នែកសហជីពអស់រយៈពេល១៧ឆ្នាំមកហើយ។ ភាពអយុត្តិធម៌ និងការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករនិយោជិត ពីសំណាក់និយោជក ធ្វើឱ្យកញ្ញាពង្រឹងស្មារតីខ្លួនឯង និងប្តេជ្ញាក្នុងការការពារសិទ្ធិក្នុងវិស័យការងារ។
ក្នុងកំឡុងពេលបំពេញការងារជាប្រធានសហជីពជាច្រើនឆ្នាំមកនេះ កញ្ញា ឈឹម ស៊ីថរ ធ្លាប់ជាប់ពន្ធនាគារចំនួន ២ដងមកហើយ ក្រោយពីបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជិត ១៣០០នាក់ បានផ្ទុះការតវ៉ាកាលពីឆ្នាំ២០២១ មកដល់បច្ចុប្បន្ន។ ការតវ៉ានេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនល្បែងមួយនេះ បានបញ្ឈប់ពួកគេពីការងារ។ ការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំនេះ ត្រូវបានគេមើលឃើញថា ជាចេតនាក្នុងការបំបាត់សហជីពឯករាជ្យនៅក្នុងក្រុមហ៊ុនកាស៊ីណូមួយនេះ។
ជាប់ពន្ធនាគារលើកទី១ គឺនៅអំឡុងដើមខែមករា ឆ្នាំ២០២២ ដែលនៅពេលនោះ កញ្ញាកំពុងចូលរួមធ្វើកូដកម្មតវ៉ាជាមួយកូដករណាហ្គា ដើម្បីទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ទទួលយកបុគ្គលិកទាំងជិត ១៣០០នាក់ ចូលធ្វើការវិញ។ ពេលនោះកញ្ញា ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយបន្ទាប់ពីជាប់ពន្ធនាគារនៅមណ្ឌលអប់រំកែប្រែទី២(ម២) អស់រយៈពេល២ខែ កញ្ញាត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន អំឡុងខែមីនា ឆ្នាំ២០២២។
ប៉ុន្តែកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានសហជីពរូបនេះ ត្រូវបានចាប់ខ្លួនជាថ្មីទៀត បន្ទាប់ពីត្រឡប់មកពីប្រទេសអូស្ត្រាលី ពីបទ រំលោភលើលក្ខខណ្ឌនៃការនៅក្រៅឃុំ។
តែយ៉ាងណា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ កញ្ញាត្រូវបានតុលាការសម្រេចដោះលែងពីពន្ធនាគារវិញ ក្រោយពីអនុវត្តទោសគ្រប់ ២ឆ្នាំ។
ថ្នាក់ដឹកនាំសហជីពរូបនេះ បានលើកឡើងថា ទោះបីជាកញ្ញា ធ្លាប់ជាប់ពន្ធនាគារ ២លើកមកហើយក៏ដោយ ក៏រឿងនេះមិនមែនជាឧបសគ្គសម្រាប់កញ្ញា ក្នុងការបំពេញការងារដើម្បីសេរីភាពសហជីព និងសិទ្ធិការងារនោះដែរ។
កញ្ញានិយាយថា៖ «ខ្ញុំមិនធ្លាប់ស្តាយក្រោយ ដែលធ្វើជាខ្លួនឯងរាល់ថ្ងៃនេះទេ ហើយក៏គ្មានបំណងឈប់ធ្វើការហ្នឹងដែរ ទោះជាប់ពន្ធនាគារពីរដងហើយក៏ដោយ ហើយក៏អាចជាប់ទៀតដែរ»។
កញ្ញា ស៊ីថរ ដែលបច្ចុប្បន្នមានវ័យ ៣៨ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង និងជាកូនទី២ ក្នុងចំណោមបងប្អូន ៥នាក់។ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអាហារូបករណ៍ផ្នែកសេដ្ឋកិច្ចព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយបានចូលធ្វើការជាបុគ្គលិកធម្មតានៅក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងឆ្នាំ២០០៧។
ក្នុងផ្ទះមួយខ្នងដែលព័ទ្ធជុំវិញដោយដើមរុក្ខជាតិចម្រុះ ជាពិសេសផ្កាឈូករ័ត្ន និងមានមេអំបៅហើរជុំវិញផងនោះ កញ្ញា ឈឹម ស៊ីថរ បានឱ្យដឹងថា ក្នុងឆ្នាំ២០០៧ កញ្ញាបានចូលរៀននៅសាកលវិទ្យាល័យ ឆ្នាំទី១ផង និងឆ្លៀតធ្វើការជាបុគ្គលិកធម្មតានៅក្រុមហ៊ុនណាហ្គាផង ដោយសារតែជីវភាពគ្រួសារមិនសូវធូរធា។
ក្នុងកំឡុងពេលធ្វើការនៅក្រុមហ៊ុនមួយនេះ និងបានចូលរួមការងារសង្គម រួមទាំងចូលរួមកូដកម្មនានាផងនោះ បានធ្វើឱ្យកញ្ញាចាប់ផ្តើមស្វែងយល់រឿងរ៉ាវដែលបានកើតឡើងក្នុងសង្គម ក្នុងនោះក៏មានបញ្ហានៃការរំលោភលក្ខខណ្ឌការងារមួយចំនួន និងការបញ្ឈប់បុគ្គលិកដោយអយុត្តិធម៌ផងនោះ បានធ្វើឱ្យកញ្ញាចាប់ផ្តើមយល់ពីសារប្រយោជន៍នៃការបង្កើតសហជីព ដើម្បីការងារអត្ថប្រយោជន៍ជូនកម្មករ។
កញ្ញាថា៖ «អ៊ីចឹងយើងត្រូវលូក[ដៃក្នុងការបង្កើតសហជីព] ការងារដំបូងដែលខ្ញុំធ្វើហ្នឹង គឺប្រមូលវិភាគទានទ្រទ្រង់សហជីពដោយដៃ»។
នៅឆ្នាំ២០១២ ដោយមើលឃើញពីភាពសកម្មក្នុងការតស៊ូមតិ និងការទាមទារលក្ខខណ្ឌការងារល្អប្រសើរផងនោះ កញ្ញា ស៊ីថរ ត្រូវបានបុគ្គលិកនៅក្រុមហ៊ុនណាហ្គា ជ្រើសរើសជាអនុប្រធានសហជីព និងបន្តបន្ទាប់មក កញ្ញាត្រូវបានសមាជិកសហជីពផ្តល់ទំនុកចិត្តជាថ្មី បោះឆ្នោតឱ្យជាប់ជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ នៅឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន។
ទោះជាយ៉ាងណា ការចំណាយពេលជាងមួយទសវត្សរ៍ក្នុងវិស័យការងារ កញ្ញា ស៊ីថរ បានក្លាយជានិមិត្តរូបសម្រាប់កម្មករជិត ៥០០០នាក់ ក្នុងក្រុមហ៊ុនណាហ្កាវើល៍។
ក្នុងបទពិសោធន៍ជាប្រធានសហជីព និងអ្នកតស៊ូមតិផ្នែកសិទ្ធិការងារជាច្រើនឆ្នាំមកនេះ កញ្ញា ឈឹម ស៊ីថរ មើលឃើញថា នៅកម្ពុជា មានការកេងកម្លាំងពលកម្ម និងការធ្វើទុក្ខបុកម្នេញទៅកម្មករនិយោជិត ពីសំណាក់និយោជក ដូចជា ការឱ្យកម្មករធ្វើការលើសម៉ោង ការឈប់សម្រាកមិនត្រឹមត្រូវទៅតាមច្បាប់ការងារ ជ្រើសរើសបុគ្គលិកថ្មីជារៀងរាល់៣ខែម្តង ហើយបញ្ឈប់បុគ្គលិកចាស់ និងមិនបើកប្រាក់ខែឱ្យទាន់ពេលជាដើម។
កញ្ញានិយាយថា៖ «ប្រទេសរបស់យើងក្នុងវិស័យការងារ កាលណាកម្មករគាត់មានប្រាក់ឈ្នួលសមរម្យ មានលក្ខខណ្ឌការងារល្អ វានឹងជួយឱ្យមានការគោរពសិទ្ធិមនស្ស និងសេដ្ឋកិច្ចល្អប្រសើរជាងមុន។ បើប្រទេសរបស់យើងកំពុងជួបរឿងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រឿងអយុត្តិធម៌[…] នៅពេលមកវិនិយោគនៅស្រុកខ្មែរកេងកម្លាំងពលកម្ម ហើយមានគ្រប់រូបភាពតែម្តង។ កន្លែងខ្លះឱ្យពួកគាត់ធ្វើជាអ្នកស្ម័គ្រចិត្ត ឬបុគ្គលិកហាត់ការទាំងដែលពួកគាត់ធ្វើការមិនចាញ់អ្នកបុគ្គលិកចាស់ទេ»។
កញ្ញាបន្ថែមថា៖ «ឧទាហរណ៍ជាក់ស្តែង សហជីពយើងតែងតែទាមទារឱ្យណាហ្គាវើលដ៍ឱ្យគិតគូរពីប្រាក់ខែបុគ្គលិកតាមរយៈការតំឡើងប្រាក់ឈ្នួលឱ្យបានសមរម្យជូនពួកគាត់ បន្ទាប់ពីយើងមើលឃើញថាក្រុមហ៊ុនចំណេញច្រើនណាស់។ ប៉ុន្តែក្រុមហ៊ុនផ្តល់ប្រាក់ខែឱ្យកម្មករតិច ជាក់ស្តែងមេនៅណាហ្គាជាជនជាតិបរទេស(ម៉ាឡេស៊ី) ពេលគាត់ទម្លាក់លុយចូលក្នុងស្រុកតិច ហើយគាត់ប្រមូលលុយដែលចំណេញទៅស្រុកគាត់អស់។ អ៊ីចឹងបានថាសេដ្ឋកិច្ចបានទៅប្រទេសគេហ្នឹងឯង មានបានមកស្រុកយើងឯណា»។
ស្របពេលបំពេញការងារក្នុងសហជីព កញ្ញាក៏ប្រឈមនឹងការមិនពេញចិត្តពីសំណាក់គ្រួសារផងដែរ ដោយសារតែពួកគាត់បារម្ភពីសុវត្ថិភាពរបស់កញ្ញា ខ្លាចមានករណីបាញ់សម្លាប់ ដូចករណីលោក ជា វិជ្ជា មេដឹកនាំសហជីព លោកបណ្ឌិត កែវ ឡី អ្នកវិភាគសង្គម និងលោក ឈុត វុទ្ធី សកម្មជនបរិស្ថានជាដើម។ ទោះយ៉ាងណា កញ្ញាបានព្យាយាមពន្យល់ទៅគ្រួសារ ជាពិសេសម្តាយរបស់កញ្ញាវិញ ពីការងារដែលកញ្ញាបាននិងកំពុងធ្វើនេះ។
កញ្ញាថ្លែងទាំងអួលដើមកថា៖ «វាមិនមែនជាការជជែកស្រួលទេជាមួយគ្រួសារ ជាពិសេសរហូតដល់រឿងរ៉ាវធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារអ៊ីចឹង។ យើងត្រូវចេះត្រៀមខ្លួនឆ្លើយសំណួរគាត់[ម្តាយរបស់កញ្ញា]មួយទៀតដែរ ថារឿងទាមទារហ្នឹងជាប្រយោជន៍រួម តែគាត់វិញថា ចុះហេតុអ្វីកូនគាត់ជាប់គុកតែឯង»។
កាលពីឆ្នាំ២០២២ កញ្ញា ឈឹម ស៊ីថរ បានទទួលពានរង្វាន់ «អ្នកការងារសិទ្ធមនុស្សឆ្នើម» ពីក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយក្រោយមកនៅខែមេសា ឆ្នាំ២០២៤ កញ្ញាក៏ទទួលបាននូវពានរង្វាន់មួយទៀត ឈ្មោះថា «The Per Anger Prize» ពីប្រទេសស៊ុយអ៊ែត ដែលជាពានរង្វាន់សម្រាប់អ្នកពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ការលះបង់របស់ប្រធានសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍រូបនេះ ត្រូវបានរដ្ឋាភិបាលស៊ុយអែតយល់ថា ជាគំរូដល់សកម្មជន ឬអ្នកតស៊ូមតិផ្សេងទៀត កុំឱ្យបោះបង់ការងារដែលជាផលប្រយោជន៍រួមរបស់ជាតិ ទោះបីត្រូវប្រឈមនឹងការធ្វើទុក្ខបុកម្នេញ ឬការគំរាមកំហែងនានាពីសំណាក់អាជ្ញាធរក៏ដោយ។
កញ្ញា ម៉ម សុវឌ្ឍិន អាយុ ៣៦ឆ្នាំ ជាសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ មើលឃើញថា កញ្ញា ស៊ីថរ ជាថ្នាក់ដឹកនាំសហជីពមួយរូប ដែលមានភាពម៉ត់ចត់នឹងការងារ និងហ៊ានលះបង់កម្លាំងកាយចិត្តក្នុងការជួយដល់កម្មករ ដែលរងការរំលោភបំពានសិទ្ធិនៅកន្លែងការងារ។
កញ្ញាថា៖ «គាត់(ស៊ីថរ) ជួយរកអត្ថប្រយោជន៍ផ្សេងៗ ដូចជា ប្រាក់ខែទី១៣ (bonuses) លុយសម្រាកពេលសម្រាលកូនបានពេញរយៈពេលបីខែ ការបៀតបៀនលើបុគ្គលិកស្ត្រីកំឡុងពេលធ្វើការ និងជាពិសេសទាមទារឱ្យមានការតម្លើងប្រាក់ខែគោលឱ្យបានសមរម្យក្នុងនាមជាមនុស្ស»។
ជាមួយគ្នានេះ កញ្ញា សុវឌ្ឍិន បង្ហាញក្តីរីករាយ ដែលកញ្ញាស៊ីថរនៅបន្តរក្សាជំហរការពារសិទ្ធិជូនបុគ្គលិកនៅក្រុមហ៊ុនណាហ្គាបន្តទៀត បើទោះជាកញ្ញាធ្លាប់ជាប់ពន្ធនាគារ ២ដងរួចហើយក៏ដោយ។
កញ្ញាថ្លែងថា៖ «យើងមើលឃើញថាជំហរថ្នាក់ដឹកនាំ ជាពិសេសប្រធានសហជីពហ្នឹងវាជារឿងសំខាន់ ព្រោះធម្មតាទេនៅពេលដែលយើងឃើញគោលជំហរគាត់ យើងនៅតែមានក្តីសង្ឃឹម និងកម្លាំងចិត្តបន្តទៅមុខទៀត។ ដោយសារឃើញពីភាពលះបង់របស់គាត់(ស៊ីថរ) ទើបខ្ញុំនៅបន្ត(តវ៉ា)ដល់សព្វថ្ងៃនេះ ព្រោះតែភាពខ្លាំងរបស់គាត់ទើបពួកយើងជាក្មេងជំនាន់ក្រោយនៅតែបន្តយកគំរូតាមរហូត»។
ចំណែក លោក អាត់ ធន់ អនុប្រធានសហភាពការងារកម្ពុជា CLC បានបង្ហាញការកោតសរសើរចំពោះកញ្ញា ឈឹម ស៊ីថរ ដែលបានតស៊ូ និងលះបង់ ដើម្បីប្រយោជន៍រួមរបស់កម្មករ បើទោះជាត្រូវប្រឈមនឹងការជាប់ពន្ធនាគារ និងសុខសុវត្ថិភាពរបស់ខ្លួនក៏ដោយ។
លោកថ្លែងថា៖ «ភាពលះបង់របស់នាងជាគំរូល្អ និងជាសកម្មភាពដែលល្អ ព្រោះបង្ហាញពីភាពតស៊ូតំណាងសហជីព។ សហជីពឯករាជ្យ ត្រូវរងពីភាពអយុត្តិធម៌ហ្នឹងច្រើននៅក្នុងពេលបច្ចុប្បន្ននេះ។ ចំណែកឯក្រុមហ៊ុនគួរជជែកបញ្ចប់ទៅ ហើយដោះស្រាយតាមច្បាប់ការងារឱ្យពួកគាត់បានយុត្តិធម៌សមស្របណាមួយដែលក្រុមហ៊ុនបានផ្តល់ឱ្យនោះ»។
ត្រឡប់មកកាន់ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍វិញ កញ្ញាបានប្រាប់ពីក្តីស្រមៃរបស់ខ្លួននៅពេលអនាគតថា កញ្ញាចង់ក្លាយជាមេភូមិ ឬចៅសង្កាត់ម្នាក់ នៅពេលមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដូចនៅបណ្តាប្រទេសលោកសេរី ដើម្បីបម្រើប្រជាពលរដ្ឋ និងជាការរួមចំណែកក្នុងការជួយអភិវឌ្ឍន៍សង្គមជាតិ។
តែយ៉ាងណា នេះគ្រាន់តែជាក្តីស្រម៉ៃនៅពេលអនាគត ប៉ុន្តែពេលបច្ចុប្បន្ន កញ្ញានៅតែបន្តការងារសហជីព ដោយយកគំរូតាមវីរភាពរបស់លោក ជា មុនី និងលោកបណ្ឌិត កែម ឡី ដើម្បីជួយដល់កម្មករ និងប្រជាពលរដ្ឋ ក្នុងការទាមទារសិទ្ធិសេរីភាព និងលក្ខខណ្ឌការងារល្អប្រសើរ។
កញ្ញាបាននិយាយថា៖ «ខ្ញុំអត់ទៅណាទៀតទេ គឺខ្ញុំនឹងនៅវិស័យ[ការងារ]ហ្នឹងរហូត ទោះបីរៀនចប់ក៏ដោយ ហើយមានគេផ្តល់ប្រាក់ខែថ្លៃជាងប្រាក់ខែដែលខ្ញុំធ្វើការនៅណាហ្កាវើល៍ក៏ដោយ។ បើប្រជាជន ១៧លាននាក់ ត្រូវបានគេទិញឧត្តមគតិ ហើយទៅនៅក្រៅប្រទេស តែសុំដកក្បាល ឈឹម ស៊ីថរ ចេញ ក្បាលហ្នឹងលក់អត់បានទេ […] ពេលណាគេបន្ថែមរឿងអយុត្តិធម៌ឱ្យខ្ញុំកាន់តែច្រើន វាជាកម្លាំងចិត្តឱ្យខ្ញុំវិញទេ។ ជាទូទៅ ដើម្បីបំបាក់មនុស្សណាម្នាក់ដែលហ៊ានតវ៉ាពីការងារសង្គមទៀត គេចោទប្រកាន់ គេលាបពណ៌ និងចាប់ដាក់ពន្ធនាគារអ៊ីចឹងទៅ។ តែសម្រាប់ខ្ញុំនៅពេលចួបរឿងអយុត្តិធម៌មួយ កម្លាំងចិត្តកើនមួយ បើចួបច្រើន ក៏កើតតាមហ្នឹងរហូតទៅដើម្បីបន្តឆន្ទៈ និងការពារវិស័យសិទ្ធិមនុស្សនៅកម្ពុជាយើងកាន់តែខ្លាំង»៕
………………………………..
អត្ថបទដោយ៖ ណឺ មិនា